សេចក្តីប្រកាសព័ត៌មានរួមស្តីពី៖ អង្គការសង្គមស៊ីវិលប្រារព្ធខួបលើកទី១១៤ នៃទិវាអន្តរជាតិនារី ក្រោមប្រធានបទ៖ «ពង្រឹងសិទ្ធិអំណាចស្ត្រី និងក្មេងស្រី ដើម្បីសមភាព ស្ថិរភាពសេដ្ឋកិច្ច និងយុត្តិធម៌សង្គម»
រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥
យើងខ្ញុំទាំងអស់គ្នាជាក្រុមអង្គការសង្គមស៊ីវិល រួមមាន សមាគម សហភាពសហជីព សហព័ន្ធសហជីព បណ្តាញយុវជន សហគមន៍មូលដ្ឋាន និងប្រជាពលរដ្ឋរស់នៅក្នុងតំបន់មិនទាន់អភិវឌ្ឍន៍ ដែលកំពុងធ្វើការងារក្នុងវិស័យផ្សេងៗ ដូចជា ឧស្សាហកម្មវាយនភណ្ឌកាត់ដេរ ចំណីអាហារ សេវាកម្ម សេដ្ឋកិច្ចក្រៅប្រព័ន្ធ សណ្ឋាគារ កាស៊ីណូ សំណង់ ការងារតាមផ្ទះ កសិកម្ម ដីធ្លីនិង/ឬធនធានធម្មជាតិ យេនឌ័រ និងយុត្តិធម៌សង្គម នឹងរួបរួមគ្នារៀបចំប្រារព្ធខួបលើកទី ១១៤ នៃទិវាអន្តរជាតិនារី ០៨ មីនា ក្រោមប្រធានបទ «ពង្រឹងសិទ្ធិ អំណាចស្ត្រី និងក្មេងស្រី ដើម្បីសមភាព ស្ថិរភាពសេដ្ឋកិច្ច និងយុត្តិធម៌សង្គម» នៅទីលានប្រជាធិបតេយ្យ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង៨.០០នាទីព្រឹក ដល់ម៉ោង១២.០០នាទីថ្ងៃត្រង់។
កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងរំឭកអំពីវីរៈភាពរបស់វីរៈជនស្ត្រីតាំងពីអតីតកាល រហូតមកដល់ បច្ចុប្បន្ននេះដែលបានខិតខំពុះពារជម្នះនូវឧសគ្គនានា ទាមទារសិទ្ធិ សេរីភាព សមភាព យុត្តិធម៌សង្គម ព្រមទាំងលក្ខខណ្ឌការងារជាដើម ដែលជាគំរូភាពដ៏អង់អាចក្លាហានគួរឱ្យស្ងើចសរសើរ។ ម្យ៉ាងទៀតក៏នឹងសាទរចំពោះសមិទ្ធផលនានាដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធនានាដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការការពារ និងការលើកកម្ពស់សិទ្ធិ សេរីភាពរបស់ស្ត្រី និងក្មេងស្រីនៅក្នុងប្រទេសកម្ពុជាផងដែរ។
ក្នុងកម្មវិធីនោះ ក៏នឹងមានការអញ្ជើញចូលរួមពីតំណាងក្រសួងពាក់ព័ន្ធរបស់រដ្ឋាភិបាល ស្ថានទូត និង/ឬ ស្ថាប័នអន្តរជាតិ ព្រមទាំងអង្គការសង្គមស៊ីវិលដែលកំពុងធ្វើការងារក្នុងវិស័យផ្សេងៗផងដែរ។ អ្នកចូលរួមមកពីមជ្ឈដ្ឋាននានានឹងពិភាក្សា ចែករំលែកនូវបទពិសោធន៍ និងទស្សនទានប្រកបដោយអត្ថន័យយ៉ាងទូលំទូលាយលើប្រធានបទនានាទាក់ទងសិទ្ធិមនុស្ស ជាពិសេស សិទ្ធិស្ត្រី សមភាពយេនឌ័រ យុត្តិធម៌សង្គម និងយន្តការប្រកបដោយប្រសិទ្ធភាពក្នុងការនាំមកនូវវឌ្ឍនភាពដល់ស្ត្រី និងក្មេងស្រីជាដើម។
បន្ថែមលើនេះ ក្នុងកម្មវិធីនោះនឹងផ្តល់វេទិកាជូនតំណាងអង្គការសង្គមស៊ីវិល សកម្មជនការងារ និងតំណាងសហគមន៍នានាពិភាក្សាអំពីបញ្ហាប្រឈមនានាដែលស្ត្រី និងក្មេងស្រី កំពុងជួបប្រទះផងដែរ ដូចជា អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការបៀតបៀននៅកន្លែងការងារ និងតាមអនឡាញ ការកេងបន្លំប្រាក់ឈ្នួល និងការបាត់បង់អត្ថប្រយោជន៍របស់កម្មករក្នុងវិស័យវាយនភណ្ឌក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩ ការធ្លាក់ខ្លួនក្នុងអន្ទាក់បំណុល វិសមភាព ភាពអយុត្តិធម៌ចំពោះជនរងគ្រោះជាស្ត្រី លក្ខខណ្ឌការងារមិនសមរម្យ និងទំនួលខុសត្រូវរបស់ក្រុមហ៊ុនម៉ាកយីហោនិងនិយោជកក្នុងការធានានូវប្រាក់ឈ្នួលសមរម្យជូនដល់កម្មករក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ជាដើម។
អាស្រ័យហេតុនេះ សូមសាធារណជនជ្រាបជាព័ត៌មាន និងអញ្ជើញចូលរួម ព្រមទាំងគាំទ្រការប្រារព្ធទិវានេះ ជាមួយយើងដោយផ្ទាល់នៅទីលានប្រជាធិបតេយ្យ ឬ តាមរយៈប្រព័ន្ធអនឡាញ ទៅតាមកាលវិភាគនៃសកម្មភាព ដូចខាងក្រោម៖
- នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ចេញផ្សាយសេចក្តីប្រកាសព័ត៌មានស្តីពីការប្រារព្ធខួបលើកទី១១៤ នៃទិវាអន្តរជាតិនារី ឆ្នាំ២០២៥។
- ចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ រៀបចំកម្មវិធីពិភាក្សាវិទ្យុលើប្រធានបទផ្សេងៗ ដោយមានការផ្សាយបន្តផ្ទាល់នៅលើទំព័រហ្វេសប៊ុករបស់ស្ថាប័នដៃគូដែលរៀបចំកម្មវិធី។
- នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ រៀបចំកម្មវិធីសួរ និងឆ្លើយសំណួរនៅលើប្រព័ន្ធអនឡាញដោយ ផ្ដោតសំខាន់លើប្រធានបទទាក់ទងនឹងកម្មវិធីទិវាអន្តរជាតិនារី ព្រមទាំងមេរៀនទាក់ទងនឹងស្ត្រី និង ក្មេងស្រី និងសមភាពយេនឌ័រ។
- ចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ បង្ហោះខិត្តប័ណ្ណរាប់ថ្ងៃថយក្រោយដើម្បីបង្ហាញកាលបរិច្ឆេទរំកិលទៅរកថ្ងៃប្រារព្ធកម្មវិធីនៅលើបណ្តាញផ្សព្វផ្សាយសង្គម។
- នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ចេញផ្សាយសេចក្តីថ្លែការណ៍រួមស្តីពី «អង្គការសង្គមស៊ីវិលប្រារព្ធ ខួបលើកទី១១៤ នៃទិវាអន្តរជាតិនារី ក្រោមប្រធានបទ៖ ពង្រឹងសិទ្ធិអំណាចស្ត្រី និងក្មេងស្រី ដើម្បីសមភាព ស្ថិរភាពសេដ្ឋកិច្ច និងយុត្តិធម៌សង្គម»។
- ចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ចេញផ្សាយវីដេអូខ្លីជាបន្តបន្ទាប់ ដែលមានលើកឡើងអំពីតម្រូវការផ្សេងៗរបស់ស្ដ្រី និងក្មេងស្រី សម្រាប់រដ្ឋាភិបាលធ្វើការកែលម្អនូវបញ្ហានៅក្នុងវិស័យការងារផ្សេងៗ។
- ចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ បង្ហោះស៊ុមរូបថតយុទ្ធនាការនៅលើទំព័រហេ្វសប៊ុក ដើម្បីឱ្យសាធារណជនក្នុងបណ្តាញសង្គម អាចទាញយកទៅប្រើប្រាស់នៅលើគណនីហ្វេសប៊ុក របស់ពួកគេ។
- នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ រៀបចំកម្មវិធីជួបជុំផ្ទាល់ដែលមានអ្នកចូលរួមប្រមាណ ១០០០នាក់ ដើម្បីប្រាព្ធខួបលើកទី១១៤ នៃទិវានារីអន្តរជាតិ ក្រោមប្រធានបទ «ពង្រឹងសិទ្ធិអំណាចស្ត្រី និងក្មេងស្រី ដើម្បីសមភាព ស្ថិរភាពសេដ្ឋកិច្ច និងយុត្តិធម៌សង្គម»។ កម្មវិធីនេះក៏នឹងមានការផ្សាយបន្តផ្ទាល់នៅលើ ទំព័រហ្វេសបុកផ្លូវការរបស់ស្ថាប័នរៀបចំកម្មវិធីផងដែរ៕
ព័ត៌មានបន្ថែម សូមទាក់ទង៖
១. អ្នកស្រី អ៊ូ ទេពផល្លីន ទូរស័ព្ទ៖ ០១១ ៩៨៤ ៨៨៣
២. កញ្ញា កែវ ចាន់រ៉ា ទូរស័ព្ទ៖ ០៩៨ ៨៥២ ២៦០
៣. កញ្ញា ឈឹម ស៊ីថរ ទូរស័ព្ទ៖ ០១៥ ៣២៦ ០៣២
សេចក្តីប្រកាសព័ត៌មានរួម (ខ្មែរ)
សេចក្តីប្រកាសព័ត៌មានរួម (អង់គ្លេស)
This post is also available in: អង់គ្លេស