អ្នកបញ្ជាទិញបានអន្តរាគមន៍ឱ្យសហជីព៥នាក់បានចូលធ្វើការវិញ ខណៈអ្នកផ្សេងទៀតកំពុងរង់ចាំដំណោះស្រាយ

24
មេសា

អ្នកបញ្ជាទិញបានអន្តរាគមន៍ឱ្យសហជីព៥នាក់បានចូលធ្វើការវិញ ខណៈអ្នកផ្សេងទៀតកំពុងរង់ចាំដំណោះស្រាយ

ប្រភព៖ ខេមបូចា

សហជីពនៃសហព័ន្ធសហជីពសេរីឯករាជ្យ(FUFI) ចំនួន៥នាក់ បានត្រឡប់ចូលធ្វើការនៅរោងចក្រវិញ នៅថ្ងៃទី២១ ខែមេសា បន្ទាប់ពីអ្នកបញ្ជាទិញបរទេសបានអន្តរាគមន៍ករណីរបស់ពួកគេ ក្រោយពេលពួកគេត្រូវបានបញ្ឈប់ពីការងារអស់រយៈពេលជាច្រើនខែ។ យ៉ាង​ណា​ក៏​ដោយ សមាជិក FUFI ផ្សេង​ទៀត​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​ណា​មួយ​ពី​រោងចក្រ​នៅ​ឡើយ​ទេ។

បុគ្គល​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​នោះ​រួម​មានប្រធានសហជីពតំណាងរោងចក្រលោក ខុន វិនិត អនុប្រធាន​សហជីព លេខាធិការ មន្ត្រី​ហិរញ្ញវត្ថុ និង​សកម្មជន​កម្មករ​ពីរ​នាក់។ ពួកគេត្រូវបានបញ្ចប់ការងារនៅចន្លោះខែសីហា និងខែវិច្ឆិកាឆ្នាំមុន ពីក្រុមហ៊ុន SSH CB Sustainable Fashion Co Ltd ក្នុងខេត្តកំពង់ស្ពឺ។

បើតាមការឱ្យដឹងពីសហជីព និងអង្គការក្រៅរដ្ឋាភិបាលមួយ រោងចក្រដែលមានម្ចាស់ជាជនជាតិចិននេះ ផលិតខោអាវក្រៅសម្រាប់នាំចេញទៅអឺរ៉ុប កាណាដា ជប៉ុន និងសហរដ្ឋអាមេរិក​។ ហើយការសម្រេចចិត្តឱ្យពួកគេចូលធ្វើការវិញបន្ទាប់ពីមានការចរចារជាបន្តបន្ទាប់រវាងម៉ាកយីហោអេស្ប៉ាញInditex និយោជក សហជីព និងអង្គការក្រៅរដ្ឋាភិបាលដែលពាក់ព័ន្ធ។

លោក សយ ចន្ធូ ប្រធានសហព័ន្ធសហជីពសេរីឯករាជ្យ បានស្វាគមន៍ការវិលត្រលប់មកវិញរបស់សមាជិកសហជីពរបស់លោកនៅរោងចក្រនេះ ដោយមានការព្រមព្រៀងគ្នារវាងអ្នកបញ្ជាទិញ និងម្ចាស់រោងចក្រ។

ទោះ​ជា​យ៉ាង​ណា លោក​បាន​បន្ត​បង្ហាញ​ការ​ព្រួយ​បារម្ភ​ថាការ​បណ្តេញ​ចេញ​នេះបាន«ផ្ដើមចេញពី​ការ​រើសអើង​លើ​សកម្មភាព​សហជីព»

លោក ចន្ធូ បាន​មាន​ប្រសាសន៍​ថា​៖ «​វា​គឺជា​ការ​រើសអើង ពីព្រោះពួក​គេ​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ដោយ​សារ​តែ​មាន​ការ​ចូល​រួម​ជាមួយ​នឹង​សហជីព​របស់​យើង»។ លោកបន្តថា៖ «សមាជិក​មួយចំនួនរបស់យើងត្រូវបានបង្ខំឱ្យចាកចេញពី FUFI ខណៈពេលដែលអ្នកផ្សេងទៀតត្រូវបានដំឡើងឋានៈបន្ទាប់ពីចាកចេញ»

លោកបានបន្ថែមថា៖ «សហជីពរបស់យើងការពារផលប្រយោជន៍របស់កម្មករ និងសហការជាមួយរោងចក្រ។ យើងមានបំណងដោះស្រាយបញ្ហាស្របតាមច្បាប់ ហើយនេះមិនមែន​មាន​ន័យថាយើងលើកទឹកចិត្តកម្មករឱ្យមានការបះបោរនោះទេ»

លោក ភឿន ភក្តី ជាកម្មករ​ម្នាក់​ក្នុង​ចំណោម​កម្មករផ្សេងទៀត​ដែល​ត្រូវបានបញ្ចប់ការងារ បាន​​និយាយ​ថា លោក​ត្រូវ​បាន​គេ​បញ្ឈប់​ពី​ការងារ​ក្នុង​ខែ​សីហា។ លោកថា រោងចក្រ​បាន​អះអាង​ថា ការ​បណ្តេញ​ចេញនេះ​គឺ​ដោយសារ​តែ​ខ្វះ​ការ​បញ្ជា​ទិញ និងដើម្បីរក្សា​ប្រតិបត្តិការ។ ទោះ​ជា​យ៉ាង​ណា លោកបដិសេធមិន​ចុះ​ហត្ថលេខា​លើ​លិខិត​លាឈប់នោះទេ រួចហើយ​ក៏ធ្វើ​ការ​តវ៉ា។

លោក​បាន​និយាយថា៖ «ហេតុផល​ដែល​ក្រុមហ៊ុន​​ផ្តល់ឱ្យ​គឺ​មិន​សម​ហេតុ​ផល​ទេ»។ លោកបាន​កត់​សម្គាល់​ថា វា​ទាក់​ទង​នឹង​បរិយាកាស​ការងារ​របស់​ពួក​គេ។ លោកបន្តថា៖ «តាម​ពិត​ទៅ កម្មករ​កំពុង​ធ្វើ​ការ​ថែម​ម៉ោង ហើយ​រោងចក្រ​នៅ​តែ​មាន​ការ​បញ្ជា​ទិញ​គ្រប់គ្រាន់​ដើម្បី [បន្ត] ប្រតិបត្តិការ»

លោក ភក្តី បានបន្ថែមថា៖ «តាមគំនិតរបស់ខ្ញុំ ហេតុផលពិតប្រាកដនៃការបញ្ឈប់រូបខ្ញុំគឺដោយសារតែខ្ញុំបានចូលរួមជាមួយសហជីពឯករាជ្យ FUFI ។ ពេលនោះហើយដែលការយាយីបានចាប់ផ្តើម»

លោក​បាន​ចែករំលែក​ថា ក្នុង​អំឡុង​ពេល​​អត់​ការងារ​ធ្វើ លោកបាន​ទៅធ្វើ​ការ​នៅ​រោងចក្រ​មួយ​ទៀត ដែល​លោកអាចទទួល​បាន​ប្រាក់​ឈ្នួល​ប្រចាំ​សប្តាហ៍។ លោក​និយាយ​ថា​៖ «​ខ្ញុំ​រីករាយ​ដែល​ភាគី​ពាក់ព័ន្ធ​បាន​ដោះស្រាយ​បញ្ហា​នេះ ហើយ​បាន​អនុញ្ញាត​ឱ្យខ្ញុំ​ចូល​ធ្វើការ​ដូច​ធម្មតា​វិញ​»​។

អ្នកគ្រប់គ្រងកម្មវិធីរបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) លោក ឃុន ថារ៉ូ បានបញ្ជាក់ថា កត្តាដែលធ្វើឱ្យពួកគេបានចូលធ្វើការវិញ គឺជាកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់អ្នកបញ្ជាទិញ និងភាគីពាក់ព័ន្ធ ប៉ុន្តែលោកបានបដិសេធមិនបញ្ជាក់លម្អិតនោះទេ ដោយសារវាជា«ការសម្ងាត់» ខណៈពេលដែលមានការសាទរចំពោះការវិលត្រឡប់របស់កម្មករនិយោជិតឱ្យចូលធ្វើការធម្មតាវិញ។

លោក ថារ៉ូ បានមានប្រសាសន៍ថា៖ «យើងសង្ឃឹមថា និយោជក និងសហជីពនឹងបន្តធ្វើការរួមគ្នាដោយមានការយោគយល់ និងលើកកម្ពស់ការអនុវត្តសេរីភាព និងសិទ្ធិរបស់សហជីព»

សារព័ត៌មានខេមបូចា មិនអាចទាក់ទងសុំការឆ្លើយតបពីក្រុមហ៊ុន SSH CB Sustainable Fashion បាននៅឡើយ។

ក្នុងករណីដាច់ដោយឡែក តំណាងសហជីពមកពី FUFI ត្រូវបានបញ្ឈប់ពីការងារដោយសារកិច្ចសន្យារយៈពេលខ្លី

តំណាងសហជីពនៃសហព័ន្ធសហជីពសេរីឯករាជ្យ(FUFI) លោក វេង សាវឿន និងសកម្មជនផ្សេងទៀត ត្រូវបានបញ្ចប់កិច្ចសន្យាជាមួយក្រុមហ៊ុន Suxingmax Garment (Cambodia)។

លោក សាវឿន បាន​និយាយ​ថា គាត់​ត្រូវ​បាន​គេ​បញ្ឈប់​ពីរ​ដង​ហើយ។ ទីមួយគឺនៅក្នុងខែមីនា ឆ្នាំ២០២៤ ប៉ុន្តែត្រូវបានឱ្យចូលធ្វើការឡើងវិញ បន្ទាប់ពីគាត់បានតវ៉ា និងចរចាជាមួយអ្នកគ្រប់គ្រង។

ចំណែកឯលើកទី២ គឺនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ដែលរោងចក្រអះអាងថា បណ្តាលមកពីលោក«អវត្តមានញឹកញាប់ពីការងារ ដោយមិនមានការអនុញ្ញាត»

លោកបន្តថា៖ «ខ្ញុំបានសុំការអនុញ្ញាតឈប់សម្រាកច្រើនថ្ងៃស្របតាមនីតិវិធី។ ខណៈពេលដែលកម្មករផ្សេងទៀតមិនមានបញ្ហាអ្វីទេ ហេតុអ្វីមានតែខ្ញុំ

លោក សាវឿន ជឿជាក់ថា ការបញ្ចប់ការងាររបស់លោក គឺទាក់ទងនឹងសកម្មភាពសហជីព ដោយសារតែរដ្ឋបាលរោងចក្រលើកឡើងថា «សហជីពពីរមិនត្រូវបានអនុញ្ញាត» ឱ្យមាននៅក្នុងរោងចក្រតែមួយ។ លោក​បាន​ចាត់ទុកថា​៖ «​នេះ​ជា​ការ​រើសអើង»

លោកត្រូវបានជ្រើសរើសឱ្យធ្វើជាអ្នកបង្កើតតំណាងសហជីពនៅក្នុងរោងចក្រកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ប៉ុន្តែម្ចាស់រោងចក្រមិនបានទទួលស្គាល់វាជាផ្លូវការនោះទេ។

លោក សាំង សុជាតិ រដ្ឋបាលនៃរោងចក្រ បានច្រានចោលការយល់ឃើញដែលថាការបញ្ចប់ការងាររបស់ លោក សាវឿន គឺដោយសារតែសកម្មភាពសហជីព ផ្ទុយទៅវិញគឺដោយសារតែកិច្ចសន្យារបស់គាត់បានផុតកំណត់។

លោក​បាន​ថ្លែង​ថា៖ «គាត់​ត្រូវ​បាន​គេ​បញ្ឈប់​ដោយ​សារ​កុងត្រា​របស់​គាត់​ដល់កាលកំណត់។ រោងចក្រ​​មិន​បន្តឱ្យ​ទៀត​ទេ»

លោក សុជាតិ បានបញ្ជាក់​ថា​៖ «​ទី​ពីរ យើង​បាន​រំឭក​គាត់​ជា​ច្រើន​ដង​ហើយ​ពីការ​ឈប់​សម្រាកជាច្រើនថ្ងៃ​ដោយ​គ្មាន​ការ​អនុញ្ញាត [..] គាត់​បាន​បរាជ័យ​ក្នុង​ដំណាក់កាលវាយតម្លៃ​ដោយ​ថ្នាក់​គ្រប់គ្រង ដូច្នេះហើយទើបក្រុមហ៊ុន​សម្រេច​ចិត្ត​មិន​បន្ត​កិច្ចសន្យា[របស់គាត់]​នោះ​ទេ»

លោក​បន្ថែម​ថា រោងចក្រ​មិន​បាន​ហាមឃាត់​កម្មករ​ណា​មួយ​មិន​ឱ្យ​បង្កើត​សហជីព ឬ​មានការរើសអើងសហជីព​ឡើយ។

លោក សុជាតិ បាននិយាយ​ថា​៖ «​គាត់​មិន​ត្រូវ​បាន​គេ​បញ្ឈប់​ពី​ការងារ​ដោយសារ​គាត់​ឈរ​ឈ្មោះ​ជា​តំណាង​សហជីពនោះទេ»​

លោក​បាន​ទទួល​ស្គាល់​ថា រោងចក្រ​ទទួល​បាន​ព័ត៌មាន​ពីការជាប់ឆ្នោតរបស់លោក សាវឿន ប៉ុន្តែ​មិន​មាន​លិខិត​ផ្លូវ​ការណាមួយ​ទាក់​ទង​នឹង​ការ​ចុះ​បញ្ជីការ​សហជីព​ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទេ។

លោក សុជាតិ បន្ថែមថា រោងចក្របានផ្តល់កិច្ចសន្យារយៈពេលខ្លីប្រមាណបីខែទៅកាន់បុគ្គលិក ហើយកិច្ចសន្យាការងារ​របស់​លោក សាវឿន បាន​បញ្ចប់​នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០២៥។

អ្នក​នាំពាក្យ​ក្រសួងការងារ​ លោក កត្តា អន មិន​អាច​ទាក់ទងដើម្បី​សុំ​ការ​បំភ្លឺ​បាន​ទេ៕

This post is also available in: អង់គ្លេស

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...