សូមលើកលែងបទចោទប្រកាន់ និងដោះលែង លោក ជា ចាន់ថា
រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥
យើងខ្ញុំជាអង្គការសង្គមស៊ីវិល ដែលរួមមាន សហជីព សហព័ន្ធសហជីព សមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍មូលដ្ឋាន មានការសោកស្តាយយ៉ាងខ្លាំងចំពោះតុលាការខេត្តស្វាយរៀង ដែលនៅតែបន្តឃុំខ្លួនលោក ជា ចាន់ថា ទាំងអយុត្តិធម៌ ។ អស់រយៈពេលជិតមួយឆ្នាំមកហើយ ដែលលោក ជា ចាន់ថា នៅជាប់ឃុំក្នុងពន្ធនាគារខេត្តស្វាយរៀង ខណៈដែលគាត់កំពុងមានជំងឺប្រចាំកាយ ហើយគ្រួសាររបស់លោកកំពុងតែមានវិបត្តិផ្នែកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ ។ ការចាប់ និងការឃុំខ្លួនលោក ជា ចាន់ថា គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរដល់សកម្មភាពការងារស្របច្បាប់របស់សមាគម ជាពិសេសការងារចូលរួមផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ នៃការចុះឈ្មោះក្នុងបេឡាជាតិនៃរបបសន្តិសុខសង្គម (ប.ស.ស) សម្រាប់មុខរបរបុគ្គលស្វ័យនិយោជន៍ ឬអ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ។ សកម្មភាពរបស់លោក គួរតែទទួលបានការលើកទឹកចិត្ត ពីអាជ្ញាធរពាក់ព័ន្ធ ដែលជាការជួយដល់រាជរដ្ឋាភិបាល ក្នុងការឱ្យអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធកាន់តែច្រើនយល់ដឹង និងទទួលបានអត្ថប្រយោជន៍ពីរបបបុគ្គលស្វ័យនិយោជន៍នេះ ។ ផ្ទុយទៅវិញ លោកបែរជាត្រូវបានអាជ្ញាធរចាប់ដាក់ពន្ធនាគារយ៉ាងអយុត្តិធម៌ទៅវិញ ។
កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ លោក ជា ចាន់ថា ដែលជាថ្នាក់ដឹកនាំតំបន់ របស់សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ត្រូវបានអាជ្ញាធរខេត្តស្វាយរៀងបានចាប់ និងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តស្វាយរៀង ក្រោយពេលដែលលោកចុះទៅផ្សព្វផ្សាយព័ត៌មានពីប័ណ្ណ ប.ស.ស ដល់អាជីវករ ។ លុះមកដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ លោក ជា ចាន់ថា ត្រូវបានតុលាការខេត្តស្វាយរៀងចោទប្រកាន់ពី បទឆបោកតាមមាត្រា ៣៧៧ និង ៣៧៨ និងបទធ្វើសកម្មភាពបង្កើតឱ្យមានការភាន់ច្រឡំជាមួយការបំពេញមុខងារសាធារណៈ តាមមាត្រា ៦១០ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ។
លោក ជា ចាន់ថា និងសមាជិកសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ផ្សេងទៀត បានចូលរួមយ៉ាងសកម្ម ក្នុងការងារផ្សព្វផ្សាយឱ្យសមាជិកថ្នាក់តំបន់ អាជីវករអ្នកលក់ដូរតាមដងផ្លូវ អ្នកធ្វើការតាមផ្ទះ បានដឹង និងនាំគ្នាចុះឈ្មោះស្វ័យនិយោជន៍ក្នុងកម្មវិធី បេឡាជាតិរបបសន្តិសុខសង្គម ដោយក្នុងនោះមានការអញ្ជើញមន្ត្រីមកពីបេឡាជាតិសន្តិសុខសង្គម មកចូលរួមធ្វើបទបង្ហាញផងដែរ ។ ការងារទាំងនេះ គឺជាការជួយដល់រាជរដ្ឋាភិបាល ក្នុងការសម្រេចបាននូវវត្ថុបំណងដែលចង់ឱ្យពលរដ្ឋទាំងអ្នកធ្វើការងារក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធទាំងអស់ ទទួលបានអត្ថប្រយោជន៍ពីរបបបេឡាជាតិសន្តិសុខសង្គម និងការពារសិទិ្ធរបស់បងប្អូនដែលកំពុងប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ។
នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ សកម្មភាពលោក ជា ចាន់ថា ត្រូវបានអនុប្រធានសាលាដំបូងខេត្តស្វាយរៀងសម្រេចផ្តន្ទាទោសកំណត់ដាក់ពន្ធនាគាររយៈពេល ១៨(ដប់ប្រាំបី)ខែ ពីបទឆបោក និងបទធ្វើសកម្មភាពបង្កើតឱ្យមានការយល់ច្រឡំជាមួយការបំពេញមុខងារសាធារណៈ បទល្មើសដែលមានបញ្ញត្តិឱ្យផ្ដន្ទាទោសតាមមាត្រា៣៧៧ មាត្រា៣៧៨ និងមាត្រា៦១០ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ទាំងតុលាការពុំបានបង្ហាញថាតើអ្នកណាជាជនរងគ្រោះនៃអំពើរបស់លោក ជា ចាន់ថា ឡើយ ។ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ លោក ជា ចាន់ថា បានធ្វើបណ្តឹងឧទ្ធរណ៍ទៅនឹងការផ្តន្ទាទោសខាងលើហើយគាត់បានរង់ចាំនីតិវិធីជំនុំជម្រះនៅសាលាឧទរណ៍ភ្នំពេញជាង៧ខែយ៉ាងអន្ទៈសាទើបសាលាឧទ្ធរណ៍កំណត់បើកសវនាការលើបណ្តឹងរបស់គាត់នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ នាពេលខាងមុខនេះ ។
អំឡុងពេលនៃការជាប់ឃុំបណ្តោះអាសន្ន នៅក្នុងពន្ធនាគារខេត្តស្វាយរៀង អស់រយៈពេលជិតមួយឆ្នាំមកនេះ ស្ថានភាពសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់លោក ជា ចាន់ថា កាន់តែដុនដាបទៅៗ ដោយសារជំងឺប្រចាំកាយមុនពេលជាប់ពន្ធនាគារផង និងស្ថានភាពលំបាកនៅក្នុងពន្ធនាគារផង ។ ក្រុមគ្រួសាររបស់លោក ក៏កំពុងប្រឈមនឹងបញ្ហាហិរញ្ញវត្ថុកាន់តែខ្លាំង ក្រោយលោកជាប់ពន្ធនាគារ ដោយរាល់បន្ទុកទាំងអស់ត្រូវធ្លាក់លើភរិយារបស់លោកតែម្នាក់ ។ កូនស្រី ដែលទើបតែមានអាយុ ២ឆ្នាំ ៨ខែ តែងតែយំ និងសួររកឪពុករបស់គេជាប់ជាប្រចាំ ។
យើងខ្ញុំជាក្រុមសង្គមស៊ីវិល ដែលមានរាយនាមដូចខាងក្រោម ជាថ្មីម្តងទៀត ស្នើសុំឱ្យតុលាការ សូមមេត្តាលើកលែងបទចោទប្រកាន់ និងដោះលែងលោក ជា ចាន់ថា ឱ្យមានសេរីភាពឡើងវិញ ដើម្បីអាចឱ្យលោកបន្តមុខរបរក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ ដោះស្រាយបញ្ហាជីវភាពគ្រួសារ និងជួយដល់សង្គមជាតិផងដែរ ។ សកម្មភាពរបស់លោក គឺជាចលករមួយបានជួយពន្លឿនដល់ទិសដៅរបស់រដ្ឋាភិបាលដែលពលរដ្ឋនឹងទទួលបានចំណូលខ្ពស់ក្នុងឆ្នាំ២០៣០ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពដែលនឹងបញ្ចប់ក្នុងឆ្នាំ២០៣០ខាងមុខនេះផងដែរ ៕
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លេខទូរស័ព្ទ៖ 093 629 298
សេចក្តីថ្លែងការណ៍រួមនេះចូលរួមគាំទ្រដោយ៖
- សហគមន៍ព្រៃឈើ ១៨៥កាធីតាចំបក់ធំ (កំពង់ឆ្នាំង)
- សហគមន៍ដីធ្លី ១៩៧ (កោះកុង)
- សហគមន៍បុស្សស្នោរ (ត្បូងឃ្មុំ)
- សហគមន៍បឹងពីរ (បាត់ដំបង)
- សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)
- សហព័ន្ធសហជីពកម្ពុជា (CATU)
- មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
- សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
- អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)
- សមាគមការពារសិទ្ធិមនុស្ស និងការអភិវឌ្ឍនៅកម្ពុជា (ADHOC)
- សមាគមពង្រឹងកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ(CIERA)
- សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ(CIWA)
- សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
- សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
- សមាគមបណ្តាញយុវជនកម្ពុជា (CYN)
- មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់)
- សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
- គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
- សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)
- សហគមន៍ដក់ពរ (កំពង់ស្ពឺ)
- សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC)
- សហព័ន្ធសហជីពសេរីឯករាជ្យ (FUFI)
- សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
- សហព័ន្ធសហជីពឯករាជ្យ (INTUFE)
- សហគមន៍ព្រៃឈើក្បាលខ្លា (កំពង់ធំ)
- សហគមន៍ឃ្លាំងទឹក ៧៨ (សៀមរាប)
- សហគមន៍ជនជាតិដើមភាគតិចកួយ (ព្រះវិហារ)
- សហគមន៍ជនជាតិដើមភាគតិចកួយឃុំប្រមេរុ (ខេត្តព្រះវិហារ)
- សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏
- សហគមន៍ដីធ្លីខេត្តប៉ៃលិន
- សហគមន៍តំបន់ការពារធម្មជាតិឧត្តមស្រែពស់ (កំពង់ស្ពឺ)
- សហគមន៍អូរបាត់មាន់ (ឧត្តរមានជ័យ)
- អង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ (PED Cambodia)
- សហគមន៍ភ្នំក្រោម (សៀមរាប)
- សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
- សហគមន៍ព្រៃឈើពេជចង្វាល្អឆើត (កំពង់ឆ្នាំង)
- សហគមន៍ព្រៃឡង់ (កំពង់ធំ)
- សហគមន៍ព្រៃឡង់ (ក្រចេះ)
- សហគមន៍ព្រៃឡង់ (ព្រះវិហារ)
- សហគមន៍ព្រៃឡង់ (ស្ទឹងត្រែង)
- សហគមន៍ព្រៃឈើរតនៈរុក្ខា (ឧត្តរមានជ័យ)
- សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
- សមាគមស្រ្តីជនបទដើម្បីក្សេត្របរិស្ថាន (សសជក)
- អង្គការសមាគមធាងត្នោត (ស.ធ.ត)
- សហគមន៍សាមគ្គីសង្កែពីរមានរិទ្ធិ (ព្រះវិហារ)
- សហគមន៍ដីធ្លីស្រែប្រាំង (ត្បូងឃ្មុំ)
- សហគមន៍ព្រៃឈើទេសចរណ៍ទឹកធ្លាក់ស្រែអំពិល (កំពង់ឆ្នាំង)
- សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)
- សហគមន៍ដីធ្លី ឃុំត្នោតជុំ (ពោធិ៍សាត់)
- សហគមន៍ទន្លូង (ត្បូងឃ្មុំ)
- សហគមន៍ព្រៃឈើត្រពាំងចាន់ (កំពង់ឆ្នាំង)
- សហគមន៍ត្រពាំងជោរ (កំពង់ស្ពឺ)
ទាញយកសេចក្តីថ្លែងការណ៍រួមនៅទីនេះ៖
សូមលើកលែងបទចោទប្រកាន់ និងដោះលែង លោក ជា ចាន់ថា (ខ្មែរ)
សូមលើកលែងបទចោទប្រកាន់ និងដោះលែង លោក ជា ចាន់ថា (អង់គ្លេស)
This post is also available in: អង់គ្លេស


