ឯកអគ្គរដ្ឋទូតបារាំងទទួលជួបក្រុមអង្គការសង្គមស៊ីវិលដើម្បីពិភាក្សាពីសិទ្ធិកម្មករ និងសេរីភាពសហជីព

ពុធ ៤កើត ខែជេស្ឋ ឆ្នាំមមីរ ព.ស. ២៥៧០ (20 ឧសភា 2026)

ប្រភព៖ RFI

ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការលើការលើកកម្ពស់សិទ្ធិការងារបានចូល​ជួបឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោក អូលីវីយេ រីស្ហា (Olivier Richard) នៅស្ថានទូតបារាំងក្នុងទីក្រុងភ្នំពេញនាព្រឹកថ្ងៃពុធ ទី២០ឧសភានេះ។ ប្រធានបទនៃជំនួបទាក់ទងនឹងសិទ្ធិសេរីភាពរបស់សហជីពនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតបារាំង និងមេដឹកនាំសហជីព។  

លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា (កាទូ) ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃពុធទី២០ ឧសភានេះថា ជំនួបរបស់អង្គការសង្គមស៊ីវិល និងឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាផ្តោតលើសំណើរបស់ក្រុមសហជីព និងអង្គការក្រៅរដ្ឋាភិបាលផ្សេងទៀតដែលបានប្រគល់ជូនស្ថានទូតបារាំងកាលពីថ្ងៃទី១ ឧសភាកន្លងទៅ។ បើតាមលោកស្រី យ៉ាង សុភ័ណ្ឌ ក្រុមអង្គការសង្គមស៊ីវិលបានសុំឲ្យស្ថានទូតបារាំងនៅកម្ពុជាជួយជំរុញឲ្យមានការធ្វើវិសោធនកម្មច្បាប់ស្តីពីសហជីពដែលមានលក្ខណៈរឹតត្បិតលើសិទ្ធិសហជីពក្នុងការចុះបញ្ជីការ ឬការធ្វើសកម្មភាពផ្សេងៗទៀត ដូចជាការចរចារួម ការចងក្រងសហជីព និងការប្រើប្រាស់កិច្ចសន្យាដែលមានរយៈពេលកំណត់ជាដើម។

ក្រៅពីនេះ ក្រុមអង្គការស៊ីវិលក៏បានបញ្ជាក់ប្រាប់លោកឯកអគ្គរដ្ឋទូតអំពីបញ្ហាប្រឈមមួយចំនួនក្នុងការការពារសិទ្ធិជូនកម្មករ ក្នុងនោះ គឺការប្តឹងផ្តល់អ្នកការពារសិទ្ធិកម្មករទៅកាន់តុលាការដែលបានធ្វើឲ្យអ្នកសហជីព ឬមេដឹកនាំសហជីពខ្លះជាប់ពន្ធនាគារ និងខ្លះទៀតនៅបន្តរងការចោទប្រកាន់។ នេះបើតាមលោកស្រី យ៉ាង សុភ័ណ្ឌ ដោយបានបន្ថែមថា ក្រុមអង្គការសង្គមស៊ីវិលបានលើកឡើងផងដែរពីការទាមទារឲ្យមានការទម្លាក់ចោលការប្រកាន់លើអ្នកសហជីព និងការបញ្ឈប់ការរើសអើង ឬការគំរាមកំហែង ឬការប្តឹងផ្តល់កម្មករដែលមានបំណងចងក្រងសហជីពទៅតុលាការ។

ទន្ទឹមនេះ និងបើតាមលោកស្រី យ៉ាង សុភ័ណ្ឌដដែល សង្គមស៊ីវិលក៏ចង់ឃើញការបង្កើតតុលាការការងារដើម្បីដោះស្រាយវិវាទការងារ និងការបញ្ឈប់រាល់សកម្មភាពជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់សហជីព។ គួររម្លឹកថា ការចងក្រងសហជីព និងការការពារសិទ្ធិកម្មករបានក្លាយជារឿងប្រឈមមួយក្នុងវិស័យការងារ ក្រោយច្បាប់សហជីពត្រូវបានដាក់ឲ្យប្រើប្រាស់កាលពីឆ្នាំ២០១៦។ ដោយឡែក លោក ឃុន ថារ៉ូ ប្រធានកម្មវិធីការងារនៃអង្គការសង់ត្រាល់លើកឡើងថា បញ្ហាទាំងនេះត្រូវបានសហជីពមូលដ្ឋាន និងសហព័ន្ធសហជីពថ្នាក់ជាតិកំពុងប្រឈម ជាពិសេសទាក់ទងនឹងការអនុវត្តសិទ្ធិមូលដ្ឋាន រួមមាន សិទ្ធិក្នុងការចរចាអនុសញ្ញារួម សិទ្ធិក្នុងការចងក្រង ការចុះបញ្ជីការសហជីព ការទទួលស្គាល់សហជីព ព្រមទាំងសិទ្ធិក្នុងការធ្វើកូដកម្មដោយសន្តិវិធីជាដើម។

ចំពោះលោក ឃុន ថារ៉ូ ការស្តារ និងកំណែទម្រង់សិទ្ធិសេរីភាពជាមូលដ្ឋានគឺដើម្បីឆ្លើយតបទៅនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិដោយមានការចូលរួមពីភាគីពាក់ព័ន្ធ ដៃគូរអន្តរជាតិ វិស័យឯកជន ក្រុមហ៊ុនយីហោល្បីៗ តំណាងភាគីកម្មករនិយោជិតឯករាជ្យ និងរាជរដ្ឋាភិបាលកម្ពុជាដើម្បីធ្វើការកំណែទម្រង់ និងបង្កើតបរិយាកាសកិច្ចសន្ទនាសង្គមមួយដែលមានតម្លាភាព និងគួរឲ្យជឿទុក​ចិត្ត​បាន៕