សេចក្តីថ្លែងការណ៍រួម៖ ឌីជីថលូបនីយកម្មដើម្បីការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា

ចន្ទ ២រោច ខែភទ្របទ ឆ្នាំមមីរ ព.ស. ២៥៧០ (28 កញ្ញា 2026)


    

សេចក្តីថ្លែងការណ៍រួម

ឌីជីថលូបនីយកម្មដើម្បីការអភិវឌ្ឍប្រកបដោយបរិយាបន្ន

និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា

 

កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារសិទ្ធិឌីជីថល (DRWG) បានរៀបចំវេទិកាអ៊ីនធឺណិត ភ្នំពេញលើកទី៤ក្រោមប្រធានបទ៖ ឌីជីថលូបនីយកម្មដើម្បីការអភិវឌ្ឍប្រកប​ដោយ​បរិយាបន្ននិងការគោរពសិទ្ធិ មនុស្សនៅកម្ពុជានៅរាជធានីភ្នំពេញ។ វេទិកានេះមានការចូលរួមពីតំណាងអង្គការសង្គមស៊ីវិល ស្ថាប័នសារព័ត៌មាន អ្នកជំនាញពីវិស័យឯកជន អ្នកជំនាញ​ពីអង្គការក្រៅរដ្ឋាភិបាល តំណាងជនជាតិដើមភាគតិច  បណ្តាញយុវជន បណ្ដាញប្រជាពលរដ្ឋ និងពលរដ្ឋសកម្មដែលស្រឡាញ់ការគោរពសិទ្ធិមនុស្ស សរុបចំនួន១៩៣អង្គ/នាក់។ អ្នកចូល រួមវេទិកានេះបានចែករំលែកមេរៀន បទពិសោធ និងលើកឡើងពីក្តីបារម្ភលើបញ្ហាប្រឈមសំខាន់ៗពាក់ព័ន្ធនឹង បរិវត្តកម្មឌីជីថលនៅកម្ពុជា។ កិច្ចពិភាក្សាបានផ្តោតលើសសរស្ដម្ភសំខាន់ៗចំនួន ៤ រួមមាន៖ ១.ការតភ្ជាប់អ៊ីន ធឺណិតនិងបរិយាបន្នកម្មឌីជីថល ២. ការពង្រឹងអំណាចយុវជននិងសហគមន៍ក្នុងយុគសម័យឌីជីថល ៣. ការការពារទិន្នន័យបុគ្គលនិងកិច្ចខិតខំប្រឹងប្រែងនិងការទទួលខុសត្រូវរបស់វិស័យឯកជន។ ៤. សេរីភាពនៃការ បញ្ចេញមតិនិងបរិយាកាសឌីជីថល​​ដែលកំពុងវិវត្តនៅកម្ពុជា។ ផ្អែកលើលទ្ធផលនៃការពិភាក្សាដោះដូរមតិដ៏រស់ រវើកពេញមួយថ្ងៃរួចមក ក្រុមការងារនៃអង្គការសង្គមស៊ីវិល បានចងក្រងសេចក្តីថ្លែងការណ៍រួមនិងអនុសាសន៍គន្លឹះ ដើម្បីដាក់ជូនស្ថាប័នជំនាញនានារបស់រាជរដ្ឋាភិបាល ស្ថាប័ននីតិប្បញ្ញត្តិ និងភាគីពាក់ព័ន្ធដូចខាងក្រោម៖

ក- កង្វល់និងបញ្ហាប្រឈម

●      ការតភ្ជាប់អ៊ីនធឺណិតនិងបរិយាបន្នកម្មឌីជីថល៖ ទោះបីជាមានការផ្លាស់ប្តូរទៅកាន់ប្រព័ន្ធឌីជីថលយ៉ាងឆាប់រហ័សក៏ដោយ ប្រជាពលរដ្ឋ និងយុវជននៅតាម សហគមន៍មូលដ្ឋាននិងតំបន់ជនបទដាច់ស្រយាលនៅតែប្រឈមមុខនឹងវិសាលភាពនៃការតភ្ជាប់អ៊ីនធឺណិតមានកម្រិត តម្លៃសេវាអ៊ីនធឺណិតនៅតែខ្ពស់ធៀបនឹងកម្រិតជីវភាព  និងខ្វះហេដ្ឋារចនាសម្ព័ន្ធគាំទ្រ។

●      គោលនយោបាយបរិយាបន្ន៖ ការអនុវត្តគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល ចាំបាច់ត្រូវបញ្ចូល សំឡេង និងតម្រូវការរបស់ប្រជាសហគមន៍មូលដ្ឋាន និងក្រុមងាយរងគ្រោះ ដើម្បីធានាថាការលូតលាស់​ឌីជីថលផ្តល់ផលប្រយោជន៍ស្មើភាព ប្រើប្រាស់ប្រកបដោយសុវត្ថិភាព ជួយកាត់បន្ថយចំណាយ បង្កើន ចំណូល និងលើកកម្ពស់គុណភាពជីវិតរបស់ពួកគេ។

●      ការទទួលបានព័ត៌មាននិងការគិតត្រិះរិះពិចារណា (Critical Thinking)     ៖ បណ្ដាញសង្គម និងវេទិការ អនឡាញនានាបានផ្តល់ឱកាសទូលំទូលាយដល់យុវជនក្នុងការទទួលបានព័ត៌មាន ការអប់រំ និងការ បញ្ចេញទស្សនៈ។ ប៉ុន្តែពលរដ្ឋប្រឈមបញ្ហាជាច្រើនពិសេសការកើនឡើងព័ត៌មានបំភាន (Misinformation)  និងព័ត៌មានក្លែងបន្លំ (Disinformation) ដែលតម្រូវឱ្យប្រជាពលរដ្ឋមានជំនាញការគិតត្រិះរិះពិចារណា      ការវិភាគ និងការផ្ទៀងផ្ទាត់ព័ត៌មានជាចាំបាច់ដើម្បីជៀសវាងការចាញ់បោកតាមប្រព័ន្ធឌីជីថល។

●      ក្តីបារម្ភអំពីសុវត្ថិភាពនិងការយាយីតាមអនឡាញ៖ ការព្រួយបារម្ភអំពីការតាមដាននៅលើអនឡាញ ការរើសអើង និងការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាត បានក្លាយជាឧបសគ្គធ្វើឱ្យយុវជន និងសហគមន៍ស្ទាក់ស្ទើរក្នុងការចូលរួមសកម្មភាពសង្គម និងការពិភាក្សាជាសាធារណៈ។ ករណីមួយចំនួន ពលរដ្ឋត្រូវបានជាប់ទោសទណ្ឌដោយសារការបញ្ចេញមតិតាមអនឡាញ ដែលនាំឱ្យកើតមានការត្រួតពិនិត្យ និងការចាប់ពិរុទ្ធខ្លួនឯង (Self-Censorship)។

●      ហានិភ័យពីការបែកធ្លាយទិន្នន័យនិងការឆបោកអនឡាញ៖ ទិន្នន័យបុគ្គល (រួមមាន ឈ្មោះ លេខទូរស័ព្ទ ថ្ងៃខែឆ្នាំកំណើត អត្តសញ្ញាណបណ្ណ អាសយដ្ឋាន IP និងប្រវត្តិសារ Telegram ឬ Facebook) កំពុងប្រឈមនឹងការបែកធ្លាយ ដែលនាំឱ្យមានការបន្លំអត្តសញ្ញាណ និងការឆបោកតាមអនឡាញ (Online Scams) ជាដើម     ។

●      តួនាទីនិងគណនេយ្យភាពរបស់វិស័យឯកជន៖ កិច្ចពិភាក្សាបានសង្កត់ធ្ងន់ថា ក្រុមហ៊ុនឯកជនត្រូវតែមាន តម្លាភាពក្នុងការប្រើប្រាស់ទិន្នន័យដោយប្រមូលតែទិន្នន័យណាដែលចាំបាច់បំផុតសម្រាប់ការផ្តល់សេវា
ប៉ុណ្ណោះ។ ក្រុមហ៊ុនក៏ត្រូវគ្រប់គ្រងការចែករំលែកទិន្នន័យទៅកាន់ភាគីទីបីឱ្យមានប្រសិទ្ធភាព និងការ ទទួលខុសត្រូវបញ្ជាក់ឱ្យច្បាស់ពីបំណងនៃការប្រមូល និងប្រើប្រាស់ទិន្នន័យ ព្រមទាំងដាក់ចេញវិធានការ សន្តិសុខបច្ចេកទេសឱ្យបានរឹងមាំសម្រាប់អ្នកប្រើប្រាស់ ដោយផ្តល់នូវមុខងារសុវត្ថិភាពបន្ថែមដូចជាប្រព័ន្ធ ផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់រួមមាន Multi-Factor Authentication (MFA) ជាដើម។

●      ប្រព័ន្ធផ្សព្វផ្សាយក្នុងសម័យឌីជីថល៖ ការប្រែប្រួលផ្នែកឌីជីថលនិងការថមថយនៃប្រភពថវិកានិងជំនួយ អន្តរជាតិ (ដូចជា USAID និង SIDA) ពីដៃគូអភិវឌ្ឍន៍បានធ្វើឱ្យស្ថាប័នសារព័ត៌មានឯករាជ្យជាច្រើន ជួបប្រទះវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងររហូតដល់ត្រូវបិទទ្វារ ឬកាត់បន្ថយប្រតិបត្តិការដែលជាហេតុធ្វើឱ្យប្រទេស កម្ពុជាខ្វះព័ត៌មានគួរឱ្យទុកចិត្តនិងមានតុល្យភាព។

●      បរិយាកាសផ្លូវច្បាប់និងការចាប់ពិរុទ្ធខ្លួនឯង     (Self-Censorship)៖ អ្នកប្រើប្រាស់បណ្តាញសង្គម និង អ្នកសារព័ត៌មាននៅតែប្រឈមនឹងហានិភ័យផ្លូវច្បាប់ (ដូចជាបទញុះញង់ឬបរិហារកេរ្តិ៍) ដែលបង្កើតនូវ បរិយាកាសភ័យខ្លាច និងកាត់បន្ថយការចូលរួមផ្តល់ធាតុចូលស្ថាបនាក្នុងសង្គម។ លើសពីនេះក្របខណ្ឌ ច្បាប់ និងបទបញ្ញត្តិមួយចំនួន (រួមទាំងអនុក្រឹត្យស្តីពីច្រកទ្វារអ៊ីនធឺណិតជាតិនិងសេចក្តីព្រាងច្បាប់ Cyber​crime) នៅខ្វះការចូលរួមផ្តល់ធាតុចូលឱ្យបានទូលំទូលាយពីសង្គមស៊ីវិល។

ខ- អនុសាសន៍គន្លឹះដាក់ជូនរាជរដ្ឋាភិបាលនិងភាគីពាក់ព័ន្ធ

ផ្អែកលើធាតុចូលដែលទទួលបានពី វេទិកាអ៊ីនធឺណិតភ្នំពេញលើកទី៤ ក្រុមការងារសិទ្ធិឌីជីថល (DRWG) និងអង្គការសង្គមស៊ីវិល សូមគោរពស្នើជូននូវអនុសាសន៍ដូចខាងក្រោម៖

១- ផ្នែកគោលនយោបាយនិងក្របខណ្ឌច្បាប់

●      លើកកម្ពស់ការតាក់តែងច្បាប់ប្រកបដោយបរិយាបន្ន (Inclusive Law-Making Process)៖ ស្ថាប័ននីតិ ប្បញ្ញត្តិ និងក្រសួងជំនាញ (ជាពិសេសក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងយុត្តិធម៌) គួរ ផ្តល់ឱកាសទូលំទូលាយ និងពេលវេលាគ្រប់គ្រាន់ដល់អង្គការសង្គមស៊ីវិល ស្ថាប័នសារព័ត៌មាន និងអ្នក ជំនាញក្នុងការចូលរួមផ្តល់ធាតុចូលលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងបច្ចេកវិទ្យា (រួមមាន សេចក្តីព្រាង ច្បាប់ស្តីពីការការពារទិន្នន័យបុគ្គល      ច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន ច្បាប់សន្តិសុខសាយប័រ ព្រមទាំងច្បាប់ និងគោលនយោបាយពាក់ព័ន្ធផ្សេងទៀត) ដើម្បីធានាថាច្បាប់ទាំងនោះការពារសិទ្ធិ ឯកជន ភាព និងសេរីភាពនៃការបញ្ចេញមតិស្របតាមស្តង់ដារអន្តរជាតិ។

●      ធានាតុល្យភាពរវាងសន្តិសុខសាយប័រនិងសិទ្ធិមនុស្ស៖ អនុវត្តច្បាប់ដោយមានគណ នេយ្យភាព តម្លាភាព និងច្បាស់លាស់ ដើម្បីជៀសវាងការប្រើប្រាស់បទបញ្ញត្តិផ្លូវច្បាប់ប៉ះពាល់ដល់ការបញ្ចេញមតិ ឬការរាយ ការណ៍ព័ត៌មានឯករាជ្យ។

២. ផ្នែកហេដ្ឋារចនាសម្ព័ន្ធនិងបរិយាបន្នឌីជីថល

●      កាត់បន្ថយថ្លៃសេវានិងពង្រីកការតភ្ជាប់៖ ភាគីពាក់ព័ន្ធដែលរួមមានរាជរដ្ឋាភិបាលនិងក្រុមហ៊ុនឯកជន គួរបន្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតនៅតំបន់ជនបទដាច់ស្រយាល តាមរយៈការប្រើប្រាស់មូលនិធិកាតព្វកិច្ចសេវាសកល (USO Fund) និងជួយជំរុញឱ្យតម្លៃសេវាអ៊ីនធឺណិតមានតម្លៃធូរថ្លៃ សំដៅ កាត់បន្ថយគម្លាតឌីជីថល (Digital Divide) រវាងអ្នកទីក្រុងនិងអ្នកជនបទ។

●      គាំទ្រដល់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងតួអង្គសង្គមស៊ីវិល៖ ភាគីពាក់ព័ន្ធ រួមមាន ម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុនឯកជន និងរាជរដ្ឋាភិបាល គួរបង្កើនបរិយាកាសគាំទ្រផ្នែកហិរញ្ញវត្ថុ កិច្ចការពារផ្លូវច្បាប់ និងបច្ចេកទេស ដល់ស្ថាប័នសារព័ត៌មានឯករាជ្យ ព្រមទាំងអង្គការសង្គមស៊ីវិលដែលធ្វើការលើកកម្ពស់សិទ្ធិឌីជីថល, អក្ខរកម្មឌីជីថល, អក្ខរកម្ម​បញ្ញាសិប្បនិម្មិត និងពលរដ្ឋភាពឌីជីថល (Digital Citizenship) ដើម្បីឱ្យពួកគាត់អាចបន្តបេសកកម្មរាយការណ៍ព័ត៌មានពិត ការពារលំហឌីជីថលប្រកបដោយសុវត្ថិភាព និងបំពាក់បំប៉នសមត្ថភាពពលរដ្ឋក្នុងការចូលរួមក្នុងសង្គមប្រកបដោយការទទួលខុសត្រូវ។

៣. ផ្នែកការអប់រំនិងការយល់ដឹងសាធារណៈ

●      បង្កើនអក្ខរកម្មឌីជីថលនិងសន្តិសុខឌីជីថល៖ ពង្រីកការអប់រំសាធារណៈ អំពីសុវត្ថិភាព និងឯកជនភាព លើប្រព័ន្ធឌីជីថល សុវត្ថិភាពទិន្នន័យ ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ប្រកបដោយក្រមសីលធម៌ និងទំនួលខុសត្រូវ  និងការការពារខ្លួនពីការឆបោកអនឡាញនិងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។

●      បញ្ជ្រាបការគិតត្រិះរិះពិចារណា (Critical Thinking)ក្នុងប្រព័ន្ធអប់រំ៖ ភាគីពាក់ព័ន្ធជាពិសេសក្រសួងអប់រំ យុវជន និងកីឡា គួរបញ្ចូលមុខវិជ្ជាអភិបាលកិច្ចឌីជីថលការផ្ទៀងផ្ទាត់ព័ត៌មាន និងការប្រកបដោយ ការទទួលខុសត្រូវ ទៅក្នុងកម្មវិធីសិក្សារបស់យុវជន។

៤. វិស័យឯកជន

●      ពង្រឹងតម្លាភាពនៃការគ្រប់គ្រងទិន្នន័យ៖ ក្រុមហ៊ុនទូរគមនាគមន៍និងក្រុមហ៊ុនបច្ចេកវិទ្យា ត្រូវមានតម្លា ភាពក្នុងការប្រមូលចែកចាយទិន្នន័យអ្នកប្រើប្រាស់ ចៀសវាប្រមូលទិន្នន័យច្រើនហួសពីតម្រូវការ និង បង្ហាញគោលបំណងច្បាស់​លាស់ដល់អតិថិជន និងមានប្រព័ន្ធការពារទិន្នន័យរឹងមាំ ពិសេសផ្តល់មុខងារ ជួយការការឆបោកតាមអនឡាញដែលកំពុងកើតឡើងនាពេលបច្ចុប្បន្នឱ្យមានប្រសិទ្ធភាព។ ការចែក រំលែកទិន្នន័យអ្នកប្រើប្រាស់ទៅកាន់ភាគីទីបី ឬភាគីពាក់ព័ន្ធត្រូវធ្វើឡើងដោយមានតម្លាភាពដោយត្រូវ គោរពឯកជនភាពឯកជនភាព សុវត្ថិភាព      សិទ្ធិអ្នកប្រើប្រាស់ជាអាទិភាព និងមានការយល់ព្រមពីម្ចាស់ទិន្នន័យ។

សេចក្តីសន្និដ្ឋាន

វេទិកាអ៊ីនធឺណិតភ្នំពេញ លើកទី៤ បញ្ជាក់យ៉ាងច្បាស់ថា បរិវត្តកម្មឌីជីថលគឺជាឱកាសដ៏សំខាន់សម្រាប់ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប៉ុន្តែវាទាមទារឱ្យមានការគោរពសិទ្ធិមនុស្ស សិទ្ធិឯកជនភាព និងសេរីភាព នៃការ បញ្ចេញមតិជាមូលដ្ឋានជាចាំបាច់។ ការកសាងបរិយាកាសឌីជីថលដែលមានសុវត្ថិភាព បរិយាបន្ន និងគួរឱ្យទុកចិត្ត ត្រូវផ្ដើមចេញពីរាជរដ្ឋាភិបាលដោយចាំបាច់ត្រូវបើកចំហ យោគយល់ និងមានការប្ដេជ្ញាចិត្តខ្ពស់ ដើម្បីធ្វើទំនើបកម្ម ធនធានឌីជីថលក្នុងប្រទេសឱ្យតាមទាន់ការរីកចម្រើននៃបច្ចេកវិទ្យាលើពិភពលោក។ រាជរដ្ឋាភិបាលគួរបើចំហឱ្យ មានកិច្ចសហការពីប្រជាពលរដ្ឋ យុវ​ជន ជនជាតិដើមភាគតិច  វិស័យឯកជន និងអង្គការសង្គមស៊ីវិល ជាដើម     ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាពផ្អែកលើបច្ចេកវិទ្យា។ ក្រុមការងារសិទ្ធិឌីជីថល (DRWG) និងអង្គការសង្គមស៊ីវិលរង់ចាំដោយភាតរៈ ដើម្បីចូលរួមសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយនឹងរាជរដ្ឋាភិបាល និងគ្រប់ភាគីពាក់ព័ន្ធ ក្នុងគោលបំណងប្រែក្លាយអនុសាសន៍ទាំងនេះទៅជាសកម្មភាពជាក់ស្តែង សំដៅអភិវឌ្ឍ     សង្គមឌីជីថលនៅកម្ពុជាឱ្យកាន់តែមានចីរភាពនិងសមធម៌៕

 

រាជធានីភ្នំពេញ, ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៦

ក្រុមការងារសិទ្ធិឌីជីថល (DRWG)

វេទិកាអ៊ីនធឺណិតភ្នំពេញលើកទី៤    

    

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖

អ្នកស្រី ឆន សុគន្ធា នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ តាមរយៈលេខទូរស័ព្ទ ០៩៣ ៨៣១​៩៩០

លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) តាមរយៈលេខទូរស័ព្ទ ០១២ ៥១៩ ២៦១

អ្នកស្រី លុយ ធារី នាយិកាប្រតិបត្តិស្តីទីនៃគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា តាមរយៈលេខទូរស័ព្ទ ០១២ ៣៣៩ ០២៧