សម្ពាធក្រោមថ្នេរសាច់ក្រណាត់
ការសិក្សាស្រាវជ្រាវនេះធ្វើការអង្កេត និងប្រមូលទិន្នន័យជាមួយកម្មកររោងចក្រកាត់ដេរចំនួន ៣០៨នាក់ ស្ត្រី ៦៥ភាគរយ ដែលត្រូវបានសម្ភាស ដោយអ្នកចងក្រងរបស់សហព័ន្ធសហជីពកម្ពុជា (CATU) និង សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU) ក្នុងកំឡុងខែធ្នូ ឆ្នាំ២០២២ ដល់ ខែមករា ឆ្នាំ២០២៣។ ការសិក្សានេះក៏បានធ្វើការពិភាក្សាក្រុមជាមួយកម្មករដែលសម្ភាស និងតំណាងសហជីពដើម្បីផ្ទៀងផ្ទាត់របកគំហើញសំខាន់ៗនិង ពិគ្រោះយោបល់បន្ថែម សិក្សាលើឯកសារផ្សេងៗ ដូចជា បណ្ណបើកប្រាក់ឈ្នួលចេញដោយរោងចក្រ (factory-issued payslips) ទិន្នន័យ បញ្ជូនទំនិញ និងទិន្នន័យនាំចេញ ព្រមទាំងឯកសារពាក់ព័ន្ធ និងឯកសារដែលមានស្រាប់មួយចំនួនទៀត។ ការសិក្សាស្រាវជ្រាវ បានរកឃើញលទ្ធផលសំខាន់ៗចំនួនបី គឺ ប្រាក់ឈ្នួលប្រចាំខែធ្លាក់ចុះ ប្រព័ន្ធដែលពឹងផ្អែកលើការងារថែមម៉ោង និង ការកើនឡើងនៃបំណុល។