តើពួកយើងជានរណា?
និមិត្តសញ្ញាសម្គាល់របស់ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) រូបមនុស្សចាប់ដៃក្នុងរង្វង់មូលពណ៍ស គឺតំណាងឱ្យភាតរភាព សាមគ្គីភាពរឹងមាំ មិនបែកបាក់ និងសុច្ចរិតភាព។ រង្វង់មូលផ្ទែពណ៍លឿង តំណាងឱ្យសេរីភាពជាមូលដ្ឋាន ពិសេសសេរីភាពបញ្ចេញមតិ និងចម្លាក់ក្បាច់អង្គរវត្តជាចម្លាក់នៅលើសរសរ ប្រាសាទអង្គរវត្ត តំណាងឱ្យភាពរឹងមាំ ដោយខ័ណ្ឌនូវអក្សកាត់ជាភាសាខ្មែរ និងអង់គ្លេស ដែលជាឈ្មោះកាត់របស់ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស។
មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) គឺជាអង្គការមិនមែនរដ្ឋាភិបាលដែលមិនស្វែងរក ប្រាក់កំរៃ និងអព្យាក្រិត ដែលធ្វើការចងក្រង និងគាំទ្រក្រុមអ្នកធ្វើការងារតាមរយៈ ការផ្តល់ជំនួយផ្នែកច្បាប់ និងមធ្យោបាយសមរម្យផ្សេងទៀតដើម្បីទទួលបានអភិបាលកិច្ចដែលប្រកបដោយ តម្លាភាព និងគណនេយ្យភាព សម្រាប់ការគោរពសិទ្ធិការងារ និងសិទ្ធិមនុស្ស។
សង់ត្រាល់ អាចសម្រេចបាននូវចំណុចទាំងនះដោយផ្តល់ការគាំពារផ្នែកបច្ចេកទេស និង សេវាផ្លូវច្បាប់ដល់ សហជីពឯករាជ្យក្នុងការពង្រីកសមាជិកភាពរបស់ពួកគេតាមរយៈ បណ្តុះបណ្តាលផ្នែកច្បាប់ស្តីពីការងារ បទដ្ឋាន គតិយុទ្ធនានាទាក់ទងនឹងសិទ្ធិការងារ និង សិទ្ធិមនុស្ស និងសិទ្ធិជាមូលដ្ឋានផ្នែកឌីជីថលជាដើម។ សង់ត្រាល់ ក៏ផ្តល់ជំនួយផ្នែកច្បាប់ តាមដានត្រួតពិនិត្យ និងការតស៊ូមតិផ្លួវច្បាប់ ដើម្បីការពារកម្មករនិយោជិតដែលងាយរងគ្រោះ និងថ្នាក់ដឹកនាំសហជីពក្នុងករណីមានការបណ្តេញចេញ ការព្យួរការងារដោយខុសច្បាប់នានា និងការរើសអើងប្រឆាំង សហជីព។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សង់ត្រាល់ បានផ្តល់ការការពារនិងតំណាងឱ្យថ្នាក់ដឹកនាំ សហជីពជាង ៤១៨៩ នាក់ ដែលត្រូវ បានបណ្តេញចេញពីការងារដោយខុសនីតិវិធី ហើយថ្នាក់ដឹកនាំសហជីពជាង ១០០នាក់ត្រូវបានផ្តន្ទាទោសពីបទព្រហ្មទណ្ឌលើសកម្មភាពសហជីពរបស់ពួកគេ និងជនរងគ្រោះដែលត្រូវបាន រងគ្រោះដោយការឆបោកសរុប ២៥០ នាក់។
គុណតម្លៃរបស់សង់ត្រាល់ត្រូវបានបង្កើតឡើងដោយផ្អែកលើជំនឿរដូចខាងក្រោមនេះ៖
១. យុត្តិធម៌ គឺជាបេះដូងនៃបេសកកម្មរបស់សង់ត្រាល់ ដោយនាំការប្តេជ្ញាចិត្តរបស់យើងក្នុងការលើកកម្ពស់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់បុគ្គលគ្រប់រូប ហើយបង្កប់នូវជំនឿរបស់យើងថា សំឡេងរបស់មនុស្សគ្រប់គ្នាត្រូវបានឮ និង គោរព ជាពិសេសសហគមន៍ដែលងាយរងគ្រោះ។
២. សេរីភាព គឺជាមូលដ្ឋានគ្រឹះនៃការងាររបស់យើង ហើយតំណាងឱ្យសិទ្ធិក្នុងការសម្រេចចិត្តដោយខ្លួនឯង សមត្ថភាពក្នុងការបង្ហាញពីគំនិតនិងជំនឿរបស់ខ្លួន និងឱកាសដើម្បីបន្តការប្រាថ្នារបស់ខ្លួនដោយមិនខ្លាច ការកៀបសង្កត់ ឬការរើសអើង។
៣. សាមគ្គីភាព សង្កត់ធ្ងន់លើសារៈសំខាន់នៃការរួបរួម ការគាំទ្រ និងកិច្ចសហការក្នុងចំណោម សមាជិក។ វាឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តក្នុងការឈរជាមួយគ្នា ជំរុញឱ្យមានភាពជាម្ចាស់ និងធ្វើការរួមគ្នាឆ្ពោះទៅរកគោលដៅ និងទំនួលខុសត្រូវរួម។
៤. ភាពស្មោះត្រង់ រួមបញ្ចូលការប្តេជ្ញាចិត្ត និងភក្តីភាពរបស់បុគ្គលិក ក្រុមគោលដៅ និង អ្នកពាក់ព័ន្ធផ្សេងៗ។ វាដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំវប្បធម៌ការងារ ការអនុវត្តន៍ការងារ និងជោគជ័យបស់ស្ថាប័ន។
៥. ការគោរពគ្នាទៅវិញទៅមក លើកកម្ពស់វប្បធម៌នៃសេចក្តីថ្លៃថ្នូរ កិច្ចសហការ និងការប្រាស្រ័យទាក់ទងគ្នា ដោយបើកចំហ ដែលមានសារៈសំខាន់សម្រាប់បរិយាកាសការងារប្រកបដោយសុខមាលភាពនៅកន្លែងការងារ និងក្នុងស្ថាប័នសង្គមស៊ីវិល។
៦. សមភាព មិនគ្រាន់តែជាការប្រព្រឹត្តស្មើភាពគ្នាចំពោះមនុស្សគ្រប់រូបប៉ុណ្ណោះទេ វាគឺជាការដោះស្រាយវិសមភាពជាប្រព័ន្ធ និងការផ្តល់ការគាំទ្រតាមតម្រូវការ ដើម្បីធានាបាននូវលទ្ធផលយុត្តិធម៌ស្មើៗគ្នា។ ធានាបាននូវលទ្ធផលយុត្តិធម៌។
៧. តម្លាភាព ជំរុញការជឿទុកចិត្ត គណនេយ្យភាព និងកិច្ចសហការ បង្កើតវប្បធម៌មួយដែល មនុស្សគ្រប់គ្នាទទួលបានព៍តមានគ្រប់ជ្រង់ជ្រោយ និងមានសិទ្ធិក្នុងការរួមចំណែក ហើយអ្នកទទួលផលមានសិទ្ធិ ពេញលេញក្នុងការផ្តល់មតិកែលម្អ។
សង់ត្រាល់ ប្រតិបត្តិការជាបួនកម្មវិធីផ្សេងៗគ្នា៖
- ១./ កម្មវិធីចងក្រង
- ២./ កម្មវិធីប្រឆាំងអំពើជួញដូរមនុស្ស និងការពារសិទ្ធិពលករចំណាកស្រុក
- ៣./ កម្មវិធីការពារ
- ៤./ កម្មវិធីផ្សព្វផ្សាយ និងបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង