ប្រភព៖ VOD
ខណៈដែលកម្ពុជាកំពុងស្ថិតក្រោមខ្សែភ្នែកមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ដោយសារតែការកើនឡើងនូវករណីឆបោកអនឡាញ ហើយជនបរទេសជាច្រើនរងគ្រោះពីការជួញដូរ និងការបោកប្រាស់ឱ្យធ្វើការក្នុងឧស្សាហកម្មខុសច្បាប់ទាំងនេះ ស្វាមី-ភរិយាមួយគូ ជាជនជាតិម៉ាឡេស៊ី បានរៀបរាប់ពីបទពិសោធន៍ដែលត្រូវបានក្រុមឧក្រិដ្ឋជននៅកម្ពុជា បង្ខំឲ្យបោកបញ្ឆោតអ្នកដទៃកាលពីឆ្នាំ២០២៤ និង២០២៥ ដែលនាពេលនោះ ពួកគេនៅជាគូដណ្តឹងនឹងគ្នានៅឡើយ។
ស្វាមី-ភរិយាមួយគូ ជាជនជាតិម៉ាឡេស៊ីខាងលើនេះ មានឈ្មោះថា ដេននី និងគ្រីស្ទីន។ លោក ដេននី និងអ្នកស្រី គ្រីស្ទីន បានរត់គេចពីក្រុមឆបោកអនឡាញ ដែលកំពុងប្រតិបត្តិការក្នុងប្រទេសកម្ពុជា ខណៈមុនការរត់គេចនេះ ពួកគេបានចាញ់បោកមិត្តភក្តិដែលណែនាំឱ្យពួកគេមកធ្វើការនៅកម្ពុជា។
បន្ទាប់ពីរងគ្រោះមួយដំណាក់កាលពីការបោកប្រាស់របស់មិត្តភក្តិ ពួកគេត្រូវរងគ្រោះមួយដំណាក់កាលបន្ថែមទៀត នោះគឺការបង្ខំរបស់ក្រុមឆបោកអនឡាញ ឲ្យពួកគេបោកបញ្ឆោតអ្នកដទៃ។ អ្នកទាំងពីរមានក្តីរំពឹងថា ឱ្យតែពួកគេបានទៅដល់ស្ថានទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា នោះពួកគេនឹងលែងរងគ្រោះទៀតហើយ។ ប៉ុន្តែផ្ទុយទៅវិញ ពេលរត់គេចខ្លួនបានទៅដល់ស្ថានទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជាហើយនោះ ពួកគេបែរជាត្រូវរងគ្រោះមួយជាន់បន្ថែមទៀត នោះគឺមន្រ្តីស្ថានទូតប្រាប់ឲ្យមើលបញ្ជីថ្លៃសេវា និងត្រូវបង់ប្រាក់ជាមុនសិន រួចទើបទទួលបានជំនួយតាមក្រោយ។
ការតម្រូវឱ្យពួកគេបង់លុយទាំងដែលពួកគេគ្មានអ្វីសោះក្នុងខ្លួន បានធ្វើឲ្យការស្នើសុំជំនួយរបស់ពួកគេជាប់គាំង គ្មានឯកសារ និងគ្មានការការពារ ហើយក៏បានបង្ហាញឱ្យឃើញពីចន្លោះប្រហោងធំៗ ក្នុងការដោះស្រាយ និងការពារជនរងគ្រោះពីការជួញដូរមនុស្ស បន្ទាប់ពីពួកគេគេញចេញពីឧស្សាហកម្មបោកប្រាស់តាមអនឡាញនៅកម្ពុជា។
ដេននី និងគ្រីស្ទីន រំឮកនូវបទពិសោធន៍របស់ពួកគេថា កាលពីខែធ្នូ ឆ្នាំ២០២៤ ពួកគេត្រូវបានជ្រើសរើសឱ្យចូលធ្វើការដោយមិត្តម្នាក់ដែលពួកគេទុកចិត្ត។ មិត្តម្នាក់នោះ បានប្រាប់ពួកគេអំពីការងារមួយនៅកម្ពុជា ដែលអាចធ្វើការនៅក្នុងកាស៊ីណូដោយស្របច្បាប់ ហើយទទួលបានប្រាក់ ១,៩០០ដុល្លារអាមេរិកក្នុងមួយខែ។ ក្រៅពីនោះ ទិដ្ឋាការឬវីសា អាជ្ញាប័ណ្ណការងារ កន្លែងស្នាក់នៅ និងអាហារហូបចុក ត្រូវគេសន្យាថានឹងផ្តល់ជូនទាំងអស់។
ដេននី បាននិយាយថា៖ «យើងបានជួបមិត្តម្នាក់នៅប្រទេសម៉ាឡេស៊ី។ នាងបានប្រាប់យើងអំពីការងារនៅកម្ពុជា។ នាងប្រាប់យើងថាយើងនឹងធ្វើការនៅក្នុងកាស៊ីណូ ដែលមានមូលដ្ឋាននៅកម្ពុជា។ នាងបានបង្ហាញលិខិតផ្តល់ការងារឱ្យយើងឃើញ បង្ហាញប្រាក់ខែ និងបង្ហាញរូបភាពនានាដល់យើង»។
ប្រភពបន្តថា គេតម្រូវឱ្យពួកគាត់ផ្ញើរូបថតលិខិតឆ្លងដែនទៅកាន់ភ្នាក់ងារកណ្តាលដែលរៀបចំការងារនេះ។ បីថ្ងៃក្រោយមក គេប្រាប់ថា សំបុត្រយន្តហោះត្រូវបានកក់រួចរាល់សម្រាប់ពួកគាត់។ បន្ទាប់ពីខកខានជើងហោះហើរដំបូង ដោយសារការពន្យារពេលក្នុងដំណើរការអន្តោប្រវេសន៍ ពួកគាត់បានប្តូរជើងហោះហើរ និងបានមកដល់កម្ពុជា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ដោយចុះចតនៅព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ។ ពួកគាត់ត្រូវគេនាំទៅកាន់កន្លែងស្នាក់នៅ ក្នុងអគារមួយដែលរៀបចំដោយក្រុមហ៊ុន។
ភ្លាមៗបន្ទាប់ពីមកដល់ លិខិតឆ្លងដែនរបស់ពួកគាត់ត្រូវបានអ្នកគ្រប់គ្រងដកហូត ដោយសំអាងថា ឯកសារទាំងនោះត្រូវការចាំបាច់ដើម្បីធ្វើទិដ្ឋាការ និងច្បាប់អនុញ្ញាតការងារ។
ប៉ុន្មានថ្ងៃបន្ទាប់ពីការមកដល់ ពួកគាត់ត្រូវគេណែនាំឱ្យចាប់ផ្តើមធ្វើការ ប៉ុន្តែវាមិនមែនជាការងារនៅក្នុងកាស៊ីណូឡើង តែវាគឺជាការងារនៅក្នុងប្រតិបត្តិការឆបោកអនឡាញទៅវិញ។
ដេននី បាននិយាយថា៖ «យើងត្រូវបានគេប្រាប់ឱ្យទូរស័ព្ទទៅមនុស្សផ្សេងៗ ហើយនិយាយថាពួកគេបានខ្ចីប្រាក់ចំនួន ៥០,០០០ រីងហ្គីត ឬ ប្រហែល ១២,០០០ ដុល្លារ ដោយមិនបានសងរយៈពេលបីខែ។ ប្រសិនបើពួកគេយល់ព្រមនិយាយជាមួយមន្ត្រីប៉ូលីស យើងនឹងផ្ទេរពួកគេទៅកាន់ខ្សែទីពីរ (Line 2)»។
លោកបន្តថា មេក្រុមប្រតិបត្តិការនោះ គឺជាជនជាតិម៉ាឡេស៊ី ដើមកំណើតចិន អាយុជាង ២០ឆ្នាំ ហើយមានមនុស្សធ្វើការទីនោះយ៉ាងហោចណាស់ ២៣នាក់ ក្នុងនោះ ១៥ នាក់ ជាជនជាតិម៉ាឡេស៊ី ហើយក្រៅពីនោះជាជនជាតិចិន តៃវ៉ាន់ និងឥណ្ឌូនេស៊ី។
លោក ដេននី ប្រាប់ថា បើទោះបីជាមិនត្រូវបានគេធ្វើទារុណកម្មលើរាងកាយ ដូចរបាយការណ៍នៅក្នុងទីតាំងឆបោកដទៃទៀត ប៉ុន្តែផលប៉ះពាល់ផ្លូវចិត្តដោយសារការធ្វើការនៅក្នុងប្រតិបត្តិការនោះ គឺមានសភាពធ្ងន់ធ្ងរ។
ដេននី បានរៀបរាប់ថា៖ «យើងចាប់ផ្តើមធ្វើការនៅម៉ោង ៨ ព្រឹក និងបញ្ចប់នៅម៉ោង ៤ រសៀល។ បន្ទាប់ពីនោះ យើងត្រូវបានតម្រូវឱ្យនៅបន្តរយៈពេល ៦ ទៅ ៧ ម៉ោងបន្ថែមទៀត។ វាពិតជាហត់នឿយផ្លូវចិត្តខ្លាំងណាស់ ហើយយើងក៏ត្រូវចូលរួមវគ្គបណ្តុះបណ្តាលផងដែរ»។
ក្រុមការពារសិទ្ធិមនុស្ស និយាយថា បទពិសោធន៍របស់ដេននី និងគ្រីស្ទីន ឆ្លុះបញ្ចាំងពីឯកសារនានាដែលបានចងក្រងពាក់ព័ន្ធនឹងឧស្សាហកម្មឆបោកអនឡាញនៅកម្ពុជា។
ការស៊ើបអង្កេតរបស់អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានរកឃើញថា មនុស្សដែលត្រូវបានល្បួងដោយការសន្យាការងារ ត្រូវបានជួញដូរចូលទៅក្នុងទីតាំងបិទជិត ដែលពួកគេត្រូវបានបង្ខំឱ្យធ្វើសកម្មភាពខុសច្បាប់ ក្រោមការគំរាមកំហែងដោយអំពើហិង្សា ដែលជាស្ថានភាពស្មើនឹងការបង្ខំឱ្យធ្វើពលកម្ម និងក្នុងករណីជាច្រើន គឺជារបបទាសភាព។
របាយការណ៍ចេញផ្សាយក្នុងខែមិថុនា ឆ្នាំ២០២៥ អង្គការលើកលែងទោសន្តរជាតិ បានកំណត់អត្តសញ្ញាណទីតាំងឆបោកយ៉ាងហោចណាស់ ៥៣ កន្លែង ក្នុងប្រទេសកម្ពុជា ដែលជនរងគ្រោះត្រូវបានឃុំខ្លួនក្នុងលក្ខខណ្ឌ ដូចជា ការជាប់ឃុំឃាំងរយៈពេលវែង និងទទួលរងនូវការរំលោភបំពានលើរាងកាយ។
នៅពេលសុខភាពរបស់ គ្រីស្ទីន ចុះខ្សោយ ក្នុងខែមករា ឆ្នាំ២០២៥ ដេននី បានទៅជួបអ្នកគ្រប់គ្រងដើម្បីសុំត្រឡប់ទៅប្រទេសម៉ាឡេស៊ីវិញ។
ដេននី បាននិយាយថា៖ «អ្នកគ្រប់គ្រងនិយាយថា បើពួកយើងចង់ចាកចេញ យើងត្រូវបង់ប្រាក់ពិន័យ»។
បន្ទាប់ពីក្រុមហ៊ុនត្រូវបានបិទនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ពួកគេត្រូវបានផ្តល់ការងារដដែល ប៉ុន្តែធ្វើនៅកន្លែងផ្សេង។ បើទោះជាយ៉ាងនេះក្តី ពួកគេបានសម្រេចចិត្តយល់ព្រមធ្វើការងារនោះទៀត ដោយសារតែដើម្បីឱ្យបានអាហារហូបចុក។ យ៉ាងណា ស្ថានភាពរបស់ពួកគេកាន់តែអាក្រក់ទៅៗ។
នៅពាក់កណ្តាលខែកុម្ភៈ ពួកគេបានសម្រេចចិត្តសុំមេរបស់ពួកគេ ដើម្បីយកលិខិតឆ្លងដែនមកវិញ។
ដេននីនិយាយថា៖ «យើងបានសុំឱ្យមេរបស់យើងសងលិខិតឆ្លងដែនវិញ ប៉ុន្តែគាត់និយាយថា យើងត្រូវបង់ប្រាក់សម្រាប់ប្រាក់ឧបត្ថម្ភដែលគាត់បានផ្តល់ឱ្យ ដូចជាគ្រែ និងកម្រាលពូក ដែលសរុបទាំងអស់មានចំនួន ៣៧៤ ដុល្លារ»។
ដោយគ្មានឯកសារ និងគ្មានមធ្យោបាយបង់ប្រាក់ កាលនោះគូដណ្តឹងមួយគូនេះ បានធ្វើដំណើរមកកាន់រាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីស្វែងរកជំនួយពីស្ថានទូតម៉ាឡេស៊ី។ ពួកគេបានប្រាប់មន្ត្រីស្ថានទូតថា លិខិតឆ្លងដែនរបស់ពួកគេត្រូវបានដកហូត ហើយពួកគេត្រូវបានបង្ខំឱ្យធ្វើការក្នុងវិស័យឆបោកអនឡាញ។
ដេននី បាននិយាយថា មន្ត្រីនៅស្ថានទូតបានប្រាប់លោកនិងភរិយា ឱ្យដាក់ពាក្យបណ្តឹងទៅប៉ូលីសដោយប្រកាសថាបាត់លិខិតឆ្លងដែន។ ប៉ុន្តែដើម្បីធ្វើដូច្នេះបាន ពួកគេត្រូវបង់ថ្លៃសេវាសិន។ បន្ទាប់ពីទទួលបានរបាយការណ៍ប៉ូលីស ពួកគេអាចដាក់ពាក្យសុំលិខិតឆ្លងដែនក្នុងករណីអាសន្ន ដែលតម្រូវឱ្យមានការចំណាយផងដែរ។ បន្ទាប់មក ពួកគេត្រូវបង់ប្រាក់ពិន័យការស្នាក់នៅហួសកាលកំណត់ ទៅឱ្យប៉ូលីសអន្តោប្រវេសន៍កម្ពុជា ព្រមទាំងត្រូវរកលុយទិញសំបុត្រយន្តហោះដោយខ្លួនឯង។
ដេននី និយាយថា៖ «មន្រ្តីស្ថានទូតបានប្រាប់យើងឱ្យទៅដាក់ពាក្យបណ្តឹងនៅប៉ូលីស ហើយបង់ប្រាក់យ៉ាងហោចណាស់ ២០០ ដុល្លារ គ្រាន់តែដើម្បីទទួលបានរបាយការណ៍ប៉ូលីស។ បន្ទាប់មកពួកគេនិយាយថា ស្ថានទូតនឹងរៀបចំឯកសារលិខិតឆ្លងដែនបណ្តោះអាសន្ន ហើយយើងត្រូវបង់ប្រាក់ពិន័យស្នាក់នៅហួសកាលកំណត់»។
ដេននី និយាយថា ពួកគេមិនត្រូវបានផ្តល់កន្លែងស្នាក់នៅបណ្តោះអាសន្ន ជំនួយហិរញ្ញវត្ថុ ជំនួយផ្លូវច្បាប់ ឬការបញ្ជូនទៅកាន់សេវាកម្មប្រឆាំងការជួញដូរមនុស្សនោះទេ។
ដេននីនិយាយថា៖ «មន្រ្តីនៅស្ថានទូតអត់បានជួយអ្វីដល់យើងទាំងអស់»។
ដោយគ្មានជម្រើសផ្សេងទៀត ដេននី និគ្រីស្ទីន បានស្នាក់នៅផ្ទះសំណាក់មួយក្នុងរាជធានីភ្នំពេញ ចំនួនពីរយប់ មុនពេលស្វែងរកជម្រកបណ្តោះអាសន្ន នៅវិហារគ្រិស្តសាសនា ដែលពួកគេបានស្នាក់នៅរហូតជាងមួយខែ។
នៅថ្ងៃទី២៥ ខែមីនា គូដណ្តឹងមួយគូនេះ ត្រូវបានទទួលយកដោយអង្គការមិនមែនរដ្ឋាភិបាលមួយ ដែលបានផ្តល់កន្លែងស្នាក់នៅ និងជំនួយផ្សេងៗ ព្រមទាំងសំបុត្រយន្តហោះ ដើម្បីឱ្យពួកគេត្រឡប់ទៅប្រទេសម៉ាឡេស៊ីវិញ នៅដើមខែឧសភា ឆ្នាំ២០២៥។
ដេននី បាននិយាយថា៖ «ពួកយើងបានស្នាក់នៅក្នុងព្រះវិហារគ្រិស្តប្រហែលមួយខែ។ បន្ទាប់មកពួកយើងបានប្តូរទៅស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ន។ នៅពេលដែលពួកយើងស្នាក់នៅទីនោះ បានប្រហែលពីរខែ មានសកម្មជនសិទ្ធិមនុស្សម្នាក់ បានជួយបង់ប្រាក់ពិន័យ ការស្នាក់នៅហួសកាលកំណត់ឱ្យពួកយើង ដែលសរុបទាំងអស់មានចំនួនប្រហែល ២ ២០០ ដុល្លារ»។
អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលធ្វើការងារពាក់ព័ន្ធនឹងការជួញដូរមនុស្ស បាននិយាយថា បទពិសោធន៍របស់ ដេននី និង គ្រីស្ទីន ឆ្លុះបញ្ចាំងពីគំរូដ៏ធំមួយនៃការរងគ្រោះពីក្រុមឆបោកអនឡាញ និងការស្នើសុំជំនួយពីស្ថានទូតរបស់ពួកគេ។
លោក ប៊ុន ចិន្តា មន្ត្រីកម្មវិធីជាន់ខ្ពស់នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) បាននិយាយថា មានជនរងគ្រោះជាច្រើនទៀតជួបបទពិសោធន៍ស្រដៀងគ្នានេះ។
លោកថា មានជនរងគ្រោះជាជនជាតិផ្សេងៗ ដែលអង្គការសង់ត្រាល់បានផ្តល់ការគាំទ្រនាពេលកន្លងមក បន្ទាប់ពីពួកគេបានរត់គេច និងសង្គ្រោះពីក្រុមឆបោកអនឡាញ ដូចជា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន និងបង់ក្លាដែសជាដើម។
លោកនិយាយថា៖ «បើតាមបទពិសោធន៍យើង ហើយក្នុងចំណោមស្ថានទូតដែលយើងធ្លាប់ស្គាល់ និងទំនាក់ទំនងធ្វើការជាមួយដែលបានរៀបរាប់ខាងលើហ្នឹង ស្ថានទូតភាគច្រើនមិនសូវបានឆ្លើយតប និងផ្តល់សេវាបានគ្រប់គ្រាន់ ពេញលេញ និងទាន់ពេលតាមតម្រូវការ និងតាមស្ថានភាពដែលពួកគាត់រងគ្រោះទេ។ តែយើងឃើញរៀងប្រសើរជាងបន្តិចហ្នឹង គឺមានតែស្ថានទូតហ្វីលីពីនទេ ដែលមានការឆ្លើយតបសកម្មភាព ជួយសង្គ្រោះ និងទំនាក់ទំនងរៀងសកម្មជាងបណ្តាស្ថានទូតផ្សេងៗ ដែលបានរៀបរាប់ខាងលើហ្នឹង»។
បើតាមលោក ប៊ុន ចិន្តា ភាគច្រើននៃជនរងគ្រោះដែលស្នើសុំជំនួយពីអង្គការសង់ត្រាល់ បានអះអាងថា ស្ថានទូតរបស់ពួកគេមិនបានផ្តល់ជំនួយណាមួយ សូម្បីតែជម្រក អាហារ ថវិកា និងមធ្យោបាយធ្វើដំណើរ ដើម្បីអាចត្រឡប់ទៅប្រទេសរបស់ពួកគេវិញ។
យ៉ាងណា អាជ្ញាធរច្រានចោលការលើកឡើងដែលថា ជនរងគ្រោះពីក្រុមឆបោកអនឡាញ តម្រូវឱ្យបង់ប្រាក់ពេលធ្វើរបាយការណ៍ប៉ូលីស។
លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លើកឡើងថា សមត្ថកិច្ចកម្ពុជាតែងសហការ និងអន្តរាគមន៍រាល់ពេលមានពាក្យបណ្តឹងពីជនរងគ្រោះ និងស្ថានទូត។
លោកបន្ថែមថា៖ «ទោះបីជាគ្មានឯកសារដោយប្រការណាមួយក៏ដោយ ក៏យើងមិនទៅដាក់ពិន័យឱ្យគាត់បង់ប្រាក់នៃការស្នាក់នៅហួសរយៈពេលទេ មានតែការគាំពារផ្នែកសិទ្ធិ ផ្នែកស្មារតី ផ្នែកសម្ភារៈ និងផ្គត់ផ្គង់ជីវភាព ដោយរង់ចាំសម្របសម្រួលនីតិវិធីជាមួយស្ថានទូតប្រទេសរបស់គាត់ ដើម្បីដឹកជញ្ជូន ឬក៏ជូនគាត់ត្រឡប់ទៅកាន់ប្រទេសកំណើតវិញ»។
គិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានបង្ក្រាបការឆបោកតាមអនឡាញនៅទូទាំងប្រទេសសរុបចំនួន ១១៥ ករណី ដោយឃាត់ខ្លួនជនសង្ស័យសរុបជាង ៤ពាន់ (៤,៨៥១) នាក់ ក្នុងនោះស្រ្តីជាង ៩រយ (៩២៥) នាក់ មាន ២៣ សញ្ជាតិ។ ក្នុងចំណោមអ្នកដែលត្រូវបានឃាត់ខ្លួនទាំងនោះ មានជនជាតិម៉ាឡេស៊ីមានចំនួន ១៧ នាក់។
VOD បានផ្ញើសំណួរលម្អិតទៅកាន់ស្ថានទូតម៉ាឡេស៊ីប្រចាំនៅភ្នំពេញ តាមរយៈអ៊ីមែលចំនួន ២លើក គឺលើកទីមួយ កាលពីថ្ងៃទី១២ ខែមករា និងលើកទីពីរ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ដើម្បីស្នើសុំការពន្យល់អំពីរបៀបដែលស្ថានទូតដោះស្រាយករណីពលរដ្ឋដែលរាយការណ៍ពីការជួញដូរមនុស្ស និងការបង្ខំឱ្យធ្វើការក្នុងប្រតិបត្តិការឆបោក ជាពិសេសនៅពេលដែលពួកគេត្រូវបានដកហូតលិខិតឆ្លងដែន។ ប៉ុន្តែរហូតមកដល់ម៉ោងផ្សាយនេះ VOD ពុំទទួលបានការឆ្លើយតបណាមួយឡើយ។
បើតាមអង្គការមនុស្សធម៌ម៉ាឡេស៊ី ជនជាតិម៉ាឡេស៊ី យ៉ាងហោចណាស់ជាង ៤០០នាក់ ត្រូវបានសង្រ្គោះ និងបញ្ជូនត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ ចាប់ពីឆ្នាំ២០២១ មកត្រឹមខែតុលា ឆ្នាំ២០២៥។
នៅក្រោមពិធីសារប្រឆាំងការជួញដូរមនុស្សអន្តរជាតិ ជនដែលត្រូវបានដកហូតឯកសារដោយអ្នកជ្រើសរើសបុគ្គលិក ត្រូវបានទទួលស្គាល់ថាជាជនរងគ្រោះសក្តានុពលនៃការជួញដូរមនុស្ស ដែលមានសិទ្ធិទទួលបានជំនួយ និងការការពារ មិនមែនត្រូវបានចាត់ទុកជាអ្នកបំពានច្បាប់អន្តោប្រវេសន៍នោះទេ។ អ្នកតស៊ូមតិព្រមានថា ការតម្រូវឱ្យជនរងគ្រោះបង់ថ្លៃសេវា និងការផាកពិន័យមុនពេលទទួលបានជំនួយ គឺជាហានិភ័យនៃការបង្កគ្រោះថ្នាក់បន្ថែមទៀត។
លោក ប៊ុន ចិន្តា មន្ត្រីកម្មវិធីជាន់ខ្ពស់នៃមជ្ឈមណ្ឌលសង់ត្រាល់លើកឡើងថា ការផ្តល់ជំនួយ ឬការគាំទ្រទៅដល់ជនរងគ្រោះពីការជួញដូរមនុស្ស គឺជាតួនាទីរបស់រដ្ឋាភិបាលដែលជនរងគ្រោះកំពុងស្ថិតនៅ និងស្ថានទូតរបស់ពួកគេ។ លោកថា ភាគច្រើននៃជនរងគ្រោះដែលបានស្នើសុំការគាំទ្រពីអង្គការសង់ត្រាល់ មិនត្រូវបានគេកំណត់អត្តសញ្ញាណថាជាជនរងគ្រោះនៃអំពើជួញដូរមនុស្សជាផ្លូវការនោះទេ។
លោក ប៊ុន ចិន្តា និយាយថា៖ «អីចឹងពេលណាគាត់មិនត្រូវបានកំណត់អត្តសញ្ញាណជាជនរងគ្រោះនៃអំពើជួញដូរមនុស្ស មានន័យថា គាត់បាត់បង់ឱកាសទទួលបានការគាំពារ ទទួលបានសេវា និងទទួលបានការយកចិត្តទុកដាក់ ជួយគាំទ្រពីភាគីរដ្ឋទាំងសង្ខាង ទាំងប្រទេសកំណើតគាត់ ទាំងប្រទេសដែលគាត់ស្ថិតនៅ»។
សម្រាប់ ដេននី និង គ្រីស្ទីន ផ្នែកដែលពិបាកបំផុតនៃបទពិសោធន៍ដ៏អាក្រក់របស់ពួកគេ មិនមែនត្រឹមតែរងការឆបោក និងការកេងប្រវ័ញ្ចកម្លាំងពលកម្មពីក្រុមឧក្រិដ្ឋជនប៉ុណ្ណោះទេ ប៉ុន្តែនៅពេលដែលពួកគេសុំជំនួយពីស្ថានទូត ហើយគ្មាននរណាម្នាក់ជួយពួកគេ វាក៏ជាបទពិសោធន៍ដ៏អាក្រក់មួយជាន់ទៀតដែលពួកគេបានជួប។
ដេននី បាននិយាយថា៖ «ស្ថានទូតគួរតែជួយពលរដ្ឋរបស់ខ្លួន ជាជាងគ្រាន់តែប្រាប់ឱ្យស្វែងរកផ្លូវដោយខ្លួនឯង។ ចុះបើខ្ញុំ និងគូដណ្តឹងបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលីស ហើយប៉ូលីសបែរជាបញ្ជូនពួកយើងត្រឡប់ទៅកាន់កន្លែងឆបោកអនឡាញវិញនោះ?»៕