ប្រភព៖ RFI
មានពលករខ្មែរយ៉ាងតិចជាង ៨ម៉ឺនបានអស់សុពលភាពបណ្ណការងារនៅក្នុងប្រទេសថៃគិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ដែលជាថ្ងៃកំណត់របស់ក្រសួងការងារថៃ។ នេះបើតាមមន្ត្រីជាន់ខ្ពស់ក្រសួងការងារកម្ពុជា។ បើតាមសង្គមស៊ីវិល ពលករខ្មែរដែលមានបណ្ណការងារអស់សុពលភាពអាចប្រឈមនឹងការបណ្តេញចេញដោយបង្ខំ ឬអាចរងការផាកពិន័យពីអាជ្ញាធរថៃ។ តែក្រសួងការងារកម្ពុជាបានអះអាងថា រដ្ឋាភិបាលបានត្រៀមខ្លួនរួចជាស្រេចដើម្បីជួយពលករខ្មែរទាំងជាង ៨ម៉ឺននាក់នោះ។
ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ជាថ្ងៃចុងក្រោយដែលពលករខ្មែររាប់ម៉ឺននាក់នៅក្នុងប្រទេសថៃលែងមានសិទ្ធិធ្វើការស្របច្បាប់ដោយសារតែបណ្ណការងាររបស់ពួកគេអស់សុពលភាព។ លោក ឡឹង សុផុន មន្ត្រីអង្គការសង់ត្រាល់ប្រចាំប្រទេសថៃបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃពុធ ទី១ មេសានេះថា មានពលករខ្មែរយ៉ាងតិចជាង ១៤ម៉ឺននាក់ដែលមានបណ្ណការងារផុតកំណត់ត្រឹមថ្ងៃទី៣១ មីនា និងថាបច្ចុប្បន្ន មានពលករខ្មែរជាច្រើននាក់បានសម្រេចវិលត្រឡប់ចូលប្រទេសកម្ពុជាវិញចាប់តាំងពីខែកុម្ភៈ និងដើមខែមីនា ពោលតាំងពីមុនបណ្ណការងាររបស់ពួកគេអស់សុពលភាពទៅទៀត។
បើតាមលោក ឡឹង សុផុន គេនៅមិនទាន់ដឹងថា តើគណៈរដ្ឋមន្ត្រីថៃថ្មីនឹងសម្រេចយ៉ាងណាទេចំពោះករណីនេះ តើបន្តបណ្ណការងារស្របច្បាប់ដល់ពលករខ្មែរ ឬមួយក៏សម្រេចឲ្យពួកគេត្រឡប់ទៅស្រុកកំណើតវិញ។ តែមន្ត្រីអង្គការសង់ត្រាល់រូបនេះដដែលមិនភ្លេចបញ្ជាក់ថា ពលករខ្មែរដែលបានវិលត្រឡប់ចូលកម្ពុជាវិញពេលនេះ ភាគច្រើនជាអ្នកបម្រើការងារនៅក្នុងវិស័យសំណង់ និងឧស្សាហកម្មតូចៗដែលថៅកែថៃមិនអាចជួលបន្តបាន ព្រោះខ្លាចរងការផាកពិន័យពីអាជ្ញាធរថៃ។ លោក ឡឹង សុផុន បានលើកពីក្តីកង្វល់ថា ពលករខ្មែរអាចជួបបញ្ហាក្នុងការរស់នៅប្រចាំថ្ងៃ និងការផាកពិន័យពីអាជ្ញាធរថៃ បើសិនជាពួកគេបន្តធ្វើការងារដោយខុសច្បាប់។
ទោះជាយ៉ាងណា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជាបានអះអាងពីការត្រៀមអន្តរាគមន៍ជាបន្ទាន់ដើម្បីជួយដល់ពលករខ្មែរដែលមានបណ្ណការងារអស់សុពលភាពនៅក្នុងប្រទេសថៃទាំងអស់។ បើតាមរបាយការណ៍របស់ក្រសួងការងារ ពលករខ្មែរដែលមានបណ្ណការងារអស់សុពលភាពនៅក្នុងប្រទេសថៃមានត្រឹមតែ ៨ម៉ឺននាក់ប៉ុណ្ណោះ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថា រដ្ឋាភិបាលកម្ពុជាបានត្រៀមដំណោះស្រាយចំនួន ២សេណារីយ៉ូ ទី១ ក្រសួងការងារនឹងជួយពលករខ្មែរទាំងជាង ៨ម៉ឺននាក់ឲ្យត្រលប់មកកម្ពុជាវិញ ហើយធានាថា កម្ពុជាមានទីផ្សារការងារគ្រប់គ្រាន់សម្រាប់ពួកគេ។
ចំណែកសេណារីយ៉ូទី២ ក្រសួងការងារនឹងរិះរកយន្តការសម្របសម្រួលជាមួយភាគីថៃ បើសិនជាពលករខ្មែរដែលផុតសុពលភាពបណ្ណការងារចង់ធ្វើការនៅទីនោះបន្តទៀត។ ទោះជាយ៉ាងណា និងបើតាមលោក ស៊ុន មេសា ចំណាត់ការណាមួយលើពលករខ្មែរទាំងជាង ៨ម៉ឺននាក់ និងពលករបរទេសផ្សេងទៀតដែលអស់សុពលភាពបណ្ណការងារនឹងស្ថិតក្នុងដៃរបស់រដ្ឋាភិបាលថៃ។ គួររំលឹកជូនថា រដ្ឋមន្រ្តីស្តីទីក្រសួងការងារថៃ លោកស្រី ទ្រីនុច ធៀនថុង ធ្លាប់បានបញ្ជាក់កាលពីខែកុម្ភៈថា ស្ថាប័នសន្តិសុខថៃកំពុងពន្លឿនការផ្ទៀងផ្ទាត់ព័ត៌មានរបស់ពលករខ្មែរជាង ១០ម៉ឺននាក់ដែលកំពុងស្នាក់នៅក្នុងប្រទេសថៃ មុនពេលរដ្ឋាភិបាលថៃសម្រេចថា តើត្រូវបន្តលិខិតអនុញ្ញាតការងារឲ្យពួកគេ ឬយ៉ាងណានោះ៕