កម្ពុជាអំពាវនាវនៅ UN ឲ្យអន្តរជាតិជួយការពារពលករខ្មែរនៅថៃ ចំពេលភាពតានតឹងនៅតាមព្រំដែនបន្ត

ព្រហស្បតិ៍ ១១កើត ខែបឋមាសាឍ ឆ្នាំមមីរ ព.ស. ២៥៧០ (25 មិថុនា 2026)

ប្រភព៖ កាសែតខ្មែរ

កម្ពុជាបានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យជួយការពារសុវត្ថិភាពពលករខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ ដោយព្រមានថា ពួកគេអាចក្លាយជាជនរងគ្រោះនៃការរើសអើង និងអំពើហិង្សា ចំពេលជម្លោះព្រំដែនរវាងប្រទេសជិតខាងទាំងពីរនៅតែបន្ត។

នៅក្នុងបទអន្តរាគមន៍មួយនៅអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃទី២២ ខែមិថុនា លោក កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា កម្ពុជាបានទទួលសេចក្ដីរាយការណ៍អំពីការកើនឡើងនៃអាកប្បកិរិយាស្អប់ខ្ពើមជនបរទេស និងការប្រព្រឹត្តរើសអើងប្រឆាំងនឹងពលករខ្មែរនៅប្រទេសថៃ។

លោកបានអះអាងថា ពលករខ្មែរមួយចំនួនបានប្រឈមមុខនឹងការនិយាយស្តីបែបស្អប់ខ្ពើម ការគំរាមកំហែង និងអំពើហិង្សា ខណៈដែលទំនាក់ទំនងរវាងកម្ពុជា និងថៃកំពុងស្ថិតក្នុងស្ថានភាពតានតឹងដោយសារជម្លោះព្រំដែន។

«ពលករខ្មែរមិនគួរក្លាយជាគោលដៅនៃការរើសអើងដោយផ្អែកលើសញ្ជាតិរបស់ពួកគេទេ ហើយពួកគេក៏មិនគួរក្លាយជាជនរងគ្រោះនៃភាពតានតឹងនយោបាយ ឬជម្លោះរវាងរដ្ឋនិងរដ្ឋដែរ» លោក កែ សុវណ្ណ បានថ្លែង។

តំណាងកម្ពុជាបានអំពាវនាវឱ្យអាជ្ញាធរថៃចាត់វិធានការចាំបាច់ដើម្បីធានាសុវត្ថិភាព និងសេចក្ដីថ្លៃថ្នូររបស់ពលករខ្មែរ ស្របតាមកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងសេចក្ដីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស។

រហូតមកដល់ពេលនេះ រដ្ឋាភិបាលថៃមិនទាន់បានឆ្លើយតបជាសាធារណៈចំពោះការលើកឡើងរបស់កម្ពុជានៅអង្គការសហប្រជាជាតិនៅឡើយទេ។

ការអំពាវនាវនេះកើតឡើងនៅពេលដែលប្រទេសទាំងពីរកំពុងបន្តខ្វែងគំនិតគ្នាជុំវិញបញ្ហាព្រំដែន ដែលបានធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីស្ថានភាពរបស់ពលករចំណាកស្រុកខ្មែរ ដែលធ្វើការងារនៅក្នុងប្រទេសថៃ។

អ្នកគ្រប់គ្រងកម្មវិធីការងារនៃ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស(សង់ត្រាល់) លោក ឃុន ថារ៉ូ បានឲ្យដឹងថា បច្ចុប្បន្ននេះ ទីស្តីការគណៈរដ្ឋមន្ត្រីថៃ កំពុងតែធ្វើនូវសេចក្តីព្រាងច្បាប់មួយ ពីព្រោះ ថៃកំពុងតែឡប់ប៊ី ចូលឈ្មោះជាសមាជិក អង្គការ OECD។ ក្របខ័ណ្ឌ នៃការតាមដានត្រួតពិនិត្យ ការអនុលោមទៅតាមគោលការណ៍ច្បាប់ជាតិអន្តរជាតិ ជាពិសេសពាក់ព័ន្ធទៅនឹងការការពារ សិទ្ធិរបស់ពលករ ចំណាកស្រុក វាជាផ្នែកមួយនៃ ការធានាទៅដល់ការលើកកម្ពស់សិទ្ធិ និងការគាំពារ ពលករចំណាកស្រុក។

លោក ឃុន ថារ៉ូ បន្ថែមទៀតថា «ចង់មិនចង់ ថៃ គឺ ត្រូវមានកាតព្វកិច្ចនៅក្នុងការទទួលខុសត្រូវ ហើយនិងការការពារសិទ្ធិពលករចំណាកស្រុក។ វាជាផ្នែកមួយនៃកាតព្វកិច្ច ផ្នែកសេដ្ឋកិច្ច ជាការទទួលខុសត្រូវមួយផ្នែកដែរ ពីព្រោះពលករចំណាកស្រុក កម្ពុជា ចូលរួមសកម្មនៅក្នុងសេដ្ឋកិច្ចជាតិរបស់ថៃ នៃកម្លាំងពលកម្ម»។

មន្ត្រីរូបនេះបានបន្ថែមថា ទម្រង់នៃការប្រើប្រាស់នូវភាសា បែបមានលក្ខណៈរើសអើង ការស្អប់ខ្ពើម ឈានទៅដល់នូវការប្រព្រឹត្តនូវអំពើហិង្សា ក៏ដូចជាការបៀតបៀនសម្រាប់ពលករខ្មែរ បានកើតឡើងចាប់តាំងពីពេលដែលមានជម្លោះព្រំដែនជាមួយប្រទេសថៃ។ ហើយកន្លងទៅ លោកក៏មានការកត់ត្រានូវករណីមួយចំនួនដែលពលរដ្ឋខ្មែរត្រូវបានទទួលរងនូវអំពើហិង្សា ការស្អប់ខ្ពើម ការរើសអើងពីសំណាក់ប្រជាពលរដ្ឋថៃ ក៏ដូចជាអាជ្ញាធរថៃជាដើម។ លោកថា បញ្ហាជាតិនិយម ជាផ្នែកមួយដែល នៅតែជាបញ្ហាកើតមានឡើងចំពោះពលករខ្មែរ។

យោងតាមទិន្នន័យដែលត្រូវបានលើកឡើងដោយភាគីកម្ពុជា ចាប់តាំងពីជម្លោះព្រំដែនរវាងកម្ពុជា និងថៃបានផ្ទុះឡើងក្នុងឆ្នាំ២០២៥ មានពលករខ្មែរមិនតិចជាង ៩៥០,០០០ នាក់ បានវិលត្រឡប់មកកម្ពុជាវិញ។

មុនពេលការប៉ះទង្គិចគ្នារវាងកងទ័ពនៃប្រទេសទាំងពីរ ក្រសួងការងារកម្ពុជាបានប៉ាន់ប្រមាណថា មានពលរដ្ឋខ្មែរប្រមាណ ១,២ លាននាក់ កំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ។

ការព្រួយបារម្ភអំពីសុវត្ថិភាពរបស់ពួកគេបានកើនឡើងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ខណៈភាពតានតឹងផ្នែកនយោបាយ និងសន្តិសុខនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃនៅបន្តនៅឡើយ៕