ក្នុ​ងមួយខែឧសភា ២០២៤ ថៃបណ្តេញពលករខ្មែរខុសច្បាប់ជាង ៦០០នាក់នៅច្រកព្រំដែនប៉ោយប៉ែត

ព្រហស្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំរោង ព.ស. ២៥៦៨ (13 មិថុនា 2024)

ប្រភព៖ RFI

 

ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានប្រកាសក្នុងថ្ងៃទី១២ ឧសភានេះថា ក្នុងមួយខែឧសភា ឆ្នាំ២០២៤ នេះ អាជ្ញាធរថៃបានចាប់បញ្ជូនពលករខ្មែរខុសច្បាប់មកប្រទេសកម្ពុជាវិញជាង ៦០០នាក់ ក្នុងនោះមានជិត ៣០០នាក់ជាស្ត្រី និងកុមារ។ ក្រៅពីនេះ អាជ្ញាធរថៃក៏បានបញ្ជូនមកកម្ពុជានូវសាកសពពលករខ្មែរចំនួន ១៣នាក់ដែលបានស្លាប់នៅក្នុងប្រទេសថៃ។

ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានចេញសេចក្តីប្រកាសព័ត៌មានដោយបញ្ជាក់ថា នៅក្នុងខែឧសភា ឆ្នាំ២០២៤កន្លងទៅ អាជ្ញាធរថៃបានចាប់បញ្ជូនពលករខ្មែរដែលលួចឆ្លងដែនខុសច្បាប់ដោយសារចាញ់បោកមេខ្យល់ ចំនួន ៦៣២នាក់ ក្នុងនោះមានស្ត្រី២១៧នាក់ និងកុមារ៨០នាក់មកប្រទេសកម្ពុជាវិញ។ តាមសេចក្តីប្រកាសព័ត៌មានដដែល ពលករខុសច្បាប់ទាំងជាង ៦០០នាក់​ ត្រូវបានបញ្ជូនបន្តទៅមជ្ឈមណ្ឌលសុំចតក្រុងប៉ោយប៉ែតដើម្បីអប់រំពួកគេ មុននឹងបញ្ជូនឱ្យត្រឡប់ទៅលំនៅដ្ឋានរៀងៗខ្លួន។

ក្រៅពីពលករខ្មែរនៅមានជីវិត អាជ្ញាធរថៃក៏បានបញ្ជូនមកឱ្យកម្ពុជានូវសពពលករខ្មែរដែលបានស្លាប់នៅប្រទេសថៃចំនួន ១៣នាក់ ក្នុងនោះ មាន ៦នាក់ស្លាប់ដោយសារជំងឺ និង៧នាក់ទៀតស្លាប់ដោយសារចងករ ខ្យល់គរ និងឃាតកម្មបាញ់សម្លាប់។ ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតអះអាងថា សមត្ថកិច្ចជំនាញគ្រប់ផ្នែកដែលបំពេញការងារប្រចាំថ្ងៃនៅច្រកទ្វារបានសហការសម្របសម្រួល និងដោះស្រាយរាល់បញ្ហាឆ្លងដែនជាមួយអាជ្ញាធរថៃ និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ប្រទេសថៃ។

លោកឌី ថេហូយ៉ា ប្រធានកម្មវិធីប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍នៅអង្គការសង់ត្រាល់ចាត់ទុករបាយការណ៍របស់ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនេះថាជាការឆ្លុះបញ្ជាំងពីទិដ្ឋភាពពិតដែលពលករខ្មែរកំពុងប្រឈម។ លោកឌី ថេហូមើលឃើញថា បញ្ហាប្រឈមរបស់ពលករខ្មែរមានដូចជាកង្វះព័ត៌មានស្តីពីចំណាកស្រុក និងដំណើរការនីតិវិធីច្បាប់ស្មុគ្រស្មាញដែលត្រូវចំណាយពេលវេលា និងលុយកាក់ច្រើន។ ដើម្បីដោះស្រាយបញ្ហាអន្តោប្រវេសន៍នេះ លោកឌី ថេហូឱ្យជាយោបល់ថា ការផ្សព្វផ្សាយ ការយោគយល់ និងសម្របសម្រួលដំណើរការនីតិវិធីច្បាប់ជារឿងចាំបាច់ណាស់។

 
 

បើតាមតួលេខរបស់មជ្ឈមណ្ឌលសង់ត្រាល់ ពលករខ្មែរកំពុងធ្វើការនៅក្រៅប្រទេសមានចំនួនប្រហែល២លាន២សែននាក់។ តែបើផ្អែកតាមរបាយការណ៍របស់ក្រសួងការងារកាលពីឆ្នាំ២០២៣ វិញ មានពលករខ្មែរចំនួន ១លាន ៣សែននាក់ធ្វើការនៅប្រទេសថៃ កូរ៉េខាងត្បូង ជប៉ុន ម៉ាឡេស៊ី ហុងកុង សិង្ហបុរី និងប្រទេសមួយចំនួនទៀត៕