ប្រភព៖ថ្មីៗ
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនសម្រេចផ្តល់ថវិកាប្រមាណ១លានដុល្លារអាម៉េរិក ដើម្បីជួយលើកកម្ពស់មុខរបរនិងការងារដល់ពលករខ្មែរត្រឡប់ពីប្រទេសថៃវិញ ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែននៃប្រទេសទាំងពីរ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា កញ្ចប់ជំនួយសម្រាប់គាំពារ មុខរបរនិងការងារ រួមទាំងសេវាកម្មជំនាញដល់ពលករខ្មែរនេះ នឹងត្រូវអនុវត្ដដោយអង្គការពលកម្មអន្តរជាតិ (ILO) ក្នុងរយៈពេល២ឆ្នាំ។
លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារ ជាមួយលោកស្រី គាន សោយ៉ាង (Qian Xiaoyan) នាយិកាការិយាល័យអង្គការ ILO ប្រចាំកម្ពុជា ថៃ និងឡាវ ស្តីពី ជំនួយឥតសំណង ១៥៦ លានយ៉េន (ប្រមាណ ១ លានដុល្លារ)សម្រាប់គម្រោងលើកកម្ពស់ការងារសម្រាប់ពលករចំណាកស្រុកត្រឡប់មកវិញដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ។ ពិធី ដែលធ្វើឡើងនៅស្ថានទូតជប៉ុន នាថ្ងៃទី១៨ ខែកុម្ភៈ នេះ ក៏មានការចូលរួមផ្ទាល់ពីសំណាក់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ផងដែរ។
បើតាមលោក អ៊ូអិណុ អាត់ស៊ូស៊ី គម្រោងនេះនឹងផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងឱកាសភ្ជាប់ការងារ ជូនពលករខ្មែរចំណាកស្រុកដែលត្រឡប់មកពីប្រទេសថៃវិញ។ លោកឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា រំពឹងថា ៖ « គម្រោងនេះ នឹងជួយស្តារឡើងវិញនូវជីវភាពរស់នៅប្រកបដោយស្ថិរភាពសម្រាប់ពលករចំណាកស្រុក ក៏ដូចជាគ្រួសាររបស់ពួកគេឲ្យមានភាពប្រសើរឡើងវិញ។»។
«គម្រោងលើកកម្ពស់ការងារសម្រាប់ពលករចំណាកស្រុកត្រឡប់មកវិញដែលរងផលប៉ះពាល់ពីជម្លោះព្រំដែន» មានរយៈពេល២៤ខែ ដែលដឹកនាំអនុវត្តដោយអង្គការ ILO រួមជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ គម្រោងនេះ នឹងជួយពលករចំណាកស្រុកឲ្យទទួលបានការងារសមរម្យ និងធ្វើសមាហរណកម្មចូលក្នុងសេដ្ឋកិច្ចក្នុងស្រុក តាមរយៈកញ្ចប់រួមគ្នានៃការគាំពារ មុខរបរនិងការងារ និងសេវាកម្មជំនាញ។ 
តាមរយៈគម្រោងនេះ អង្គការ ILO និង ក្រសួងការងារ នឹងបង្កើតមជ្ឈមណ្ឌលធនធានពលករចំណាកស្រុកថ្មី នៅខេត្តឧត្តរមានជ័យ ពោធិ៍សាត់ និងព្រះវិហារ ដែលមានពលករត្រឡប់មកថៃវិញច្រើនជាងគេ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ មជ្ឈមណ្ឌលបង្កើតឡើងគឺដើម្បីផ្តល់សេវាពិគ្រោះយោបល់ ការចុះផ្សព្វផ្សាយ ការប្រមូលទិន្នន័យ និងជំនួយផ្នែកច្បាប់ ដល់ពលករ។
ក្រសួងការងារបានបញ្ជក់ថា គម្រោងនេះ ក៏នឹងគាំទ្រដល់ការឆ្លើយតបផ្នែកការងារ តាមរយៈការពិគ្រោះយោបល់ជាមួយនិយោជក និងអង្គការវិជ្ជាជីវៈកម្មករនិយោជិត ពិព័រណ៍ការងារនៅកម្រិតឃុំ/សង្កាត់ និងយុទ្ធនាការលើកកម្ពស់ការយល់ដឹងតាមគោលដៅ ជាពិសេសនៅក្នុងវិស័យប្រើប្រាស់កម្លាំងពលកម្មច្រើន។ ដូចជា៖ វិស័យកាត់ដេរ សំណង់ និងផលិតកម្ម។ ការពង្រឹងជំនាញ និងរៀនជំនាញថ្មីតាមតម្រូវការទីផ្សារ ក៏នឹងត្រូវអនុវត្តផងដែរ តាមរយៈវគ្គបណ្តុះបណ្តាលខ្លីៗ ការទទួលស្គាល់ជំនាញមានពីមុន (RPL) ការបណ្តុះបណ្តាលសមត្ថភាពរកការងារ និងសហគ្រិនភាព ព្រមទាំងការពង្រឹងប្រព័ន្ធថ្នាក់ជាតិ ដើម្បីធានាការធ្វើសមាហរណកម្មឡើងវិញដោយចីរភាពទៅក្នុងប្រព័ន្ធការងារសមរម្យ។
បើតាមលោក ហេង សួរ គម្រោងនេះនឹងរួមចំណែកដល់ការអភិវឌ្ឍទីផ្សារការងាររយៈពេលវែង ដែលពង្រឹងសមត្ថភាពកម្ពុជាក្នុងការតភ្ជាប់អតីតពលករ ទៅកាន់ការអភិវឌ្ឍជំនាញ សេវាកម្មមុខរបរនិងការងារ រួមទាំងជីវភាពរស់នៅប្រកបដោយផលិតភាព ដើម្បីជួយឲ្យពួកគាត់កសាងជីវិតឡើងវិញដោយមានកិត្តិយស។ លោករដ្ឋមន្ត្រីក្រសួងការងារ បន្តរៀបរាប់ថា ៖ « គម្រោងនេះ មិនត្រឹមតែជួយដល់អតីតពលករខ្មែរមកពីប្រទេសថៃវិញ ទទួលបានការធ្វើសមាហរណកម្មប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានពង្រឹងសមត្ថភាពឲ្យអាចកសាងអនាគតដែលមានស្ថិរភាព មានផលិតភាព និងមានកិត្តិយស នៅក្នុងមាតុភូមិរបស់ខ្លួន។»។
សម្រាប់លោក មឿន តុលា ប្រធានមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សកម្ពុជា (សង់ត្រាល់) បានសាទរចំពោះជំនួយពីរដ្ឋាភិបាលជប៉ុននេះ ខណៈពលករខ្មែរត្រឡប់មកពីប្រទេសថៃវិញមានត្រឹមប្រមាណ៣០ភាគរយប៉ុណ្ណោះដែលទទួលបានការងារសមរម្យ។ ក្នុងស្ថានភាពស្រពិចស្រពិលនៃជម្លោះព្រំដែនកម្ពុជា-ថៃ លោក មឿន តុលា បានជំរុញគម្រោងគួរផ្តោតសំខាន់លើការស្របយកកម្លាំងពលករដែលត្រឡប់មកប្រទេសថៃវិញមកបម្រើក្នុងវិស័យកសិកម្មជាជាងនៅក្នុងវិស័យឧស្សាហកម្ម។ ប្រធានមណ្ឌលសម្ព័ន្ធភាពការងារ បានបញ្ជាក់ថា អតីតពលករខ្មែរធ្វើការងារនៅប្រទេសថៃកន្លងមក មានច្រើនជាងគេគឺនៅក្នុងវិស័យកសិកម្ម និងសំណង់។
គិតត្រឹមដំណាច់ឆ្នាំ២០២៥ ប្រជាពលរដ្ឋនិងអតីតពលករជាង៩៥ម៉ឺននាក់ បានវិលត្រឡប់មកកម្ពុជាវិញក្រោយមានជម្លោះព្រំដែនកម្ពុជា-ថៃ។ បើតាមក្រសួងការងារ ក្នុងចំណោមពលករទាំងនេះ គឺមានប្រមាណ៦២ម៉ឺននាក់ទទួលបានការងារ។