តំណាងកម្ពុជានៅ UN អំពាវនាវឲ្យអន្តរជាតិជួយការពារពលករខ្មែរដែលកំពុងធ្វើការក្នុងប្រទេសថៃ

ពុធ ១០កើត ខែបឋមាសាឍ ឆ្នាំមមីរ ព.ស. ២៥៧០ (24 មិថុនា 2026)

ប្រភព៖ RFI

តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (UN) បានអំពាវនាវនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ឲ្យសហគមន៍អន្តរជាតិជួយការពារសុវត្ថិភាពពលករខ្មែរដែលកំពុងធ្វើការក្នុងប្រទេសថៃ។ កម្ពុជាបានកត់សម្គាល់ឃើញថា ពលករខ្មែរដែលធ្វើការនៅថៃកំពុងប្រឈមនឹងបញ្ហាសុវត្ថិភាពនៅអំឡុងពេលដែលកម្ពុជា និងថៃកំពុងមានជម្លោះព្រំដែន។ 

 

នៅក្នុងបទអន្តរាគមន៍របស់ខ្លួន លោក កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិបានលើកឡើងថា លោកបានទទួលសេចក្តីរាយការណ៍ថា ពលករទេសន្តរប្រវេសន៍កម្ពុជាដែលធ្វើការនៅក្នុងប្រទេសថៃបានប្រឈមនឹងការស្អប់ខ្ពើមជនបរទេស វោហាសាស្ត្រ និងការប្រព្រឹត្តបែបរើសអើង ការនិយាយស្តីបែបស្អប់ខ្ពើម និងរងអំពើហិង្សា ខណៈដែលកម្ពុជា និងថៃកំពុងបន្តមានជម្លោះព្រំដែន។

បើតាមលោក កែ សុវណ្ណ ពលករខ្មែរមិនត្រូវក្លាយជាផ្ទាំងស៊ីប ឬរងការរើសអើងដោយផ្អែកលើសញ្ជាតិរបស់ពួកគេឡើយ ហើយថា ពួកគេក៏មិនត្រូវក្លាយជាជនរងគ្រោះនៃភាពតានតឹងផ្នែកនយោបាយ ឬជម្លោះរវាងរដ្ឋ និងរដ្ឋដែរ។

ក្នុងន័យនេះ តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិបានអំពាវនាវឲ្យថៃចាត់វិធានការចាំបាច់ដើម្បីការពារពលករខ្មែរ ស្របទៅតាមកាតព្វកិច្ចរបស់ខ្លួន ដោយអនុលោមតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ រួមទាំងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស។

ថៃដែលជាប្រទេសទទួលពលករខ្មែរ និងពលករមកពីប្រទេសអាស៊ានផ្សេងទៀតឲ្យធ្វើការក្នុងវិស័យជាច្រើននៅមិនទាន់បញ្ចេញប្រតិកម្មតបតយ៉ាងណានៅឡើយចំពោះការលើកឡើងរបស់តំណាងកម្ពុជានៅ UN ពេលនេះ។

លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃអង្គារ ទី២៣ មិថុនានេះថា សង់ត្រាល់ក៏បានកត់សម្គាល់ឃើញករណីរើសអើង និងការប្រើប្រាស់អំពើហិង្សាលើពលករខ្មែរនៅប្រទេសថៃក្នុងអំឡុងពេលដែលកម្ពុជា និងថៃកំពុងបន្តមានជម្លោះព្រំដែន។

មន្ត្រីសង្គមស៊ីវិលរូបនេះបានបង្ហាញក្តីកង្វល់ថា ពលករខ្មែរទាំងនោះអាចប្រឈមនឹងហានិភ័យ ការរើសអើង និងឈានទៅដល់ការរងអំពើហិង្សាបន្ថែមទៀតនៅពេលដែលគណៈរដ្ឋមន្ត្រីថៃនៅមិនទាន់បានអនុម័តផ្តល់បណ្ណសុពលភាពការងារដល់ពលករខ្មែរជាង ២សែននាក់កំពុងស្នាក់នៅក្នុងប្រទេសថៃ។

គួរបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃផ្ទុះជម្លោះព្រំដែនរវាងកម្ពុជា និងថៃក្នុងឆ្នាំ ២០២៥ មានពលករខ្មែរមិនតិចជាង ៩៥ម៉ឺននាក់បានវិលត្រឡប់ចូលប្រទេសកម្ពុជាវិញ។

បើតាមរបាយការណ៍របស់ក្រសួងការងារ មុនការវាយប្រហារគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ មានពលរដ្ឋខ្មែរប្រមាណ ១,២លាននាក់បានរស់នៅ និងធ្វើការក្នុងប្រទេសថៃ។ ក៏ប៉ុន្តែចំនួនពលករខ្មែរចំណាកស្រុកត្រូវបានគេអះអាងថាអាចមានច្រើនជាងនេះ បើគិតទាំងពលករមិនស្របច្បាប់៕