ថៃកំពុងត្រួតពិនិត្យឯកសារពលករខ្មែរជាង១០ម៉ឺននាក់ មុនសម្រេចចិត្តបន្តប័ណ្ណការងារ

ពុធ ២កើត ខែផល្គុន ឆ្នាំម្សាញ់ ព.ស. ២៥៦៩ (18 កុម្ភៈ 2026)

ប្រភព៖ RFI

រដ្ឋាភិបាលថៃ តាមរយៈក្រសួងការងារកំពុងពន្លឿនការផ្ទៀងផ្ទាត់ព័ត៌មានរបស់ពលករខ្មែរជាង ១០ម៉ឺននាក់ ដែលកំពុងស្នាក់នៅក្នុងប្រទេសថៃ មុននឹងសម្រេចថា តើត្រូវ ឬមិនត្រូវបន្តលិខិតអនុញ្ញាតការងារឲ្យពួកគេ។ នេះបើតាមកាសែតក្នុងស្រុកថៃផ្សាយជាភាសាអង់គ្លេស Thai Enquirer នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ ក្រសួងការងារកម្ពុជាបញ្ជាក់ថា ពុំមានពលករខ្មែរស្របច្បាប់ណាម្នាក់ត្រូវផុតសុពលប័ណ្ណការងារនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៦ឡើយ។ តែអង្គការសង់ត្រាល់បញ្ជាក់ថា មានពលករខ្មែរបានបន្តចាកចេញពីប្រទេសថៃជាហូរហែ ដោយសារបារម្ភពីសុវត្ថិភាព។ 

 

រដ្ឋមន្រ្តីស្តីទីក្រសួងការងារថៃលោកស្រី ទ្រីនុច ធៀនថុង (Treenuch Thienthong) បានឲ្យដឹងថា ស្ថាប័នសន្តិសុខថៃកំពុងពន្លឿនការផ្ទៀងផ្ទាត់ព័ត៌មានរបស់ពលករខ្មែរជាង ១០ម៉ឺននាក់ដែលកំពុងស្នាក់នៅក្នុងប្រទេសថៃ មុនពេលរដ្ឋាភិបាលថៃសម្រេចថា តើត្រូវបន្តលិខិតអនុញ្ញាតការងារឲ្យពួកគេ ឬយ៉ាង​ណា​នោះ។ នេះបើតាមការចុះផ្សាយរបស់កាសែតថៃជាភាសាអង់គ្លេស Thai Enquirer។ កាសែត Thai Enquirer បានស្រង់សម្តីលោកស្រី ទ្រីនុច ធៀនថុងដែលថា ពលករខ្មែរទាំងនោះកំពុងបន្តស្នាក់នៅក្នុងប្រទេសថៃ ដោយសារតែបញ្ហាពាក់ព័ន្ធនឹងព្រំដែន ហើយបច្ចុប្បន្ន អាជ្ញាធរថៃបានចាត់ទុកពួកគេគ្មានឯកសារធ្វើការងារស្របច្បាប់។

រដ្ឋមន្រ្តីស្តីទីក្រសួងការងារថៃរូបនេះដដែលបញ្ជាក់ថា ការបញ្ជូនពលករខ្មែរត្រឡប់ទៅវិញនៅមិនទាន់អាចអនុវត្តបាននៅឡើយទេក្នុងដំណាក់កាលនេះ ដោយសារ​តែលក្ខខណ្ឌសន្តិសុខជាតិ។ ទោះជាយ៉ាងនេះក្តី លោកស្រី ទ្រីនុចទទួលស្គាល់ថា ក្នុងពេលផ្ទៀងផ្ទាត់ព័ត៌មានរបស់ពលករខ្មែរនេះ គឺវាបានជះឥទ្ធិពលដល់និយោជក ពិសេសក្នុងវិស័យកសិកម្ម។ តែលោកស្រីសង្កត់ធ្ងន់ថា អាជ្ញាធរថៃនឹងពន្លឿននីតិវិធីក្នុងការដោះស្រាយបញ្ហាឯកសាររបស់ពលករខ្មែរទាំងអស់នោះឲ្យឆាប់តាមដែលអាចធ្វើទៅបាន។

តែកាលពីពេលកន្លងទៅ ក្រសួងការងារកម្ពុជាធ្លាប់បានច្រានចោលបញ្ហានេះ និងបញ្ជាក់​ថា គ្មានពលករខ្មែរស្របច្បាប់ណាម្នាក់ដែលមានប័ណ្ណការងារហួសសុពលភាពក្នុងខែកុម្ភៈ ឆ្នាំ២០២៦ នេះទេ។

លោក លឹង សុផុន មន្ត្រីគម្រោងផ្នែកការពារសិទ្ធិពលករចំណាកស្រុកប្រចាំប្រទេសថៃនៃអង្គការសង់ត្រាល់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅរសៀលថ្ងៃទី១៧ កុម្ភៈនេះថា មានពលករខ្មែរជាង ១០ម៉ឺននាក់ត្រូវបានក្រសួងការងារថៃប្រកាសថានឹងផុតសុពលភាពប័ណ្ណការងារថ្ងៃទី៣១ មីនា ឆ្នាំ២០២៦ ខាងមុខ។

បើតាមលោក លឹង សុផុន មានពលករខ្មែរជាច្រើននាក់បានបន្តចាកចេញពីប្រទេសថៃនៅមុន និងក្រោយការបោះឆ្នោតសភារបស់ថៃ ដោយសារតែបារម្ភពីសុវត្ថិភាព និងការជិតផុតកំណត់ប័ណ្ណស្នាក់នៅ។ អ្វីដែលមន្រ្តីអង្គការសង់ត្រាល់អាចបញ្ជាក់បន្ថែមពេលនេះគឺថា ពលករខ្មែរមួយចំនួនដែលមិនទាន់ចាកចេញពីប្រទេសថៃកំពុងប្រឈមនឹងបញ្ហាគ្មានការងារធ្វើ និងការតាមចាប់ខ្លួនពី​អាជ្ញាធរ​ថៃ។ គួរបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃផ្ទុះជម្លោះព្រំដែនខ្មែរ-ថៃ មានពលករខ្មែរមិនតិចជាង ៩៥ម៉ឺននាក់បានត្រឡប់មកប្រទេសកម្ពុជាវិញ។ បើតាមរបាយការណ៍របស់ក្រសួងការងារ មុនការវាយប្រហារគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ មានពលរដ្ឋខ្មែរប្រមាណ ១,២លាននាក់បានរស់នៅ និងធ្វើការក្នុងប្រទេសថៃ៕