ថៃប្រកាសមិនទទួលពលករខ្មែរថ្មីបន្ថែមទៀតក្រោម​ក្តីបារម្ភសន្តិសុខ

ព្រហស្បតិ៍ ៩រោច ខែផល្គុន ឆ្នាំម្សាញ់ ព.ស. ២៥៦៩ (12 មីនា 2026)

ប្រភព៖ RFI

រដ្ឋាភិបាលថៃ តាមរយៈក្រសួងការងារ បានប្រកាសពីការ​មិនអនុញ្ញាតឱ្យមានពលករខ្មែរ​ថ្មី​ឱ្យ​ចូលទៅធ្វើការនៅក្នុងប្រទេសថៃទៀតឡើយ ក្រោមហេតុផល​បារម្ភពី​សន្តិសុខសុវត្ថិភាព។ បើតាមចុះផ្សាយរបស់កាសែតថៃបាងកកបុស្តិ៍ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ការសម្រេចនេះកើតឡើង ខណៈ​វិស័យឯកជនថៃកំពុងបារម្ភពីកង្វះខាតកម្លាំងពលកម្ម អំឡុងនៃ​​​ជម្លោះតាមព្រំដែនកម្ពុជា-ថៃ។​  

 

រដ្ឋាភិបាលថៃបញ្ជាក់ថា គ្មានពលករខ្មែរ​​​ថ្មីណាម្នាក់នឹងត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងប្រទេសថៃបន្ថែម​ទៀតនោះទេ ដោយសារបញ្ហាសន្តិសុខសុវត្ថិភាព។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែតថៃបាងកកបុស្តិ៍ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។ តាមបាងកកបុស្តិ៍ដដែល បញ្ហាពលករខ្មែរនេះបានក្លាយជារឿងដ៏ចម្រូងចម្រាសមួយនៅក្នុងវិស័យឯកជនក្នុងប្រទេសថៃ បន្ទាប់ពីការវាយប្រយុទ្ធគ្នានៅតាមព្រំដែនកម្ពុជា-ថៃកាលពីឆ្នាំ២០២៥​។

កាសែតបាងកកបុស្តិ៍បានស្រង់សម្តី រដ្ឋមន្រ្តីក្រសួងការងារថៃ លោកស្រី ទ្រីនុច ធៀនថុង (Treenuch Thienthong) ថា រដ្ឋាភិបាលថៃបានយល់ពីក្តីបារម្ភរបស់វិស័យឯកជនជុំវិញកង្វះខាតកម្លាំងពលកម្ម ក្នុងដំណើរការអាជីវកម្មរបស់ខ្លួន។ វិស័យឯកជនក្នុងប្រទេសថៃ បានជំរុញឲ្យរដ្ឋាភិបាលថៃដោះស្រាយជាបន្ទាន់នូវកង្វះខាតកម្លាំងពលកម្មបរទេស ជាពិសេសពលករមកពីប្រទេសកម្ពុជា និង​ព្រមានថា បញ្ហានេះអាចធ្វើឱ្យប៉ះពាល់ដល់ការប្រកួតប្រជែងរបស់ប្រទេសថៃ​។

ជាការឆ្លើយតបនឹងសំណើរបស់វិស័យឯកជន ក្រសួងការងារថៃបានដាក់ចេញនូវគោលការណ៍ចំនួន៥ចំណុចក្នុងការគ្រប់គ្រងពលករខ្មែរដែលកំពុងស្នាក់នៅប្រទេសថៃ។​ ទីមួយ រដ្ឋាភិបាលត្រូវរៀបចំកិច្ចប្រជុំជាមួយវិស័យឯកជនដើម្បីស្តាប់ក្តីកង្វល់លើកង្វះខាតកម្លាំងពលកម្ម។ ទីពីរ រដ្ឋាភិបាលថៃនឹងមិនអនុញ្ញាតឲ្យមានពលករខ្មែរថ្មីបន្ថែមទៀតឡើយ ពោលគឺផ្តោតលើការគ្រប់គ្រងពលករណាដែលមានលិខិតអនុញ្ញាតការងារនៅមានសពុលភាព។

ទីបី ពលករខ្មែរទាំងអស់ត្រូវតែជាពលករស្របច្បាប់ និងមានវិញ្ញាបនបត្រនិយោជកច្បាស់លាស់បញ្ជាក់ពីការងាររបស់ពួកគេជាមួយក្រុមហ៊ុនជាក់លាក់។ ទីបួន វិធានការទាំងអស់ដែលអនុវត្តមិនត្រូវប៉ះពាល់ដល់សន្តិសុខជាតិឡើយ ហើយក្រសួងការងារថៃនឹងសម្របសម្រួលជាមួយភ្នាក់ងារសន្តិសុខនៅពេលមានគោលនយោបាយណាមួយត្រូវបានដាក់ចេញ។ ទីប្រាំ នាយកដ្ឋានគ្រប់គ្រងការងារនៃក្រសួងការងារថៃ ត្រូវបង្កើនវិធានការតឹងរ៉ឹង និងច្បាស់លាស់ដើម្បីតាមដាន និងគ្រប់គ្រងពលករចំណាកស្រុកជាបន្តបន្ទាប់។ គួរឲ្យដឹងថា កាលពីខែកុម្ភៈ ឆ្នាំ២០២៦កន្លងទៅ រដ្ឋាភិបាលថៃ តាមរយៈក្រសួងការងារបានអះអាងពីការ​ពន្លឿនការផ្ទៀងផ្ទាត់ព័ត៌មានរបស់ពលករខ្មែរជាង ១០ម៉ឺននាក់ដែលកំពុងស្នាក់នៅក្នុងប្រទេសថៃ មុននឹងសម្រេចថា តើត្រូវ ឬមិនត្រូវបន្តលិខិតអនុញ្ញាតការងារឲ្យពួកគេ។

អ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា បញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅព្រឹកថ្ងៃទី១១មីនានេះថា ការសម្រេចចិត្តបែបណារបស់រដ្ឋាភិបាលថៃនោះ គឺមិនពាក់ព័ន្ធនឹងរដ្ឋាភិបាលកម្ពុជាឡើយ។​ ទោះជាយ៉ាងណាក៏ដោយ លោក ស៊ុន មេសា អះអាងថា​ ​កម្ពុជាមិនខ្វះការងារ​សម្រាប់ពលរដ្ឋខ្លួននោះទេ និងថា​ គិតត្រឹមពេលនេះ ​អតីតពលករមកប្រទេសថៃប្រមាណ ៨០ម៉ឺននាក់ក៏កំពុងមានការងារធ្វើនៅក្នុងស្រុកដែរ។​

គួរបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃផ្ទុះជម្លោះព្រំដែនខ្មែរ-ថៃ មានពលករខ្មែរមិនតិចជាង ៩៥ម៉ឺននាក់បានត្រឡប់មកប្រទេសកម្ពុជាវិញ។ បើតាមរបាយការណ៍របស់ក្រសួងការងារ មុនការវាយប្រហារគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ មានពលរដ្ឋខ្មែរប្រមាណ ១,២លាននាក់បានរស់នៅ និងធ្វើការក្នុងប្រទេសថៃ៕