ថៃ​ផ្អាក​ការ​បន្ត​លិខិត​អនុញ្ញាត​ការងារ​ដល់​ពលរដ្ឋ​កម្ពុជា​១០​ម៉ឺន​នាក់ ខណៈកម្ពុជា​ថាត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់​ការងារ

សៅរ៍ ៥កើត ខែផល្គុន ឆ្នាំម្សាញ់ ព.ស. ២៥៦៩ (21 កុម្ភៈ 2026)

ប្រភព៖ Kiripost

ពលករ​ខ្មែរ​ជិត​ ១០​ម៉ឺន​នាក់​នៅតែ​ស្ថិតក្នុង​ភាពមិនច្បាស់លាស់នៅឡើយ ដោយ​ការបន្ត​លិខិតអនុញ្ញាត​ការងារ​ត្រូវបាន​ផ្អាក ខណៈ​រដ្ឋាភិបាល​ថៃ​វាយតម្លៃថា ​ពួកគេ​មាន​ហានិភ័យ​ផ្នែក​សន្តិសុខ ដែលមានន័យថា ពលករទាំងនោះ​មិនអាច​ធ្វើការ​ដោយស្របច្បាប់ ឬ​ត្រឡប់មក​ស្រុកកំណើត​វិញ​បាន​ឡើយដោយសារ​ការបិទ​ព្រំដែន។​ យ៉ាងណា កម្ពុជា​បញ្ជាក់ថា​ មាន​ការងារ​រង់ចាំ​​ពួកគេ ពេល​ត្រឡប់​មក​ស្រុកកំណើត​វិញ

 

អនាគតនៃពលករខ្មែរប្រហែល ១០ម៉ឺននាក់ ដែលជាប់គាំងនៅក្នុងប្រទេសថៃនៅតែស្ថិតក្នុងស្ថានភាពមិនប្រាកដប្រជា បន្ទាប់ពីអាជ្ញាធរថៃបានផ្អាកការបន្តលិខិតការងាររបស់ពួកគេដើម្បីវាយតម្លៃ «ហានិភ័យសន្តិសុខ» ទាក់ទងនឹងការផ្តល់ការងារដល់ពួកគេឡើងវិញ។ ជា​ការ​ឆ្លើយ​តប មន្ត្រី​កម្ពុជា​បាន​ផ្តល់​សញ្ញា​ថា រដ្ឋាភិបាលបាន​ត្រៀម​ខ្លួនរួច​ជា​ស្រេច​ដើម្បី​ស្វាគមន៍​ពលករ​ទាំងនោះ​មក​ផ្ទះវិញ។

កាលពីថ្ងៃទី១៧ ខែកុម្ភៈ រដ្ឋមន្ត្រីក្រសួងការងារថៃ លោកស្រី Treenuch Thienthong បានប្រាប់សារព័ត៌មានថា គណៈរដ្ឋមន្ត្រីនឹងពិចារណាលើការបន្តលិខិតអនុញ្ញាតការងារសម្រាប់ពលករកម្ពុជាប្រមាណ ១០ម៉ឺននាក់ បន្ទាប់ពីភ្នាក់ងារសន្តិសុខបានវាយតម្លៃហានិភ័យសន្តិសុខដែលទាក់ទងនឹងការបន្តផ្តល់ការងារដល់ពួកគេ។

លោកស្រីបានប្រាប់អ្នកសារព័ត៌មានថា មុននឹងសម្រេចថាតើត្រូវបន្តលិខិតការងារ ឬយ៉ាងណា រដ្ឋាភិបាលថៃត្រូវវាយតម្លៃលើស្ថានភាពព្រំដែន និងហានិភ័យសន្តិសុខពាក់ព័ន្ធជាមុនសិន។ ​រដ្ឋមន្ត្រីរូបនេះ​បាន​បញ្ជាក់​ថា នីតិវិធីនេះ​កំពុង​តែត្រូវបាន​ពិនិត្យ​មើល។

លោកស្រី Treenuch បាន​ទទួល​ស្គាល់​ថា អាជីវកម្ម​ថៃ​បាន​រង​ផល​ប៉ះពាល់​ដោយសារ​បញ្ហា​ព្រំដែន ជា​ពិសេស​ក្នុង​វិស័យ​កសិកម្ម។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោកស្រី​បាន​និយាយ​ថា វា​សំខាន់​ក្នុង​ការ​ថ្លឹងថ្លែង​ពី​កង្វល់​ទាំង​នេះ ជាមួយនឹង​សន្តិសុខ​ជាតិ។

លោកស្រីបន្ថែមថា បច្ចុប្បន្ន ពលករខ្មែរកំពុងជាប់គាំងក្នុងប្រទេសថៃ ដោយសារព្រំដែនត្រូវបានបិទ មានន័យថា អ្នកដែលផុតកំណត់លិខិតអនុញ្ញាតការងារទាំងអស់នោះ កំពុងរស់នៅ និងធ្វើការក្នុងប្រទេសដោយខុសច្បាប់។ លោកស្រី​បាន​និយាយ​ថា ពលករ​ជិត ១០ម៉ឺន​នាក់​រង​ផល​ប៉ះពាល់ ហើយ​មិន​អាច​ត្រឡប់​ទៅ​ផ្ទះ​វិញ​បាន​ឡើយ។

ជាការឆ្លើយតប លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់គិរីផូសថា៖«សម្រាប់ក្រសួងយើង ការសម្រេចចិត្តបែបនេះ គឺជាបញ្ហាផ្ទៃក្នុងរបស់ភាគីថៃ ប៉ុន្តែខ្ញុំចង់បញ្ជាក់ឱ្យច្បាស់ថា កម្ពុជាបានរៀបចំយន្តការចាំបាច់ទាំងអស់ ដើម្បីជួយដល់ពលកររបស់យើង ក្នុងករណីពួកគេត្រូវបានបញ្ជូនមកវិញ ដើម្បីឱ្យមានការងារធ្វើ»។

លោក​បញ្ជាក់​ថា បច្ចុប្បន្ន​កម្ពុជា​មាន​តម្រូវ​ការ​ពលករ​រាប់​ម៉ឺន​នាក់។ លើសពីនេះ គម្រោងវិនិយោគដែលត្រូវបានអនុម័តក្នុងឆ្នាំ២០២៥ ត្រូវបានព្យាករថានឹងបង្កើតការងារបានចំនួន ៤៣០០០០កន្លែង ខណៈការងារ ៩០០០០កន្លែងត្រូវបានបង្កើតរួចរាល់ហើយ។

លោក ស៊ុន មេសា បាននិយាយថា៖‍«ទោះបីជាកម្ពុជា និងថៃមានជម្លោះព្រំដែនក៏ដោយ ប៉ុន្តែការងាររបស់យើងនៅតែមានប្រចាំការនៅក្នុងប្រទេសថៃ ហើយយើងនឹងបន្តធ្វើការជាមួយដៃគូរបស់យើង ដើម្បីធានាអត្ថប្រយោជន៍សម្រាប់ពលកររបស់យើងដែលនៅទីនោះ»។

 

«ក្រសួងការងារសូមជម្រាបជូនដំណឹងដល់កម្មករនិយោជិតទាំងអស់ថា ក្នុងករណីមានការរើសអើង ឬការរំលោភបំពាននៅទីនោះ ហើយប្រសិនបើអ្នកចង់ត្រឡប់មកធ្វើការនៅប្រទេសកម្ពុជាវិញ យើងសូមស្វាគមន៍ ព្រោះយើងមានការងារជាច្រើនដែលមានសុវត្ថិភាពជាង និងមានប្រាក់ចំណូលប្រហាក់ប្រហែលគ្នា»។

យោងតាមលោក ឃុន ថារ៉ូ ប្រធានកម្មវិធីនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ បានឱ្យដឹងថា ពលករកម្ពុជាប្រមាណ ៥០ម៉ឺននាក់ ទាំងមានឯកសារ និងគ្មានឯកសារ នៅតែស្ថិតក្នុងប្រទេសថៃ ខណៈពលករប្រមាណ ១លាននាក់បានត្រឡប់មកកម្ពុជាវិញចាប់តាំងពីមានជម្លោះព្រំដែន។

លោក​បាន​ណែនាំ​ដល់​ពលករ​ចំណាក​ស្រុក​កម្ពុជា​ដែល​រង​ផល​ប៉ះពាល់​ទាំងអស់ឱ្យ​បន្ត​ធ្វើ​ការ​ដូច​ធម្មតា ខណៈ​រង់ចាំ​ការ​អនុម័ត​ចុងក្រោយ​ពី​រដ្ឋាភិបាល​ថៃ។ ក្នុងអំឡុងពេលរង់ចាំនេះ ពួកគេគួរតែបន្តតាមដានដំណឹង និងត្រៀមខ្លួនក្នុងករណីដែលចាំបាច់ត្រូវមានការវិលត្រឡប់មកប្រទេសកម្ពុជាទ្រង់ទ្រាយធំ។

លោក ឃុន ថារ៉ូ បាននិយាយថា៖«ទោះជាយ៉ាងនេះក្តី ខ្ញុំនៅតែមានសុទិដ្ឋិនិយមថា ប្រទេសថៃទំនងជាបន្តផ្តល់ការងារដល់កម្មករទាំងនេះ ដោយសារក្តីបារម្ភដែលនិយោជកក្នុងវិស័យឯកជនកំពុងព្រួយបារម្ភអំពីការរក្សាកំណើនសេដ្ឋកិច្ច និងការដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មដែលកំពុងកើតមាន»។

លោកបានបន្ថែមថា ការវិលត្រឡប់មកវិញទ្រង់ទ្រាយធំរបស់ពលករកម្ពុជាពីប្រទេសថៃក្នុងអំឡុងភាពតានតឹងព្រំដែនឆ្នាំ២០២៥ តំណាងឱ្យ «ចលនាចាកចេញភ្លាមៗ» បំផុតមួយចាប់តាំងពីវិបត្តិកូវីដ១៩។

លោកបានរៀបរាប់ថា ការសិក្សាមួយរបស់សង់ត្រាល់បញ្ជាក់ថា ការវិលត្រឡប់មកវិញមិនមែនជា «ដំណើរការសមាហរណកម្មដែលមានការគ្រប់គ្រងគ្រប់ជ្រុងជ្រោយទេ ប៉ុន្តែជាការរំខានដោយសារវិបត្តិ» ដោយគ្រួសារជាច្រើនបានចាកចេញដោយគ្មានប្រាក់ចំណូល សន្តិសុខស្បៀង ឬលទ្ធភាពទទួលបានជំនួយ។

លោកមានប្រសាសន៍ថា៖«សម្រាប់អ្នកត្រឡប់មកវិញភាគច្រើន ការបាត់បង់ការងារស្របគ្នាជាមួយនឹងបំណុលដែលស្ថិតក្នុងកម្រិតខ្ពស់ស្រាប់ បង្កើតភាពតានតឹងផ្នែកហិរញ្ញវត្ថុភ្លាមៗ និងដាក់កម្រិតនូវជម្រើសក្នុងការស្តារឡើងវិញយ៉ាងខ្លាំង»។

គួរឱ្យដឹងថា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឯកអគ្គរដ្ឋទូតជប៉ុនលោក Ueno Atsushi និងលោកស្រី Xiaoyan Qian នាយិកាប្រចាំប្រទេសនៃ ILO កម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារសម្រាប់ «គម្រោងលើកកម្ពស់ការងារសម្រាប់ពលករចំណាកស្រុកត្រឡប់មកវិញដែលរងផលប៉ះពាល់ពីជម្លោះព្រំដែន» ជាមួយនឹងជំនួយឥតសំណងសរុបចំនួន ១៥៦លានយ៉េនជប៉ុន (ប្រហែល ១លានដុល្លារ)។

គម្រោងនេះមានគោលបំណងផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងឱកាសផ្គូផ្គងការងារដល់ពលករចំណាកស្រុកដែលត្រឡប់មកពីប្រទេសថៃ។

ស្ថានទូតជប៉ុនប្រចាំទីក្រុងភ្នំពេញបានបញ្ជាក់ថា៖«យើងរំពឹងថា គម្រោងនេះនឹងជួយស្តារឡើងវិញនូវជីវភាពរស់នៅប្រកបដោយស្ថិរភាពសម្រាប់ពលករចំណាកស្រុក ក៏ដូចជាគ្រួសាររបស់ពួកគេឲ្យមានភាពប្រសើរឡើងវិញ»៕