ពលករខ្មែរជិតផុត​កំណត់​ការ​ស្នាក់​នៅ​ក្នុង​​ប្រទេស​​ថៃ​បារម្ភ​​រដ្ឋាភិ​​បាល​​អនុទីន​បណ្តេញ​មក​កម្ពុជា

ពុធ ៩រោច ខែមាឃ ឆ្នាំម្សាញ់ ព.ស. ២៥៦៩ (11 កុម្ភៈ 2026)

ប្រភព៖ VOD

មន្ត្រី​​សិទ្ធិ​​ការ​ងារ​​ទទួល​​បន្ទុក​​ផ្នែក​​ពលករ​​ចំណាក​​ស្រុក​​របស់​​អង្គ​ការ​​សង់​ត្រាល់ (Central) ប្រចាំ​​ប្រទេស​​ថៃ លោក លឹង សុផុន អំពាវ​នាវ​​យ៉ាង​​ទទូច​​​ដល់​​ពលករ​​ខ្មែរ​​​កុំ​​​ជ្រួល​ច្របល់​​តាម​​គ្នា និង​​រត់​​ត្រឡប់​​ទៅ​ប្រទេស​​កម្ពុជា​​នៅ​​ពេល​​នេះ ទាំង​​​ដែល​​​ស្ថាន​​ការណ៍​​ព្រំដែន​​​​​នៃ​​ប្រទេស​​​កម្ពុជា-ថៃ មិន​​ទាន់​​បាន​​ល្អ​​ប្រសើរ។

លោក​ក្រើន​រលឹក​ដល់​ពលករ​ខ្មែរ​ទាំង​អស់ ​ត្រូវ​រក្សា​ភាព​ស្ងៀម​​ស្ងាត់​បន្ត​ការងារ​​ជា​​ធម្មតា​​សិន បើ​ទោះ​បី​ជា ទិដ្ឋា​ការ​​ការ​ងារ​​របស់​​ពលករ​ខ្មែរ​​ជាង ១៤​ម៉ឺន​​នាក់ ​នឹង​​​ផុត​កំណត់​នៅ​​ថ្ងៃ​ទី១៣ ខែ​​កុម្ភៈ និង​​ចុ​ង​​​ខែ​​មីនា ឆ្នាំ​​ ២០២៦​​នេះ​​ក្ដី។ លោក​​​បន្ត​​ថា ស្ថាន​ភាព​​ពលករ​​ខ្មែរ​​ពិបាក​​ជាង​​ពលករ​​ប្រទេស​​ដទៃ ​ដែល​​កំពុ​ង​​ធ្វើ​ការ​​នៅ​ប្រទេស​​ថៃ។

លោក លឹង សុផុន និយាយ​ថា៖ «ក្នុង​ឆ្នាំ​២០២៥​កន្លង​មក រដ្ឋាភិបាល​​ថៃ​​មិន​​ប្រកាស​​​​ឱ្យ​​ត​​ទេ​ សម្រាប់​ពលរដ្ឋ​​ខ្មែរ។ សម្រាប់​ពលរដ្ឋ​បរទេស ​ដូចជា ពលករ​វៀតណាម ពលករ​ឡាវ ពលករ​ភូមា គេ​អាច​ត​បាន»។

ពលករ​ខ្មែរ​មួយ​ចំនួន​​បាន​ត្រឡប់​មក​កម្ពុជា​វិញ កាល​ពី​ថ្ងៃ​ទី៩ ខែ​​កុម្ភៈ ក្រោយ​ការ​ប្រកាស​លទ្ធផល​បោះឆ្នោត​​ជាតិ​​របស់​​ប្រទេស​​ថៃ​ កាល​ពី​ចុង​សប្ដាហ៍ ដែល​គណបក្ស​ភូមិចៃថៃ របស់​​លោក អានុទីន ចាន់វីរៈគុល (Anutin Charnvirakul) បាន​សំឡេង​ឆ្នោត​លើសគេ និង​អាច​ដឹកនាំ​រដ្ឋាភិបាល​ថ្មី។ តាមរយៈ​វីដេអូ​ដែល​ចែក​ចាយ​លើ​បណ្ដាញ​សង្គម ពលករ​ខ្មែរ​ទាំង​នោះ​ បាន​ត្អូញត្អែរ ​ព្រោះ​ទិដ្ឋាការ​ការងារ​របស់​ខ្លួន​ ​ពុំ​ត្រូវ​បាន​ក្រសួង​​ការងារ​ថៃ​​បន្ត​សុពលភាព​​ទេ។

មន្ត្រី​អង្គការ​សង់ត្រាល់ (Central) ប្រចាំ​ប្រទេស​ថៃ​​ដដែល ​អះអាង​ថា ខណៈ​ព្រំដែន​​បន្ត​​បិទ ពលករ​ខ្មែរ​ភាគ​ច្រើន​​ត្រូវ​ប្រថុយប្រថាន​រត់​ទៅ​កម្ពុជា​វិញ ​តាម​ច្រក​របៀង​តូចៗ ​តាមរយៈ​មេខ្យល់ ដែល​​ជា​ហេតុ​ត្រូវ​បាន​ចាប់​ខ្លួន​ពី​សំណាក់​​​តម្រួត​​ថៃ និង​ទាហាន​ជើងទឹក​ជាដើម។ ចំណែក​អ្នក​មាន​លទ្ធភាព ​ពួកគេ​​ធ្វើ​ដំណើរ​​តាម​​យន្ត​ហោះ​​ជាដើម។

លោក លឹង សុផុន អះអាង​ថា ទោះ​ក្រសួង​ការងារ​ថៃ​មិន​ទាន់​ចេញ​លិខិត​​ផ្លូវ​ការ​ បន្ត​ទិដ្ឋាការ​ការងារ​ដល់​ពលករ​ខ្មែរ​ក្ដី ប៉ុន្តែ​គេ​​ពុំ​​​មាន​​គោល​ការណ៍​​បណ្ដេញ​​នោះ​​ទេ។ ផ្ទុយទៅវិញ ក្រសួងការងារ​ថៃ ​ហាក់​ចង់​ឱ្យ​ពលករ​​ខ្មែរ​​អាច​បន្ត​​​ធ្វើ​ការ​​រហូត​​ដល់​ចុង​​ឆ្នាំ​២០២៦។ ចំណុច​នេះ ​ដែល​លោក​ស្នើ​ដល់​ពលករ​ខ្មែរ ​កុំ​ទាន់​អាល​​​ជ្រួល​​ច្របល់ និង​​​កុំ​ជឿ​ថា រដ្ឋាភិ​បាល​​​ថ្មី​នឹង​បណ្ដេញ​ពលករ​ខ្មែរ។

លោក លឹង សុផុន និយាយ​ថា៖ «ខ្ញុំ​មិន​ចង់​ឱ្យ​ពលរដ្ឋ​ខ្មែរ​ធ្វើ​ដំណើរ អំឡុង​​ពេល​​មាន​​បញ្ហា​​អ៊ីចឹង​​ទេ។ យើង​​គួរ​​ចាំ​​តាម​ដាន​មើល​​ស្ថាន​ការណ៍​​​ ​ថា​​តើក្រសួង​ការងារ​គេ​មាន​សេចក្ដី​ប្រកាស​យ៉ាង​​ម៉េច ដោយ​បន្ត​តាម​ដាន​​បន្ត​​ទៀត ព្រោះ​​ថ្មីៗ​​នេះ រដ្ឋាភិបាល​​ថ្មី​​របស់​​ថៃ​​មិន​​ទាន់​​បាន​​រៀប​ចំ​​​អ្វី​​នៅ​​ឡើយ​​ទេ»។

វីអូឌី​ មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ស៊ុន មេសា សុំ​ការ​បញ្ជាក់​​​ពី​​វិធាន​​ការ​​ដោះ​ស្រាយ​​បញ្ហា​​នេះ​​បាន​​ទេ នៅ​​ថ្ងៃ​​​​ទី១​០ ខែ​កុម្ភៈ ដោយ​​លោក​​​បាន​​ចូល​​មើល​​សារ ​ប៉ុន្តែ មិន​​បាន​​តប​​វិញ​​ទេ។ ផ្ទុយ​​​ទៅ​​វិញ​ ​លោក​​ចង់​​ឱ្យ​​​អ្នក​​សារ​ព័ត៌មា​ន​​វីអូឌី​​ថត​​កាត​​កាសែត និង​​ភ្ជាប់​​រូប​ថ​ត ទាំង​ដែល​​លោក​​ដឹង​​ថា វីអូឌី ​ពុំ​មាន​​មាន​​មូល​ដ្ឋាន​​នៅ​​កម្ពុជា បន្ទាប់​​ពី​​រដ្ឋាភិបាល​​កម្ពុជា​​ធ្វើ​​ទុក្ខ​បុក​ម្នេញ​​កម្ចាត់​សារព័ត៌មាន​ឯករាជ្យ​ពី​កម្ពុជា​ហើយ​នោះ។

ប៉ុន្តែ លោក ស៊ុន មេសា បង្ហាញ​​សកម្មភាព​យ៉ាង​ច្រើន​របស់​​ក្រសួង ​ដែល​ចុះ​ផ្សព្វផ្សាយ​វេទិកា​​ការងារ​​នៅ​តាម​​បណ្ដា​​ខេត្ត តាមរយៈ​ហ្វេសប៊ុក​របស់​លោក ដោយ​អះ​អាង​​ថា មាន​​ការងារ​ជាច្រើន​សម្រាប់​ពលករ​ខ្មែរ​ពី​​ថៃ។

លើស​ពី​នេះ​ លោក​ធ្លាប់​អះអាង​​ថា កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០២៦ ពលករ​ខ្មែរ​ត្រឡប់​​ពី​ប្រទេស​ថៃ​​ជាង ៦០​​ម៉ឺន​​នាក់​ ​ហើយ​ទទួល​បាន​ការងារ​ធ្វើ។

ប៉ុន្តែ មន្ត្រី​អង្គការ​សង់ត្រាល់​​បង្ហាញ​តួលេខ​ផ្ទុយ​ពី​​នេះ ដោយ​អះ​អាង​​តាម​​របាយ​ការណ៍​​ស្ទង់​​មតិ​​ថា ពលករ​ខ្មែរ​ពី​ថៃ​​ដែល​មាន​ការងារ​ធ្វើ​ តែ​​​ជាង ៣០​ភាគរយ​​ប៉ុណ្ណោះ ក្នុង​​​ចំណោម​ពលករ​​ជាង ៩៥​​ម៉ឺន​​នាក់ ដែល​​ត្រឡប់​​មក​​​កម្ពុជា​​វិញ អំឡុង​​ពេល​ថៃ​វាយ​​ប្រហារ​ឈ្លាន​​ពាន​កម្ពុជា​​យ៉ាង​​កម្រោល។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ​លោក សេង វណ្ណលី ប្រាប់​​វីអូឌី​នៅ​​ថ្ងៃ​ទី​១០ កុម្ភៈ​ថា ទិដ្ឋាការ​ការងារ​នេះ​ ជា​​បញ្ហា​​រសើប ដែល​លោក​​ស្នើ​ដល់​ពលករ​ខ្មែរ​ត្រូវ​​រក្សា​ភាព​ស្ងៀម​ស្ងាត់​​ជា​ចម្បង និង​តាមដាន​ព័ត៌មាន​ជា​ប្រចាំ​ពី​ប្រភព​​ទុកចិត្ត​បាន និង​សហការ​ជាមួយ​សង្គម​ស៊ីវិល​​ដែល​ធ្វើ​ការ​ជួយ​ការ​ពារ​សិទ្ធិ​ពលករ ​ដើម្បី​បន្ត​ទិដ្ឋាការ​ការងារ​ឡើង​​វិញ។ លោក​ថា ការ​សម្រេច​ចិត្ត​ដោយ​​ស្លន់ស្លោ​រត់​មក​កម្ពុជា ​នឹង​​ធ្វើ​ឱ្យ​បាត់បង់​អត្ថប្រយោជន៍​​ការងារ និង​បញ្ហា​ផ្សេងៗ​តាម​ដង​ផ្លូវ។

ផ្ទុយទៅវិញ ការ​រង់ចាំ​ការ​ស្ថានការណ៍​នយោបាយ និង​សម្របសម្រួល​​ផ្នែក​រដ្ឋបាល ​គឺ​ជា​ជម្រើស​សម​ស្រប​បំផុត។ ចំណែក​ក្រសួង​ការងារ​មិន​ត្រូវ​រក្សា​ភាព​​ស្ងៀម​ស្ងាត់​​ឡើយ ដែល​​បណ្ដាល​ឱ្យ​មាន​​ការ​ភាន់​​ច្រឡំ​ឡើយ ដោយ​​ត្រូវ​ធ្វើ​តួនាទី​ជា​ប្រចាំ​​ដើម្បី​​ដោះស្រាយ​ជូន​​ពលករ​​ខ្មែរ តាមរយៈ​​ការ​ពន្លឿន​កិច្ច​​សហប្រតិបត្តិ​ការ​ទូត​​ជាមួយ​ថៃ ​ដើម្បី​សម្រប​សម្រួល​​​បន្ត​ទិដ្ឋាការ​ទាន់​​ពេល និង​កាត់​បន្ថយ​ភាព​តានតឹង​​ដែល​កើត​ពី​បញ្ហា​ព្រំដែន។

​លោក សេង វណ្ណលី ថ្លែង​ថា៖ «ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​ឱ្យ​បាន​ច្បាស់​លាស់ និង​បង្កើត​​ក្រុម​​ការ​ងារ​ចម្រុះ​​ដើម្បី​​ចុះ​សួរសុខទុក្ខ ក៏ដូចជា​ផ្ដល់​ប្រឹក្សា​ផ្ទាល់​ដល់​​ពលករ​តាម​​បណ្ដា​ខេត្ត​​ជាប់​​ព្រំដែន និង​តំបន់​សេដ្ឋកិច្ច​​សំខាន់ៗ​​ក្នុង​​ប្រទេស​​​ថៃ នឹង​ជួយ​កាត់​បន្ថយ​ការ​ព្រួយ​បារម្ភ និង​​បង្ហាញ​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​​រដ្ឋាភិបាល​​ខ្មែរ ​ចំពោះ​ជោគ​វាសនា​របស់​ពលករ​ខ្មែរ​នៅ​ក្រៅ​​ប្រទេស ពិសេស​នៅ​ប្រទេស​ថៃ​តែម្ដង»។

កន្លង​ទៅ ​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជា​ជីវៈ លោក ហេង សួរ តែង​​អះអាង​ពី​​តួលេខ​​ថា ពលរដ្ឋ​​​កម្ពុជា​មាន​ការងារ​ធ្វើ​ប្រមាណ ៩៩​​ភាគរយ ប៉ុន្តែ​តួលេខ​នេះ​​​ពុំ​ឆ្លុះ​បញ្ចាំង​ពី​ការពារ​ពិត​ទេ ពីព្រោះ​ពលរដ្ឋ​​ខ្មែរ​​ជាង ២​លាន​នាក់ ​បាន​ចំណាក​ស្រុក​រក​ការងារ​នៅ​ប្រទេស​​​ថៃ និង​បណ្ដា​ប្រទេស​ផ្សេង​ទៀត ដូចជា កូរ៉ ជប៉ុន ចិន និង​​​ម៉ាឡេស៊ី​ជាដើម។

ការណ៍​នេះ អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម​ ​តែង​ស្នើ​រដ្ឋាភិបាល​ឱ្យ​​ទទួល​​យក​​របាយកា​រណ៍​​ពិត និង​​ឯករាជ្យ​ដើម្បី​​អាច​​ដោះ​​ស្រាយ​​​ចំ​​បញ្ហា ជា​ជាង​​ការ​​ស្មាន ហើយ​​​​ប្រើ​​ក្រុម​​មនុស្ស​របស់​​ខ្លួន​ផ្សាយ​បំភ្លៃ​​ថែម​ទៀត។ លើស​​ពី​នេះ គួរ​ជៀសវាង​បង្កើត​ជា​វប្បធម៌​កាន់​ជើង​ម្ខាងៗ ហើយ​បញ្ហា​អត់​ការងារ​ធ្វើ នៅ​តែ​ជា​ផល​លំបាក​របស់​​ពលរដ្ឋ ដែល​នាំ​ឱ្យ​​ពួកគេ​បង្ខំ​ចិត្ត​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​ជា​ពលករ​នៅ​ស្រុក​ថៃ៕