ប្រភព៖ កាសែតខ្មែរ
អាជ្ញាធរថៃបានរកឃើញសាកសពពលករខ្មែរម្នាក់ទៀត ដែលបាត់ខ្លួនក្រោយហេតុការណ៍ទូកនេសាទបាត់សញ្ញានៅសមុទ្រក្នុងខេត្តត្រាត ខណៈក្រុមជួយសង្គ្រោះនៅបន្តស្វែងរកមនុស្ស ២ នាក់ទៀតដែលនៅបាត់ខ្លួន។
មន្ត្រីគម្រោងទទួលបន្ទុកផ្នែកពលករចំណាកស្រុកនៃអង្គការសង់ត្រាល់ (CENTRAL) ប្រចាំប្រទេសថៃ លោក លឹង សុផុន បានប្រាប់ កាសែតខ្មែរ នៅថ្ងៃទី២០ ខែកក្កដា ថា ក្រុមស្វែងរករបស់អាជ្ញាធរថៃបានប្រទះឃើញសាកសពពលករខ្មែរម្នាក់ឈ្មោះ នួន វ៉ាន់ថង អាយុ ៤៤ ឆ្នាំ ដែលជាសមាជិកក្រុមនៅលើទូកនេសាទដែលបានបាត់សញ្ញាកាលពីថ្ងៃទី១០ ខែកក្កដា។
លោកបានឱ្យដឹងថា គិតមកទល់ពេលនេះ អាជ្ញាធរថៃបានរកឃើញសាកសពសរុបចំនួន ៣ នាក់ ក្នុងចំណោមអ្នកបាត់ខ្លួន ប៉ុន្តែមានតែ ២ នាក់ប៉ុណ្ណោះដែលជាពលករខ្មែរ។
«ចាប់តាំងពីបាត់សញ្ញានៅថ្ងៃទី១០ ខែកក្កដា មកទល់ពេលនេះ ទើបតែរកឃើញសាកសព ៣ នាក់ប៉ុណ្ណោះ។ នៅសល់ ២ នាក់ទៀត មិនទាន់រកឃើញនៅឡើយទេ» លោកបន្ថែម។
ទូកនេសាទខាងលើបានចាកចេញទៅនេសាទនៅសមុទ្រកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ មុនពេលបាត់ការទាក់ទងជាមួយម្ចាស់ទូក និងអាជ្ញាធរនៅថ្ងៃទី១០ ខែកក្កដា។
លោក លឹង សុផុន បាននិយាយថា ប្រតិបត្តិការស្វែងរកនៅតែបន្ត ប៉ុន្តែមិនទាន់មានដំណឹងអំពីការរកឃើញអ្នកបាត់ខ្លួន ២ នាក់ដែលនៅសេសសល់ ឬអ្នកនៅរស់បន្ថែមទៀតនោះទេ។
តាមទិន្នន័យផ្លូវការ បច្ចុប្បន្នមានពលករកម្ពុជាជាង ១,៣ លាននាក់ កំពុងធ្វើការនៅក្រៅប្រទេស ក្នុងនោះជាង ១,២ លាននាក់ ស្ថិតនៅប្រទេសថៃ ខណៈជាង ៤ ម៉ឺននាក់ នៅកូរ៉េខាងត្បូង ជាង២ ម៉ឺននាក់ នៅម៉ាឡេស៊ី និងជាង ១ ម៉ឺននាក់ នៅប្រទេសជប៉ុន៕