ពលករខ្មែរ ៤ នាក់បាត់ខ្លួនក្រោយហេតុការណ៍លិចទូកនេសាទនៅសមុទ្រថៃ ខណៈប្រតិបត្តិការស្វែងរកបន្ត

សុក្រ ៣កើត ខែទុតិយាសាឍ ឆ្នាំមមីរ ព.ស. ២៥៧០ (17 កក្កដា 2026)

ប្រភព៖ កាសែតខ្មែរ

ពលករខ្មែរ ៤ នាក់ ដែលធ្វើការលើទូកនេសាទថៃ បានបាត់ខ្លួនក្រោយហេតុការណ៍លិចទូកនៅសមុទ្រខេត្តត្រាត ប្រទេសថៃ ខណៈអាជ្ញាធរថៃ និងក្រុមជួយសង្គ្រោះបន្តប្រតិបត្តិការស្វែងរក ប៉ុន្តែមិនទាន់រកឃើញអ្នកបាត់ខ្លួននៅឡើយ។ 

លោក លឹង សុផុន មន្ត្រីគម្រោងទទួលបន្ទុកផ្នែកពលករចំណាកស្រុកនៃអង្គការសង់ត្រាល់ (CENTRAL) ប្រចាំប្រទេសថៃ បានប្រាប់ កាសែតខ្មែរ ថា តាមព័ត៌មានដែលអង្គការទទួលបានពីក្រុមជួយសង្គ្រោះ មានមនុស្ស ៥ នាក់បាត់ខ្លួនក្នុងហេតុការណ៍នេះ ក្នុងនោះមានពលករខ្មែរ ៤ នាក់ និងពលករថៃម្នាក់។ 

លោកបានឱ្យដឹងថា ទូកនេសាទនេះបានចេញធ្វើការតាំងពីថ្ងៃទី២៨ ខែមិថុនា ហើយបានបាត់ការទាក់ទងតាំងពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦។ 

លោកមានប្រសាសន៍ថា៖«អ្នកសង្គ្រោះនៅក្នុងលំហសមុទ្របានតាមដាន ហើយឃើញថា បាត់ខ្លួនរហូតទៅដល់ ៥ នាក់ ក្នុងនោះមានពលករខ្មែរ ៤ នាក់ ហើយនិងពលករនេសាទថៃម្នាក់»។ 

បើតាមលោក លឹង សុផុន គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ក្រុមជួយសង្គ្រោះនៅតែបន្តស្វែងរកអ្នកបាត់ខ្លួនទាំង ៥ នាក់ ប៉ុន្តែមិនទាន់រកឃើញសាកសព ឬអ្នកនៅរស់នៅឡើយ។ 

លោកបាននិយាយថា៖«មកដល់ថ្ងៃនេះ អ្នកជួយសង្គ្រោះបានស្វែងរកអ្នកបាត់ខ្លួនទាំង ៥ នាក់ ដោយរកមិនទាន់ឃើញទេ។ រកឃើញតែបំណែកឧបករណ៍នេសាទ ដូចជាមង ប៉ុន្តែសាកសពមិនទាន់បានឃើញច្បាស់នៅឡើយទេ»។ 

លោកបានបន្ថែមថា មន្ត្រីមួយចំនួននៅថៃបានសន្និដ្ឋានថា សាកសពមួយដែលអណ្ដែតទឹក ហើយត្រូវបានក្រុមគ្រួសារធ្វើបុណ្យនៅខេត្តកំពត អាចជាពលករខ្មែរម្នាក់ដែលបានបាត់ខ្លួនក្នុងហេតុការណ៍លិចទូកនេះ ប៉ុន្តែអត្តសញ្ញាណនៅមិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការនៅឡើយ។ 

ទាក់ទងនឹងប្រតិបត្តិការស្វែងរក លោក លឹង សុផុន បានឱ្យដឹងថា អាជ្ញាធរថៃ រួមទាំងមន្ត្រីត្រួតពិនិត្យកំពង់ផែនេសាទ (PIPO) និងម្ចាស់ទូក បានតាមដានការធ្វើដំណើររបស់ទូក និងការទំនាក់ទំនងជាបន្តបន្ទាប់។ 

លោកបានបញ្ជាក់ថា នៅពេលមានរលកធំ និងអាកាសធាតុអាក្រក់ អាជ្ញាធរថៃតែងណែនាំឱ្យទូកនេសាទតូចៗចូលជ្រកតាមកោះ ដើម្បីសុវត្ថិភាព។ ទោះជាយ៉ាងណា ទូកដែលមានមនុស្ស ៥ នាក់នេះ បានបាត់សញ្ញាទំនាក់ទំនងតាំងពីថ្ងៃទី១០ ខែកក្កដា។ 

លោកបាននិយាយថា៖ «មកដល់ពេលនេះ គេមិនទាន់រកឃើញច្បាស់លាស់ទេ។ មន្ត្រីមួយចំនួនដែលបានឃើញសាកសពអណ្ដែត គ្រាន់តែសន្និដ្ឋានថា ជាពលករដែលបានលិចទូកហ្នឹងឯង»។ 

ជាមួយគ្នានេះ មានការផ្សព្វផ្សាយតាមបណ្ដាញសង្គមថា បុរសម្នាក់ឈ្មោះ ឃឹម ឡាញ អាយុ ៤៨ ឆ្នាំ រស់នៅភូមិភ្នំខ្យង ឃុំប្រាសាទភ្នំខ្យង ស្រុកកំពង់ត្រាច ខេត្តកំពត អាចជាជនរងគ្រោះម្នាក់ក្នុងហេតុការណ៍នេះ។ ក្រុមគ្រួសាររបស់លោកបានរៀបចំពិធីបុណ្យគម្រប់ ៧ ថ្ងៃ កាលពីថ្ងៃទី១៦ ខែកក្កដា ដោយប្រើរូបថតជំនួសសព ព្រោះមិនទាន់អាចយកសាកសពមកធ្វើបុណ្យបាន៕