ពលករ​កំពុង​ក្នុង​ជាប់​ក្នុង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ចំនួន ៨១​នាក់ រិះគន់​ក្រសួង​ការងារ និង​ស្ថានទូត​ថា យឺតយ៉ាវ​បញ្ជូន​ពួកគេ​មក​កម្ពុជា​វិញ

ចន្ទ ១២រោច ខែពិសាខ ឆ្នាំរោង ព.ស. ២៥៦៨ (03 មិថុនា 2024)

ប្រភព៖ RFA

ក្រុម​ពលករ​ដែល​ចាញ់បោក​មេខ្យល់​ទៅ​បម្រើ​ការងារ​តាម​ផ្ទះ​ក្នុង​ប្រទេស​អារ៉ាប៊ី សាអូឌីត (Saudi Arabia) តាមរយៈ​ក្រុមហ៊ុន ហ្វាទីណា មែនផៅវើ (Fatina Manpower) នៅសល់​ចំនួន ៨១​នាក់​មិន​ទាន់​ត្រូវ​បាន​បញ្ជូន​កម្ពុជា​វិញ​នៅ​ឡើយ​។ ពួកគេ​រិះគន់​ក្រសួង​ការងារ និង​ស្ថានទូត​ខ្មែរ​ថា យឺតយ៉ាវ និង​មិន​មាន​ព័ត៌មាន​ច្បាស់លាស់​ក្នុង​ការ​រៀបចំ​នីតិវិធី​បញ្ជូន​ពួកគេ​កម្ពុជា​វិញ។

ក្រុម​ពលករ​ត្អូញត្អែរ​ពី​ទុក្ខ​លំបាក និង​គ្មាន​ប្រាក់​ផ្ញើ​ទៅ​ឱ្យ​ក្រុម​គ្រួសារ​នៅ​ស្រុក​កំណើត ដោយសារតែ​មក​បម្រើ​ការងារ​នៅ​ប្រទេស អារ៉ាប៊ី សាអូឌីត តាមរយៈ ក្រុមហ៊ុន ហ្វាទីណា ត្រូវ​បាន​ថៅកែ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម ហើយ​ពលករ​ខ្លះ​ក្រុមហ៊ុន​មិន​បាន​ប្រាក់ខែ​ឱ្យ​ពលករ។

តំណាង ពលករ​កំពុង​ជាប់​ក្នុង​ប្រទេស​អារ៉ាប៊ី សាអូឌីត លោកស្រី ផាត់ ស្រីនឿន ចង់​ត្រឡប់​ទៅ​ផ្ទះ​ឱ្យ​បាន​ឆាប់ និង​មិន​អាច​ទ្រាំទ្រ​នឹង​ការងារ​ដែល​ថៅកែ​ក្នុង​ប្រទេស​នេះ បង្ខំ​ឱ្យធ្វើ​ការ​ច្រើន​ម៉ោង​នោះ​ទេ​។ លោកស្រី​បញ្ជាក់​ថា ក្រុមហ៊ុន​បាន​គំរាម​ទាមទារ​សំណង​ពី​លោកស្រី​ចំនួន ៤​ពាន់ ៥​រយ​ដុល្លារ (.៥០០) ដើម្បី​បង់​ឱ្យ​ក្រុមហ៊ុន​នៅ​ប្រទេស​អារ៉ាប៊ី សាអូឌីត ពេល​លោកស្រី​ចង់​វិលត្រឡប់​ទៅ​កម្ពុជា​វិញ​។ លោកស្រី ចង់ឱ្យ​ភាគី​ស្ថានទូត និង​ក្រសួង​ការងារ​ជួយ​អន្តរាគមន៍​បញ្ជូន​លោកស្រី និង​ពលករ​ផ្សេងទៀត​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ឱ្យ​បាន​ឆាប់។

លោកស្រី ផាត់ ស្រីនឿន៖ «ខ្ញុំ​ចង់​ទៅ​វិញ ព្រោះ​ខ្ញុំ​ទៅ​ធ្វើ​ការ​នៅ​តាម​ផ្ទះ ធ្វើ​ហួស​សមត្ថភាព​ដែល​ខ្ញុំ​មាន​ហូប​តែមួយ​ពេល ហើយ​ម្ចាស់ផ្ទះ​មាន​ល្អ​មាន​អាក្រក់ ប៉ុន្តែ​ភាគច្រើន​វា​អាក្រក់ ដូចជា​ខ្ញុំ​ផ្ទាល់​អី គេ​មិន​ឱ្យ​ប៉ះ​អី​ទេ ចាំ​គេ​ឱ្យ​ហូប​បាន​ហូប ពេល​អ៊ីចឹង​ពេលព្រឹក ឬ​ពេល​ថ្ងៃ​ខ្ញុំ​ពោះ​ទទេ​។ ពេល​ខ្ញុំ​មក​គេ​ថា ខ្ញុំ​បដិសេធ​ការងារ ទាំង​ខ្ញុំ​ញ័រ​ដៃ​ញ័រ​ជើង​គេ​ថា ខ្ញុំ​បដិសេធ​ការងារ អ្នក​ឈឺ​ក៏ដោយ​មក​ក្រុមហ៊ុន​វិញ​គេ​ថា បដិសេធ​ការងារ ដល់​ពេល​អ៊ីចឹង​ហួស​សមត្ថភាព​នឹង​លុយ លែង​ខ្វល់​នឹង​លុយ លែង​ចង់​បាន​លុយ​ហើយ»

ចំណែក ពលករ​ម្នាក់ទៀត​គឺ​លោកស្រី ម៉ាលី បញ្ជាក់​ថា ស្ថានទូត​តែងតែ​ប្រាប់​ឱ្យ​ពលករ​រក្សា​ភាព​ស្ងៀមស្ងាត់​រង់ចាំ​នីតិវិធី​ដោះស្រាយ ប៉ុន្តែ​ស្ថានទូត​ពុំបាន​ផ្តល់​ចម្លើយ​ច្បាស់លាស់​ក្នុង​ការ​បញ្ជូន​ពលករ​មក​កម្ពុជា​វិញ​ទេ​។ លើស​ពី​នេះ លោកស្រី​បញ្ជាក់​ថា នៅ​ពេល​ពលករ​ជួប​ទុក្ខ​លំបាក​ត្រូវ​ថៅកែ​រំលោភ​សិទ្ធ និង​កេងប្រវ័ញ្ច​កម្លាំង​ពលករ មន្ត្រី​ស្ថានទូត​តែងតែ​ចោទ​ក្រុម​ពលករ​ថា ប្រឌិត​ព័ត៌មាន។

លោកស្រី ម៉ាលី៖ «ពាក្យ​ថា ប្រឌិត​ព័ត៌មាន គឺ​ខ្ញុំ​ឮ​ចេញ​ពី​មាត់​របស់​លោកពូ​ស្ថានទូត គឺថា មិនមែន​លើកទីមួយ​ទេ គឺ​ច្រើនដង​ច្រើនសា​ដែល​ខ្ញុំ​ឮ​ថា ប្រឌិត​ព័ត៌មាន​។ សួរ​ថា ពួក​ខ្ញុំ​ជា​ជនរងគ្រោះ​នេះ ធ្វើ​អ៊ីចឹង ដើម្បី​អ្វី​? ប្រសិនជា​គ្រប់យ៉ាង​តាម​គោលការណ៍​របស់​ក្រុមហ៊ុន ពួក​ខ្ញុំ​មិន​ធ្វើ​អ៊ីចឹង​ទេ ពួក​ខ្ញុំ​សុទ្ធតែ​ជា​អ្នក​ពិបាក​ត្រូវការ​មក​រក​លុយ ខ្ញុំ​ត្រូវការ​ធ្វើការ ដើម្បី​ប្រាក់ បើ​ការងារ​លើស​ពី​កំណត់​ដែល​ខ្ញុំ​មិនអាច​ធ្វើ​ទៅ​បាន​មែន តើ​ពួក​ខ្ញុំ​សម្ដែង​ធ្វើ​អី​? ខ្ញុំ​ក៏​មិនដឹង​ដែរ​ថា ខាង​លោកពូ​ស្ថានទូត​មក​ដោះស្រាយ បញ្ហា​ឱ្យ​ពួក​ខ្ញុំ ឬ​មក​ជួយ​ជាន់ពន្លិច មក​ជួយ​ចាប់​កំហុស​ខ្ញុំ​ថែម​?»

ក្រសួង​ការងារ ស្ថានទូត​ប្រចាំ​ប្រទេស អារ៉ាប៊ី សាអូឌីត និង​ក្រសួងការបរទេស​កម្ពុ​ជា​បាន​សម្របសម្រួល​ជាមួយ​ក្រុមហ៊ុន​ដៃគូ​សហការ​របស់​ក្រុមហ៊ុន ហ្វាទីណា ជួយសង្គ្រោះ និង​បញ្ជូន​ពលករ​ខ្មែរ​ចំនួន ៥២​នាក់​មក​កម្ពុជា​វិញ​ជា​បន្តបន្ទាប់​ចាប់តាំងពី​ខែមីនា​។ មក​ទល់​ពេល​នេះ នៅ​មាន​ពលករ​ចំនួន ៨១​នាក់​កំពុង​បន្ត​ដង្ហោយ​រក​កិច្ច​អន្តរាគមន៍ និង​ស្នើ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ពន្លឿន​នីតិវិធី​បញ្ជូន​ពួកគេ​មក​កម្ពុជា​ឱ្យ​បាន​ឆាប់។

ក្រុម​ពលករ​ឱ្យ​ដឹង​ថា ក្នុង​ចំណោម​ពលករ ៨១​នាក់ មាន​ពលករ​មួយចំនួន​បាន​ព្រមព្រៀង​បញ្ចប់​កិច្ចសន្យា​ការងារ​ជាមួយ​ក្រុមហ៊ុន​ដៃគូ​សហការ​របស់​ក្រុមហ៊ុន ហ្វា​ទីណា រួចរាល់​ហើយ ប៉ុន្តែ​ពួកគេ​មិនទាន់​ដឹង​ពេល​ណា​ក្រុមហ៊ុន និង​ស្ថានទូត​រៀបចំ​ទិញ​សំបុត្រ​យន្តហោះ​ឱ្យ​ក្រុម​ពលករ​ត្រឡប់​នៅ​កម្ពុជា​នៅ​ពេល​ណា​នោះ​ទេ។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស អារ៉ាប៊ី សាអូឌី លោក អ៊ុក សារុន និង​អ្នកនាំពាក្យ​ក្រសួង​ការងារ​លោក កត្តា អ៊ន ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​ទេ កាលពី​ថ្ងៃទី​២៣ ខែ​ឧសភា។

ជុំវិញ​រឿង​នេះ ប្រធាន​ផ្នែក​ប្រយុទ្ធ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ទេសន្តរប្រវេសន៍ នៃ​អង្គការ​សង់ត្រាល់ (CENTRAL) លោក ឌី ថេហូយ៉ា មាន​ប្រសាសន៍​ថា ក្រសួង​ការងារ និង​ស្ថាប័ន មាន​សមត្ថកិច្ច​គួរតែ​ស៊ើបអង្កេត​លើ​ក្រុមហ៊ុន​ដែល​នាំ​ពលករ​ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​រ៉ាប៊ី សាអូឌីត និង​ចាត់វិធានការ​ឱ្យ​បាន​ម៉ឺងម៉ាត់ ប្រសិន​រក​ឃើញ​ថា ក្រុមហ៊ុន​ឃុបឃិត​ជាមួយ​ថៅកែ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម និង​រំលោភ​សិទ្ធ​ពលករ​ខ្មែរ។

លោក ឌី ថេហូយ៉ា៖ «ក្រុមហ៊ុន​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ ចំពោះ​អ្វី​ដែល​ពលរដ្ឋ​ទទួលរង​នូវ​អំពើ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម ដូចជា​រងគ្រោះ​ដូចដែល​ពួកគាត់​បាន​លើក​ឡើង ពាក់ព័ន្ធ​តើ​ស្ថិត​ក្នុង​អំពើ​ជួញដូរ​មនុស្ស ឬ​ស្ថិត​ក្នុង​អំពើ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម ដែល​ប្រទេស​កម្ពុជា​ក៏​មាន​ច្បាប់​ពាក់ព័ន្ធ​ប្រឆាំង​ការ​ជួញដូរ​ជាដើម»

ក្រុមហ៊ុន ហ្វាទីណា បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​ពលករ ដើម្បី​បញ្ជូន​ទៅ​បម្រើ​ការងារ​ក្នុង​ប្រទេស​អារ៉ាប៊ី សាអូឌីត សរុប​មិន​ក្រោម​ជាង ២​រយ​នាក់​ឡើយ​។ ក្រុម​ពលករ​អះអាង​ថា ក្រុមហ៊ុន ទើបតែ​បញ្ជូន​ពលករ​ទៅ​ធ្វើការ​ក្នុង​ប្រទេស​អារ៉ាប៊ី សាអូឌីត បាន​ចំនួន ១៣៣​នាក់​តែប៉ុណ្ណោះ ចំណែក​សិស្ស​មួយ​ចំនួន​ទៀត​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ ក្រោយ​ពី​ពួកគេ​ដឹង​ព័ត៌មាន​រឿងរ៉ាវ​ក្រុមហ៊ុន​ត្រៀម​បញ្ជូន​ពួកគេ​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​អារ៉ាប៊ី សាអូឌីត និង​ត្រូវ​បាន​ថៅកែ​រំលោភបំពាន​សិទ្ធ និង​កេងប្រវ័ញ្ច​កម្លាំង​ពលករ៕