ប្រភព៖ RFA
អង្គការសង់ត្រាល់រកឃើញថា ពលករនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ចំណាកស្រុកទៅធ្វើការងារនៅប្រទេសថៃ ដោយសារតែពួកគេជំពាក់បំណុលធនាគារ និងគ្មានការងារធ្វើនៅក្នុងស្រុក។
មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ឬហៅកាត់ថា សង់ត្រាល់ ចុះផ្សាយនៅលើទំព័រហ្វេសប៊ុក (Facebook) ផ្លូវការនៅថ្ងៃទី២០ កុម្ភៈ ថា ក្រុមអ្នកប្រឹក្សាយោបល់សុវត្ថិភាពចំណាកស្រុក (SMA) ប្រចាំខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៥ កុម្ភៈ បានចុះជួបពលរដ្ឋ និងអតីតពលករធ្វើការនៅប្រទេសថៃ ចំនួនជិត ២រយនាក់ (១៧៨) នៅឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដើម្បីប្រឹក្សាយោបល់អំពីការចំណាកស្រុកប្រកបដោយសុវត្ថិភាព សិទ្ធិការងារ និងវិធីស្វែងរកពលករ ដែលរងគ្រោះ។ ក្នុងវេទិកាផ្សព្វផ្សាយអប់រំនោះ មានអាជ្ញាធរមូលដ្ឋានចូលរួមចំនួន ១៥នាក់។
អង្គការសង់ត្រាល់ ឲ្យដឹងថា មូលហេតុដែលពលករភាគច្រើនចំណាកស្រុកទៅរកការងារធ្វើនៅប្រទេសថៃ គឺបណ្ដាលមកពីបញ្ហាគ្មានការងារធ្វើនៅក្នុងស្រុក និងជំពាក់បំណុលធនាគារជាដើម។អង្គការសង់ត្រាល់ឲ្យដឹងថា ពលរដ្ឋមិនសូវហ៊ាននិយាយពីបញ្ហាប្រឈម ដែលពួកគាត់ជួបប្រទះក្នុងអំឡុងពេលធ្វើការនៅប្រទេសថៃនោះទេ។
កន្លងទៅពលករចំណាកស្រុកទៅក្រៅប្រទេស តែងជួបប្រទះបញ្ហាលិខិតឆ្លងដែន ឬឯកសារការងារមានតម្លៃថ្លៃ ការចាញ់បោកមេខ្យល់ ការប្រឈមនឹងអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម ការរំលោភសិទ្ធិការងារ និងការចំណាកស្រុកទាំងប្រថុយប្រថានជាដើម។
ជាក់ស្ដែង រថយន្តដឹកអ្នកដំណើរមួយគ្រឿង ដែលមានពលរដ្ឋខ្មែររួមដំណើរ បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តចន្ទបូរី (Chanthaburi) នៅវេលាម៉ោងជិត ២រំលងអាធ្រាត្រ ថ្ងៃទី១៨ កុម្ភៈ។ គ្រោះថ្នាក់ចរាចរណ៍នោះ បណ្ដាលឲ្យអ្នកដំណើរជាពលរដ្ឋខ្មែរជាច្រើននាក់រងរបួស ហើយពលករខ្មែរមួយចំនួនទៀត បានរត់ចូលទៅក្នុងព្រៃក្នុងតំបន់នោះទាំងខ្លួនមានរបួស ដោយសារតែខ្លាចអាជ្ញាធរថៃចាប់ខ្លួនពីបទឆ្លងដែនដោយខុសច្បាប់។
វិទ្យុអាស៊ីសេរីនៅមិនទាន់អាចទាក់ទងប្រធានអនុព័ន្ធការងារអមស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ លោក ឈឹម វិបុល និងអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក អាន សុខឿន ដើម្បីសុំការឆ្លើយតបចំពោះបញ្ហានេះ បាននៅឡើយទេ នៅថ្ងៃទី២០ ខែកុម្ភៈ។
របាយការណ៍ក្រសួងការងារបង្ហាញថា ពលករខ្មែរនៅប្រទេសថៃមានចំនួនជាង ១លាន ២សែននាក់ ប៉ុន្តែរបាយការណ៍របស់អង្គការសង់ត្រាល់ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ថា យ៉ាងតិចណាស់មានពលករខ្មែរជាង ២លាននាក់ កំពុងបម្រើការងារនៅប្រទេសថៃ ដែលភាគច្រើនមិនបានទៅតាមក្រុមហ៊ុន ឬមានឯកសារស្របច្បាប់ឡើយ៕