ប្រភព៖ Kiripost
ការស្ទង់មតិមួយបានបង្ហាញថា ស្ថានភាពលំបាកកំពុងកើនឡើងក្នុងចំណោមពលករចំណាកស្រុកខ្មែរដែលវិលត្រឡប់មកស្រុកកំណើតវិញ ដោយមានប្រហែលត្រឹម ៧០០០នាក់ប៉ុណ្ណោះដែលទទួលបានការងារនៅរោងចក្រ ខណៈរោងចក្រខ្លះត្រូវបង្ខំចិត្តផ្តល់ការងារដល់កម្មករដែលមានជំនាញតិចតួច បើទោះរដ្ឋាភិបាលអះអាងជាផ្លូវការថា ពលករដែលត្រឡប់មកវិញប្រមាណ ៦៥០ ០០០នាក់បានទទួលការងារធ្វើរួចហើយក៏ដោយ
ពលករចំណាកស្រុកកម្ពុជាជិតមួយលាននាក់ដែលបានចាកចោលការងារនៅក្នុងប្រទេសថៃក្នុងអំឡុងពេលការប៉ះទង្គិចនៅតាមព្រំដែនឆ្នាំ២០២៥ ពេលនេះកំពុងប្រឈមមុខនឹងការលំបាកផ្នែកសេដ្ឋកិច្ច ដោយមនុស្សជាច្រើនមិនអាចទទួលបានការងារដែលមានស្ថិរភាព និងកំពុងទូលរែកបន្ទុកបំណុលដែលកំពុងកើនឡើង។
ការស្ទង់មតិមួយរបស់សង់ត្រាល់ ចន្លោះពីខែសីហាដល់ខែតុលា ឆ្នាំ២០២៥ បានបង្ហាញថា មានតែ ៣១ភាគរយនៃពលករចំណាកស្រុកដែលវិលត្រឡប់មកវិញប៉ុណ្ណោះ បានទទួលជំនួយនានា ភាគច្រើនពីរដ្ឋាភិបាល ខណៈដែលពលករមួយភាគធំបានត្រឡប់មកផ្ទះសម្បែងវិញដោយបន្ទុកផ្ទាល់ខ្លួន ខណៈបំណុលកាន់តែកើនឡើង។
ការស្ទង់មតិបានបង្ហាញថា ៧១ភាគរយនៃអ្នកត្រឡប់មកវិញមានជាប់ជំពាក់បំណុល ដោយ ៨៥ភាគរយមិនអាចបន្តការបង់ប្រាក់សងបានទេ។ បំណុលមានចាប់ពី ៣០,៨០ដុល្លារ ដល់ ៣៥ ០០០ដុល្លារ ជាមួយនឹងការសងប្រចាំខែជាមធ្យម ២២០ដុល្លារ។ អ្នកឆ្លើយតបសរុបចំនួន ៧៨ភាគរយបាននិយាយថា ពួកគេមានបំណងត្រឡប់ទៅប្រទេសថៃវិញ ខណៈដែលជាង ៥០ភាគរយមានគម្រោងធ្វើអន្តោប្រវេសន៍។
បន្ទាប់ពីមានជម្លោះលើកទីពីរនៅតាមព្រំដែនកម្ពុជា-ថៃ កិច្ចសម្ភាសន៍បន្តមួយទៀតត្រូវបានធ្វើឡើងនៅចុងខែធ្នូ ដោយបង្ហាញថា ពលករចំណាកស្រុកកម្ពុជាជាច្រើននាក់បន្តប្រឈមមុខនឹងសម្ពាធសេដ្ឋកិច្ច និងសង្គម ជាជាងទទួលបានស្ថិរភាព។
អ្នកឆ្លើយសំណួរបានពិពណ៌នាអំពី «អសន្តិសុខស្បៀងកាន់តែយ៉ាប់យ៉ឺនឡើង បន្ទុកបំណុលកើនឡើង និងឱកាសការងារមានកម្រិតបន្ទាប់ពីត្រឡប់មកផ្ទះវិញ»។ ពលករមួយចំនួនបានរាយការណ៍ថា រកបានតែប្រហែល ៣០ភាគរយប៉ុណ្ណោះនៃអ្វីដែលពួកគេធ្លាប់រកបានពីមុន នៅក្នុងប្រទេសថៃ។
ការវិលត្រឡប់មកវិញដ៏ធំនេះត្រូវបានបញ្ឆេះដោយចលនាជាតិនិយម ដោយពលករខ្មែរជាច្រើនបានរាយការណ៍ពីការបំពានដោយពាក្យសម្ដី និងរាងកាយ។ មនុស្សជាច្រើនបានត្រឡប់មកវិញ ទោះបីជាមានភាពមិនច្បាស់លាស់អំពីឱកាសការងារនៅស្រុកកំណើតក៏ដោយ។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបដិសេធថា របាយការណ៍នេះមិនត្រឹមត្រូវទេ ដោយលើកហេតុផលថា វាមិនតំណាងឱ្យបទពិសោធន៍ជាក់ស្តែងនៃអ្នកត្រឡប់មកកម្ពុជាវិញប្រមាណ ៩៥០ ០០០នាក់នោះទេ។
លោកមានប្រសាសន៍ថា៖«វិធីសាស្ត្រសម្ភាសន៍ [របស់សង់ត្រាល់] នេះ ជាការគ្រោងទុក មិនមែនដោយចៃដន្យទេ ដែលធ្វើឱ្យលទ្ធផលមិនអាចទទួលយកបានសម្រាប់ការសន្និដ្ឋានទូទៅ»។
អ្នកនាំពាក្យរូបនេះបាននិយាយថា គិតមកត្រឹមពេលនេះ អ្នកត្រលប់មកវិញចំនួន ៦៥០ ០០០នាក់បានទទួលការងារធ្វើហើយ។ ក្នុងចំណោមពួកគេ ៣៣០ ០០០នាក់ ធ្វើការនៅក្នុងសហគ្រាសធុនធំ និងមធ្យម ខណៈដែល ៣២០ ០០០នាក់ត្រូវបានផ្តល់ការងារក្នុងវិស័យសំណង់ កសិកម្ម និងផ្នែកលក់រាយ។
របាយការណ៍ក្នុងស្រុកមួយផ្សេងទៀតក្នុងខែមករា ឆ្នាំ២០២៦ របស់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) បានធ្វើការស្ទង់មតិពីរក្នុងខែឧសភា និងការតាមដានក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីផ្តល់ការយល់ដឹងជាមុនអំពីការបញ្ជាទិញរោងចក្រ និរន្តរភាពប្រតិបត្តិការ និងទំនាក់ទំនងអ្នកទិញ បន្ទាប់ពីពន្ធចុងក្រោយរបស់សហរដ្ឋអាម៉េរិកជាមួយនឹងការតាមដានលំហូរចូលនៃពលករចំណាកស្រុកដែលត្រឡប់មកពីប្រទេសថៃ។
រោងចក្រសរុបចំនួន ២០៣ ក្នុងចំណោមរោងចក្រចំនួន ៧៥៦ ដែលបានចុះបញ្ជីជាមួយ BFC បានរាយការណ៍ពីការលំបាកក្នុងការទ្រទ្រង់ប្រតិបត្តិការបច្ចុប្បន្ន។ ទោះបីវិស័យកាត់ដេរបានទទួលយកពលករខ្មែរដែលត្រឡប់មកវិញខ្លះក៏ដោយ ឱកាសការងារនៅតែមានកម្រិត។
របាយការណ៍បានរកឃើញថា៖«ប្រហែល ៨៤ភាគរយនៃរោងចក្រ បានរាយការណ៍ពីចំណុចេះន ដោយជារួមបានផ្តល់ការងារដល់ពលករចំណាកស្រុកប្រហែល ៧០០០នាក់»។
នៅពេលត្រូវបានសួរអំពីឧបសគ្គបច្ចុប្បន្នដ៏តឹងតែងបំផុតរបស់ពួកគេ ប្រហែល ២២ភាគរយនៃរោងចក្រទាំងអស់បានលើកឡើងពីការលំបាកក្នុងការផ្តល់ការងារដល់ពលករកាត់ដេរដែលមានជំនាញបន្ថែមទៀត ដែលភាគច្រើនដោយសារតែការប្រកួតប្រជែងកាន់តែខ្លាំងនៅក្នុងទីផ្សារការងារក្នុងស្រុក បន្ទាប់ពីការបង្កើតរោងចក្រថ្មីៗ។
ការឆ្លើយតបការស្ទង់មតិបង្ហាញថា បញ្ហាប្រឈមក្នុងការជ្រើសរើសបុគ្គលិកមានលក្ខណៈយ៉ាប់យ៉ឺនដោយសារតួនាទីជំនាញ និងបច្ចេកទេស ជាពិសេសនៅក្នុងទីតាំងដាច់ស្រយាលភាគច្រើន ឬអំឡុងពេលនៃការពង្រីក។
របាយការណ៍បានគូសបញ្ជាក់ថា៖«រោងចក្រជាច្រើនបានរាយការណ៍ថាត្រូវបានបង្ខំឱ្យជួលកម្មករដែលមិនសូវមានជំនាញ បង្កើនតម្រូវការបណ្តុះបណ្តាល និងកែតម្រូវតម្លៃ»។
របាយការណ៍បានព្រមានថា ការចាកចេញរបស់កម្មករញឹកញាប់ក៏បន្ថែមពីលើបញ្ហាប្រឈមទាំងនេះ ដោយរោងចក្រមួយចំនួនបានកត់សម្គាល់ថា កម្មករដែលបានទទួលការបណ្តុះបណ្តាលហើយចាកចេញជាបន្តបន្ទាប់គឺរំខានដល់ផលិតកម្ម និងកាត់បន្ថយផលិតភាព។
លោក ឃុន ថារ៉ូ ប្រធានកម្មវិធីការងារនៅសង់ត្រាល់ មានប្រសាសន៍ថា វាមានសារៈសំខាន់សម្រាប់រដ្ឋាភិបាលក្នុងការចែករំលែកទិន្នន័យ និងព័ត៌មានពាក់ព័ន្ធ ដើម្បីឱ្យអង្គការក្រៅរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍អាចចូលប្រើប្រាស់ទិន្នន័យទាំងនោះបាន។
លោកបានបន្តថា៖«បច្ចុប្បន្ននេះ មានការព្រួយបារម្ភដែលបានលើកឡើងដោយភាគីពាក់ព័ន្ធទាក់ទងនឹងទិន្នន័យដែលបង្ហាញដោយក្រសួងការងារ ជាពិសេសការអះអាងថា អត្រាខ្ពស់នៃពលករចំណាកស្រុកដែលត្រឡប់មកវិញទទួលបានការងាររួចហើយ»។
យ៉ាងណា លោក ស៊ុន មេសា បាននិយាយថា ក្រសួងបានសហការជាមួយមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ដោយបានចាប់ផ្តើមកម្មវិធីបណ្តុះបណ្តាលក្នុងវិស័យកាត់ដេរ ដោយផ្តល់ជំនួយក្នុងការរស់នៅ និងជំនួយជាសាច់ប្រាក់ចំនួន ៨ដុល្លារក្នុងមួយថ្ងៃសម្រាប់រយៈពេលប្រាំពីរថ្ងៃ។
ក្រសួងកាងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងលើកទឹកចិត្តពលករគ្រប់គ្នា ជាពិសេសអ្នកត្រឡប់មកពីប្រទេសថៃវិញ ឱ្យទាក់ទងទៅបណ្តាញទូរសព្ទសម្រាប់ឱកាសការងារបន្ទាន់ ដោយទំនាក់ទំនងទៅលេខ ១២៩៧។
លោក ស៊ុន មេសា បាននិយាយថា៖«យើងធានានូវឱកាសការងារ» ដោយបន្ថែមថា «ឱកាសការងារ ៩០០ ០០០កន្លែង នៅតែមាននៅក្នុងវិស័យចំនួនបីរួមមាន ឧស្សាហកម្ម កសិកម្ម និងសេវាកម្ម និងទេសចរណ៍»៕