សង់ត្រាល់៖ ពលករជាង ៥០% ចង់ចំណាកស្រុកឡើងវិញដោយសារជាប់បំណុលវ័ណ្ឌក

ពុធ ៧កើត ខែចេត្រ ឆ្នាំម្សាញ់ ព.ស. ២៥៦៩ (25 មីនា 2026)

ប្រភព៖ RFI

មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ សង់ត្រាល់ បានផ្សព្វផ្សាយ​របាយការណ៍ថ្មីមួយស្តីពីការវាយតម្លៃផលប៉ះពាល់របស់ពលរដ្ឋចំណាកស្រុកដែលបានវិលចូលប្រទេសកម្ពុជាវិញ។ បើតាមសង់ត្រាល់ ពលករខ្មែរដែលទើបត្រឡប់ពីប្រទេសថៃកំពុងប្រឈមនឹងបំណុល និងការរកចំណូលចិញ្ចឹមជីវិតបានតិចតួច។ ពលករជាង ៥០% នៃពលករដែលសង់ត្រាល់ជួបសម្ភាសបានអះអាងថា ពួកគេចង់ចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសឡើងវិញដើម្បីដោះស្រាយស្ថានភាព​ដ៏យ៉ាប់យ៉ឺនសព្វថ្ងៃ។ 

នៅក្នុងរបាយការណ៍ស្តីពីការវាយតម្លៃផលប៉ះពាល់លើជនចំណាកស្រុកចេញផ្សាយថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ សង់ត្រាល់បានរកឃើញថា មាន ៨% នៃពលករខ្មែរដែលបានពីប្រទេសថៃកំពុងមានបំណុលថ្មី ៣០.៥%បានទទួលជំនួយស្បៀងអាហាររយៈពេលខ្លី ខណៈការថែទាំសុខភាព ការគាំទ្រផ្លូវចិត្ត ជំនួយជីវភាព និងការបណ្តុះបណ្តាលវិជ្ជាជីវៈស្ទើរតែគ្មានសោះ។ លទ្ធផលនេះបានមកពីការជួបសម្ភាសពលករចំនួន ៥២៧នាក់មកពី ១១ខេត្ត។ បើតាមសង់ត្រាល់ ក្នុងចំណោមពលករខ្មែរដែលបានជួបសម្ភាសទាំង ៥២៧នាក់ មានប្រមាណ ៧១% បានសារភាពថា ខ្លួនកំពុងជំពាក់បំណុលជាមធ្យម ៥ ៥០០ដុល្លារ ហើយក្នុងចំណោមនេះ មានប្រមាណ ៨៥% គ្មានលទ្ធភាពសងបំណុលទេ។

សង់ត្រាល់យល់ថា កត្តាទាំងនេះបានធ្វើឲ្យប៉ះពាល់ដល់ការសិក្សារបស់កុមារតូចៗ បញ្ហាសុខភាពផ្លូវចិត្ត ស្ថិរភាពគ្រួសារ និងការឈានទៅសម្លាប់ខ្លួនដើម្បីគេចពីបំណុល។ របាយការណ៍របស់សង់ត្រាល់បានរកឃើញទៀតថា ពលករខ្មែរដែលត្រលប់ពីប្រទេសថៃវិញក៏កំពុងស្ថិតក្នុងលក្ខខណ្ឌជីវភាពមិនគ្រប់គ្រាន់ ដោយមានប្រាក់ចំណូលជាមធ្យមត្រឹមតែ ៦៤ដុល្លារក្នុងមួយខែ ខណៈការចំណាយមានយ៉ាងតិច ១៧៣ដុល្លារ។ ទន្ទឹមគ្នានេះ ក្នុងចំនួនពលករទាំង ៥២៧នាក់ដែលសង់ត្រាល់បានជួបសម្ភាស មានជាងពាក់កណ្តាល ពោល ៥៣% បានអះអាងថា ពួកគេមានគម្រោងចំណាកស្រុកឡើងវិញដើម្បីដោះស្រាយបញ្ហាជីវភាព និងបំណុល។

ប្រឈមនឹងការពិបាករកការងារធ្វើ និងស្ថានភាពបំណុលកាន់តែធ្ងន់ ក របស់ពលករដែលត្រឡប់ពីប្រទេសថៃនេះ សង់ត្រាល់បានស្នើឲ្យរដ្ឋាភិបាលកម្ពុជាពង្រីកការ ការពារសង្គម តាមរយៈយន្តការជំនួយសាច់ប្រាក់ ការគាំទ្រស្បៀងអាហារ ការលើកលែងថ្លៃសេវាសុខភាព ការទទួលស្គាល់ជំនាញរហ័ស ការបណ្តុះបណ្តាលវិជ្ជាជីវៈរយៈពេលខ្លី និងការបន្ធូរបន្ថយការសងបំណុលដើម្បីធានាដល់ការអន្តរាគមន៍បន្ទាន់។ តែលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារបានចាត់ទុករបាយការណ៍របស់សង់ត្រាល់ថាគ្មានភាពសុក្រឹតត្រឹមត្រូវ និងមិនអាចតំណាងឲ្យបទពិសោធន៍ជាក់ស្តែងរបស់ពលករជាង ៩០ម៉ឺននាក់ដែលបានត្រឡប់ពីប្រទេសថៃបានឡើយ។

ចំពោះលោក ស៊ុន មេសា កិច្ចសម្ភាសដែលសង់ត្រាល់បានសួរពលករធ្វើឡើងដោយមានការគ្រោងទុក ពោលមិនមែនជាកិច្ចសម្ភាសចៃដន្យទេ។ អ្នកនាំពាក្យក្រសួងការងាររូបនេះដដែលបានបញ្ជាក់ថា មានអតីតពលករជាង ៦៥ម៉ឺននាក់បានទទួលការងារធ្វើ ក្នុងនោះ មាន ៣៣ម៉ឺននាក់ធ្វើការក្នុងរោងចក្រសហគ្រាស និង៣២ម៉ឺននាក់ទៀតធ្វើការក្នុងការដ្ឋានសំណង់ ភោជនីយដ្ឋានជាដើម។ ទន្ទឹមគ្នានេះ ក្រសួងការងារនៅតែបន្តរៀបចំការបណ្តុះបណ្តាលជំនាញរយៈពេលខ្លី និងវែង ព្រមទាំងរកការងារឲ្យអតីតពលករដែលត្រលប់ពីប្រទេសថៃធ្វើជាបន្តទៀត។

គួររម្លឹកជូនថា ចន្លោះពីខែកក្កដាដល់ខែធ្នូ ឆ្នាំ២០២៥ មានពលករខ្មែរយ៉ាងតិចជាង ៩០០,០០០នាក់ បានត្រលប់ពីប្រទេសថៃវិញដោយសារភាពតានតឹងនៅតាមព្រំដែនរវាងកម្ពុជា-ថៃ៕