ប្រភព៖ RFA
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអះអាងប្រាប់អង្គការអន្តរជាតិទេសន្តប្រវេសន៍(IOM)ប្រចាំកម្ពុជា កាលពីពេលថ្មីៗនេះថា ក្រសួងមានផែនការយុទ្ធសាស្ត្រជាអាទិភាពដើម្បីជួយឱ្យពលករចំណាកស្រុកអាចទទួលបានកិច្ចគាំពារ និងផលប្រយោជន៍ជាច្រើនបន្ថែមទៀត។
បើទោះបីជាយ៉ាងណា ក្រុមសហជីព និងអង្គការក្រៅរដ្ឋាភិបាល យល់ថា ការលើកឡើងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនេះ គេធ្លាប់ដឹងឮជាយូរមកហើយ ក៏ប៉ុន្តែភាពជាក់ស្ដែងគឺមិនបានជួយគាំពារដល់ការប្រឈមនានារបស់ពលករចំណាកស្រុកនៅក្រៅប្រទេសឱ្យប្រសើរនោះទេ។
សង្គមស៊ីវិលនិងសហជីពកម្មករ ជំរុញឱ្យរដ្ឋាភិបាល ជាពិសេសក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈយកចិត្តទុកដាក់បន្ថែមទៀតទៅលើកិច្ចការពារ និងការលើកកំពស់សិទ្ធិពលករចំណាកស្រុក ឱ្យកាន់តែប្រសើរនិងមានប្រសិទ្ធភាព។
នាយកប្រតិបត្តិអង្គការសង់ត្រាល់ (CENTRAL)លោក មឿន តុលា មានប្រសាសន៍កាលពីថ្ងៃទី២៨ខែឧសភាថា ដើម្បីការពារនិងលើកកំពស់សិទ្ធិពលករចំណាកស្រុកនៅក្រៅប្រទេសឱ្យកាន់តែប្រសើរ លោកយល់ថា រដ្ឋាភិបាលគួរតែពិចារណាទៅលើច្បាប់ដែលកំណត់ការជ្រើសរើសពលករ ប្រកបដោយក្រមសីលធម៌ និងតម្លាភាព ហើយមន្ត្រីស្ថានទូតនៅក្រៅប្រទេស គួរតែពង្រឹងសេវានៃកិច្ចការពារជួយដល់ពលរដ្ឋ ឱ្យបានឆាប់រហ័សនៅពេលដែលមានបញ្ហាកើតឡើង។
លោក មឿន តុលា៖ «រឿងធ្ងន់ធ្ងរសម្រាប់ពលករខ្មែរ ដែលទៅធ្វើការនៅក្រៅប្រទេសគឺរឿងបង្ខំឱ្យធ្វើការថែមម៉ោង។ បើសិនជាក្រុមហ៊ុនតម្រូវឱ្យធ្វើការថែមម៉ោងគឺពលករមិនអាចប្រកែកបានទេ ពីព្រោះកម្មករត្រូវការលុយផង ហើយទីពីរដោយសារទៅដល់ប្រទេសគេផង បើសិនជាកម្មករប្រកែក អាចនឹងធ្វើឱ្យក្រុមហ៊ុនកត់សំគាល់។ ដូចពលករធ្វើការនៅជប៉ុនក៏ដោយ នៅកូរ៉េនិងថៃក៏ដោយ កាលណាយើងដាក់ពាក្យធ្វើការងារនៅក្នុងក្រុមហ៊ុនមួយ គឺច្បាប់ និងMOUគេមិនអនុញ្ញាតឱ្យពលករអាចប្ដូរថៅកែដោយខ្លួនឯងទេ»។
ស្រដៀងគ្នានេះ អនុប្រធានសហព័ន្ធសហជីពវិស័យកាត់ដេរកម្ពុជាលោក អាត់ ធន់ មានប្រសាសន៍ថា កម្មករជាច្រើនដែលកំពុងធ្វើការនៅក្រៅប្រទេស មិនថា នៅប្រទេសថៃ (Thailand) ប្រទេសកូរ៉េខាងត្បូង (South Korea) ប្រទេសម៉ាឡេស៊ី (Malaysia) និងអារ៉ាប៊ី សាអូឌីត (Saudi Arabia) ទេ គឺតែងជួបបញ្ហាបើកប្រាក់ខែឱ្យមិនគ្រប់ ការបង្ខំឱ្យធ្វើការលើសកម្លាំង និងការមិនគោរពសិទ្ធិកម្មករ ដោយមិនអនុវត្តទៅតាមកិច្ចសន្យាជាដើម។
លោក អាត់ ធន់៖ «ខ្ញុំឃើញថា កម្មករនៅតែមានបញ្ហាប្រឈម ហើយខ្ញុំមិនដឹងថា តើការដោះស្រាយឬក៏វិធានការរបស់ក្រសួងនោះ បានលទ្ធផលកំរិតណាទេ ពីព្រោះកន្លងមក វាមានបញ្ហាកើតឡើង ជាពិសេសនៅប្រទេសថៃ និងម៉ាឡេស៊ីគឺមានបញ្ហាកើតឡើងច្រើន»។
លោក អាត់ ធន់ បន្ថែមថា បើទោះជារដ្ឋាភិបាល ក៏ដូចជាក្រសួងការងារមានផែនការនិងយុទ្ធសាស្ត្រ សម្រាប់ជួយដល់កម្មករចំណាកស្រុកក៏ដោយ ក៏បច្ចុប្បន្នកម្មករនៅក្រៅប្រទេស នៅតែប្រឈមនិងបញ្ហាជាច្រើន ដែលទាមទារឱ្យរដ្ឋាភិបាលគួរតែពង្រឹងសេវានៃកិច្ចការពារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។
វិទ្យុអាស៊ីសេរី មិនអាចសុំការពន្យល់ជុំវិញបញ្ហាជាច្រើននេះ ពីអ្នកនាំពាក្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក កត្តា អ៊ន និងអ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី បាននៅឡើយ ដោយសារតែទូរស័ព្ទរបស់លោកទាំងពីរ មិនអាចទាក់ទងបាននៅថ្ងៃទី២៩ ខែឧសភា។
ប៉ុន្តែរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានអះអាងប្រាប់អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM)ប្រចាំកម្ពុជា កាលពីពេលថ្មីៗនេះថា ក្រសួងមានផែនការយុទ្ធសាស្ត្រជាអាទិភាពដើម្បីជួយឱ្យពលករចំណាកស្រុកអាចទទួលបានកិច្ចគាំពារ និងផលប្រយោជន៍ជាច្រើនបន្ថែមទៀត។ លោកថា ផែនការយុទ្ធសាស្ត្រជាអាទិភាពដើម្បីជួយឱ្យពលករទេសន្តរប្រវេសន៍អាចទទួលបានកិច្ចគាំពារ និងផលប្រយោជន៍កាន់តែប្រសើរនេះ ក៏ជាបំណងដ៏ពិសិដ្ឋរបស់រដ្ឋាភិបាលដែរ។
បើទោះបីជាយ៉ាងនេះក្តី ក៏សង្គមស៊ីវិលមួយចំនួនរកឃើញថា ដោយសារតែរដ្ឋាភិបាលមានគោលនយោបាយ និងការអនុវត្តច្បាប់នៅទន់ខ្សោយ គឺជាឱកាសឱ្យក្រុមហ៊ុនឯកជនខ្លះ ដែលបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេស អាចឆ្លៀតកេងយកប្រយោជន៍ ដូចជាបង្ខំឱ្យពលករធ្វើការលើសកំរិត ដោយគ្មានប្រាក់ខែគ្រប់គ្រាន់ ហើយពលករខ្លះទៀត ក៏ត្រូវគេបង្ខំឱ្យធ្វើការនៅក្នុងសម្ពាធ ដែលមិនអាចធ្វើដំណើរទៅណាមកណាបានដោយសេរី ដោយសារតែថៅកែដកហូតលិខិតឆ្លងដែនទុកជាដើម។
ពលការិនីម្នាក់ ដែលទើបតែវិលត្រឡប់មកពីប្រទេសអារ៉ាបប៊ី សាអូឌីត (Saudi Arabia) ឱ្យដឹងថា រូបនាង និងពលរដ្ឋខ្មែរចំនួន១១នាក់ផ្សេងទៀត ត្រូវក្រុមហ៊ុនយកទៅធ្វើការផ្នែកបោសសំអាត។ ក្នុងរយៈពេល៣ខែ ដែលរូបនាងធ្វើការនៅប្រទេសអារ៉ាប់នោះ គឺមានការគាបសង្កត់លើផ្លូវចិត្តជាខ្លាំង ដូចជាគេហាមមិនឱ្យដើរចេញពីបន្ទប់ សូម្បីតែអើតមើលតាមបង្អួចក៏មិនបានព្រមទាំងបង្ខំឱ្យធ្វើការលើសកំរិតផង។
ពលការិនី៖ «ពិបាកត្រង់ថា បាយគេឆាជាមួយខ្លាញ់ជាមួយអីនោះ ពួកខ្ញុំមិនចេះហូបទេ។ ជួនកាលពូកខ្ញុំទៅធ្វើការ គឺថៅកែមិនទាន់ឱ្យហូបបាយទេ ទាល់តែពួកខ្ញុំចេញទៅធ្វើការបាត់ ម៉ោង ១ម៉ោង២រសៀលទើបគេយកបាយមក ហើយនៅម៉ោង៤ ម៉ោង៥ល្ងាច ពេលពួកខ្ញុំត្រឡប់មកពីធ្វើការវិញទើបបានហូបបាយ។ អ្នកធ្វើការនៅតាមផ្ទះ គឺថៅកែដាក់កំណត់ឱ្យធ្វើការចាប់ពី ១៥ម៉ោង ទៅ ១៧ម៉ោង ក្នុង១ថ្ងៃ។ អាហារក៏មិនគ្រប់គ្រាន់រួចហើយគេឱ្យពួកខ្ញុំធ្វើការលើសកម្លាំងហួសកម្លាំង»។
កាលពីថ្ងៃទី១៨ ខែមេសា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយក្រសួងការបរទេសបានរំដោះពលការិនីខ្មែរចំនួន ៧៨នាក់ ដែលចាញ់បោកក្រុមហ៊ុននាំទៅធ្វើការនៅប្រទេសអារ៉ាប៊ី សាអូឌីត ឱ្យវិលត្រឡប់មកប្រទេសវិញជាបន្តបន្ទាប់។
របាយការណ៍របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សឆ្នាំ២០២៣ និងទិសដៅអនុវត្តន៍ឆ្នាំ២០២៤ ឱ្យដឹងថា ស្ថាប័នចម្រុះរបស់រដ្ឋាភិបាល ដែលសហការជាមួយអង្គការដៃគូ បានជួយជនរងគ្រោះ និងងាយរងគ្រោះ ដោយអំពើជួញដូរមនុស្ស ពីប្រទេសនានា ឱ្យត្រឡប់មកប្រទេសកម្ពុជាវិញ បានចំនួនជាង ២ម៉ឺន ៣ពាន់ (២៣.៦០១) នាក់។
របាយការណ៍របស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈឱ្យដឹងថា បច្ចុប្បន្ននេះមានពលករខ្មែរជាង ១លាន ៣សែននាក់ កំពុងធ្វើការនៅក្រៅប្រទេស រួមមាននៅប្រទេសថៃ កូរ៉េខាងត្បូង(South Korea) ម៉ាឡេស៊ី (Malaysia) ជប៉ុន (Japan) សិង្ហបុរី (Singapore) ចិន និងអារ៉ាប៊ី សាអូឌីត (Saudi Arabia) ជាដើម។
ប៉ុន្តែអង្គការសង្គមស៊ីវិលផ្នែកការពារសិទ្ធិពលករវិញបង្ហាញថា ចំនួនពលករកម្ពុជានៅក្រៅប្រទេសអាចមានទៅដល់ជាង ២លាននាក់ដោយរាប់ទាំងពលករស្របច្បាប់និងមិនស្របច្បាប់៕