សង្គម​ស៊ីវិល​ស្នើ​​ជួយ​សង្គ្រោះ​ពលករ​ខ្មែរ​ដែល​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍ ហើយ​រត់​គេច​ខ្លួន​ចូល​ក្នុង​ព្រៃ​នៅ​ថៃ

សុក្រ ១៤កើត ខែមាឃ ឆ្នាំថោះ ព.ស. ២៥៦៧ (23 កុម្ភៈ 2024)

ប្រភព៖ RFA

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ស្នើ​ដល់​រដ្ឋាភិបាល​ឲ្យ​ជួយសង្គ្រោះ​ពលរដ្ឋ​ខ្មែរ ដែល​ចំណាកស្រុក​ខុសច្បាប់​ចូល​ប្រទេស​ថៃ ហើយ​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តាម​ផ្លូវ រួច​រត់គេច​ចូល​ទៅ​ក្នុង​ព្រៃ​ទាំង​ខ្លួន​មាន​របួស។

ការ​លើកឡើង​នេះ ក្រោយ​ពី​កាសែត​ថៃ ចុះ​ផ្សាយ​នៅ​ថ្ងៃទី​១៨ កុម្ភៈ​ថា ពលករ​ខ្មែរ និង​កុមារ​មួយ​ចំនួន បាន​រង​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ខេត្ត​ចន្ទបូរី (Chanthaburi) និង​បាន​រត់​ចូល​ទៅ​ក្នុង​ព្រៃ ដោយសារតែ​ខ្លាច​អាជ្ញាធរ​ថៃ​ឃាត់ខ្លួន​ពី​បទ​ឆ្លង​ដែន​ខុស​ច្បាប់។

មន្ត្រី​ផ្នែក​ការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក នៃ​អង្គការ​សង់ត្រាល់ (CENTRAL) ប្រចាំ​នៅ​ប្រទេស​ថៃ លោក លឹង សុផុន ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​១៩ កុម្ភៈ​ថា លោក​បាន​ទទួល​ដំណឹង​ពី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​ចន្ទបុរី (Chanthaburi) ប្រទេស​ថៃ ដែល​បណ្ដាល​ឲ្យ​ពលករ រួម​ទាំង​កូនៗ​របស់​ពួកគាត់​រង​របួស ហើយ​ពួកគាត់​បាន​រត់​ចូលក្នុង​ព្រៃ​ដោយសារ​ខ្លាច​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន។ លោក​បន្ត​ថា លោក​កំពុង​ទាក់ទង​ទៅ​បណ្ដាញ​នៅ​ខេត្ត​ចន្ទបុរី ដើម្បី​រក​ព័ត៌មាន​បន្ថែម​ពី​ជនរងគ្រោះ​ទាំងនោះ។ទោះ​យ៉ាងណា លោក​ស្នើ​ដល់​រដ្ឋាភិបាល​ឱ្យ​ទាក់ទង​ទៅ​អាជ្ញាធរ​ថៃ ដើម្បី​សង្គ្រោះ​ពលរដ្ឋ និង​កូនៗ​របស់​ពួកគាត់។

លោក លឹង សុផុន៖ «រឿង​ល្អ​ដល់​ពួកគាត់​គួរណា​តែ​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​ខាង​ស្ថាប័ន​ស្ថានទូត និង​ខាង​អនុព័ន្ធ​ការងារ គួរតែ​ជួយ​តាមដាន​រឿង​ហ្នឹង ដើម្បី​ជួយ​ពួកគាត់​តាម​វិធានការ​ណាមួយ ដែល​ឲ្យ​ពួកគាត់​ហ្នឹង​បាន​រួច​ផុត​ពី​គ្រោះថ្នាក់​អីចឹង​ហា និង​ដោះស្រាយ​តាម​ច្បាប់ ដើម្បី​ឲ្យ​ពួកគាត់​រួចផុត​ពី​ការ​ជាប់គុក ឬក៏​បាន​វិលត្រឡប់​ទៅ​ស្រុក​វិញ​អ៊ីចឹង​ទៅ​។ មួយវិញទៀត ពេលខ្លះ​ពួកគាត់​ជួប​គ្រោះថ្នាក់​អីចឹង​ទៅ អត់​មាន​អ្នកណា​ទៅ​ជួយ​ដោះស្រាយ មិន​ដឹង​ថា គេ​បញ្ជូន​ពួកគាត់​ទៅ​ខាង​ណា​ខាង​ណី យើង​អត់​ដឹង​អី​ច្បាស់លាស់​ក៏​ជា​រឿង​មួយ​ពិបាក​ដែរ»

កាសែត ខៅ សត (Khao Sod) របស់​ប្រទេស​ថៃ ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី​១៨ កុម្ភៈ ថា រថយន្ត​ដឹក​អ្នកដំណើរ​មួយ​គ្រឿង ដែល​មាន​ពលរដ្ឋ​ខ្មែរ​រួម​ដំណើរ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ខេត្ត​ចន្ទបុរី ពេល​ត្រឡប់​មកពី​ព្រំដែន​កម្ពុជា នៅ​វេលា​ម៉ោង​ជិត​២ រំលង​អាធ្រាត្រ ថ្ងៃទី​១៨ កុម្ភៈ​។ គ្រោះថ្នាក់​ចរាចរណ៍​នោះ​បណ្ដាល​ឲ្យ​អ្នកដំណើរ​ជា​ពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់​រង​របួស ហើយ​ពលករ​ខ្មែរ​មួយ​ចំនួន​ទៀត បាន​រត់​ចូល​ទៅ​ក្នុង​ព្រៃ​ក្នុង​តំបន់​នោះ​ទាំង​ខ្លួន​មាន​របួស ដោយសារតែ​ខ្លាច​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​ពី​បទ​ឆ្លងដែន​ដោយ​ខុស​ច្បាប់។

ក្រុម​សង្គ្រោះ​ក្នុង​ខេត្ត​ចន្ទបុរី បាន​ជួយសង្គ្រោះ​ពលករ​ខ្មែរ​ទាំងនោះ ហើយ​មនុស្ស​ចំនួន​៤​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ម៉ាក់ខាំ (Makham Hospital) ។ ក្រុម​សង្គ្រោះ បាន​ស្រែកហៅ​ឲ្យ​ពលរដ្ឋ​ខ្មែរ ដែល​រត់​ចូល​ទៅ​ក្នុង​ព្រៃ ឲ្យ​ចេញ​មក​ទទួល​ការ​ពិនិត្យ និង​ជួយ​សង្គ្រោះ ដោយ​បារម្ភ​ថា អ្នក​រងរបួស​ទាំងនោះ​កាន់តែ​ជួប​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដោយសារ​បាត់បង់​ឈាម ជាពិសេស​ចំពោះ​កុមារ។ អ្នក​ដែល​រត់​ចូល​ទៅ​ក្នុង​ព្រៃ​ទាំងនោះ​បាន​ចេញ​មក​វិញ ដើម្បី​ទទួល​ការ​ព្យាបាល។

អាជ្ញាធរ​ថៃ​ថា នឹង​សហការ​ជាមួយ​អ្នក​ពាក់ព័ន្ធ​ដើម្បី​ចាត់វិធានការ​ច្បាប់​ចំពោះ​ពលករ​បរទេស ដែល​ឆ្លងដែន​ខុស​ច្បាប់។

វិទ្យុ​អាស៊ីសេរី នៅ​មិនទាន់​អាច​ទាក់ទង ប្រធាន​អនុព័ន្ធ​ការងារ​អម​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ លោក ឈឹម វិបុល និង​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​លោក អាន សុខឿន ដើម្បី​សុំ​ការ​ឆ្លើយតប​ចំពោះ​បញ្ហា​នេះ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ។

ទោះ​យ៉ាងណា មន្ត្រី​ផ្នែក​ការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក នៃ​អង្គការ​សង់ត្រាល់ (CENTRAL) ប្រចាំ​នៅ​ប្រទេស​ថៃ លោក លឹង សុផុន បារម្ភ​ថា ពលករ និង​កុមារ​តូចៗ ដែល​ចំណាកស្រុក​ទៅ​ប្រទេស​ថៃ​ទាំងនោះ អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ជាដើម​។ លោក​បន្ថែម​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ រដ្ឋាភិបាល​គួរតែ​បង្កើត​ការងារ​ក្នុងស្រុក​ឱ្យ​បាន​ច្រើន ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ និង​បំណុល​ធនាគារ​ជាដើម​។ បន្ថែម​ពី​នេះ​រដ្ឋាភិបាល​ត្រូវ​កាត់បន្ថយ​ការ​ចំណាយ​របស់​កម្មករ​ឱ្យ​ទាប​ទៅលើ​តម្លៃ​ធ្វើ​លិខិត​ឆ្លងដែន និង​ការ​ធ្វើ​ប័ណ្ណ​ការងារ​នានា​។ លោក​ថា ប្រសិនបើ​រដ្ឋាភិបាល​នៅតែ​មិន​ដោះស្រាយ​បញ្ហា​ទាំងនេះ​ទេ នោះ​ប្រជាពលរដ្ឋ​នឹង​នៅតែ​ធ្វើ​ចំណាកស្រុក​ខុសច្បាប់ និង​រងគ្រោះ​កាន់តែ​ច្រើន៕