អង្គការ​បណ្ដាញ​ពលករ​ចំណាកស្រុក​របស់​ថៃ រក​ឃើញ​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់ ត្រូវ​អាជ្ញាធរ​ថៃ​ជំរិត​ទារ​ប្រាក់

សុក្រ ១២កើត ខែមាឃ ឆ្នាំម្សាញ់ ព.ស. ២៥៦៩ (30 មករា 2026)

ប្រភព៖ tfa

អង្គការ​បណ្ដាញ​ពលករ​ចំណាកស្រុក​(MWG) របស់​ប្រទេស​ថៃ បាន​រកឃើញ​ថា ពលករ​ខ្មែរ​ជាច្រើន​នាក់ ត្រូវ​អាជ្ញាធរ​ថៃ​ប្រមូល​ទារប្រាក់ ខណៈ​ពួកគេ​លួច​ឆ្លងដែន​ចូលក្នុង​ប្រទេស​ថៃ​ដោយ​ខុសច្បាប់។ អង្គការ​មួយ​នេះ បាន​ព្រមាន​អំពី​ការ​រីក​រាលដាល​នៃ​អំពើពុករលួយ កាន់តែ​ធ្ងន់ធ្ងរ​នៅក្នុង​ប្រព័ន្ធ​​​​​​​​​​​សំណូក​សម្រាប់​ពលករ​បរទេស ដែល​ប្រព្រឹត្ត​ដោយ​អាជ្ញាធរ​ថៃ។

នេះ​គឺជា​ករណី​ដ៏​កម្រ​មួយ ដែល​អង្គការ​សង្គម​ស៊ីវិល​របស់​ថៃ បាន​បកអាក្រាត​ពី​អំពើពុករលួយ ដែល​ប្រព្រឹត្ត​ដោយ​អាជ្ញាធរ​ថៃ មក​លើ​ពលករ​បរទេស។

នៅក្នុង​សេចក្ដីថ្លែងការណ៍ ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​២៨ ខែ​មករា អង្គការ​បណ្ដាញ​ពលករ​ចំណាកស្រុក (Migrant Working Group MWG) បាន​លើកឡើង​ថា ពលករ​ខ្មែរ ដែល​ឆ្លងដែន​ដោយ​ខុសច្បាប់​ចូល​ប្រទេស​ថៃ ក្នុង​ម្នាក់ៗ ត្រូវ​បង់ប្រាក់​សំណូក ទៅ​ឱ្យ​អាជ្ញាធរ​ថៃ ដែល​ប្រចាំការ​នៅ​ច្រកព្រំដែន យ៉ាងហោចណាស់​ចំនួន ៤​ដង ដែល​គិត​ជា​ទឹកប្រាក់​រហូតដល់​ជាង ១​ពាន់​ដុល្លារ។

អង្គការ​បណ្ដាញ​ពលករ​ចំណាកស្រុក រក​ឃើញ​ថា ពលករ​ខ្មែរ ដែល​បាន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ តាម​ការ​អំពាវនាវ​របស់​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន ក្នុង​អំឡុង​មាន​វិវាទ​រឿង​ព្រំដែន​រវាង​កម្ពុជា​-​ថៃ បាន​ប្រឈមមុខ​នឹង​អនាគត​មិន​ប្រាកដប្រជា ភាព​អត់​ការងារ​ធ្វើ ភាព​អត់ឃ្លាន និង​ជួប​បញ្ហា​ជីវភាព​លំបាក ដែល​ខុសពី​កាល​ធ្វើការ​នៅ​ប្រទេស​ថៃ ដោយ​ពួកគេ​អាច​ផ្ញើ​ប្រាក់​ទៅ​ចិញ្ចឹម​គ្រួសារ​បាន​យ៉ាង​សមរម្យ។

អង្គការ​មួយ​នេះ បង្ហាញ​ថា ដោយសារ​ជួបប្រទះ​វិបត្តិ​ទាំងនេះ ពលករ​ខ្មែរ​មួយចំនួន បាន​បង្ខំចិត្ត​រក​វិធី​ដើម្បី​វិលត្រឡប់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​វិញ​។ ក៏ប៉ុន្តែ​ដោយសារ​ច្រកព្រំដែន​ត្រូវ​បាន​បិទ ពួកគេ​បាន​បង្ខំចិត្ត​លួច​ឆ្លងដែន​ខុសច្បាប់ តាម​ច្រក​ធម្មជាតិ នៅ​តាម​បណ្ដោយ​ព្រំដែន​នៅក្នុង​ខេត្ត​ត្រាត (Trat) ចន្ទបុរី​(Chanthaburi) និង​ស្រះកែវ (Sakeo) ដែល​បណ្ដាល​ឱ្យ​ពួកគេ​ត្រូវ​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​ជា​បន្តបន្ទាប់។

អង្គការ​របស់​ថៃ​ដដែល បាន​បង្ហាញថា ក្នុងចំណោម​ពលករ​ខ្មែរ​ដែល​ឆ្លងដែន​ខុសច្បាប់ មាន​អ្នកខ្លះ​បាន​ឆ្លងដែន​ចូល ហើយ​ត្រូវ​អាជ្ញាធរ​ចាប់​បញ្ជូន​ចេញពី​ប្រទេស​ចុះឡើង រហូតដល់ ៤​ដង ដោយ​រាល់ពេល​ត្រូវ​ចាប់ខ្លួន​ម្ដងៗ អាជ្ញាធរ​បាន​ប្រមូល និង​ជំរិត​ទារប្រាក់​ពី​ពួកគេ មុននឹង​ត្រូវ​ដឹក​បញ្ជូន​ត្រឡប់​ទៅ​កម្ពុជា​វិញ។

ទោះជា​យ៉ាងណា អ្នកសម្របសម្រួល​បណ្ដា​ញ​ពលករ​ចំណាកស្រុក (MWG) លោក អាឌីសន កើត​មង្គល​(Adisorn Kerdmongkol) បាន​លើកឡើង​ថា ករណី​ខ្លះ អាជ្ញាធរ​ថៃ និង​ពលករ​ខ្មែរ បាន​ស្ម័គ្រចិត្ត​បង្កើត​អំពើពុករលួយ​ជាមួយគ្នា ដើម្បី​ទទួល​បាន​ផលប្រយោជន៍​រៀងៗ​ខ្លួន ព្រោះ​ពលករ​ខ្លះ ចង់ទៅ​ធ្វើការ​ជាមួយ​ថៅកែ​ចាស់​របស់​ខ្លួន​វិញ ដោយសារ​មាន​សេចក្ដីទុកចិត្ត និង​ការធានា ក៏ប៉ុន្តែ​ខ្លះទៀត ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​បញ្ជូន​មក​កម្ពុ​ជា​វិញ និង​មួយ​ចំនួន​ទៀត មិន​អាច​រក​ការងារ​បាន​ធ្វើ​នោះ​ឡើយ ដោយសារ​ការរើសអើង ដែល​កើត​ចេញ​ពី​បញ្ហា​គំនិត​ជាតិនិយម។

លោក អាឌីសន កើតមង្គល ជ​រុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា និង​ថៃ ចរចា​បើក​ច្រកព្រំដែន​ឡើងវិញ ដោយសារ​ភាគី​ទាំងពីរ​ជា​ប្រទេសជិតខាង ហើយ​ត្រូវតែ​ស្វែងរក​មធ្យោបាយ ដើម្បី​រួមរស់​ជាមួយគ្នា​។ លោក​រំពឹង​ថា បន្ទាប់ពី​ការបោះឆ្នោត​ហើយ រដ្ឋាភិបាល​ថៃ​ថ្មី នឹង​ដាក់​ចេញ​នូវ​គោលនយោបាយ​ច្បាស់លាស់ ដើម្បី​ទទួលយក​ពលករ​ខ្មែរ​ឡើងវិញ បើ​មិន​ដូច្នោះ​ទេ ការ​រត់​ពន្ធ​កម្លាំង​ពលកម្ម​ពី​ក្រៅប្រទេស នឹង​ត្រឡប់​ទៅ​រក​ប្រព័ន្ធ​ចាស់​ឡើងវិញ ដោយ​មន្ត្រី​អាជ្ញាធរ នឹង​ប្រើប្រាស់​ប្រព័ន្ធ​បង់ប្រាក់​ក្រោម​តុ ពី​ក្រុម​ពលករ​ផង និង​ថៅកែ​ផង។

ជុំវិញ​រឿង​នេះ មន្ត្រី​គម្រោង​ផ្នែក​ការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក​ប្រចាំ​ប្រទេស​ថៃ នៃ​អង្គការ​សង់ត្រាល់ លោក លឹង សុផុន លើកឡើង​ថា គិត​មកដល់ពេលនេះ រដ្ឋាភិបាល​ថៃ នៅ​មិនទាន់​អនុលោម​ឱ្យ​ពលករ​ខ្មែរ អាច​បន្ត​សុពលភាព​វី​សា ឬ​ប័ណ្ណ​ការងារ​នៅឡើយ​ទេ ខណៈ​ពលករ​ខ្មែរ ចំនួន​ជាង ១​សែន ៤​ម៉ឺន​នាក់ នឹង​ត្រូវ​អស់​សុពលភាព​វីសា នៅ​ដំណាច់​ខែ​មីនា ឆ្នាំ​២០២៦ នេះ។

លោក លឹង សុផុន៖ «​កត្តា​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ពួកគាត់​ព្រួយបារម្ភ​ច្រើន។ អ្នកខ្លះ​មានកូន​រៀន​នៅ​ប្រទេស​ថៃ ហើយ​នៅពេល​ឪពុកម្ដាយ​អស់​សុពលភាព​វី​សា អ៊ីចឹង​ពួកគាត់​រស់នៅ​ក្នុង​ប្រទេស​ថៃ​អត់​បានទេ អ៊ីចឹង​ពួកគាត់ ក៏​មិនអាច​រៀន​នៅក្នុង​ប្រទេស​ថៃ​បាន​ដែរ»។

អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ស៊ុន មេសា បាន​ប្រកាស​នៅពេល​ថ្មីៗ​នេះ​ថា គិត​ត្រឹម​ពេលនេះ ក្រសួង​ការងារ បាន​រៀបចំ​វេទិកា​ការងារ​ចំនួន​ជាង ៥​រយ​លើក​មក​ហើយ នៅ​តាម​ភូមិ​ស្រុក ដើម្បី​ផ្ដល់​ឱកាស​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ ជាពិសេស​សម្រាប់​អតីត​ពលករ​ខ្មែរ​ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ ក្នុង​នោះ ពលរដ្ឋ​ខ្មែរ​ជាង ៦​សែន​នាក់​ទទួល​បាន​ការងារ​ធ្វើ។

ទោះជា​យ៉ាងណា ពលករ​ខ្មែរ​មួយចំនួន បាន​អះអាង​ថា ពួកគាត់​នៅតែ​មិនអាច​រក​ការងារ​ធ្វើ​នៅក្នុង​ស្រុក​បាន​នៅឡើយ ខណៈ​ការងារ​មួយចំនួន​ខុស​នឹង​ជំនាញ​ខ្លះទៀត ត្អូញត្អែរ​ថា កម្រៃ​ពលកម្ម​ការងារ​នៅក្នុង​ស្រុក មាន​ចំនួន​តិចតួច ដែល​ធ្វើ​ឱ្យ​ពួកគាត់​ជួប​បញ្ហា​ជីវភាព និង​ខ្លះទៀត ត្រូវ​ថៅកែ​មិន​បើកប្រាក់​ឈ្នួល​ឱ្យ​ជាដើម៕