អតីតពលករមួយ​ចំនួន​កំពុង​បន្ស៊ាំ​ខ្លួន​នឹងការ​ដាំដុះ​បន្លែ ដើម្បី​​ផ្គត់ផ្គង់ជីវភាព​និង​សងបំណុល

អង្គារ ៩កើត ខែមាឃ ឆ្នាំម្សាញ់ ព.ស. ២៥៦៩ (27 មករា 2026)
ប្រភព៖ ខេមបូចា

លោក​ ផាន សុផាត ជា​អតីតពលករមក​​ពីប្រទេសថៃម្នាក់​ ​ក្នុង​ចំណោម​ពលករខ្មែរ​​ប្រមាណ​ជាង​៩០​ម៉ឺន​នាក់ បច្ចុប្បន្ន​​កំពុង​សន្ស៊ាំខ្លួនទៅ​នឹងការ​ដាំដុះ​បន្លែបញ្ជូនទៅលក់​នៅលើ​ទីផ្សារ​ដើម្បី​សន្សំ​ប្រាក់​បង់​សង​ធនាគារផង ​និងផ្គត់​ផ្គង់​ជីវភាពប្រចាំថ្ងៃ​ដែល​កំពុង​មានការ​ខ្វះ ខាត​ ខណៈ​អង្គការ​សង់​​ត្រាល់​លើកឡើងថា ការ​បង្កើនការងារនិងមុខរបរក្នុង​ប្រទេស​គឺ​ជា​ការ​​ចូល​រួម​ចំណែក​អភិវឌ្ឍសេដ្ឋកិច្ច​គ្រួសារ​ពលករ និង​សេដ្ឋកិច្ចជាតិ ។

បន្ថែមពីនេះ​សង់ត្រាល់​បាន​បញ្ជាក់​​ថា ការយកចិត្តទុកដាក់រៀបចំគោលនយោបាយនានាដោយ​ដាក់បញ្ចូលពលករចំណាកស្រុក គឺជាការអភិវឌ្ឍធនធានមនុស្សផង និងអភិវឌ្ឍសេដ្ចកិច្ចជាតិផង ព្រោះពួកគេទាំងនោះជាចលករសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋ​កិច្ចគ្រួសារ សហគមន៍ និងសេដ្ឋកិច្ចជាតិទាំងមូល ។

​ជាមួយគ្នានេះ​ក្រសួង​ការងារ​ជំរុញឱ្យអតីតពលករដែលមានបំណុលប្រញាប់រកការងារក្នុងស្រុកធ្វើ​ដើម្បីកសាងជីវភាពឱ្យកាន់តែប្រសើរ ដោយ​អះអាងថា ការងារមានសម្បូរបែប ។

លោក ​ផាន សុផាត អតីតពលករធ្លាប់​ធ្វើការ​ក្នុង​ចម្ការដំណាំ និង​ធ្វើសំណង់​នៅ​ប្រទេសថៃ ប្រមាណ៦ឆ្នាំ​ រស់​នៅ​ឃុំពេជ្រ​ចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និង​ភរិយា​របស់​លោក​​ធ្លាប់​ទទួល​បាន​ការ​បណ្តុះ​​បណ្តាលពីការដាំបន្លែក្នុងផ្ទះសំណាញ់បច្ចុប្បន្ន​មាន​ផ្ទះសំណាញ់​ចំនួន​៣​សម្រាប់​ដាំ​បន្លែស្ពៃក្តោប ស្ពៃក្រញ៉ាញ់ និង​ស្ពៃតឿ​។ ​បុរស​​វ័យ​៣២​ឆ្នាំ​រូបនេះ​​ឱ្យ​ដឹង​ថា ក្នុង​ផ្ទះ​សំណាញ់​មួយ​ខ្នងលោក​អាច​ដាំបន្លែលក់​បាន​គិតជាមធ្យម​ប្រមាណ១លាន​៥០ម៉ឺន​រៀល​ដោយ​ប្រើ​រយៈ​ពេល​ដាំ​ប្រមាណ​ជាង​៧០ថ្ងៃ​។ ចំពោះ​ប្រាក់​ដែល​ទទួល​បាន​ពីការ​ លក់​បន្លែ​បើកាត់​ថ្លៃពូជថ្លៃជី​អាចនៅ​សល់​បាន​ប្រហែល​១លាន​រៀល​ ។

លោក ​សុផាត ​ដែលមានកូនពីរនាក់​ក្នុង​បន្ទុកបាន​​និយាយ​ថា៖ «តាម​ពិតកាលពីខ្ញុំធ្វើការនៅ​ថៃ​ប្រពន្ធ​ខ្ញុំ​​នៅផ្ទះ គឺ​គាត់​បាន​ដាំបន្លែនេះដែរ​ តែដាំតិច​ពីព្រោះ​មានផ្ទះ​សំណាញ់​តែ១​ទេ។ ប៉ុន្តែ​​បន្ទាប់​ពីខ្ញុំ​ត្រឡប់​មក​ពីថៃ​កាលពីខែកក្កដា​ឆ្នាំ២០២៥ ខ្ញុំ​ក៏ដំឡើង​ផ្ទះ​សំណាញ់​២ទៀត​ដើម្បី​ពង្រីក​ការ​ដាំបន្លែពីព្រោះ​ពេល​គេបិទព្រំដែន​បន្លែក្នុង​ស្រុកយើង​លក់​រាងដាច់មាន​ម៉ូយគេមក​ទិញ​ដល់ផ្ទះ»

យ៉ាងណាក្តី​អតីតពលករ​រូ​បនេះក៏នៅ​តែមាន​បំណង​ចេញទៅរកការ​ងារ​ធ្វើទៀត​ដែរ​ដើម្បី​បង្កើន​ប្រាក់​ចំណូល ដោយ​ទុកការ​ដាំបន្លែឱ្យ​ប្រពន្ធ​និង​កូន​។ គ្រួសារ​លោក សុផាត ​​មាន​ដី​កសិកម្ម​​សម្រាប់​ធ្វើស្រែប្រមាណជិត១ហិកតា​ និង​មាន​ដី​សម្រាប់​ដាំបន្លែប្រមាណជា៣០​ម៉ែត្រ​គុណនិង​៤០ម៉ែត្រ ។​

លោក​និយាយ​ថា៖ «បន្ទាប់ពីខ្ញុំ​មក​ពីថៃ គ្រួសារ​ខ្ញុំ​បាន​ខ្ចីលុយ​ធនាគារ​​បន្ថែម​៣០០០ដុល្លារ​ទៀត​​ធ្វើ​ឱ្យការ​ជំពាក់ធនាគារ​ឡើងដល់​ជាង​៥០០០​ដុល្លារ​។ ខ្ញុំខ្ចីគេ​យក​មកជួសជុលផ្ទះ​និងធ្វើ​ជាដើមទុន​សម្រាប់​​ពង្រីក​ការ​ដាំបន្លែបន្ថែម។ ដូច្នេះ​ខ្ញុំត្រូវចេញ​ទៅ​រកលុយយកមក​ដោះ​បំណុល​គេពីព្រោះ​បើពឹងតែទៅលើការ​ដាំបន្លែមួយ​មុខ​គឺបាន​តិចណាស់​មិនងាយ​សងគេរួច​ទេ»

បើតាមលោក សុផាត លោកគ្រោង​ទៅរកការងារ​សំណង់ធ្វើនៅនៅ​​ភ្នំពេញ បន្ទាប់​ពី​សង្គ្រាម​​ថៃ​​ឈ្លានពាន​​កាល​ពីខែកក្កដា​ឆ្នាំ២០២៥ បាន​ឈាន​ចូល​ដល់​បទ​ឈប់​បាញ់ ​លោក​ សុផាត គិត​ថា នៅ​ពេល​ដែល​ស្ថានការ​ណ៍​ព្រំដែន​ប្រទេស​ទាំង​២​ត្រូវបាន​ដោះ​ស្រាយ​ហើយ​​​ច្រក​ព្រំដែន​បើក​ដំណើរការ​ឡើង​វិញលោក​ចង់​ត្រឡប់​ទៅ​រកការ​ងារ​ធ្វើ​នៅ​ប្រទេស​ថៃ​មួយ​រយៈ​ទៀត​។ ប៉ុន្តែ​ បុរសអ្នក​ស្រុកភ្នំព្រឹក​រូបនេះ​​បាន​ប្រាប់ ​សារព័ត៌មានខេមបូចា កាលពីដើមខែមករា​ឆ្នាំ​​២០២៦នេះថា ចាប់​ពីពេលនេះតទៅ​លោក​ឈប់​ទៅ​ជាន់​ទឹកដី​ថៃ​ទៀត​ហើយ ​​ពីព្រោះ​លោក​មាន​ការ​ឈឺ​ចាប់​ណាស់​​នៅ​ពេល​ដែល​កង​ទ័ព​ថៃ​បាន​លើក​ទ័ព​ចូល​មក​​ឈ្លាន​ពាន​ទឹក​ដី​កម្ពុជា​​ជាលើក​ទី​២​ទាំងកំរោល​ចាប់ពីថ្ងៃ​ទី​៧​ដល់​ថ្ងៃ​ទី​២៧ ខែធ្នូ​ ឆ្នាំ​២០២៥ ​​។

អ្នកស្រី អួរ ហាយ អង្គុយ​នៅជណ្តើរផ្ទះ​របស់​អ្នកស្រីក្នុងភូមិជ្រៃខាងជើង ​ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ (រូបភាពផ្តល់ឱ្យ)

ទាក់​ទង​នឹងការ​ដាំបន្លែនេះដែរ អ្នក​ស្រី ​អួរ ហាយ ជាស្ត្រីមេម៉ាយ​មាន​វ័យ​៧៥​ឆ្នាំ​ បាន​ឱ្យ​ដឹង​ថា អ្នក​ស្រី​ជា​សមាជិកម្នាក់​​នៃសហគមន៍​កសិករ​ដាំបន្លែ​រស់នៅ​ភូមិ​ជ្រៃ​ខាងជើង ឃុំ​កៀន​សង្កែ ស្រុកសូទ្រនិគម ​ខេត្ត​សៀម​រាប។ ស្រ្តី​វ័យ​ចំណាស់​​ដែល​បច្ចុប្បន្ន​រស់នៅ​ជាមួយ​កូន​ប្រុស​​​​​​តែម្នាក់​គត់​​ និង​កូន​ប្រសារ ព្រម​ទាំង​ចៅ​ម្នាក់​រូបនេះ​​មាន​ដីស្រែតែ​កន្លះ​ហិកតា ​និង​មាន​​ដីដាំដំណាំ​១០ម៉ែត្រ​៤​ជ្រុង​។ កូនប្រុស​របស់​ស្ត្រី​រូប​នេះ​គឺ​​ធ្វើជាជាង​ជួសជុល​កង់​​ ចំណែក​​កូនប្រសារ​ជាអ្នក​ដាំ​បន្លែ​ជាមួយ​អ្នក​ស្រី ​​។

ស្ត្រី​ចំណាស់​មាន​​សម្បុរខ្មៅ​ស្រអែម​​ដែល​កំពុង​មាន​ជំងឺ​ប្រចាំកាយ​រូប​នេះ​បាន​និយាយ​ប្រាប់​ខេមបូចា ​ខណៈ​កំពុង​អង្គុយនៅ​លើកាំជណ្តើរ​ផ្ទះ​របស់ខ្លួន​ថា៖ «ខ្ញុំ​មាន​ដីស្រែតែកន្លះ​ហិក​តា​​ទេ។ ឆ្នាំនេះ​​ធ្វើស្រូវផ្ការំដួលតែ​ឥឡូវទុំ​ច្រូតលក់​អស់​ហើយ​​១គីឡូ​លក់​បាន​១០០០​រៀល​។ ខ្ញុំ​លក់​ស្រូវ​ដើម្បីសង​បំណុលគេ។ ឥ​ឡូវ​សង​មិន​ទាន់​រួច​ទេ​នៅ​ជំពាក់​គេ​មួយ​ចំនួន​ទៀត​​តែនៅ​ជំពាក់​តិច​ដែរទេ។ សព្វថ្ងៃ​កូន​បង្កើត​ធ្វើ​ជាង​ប៉ះកង់​​ កូន​ប្រសារ​ដាំបន្លែលក់រក​ចំណូល​បាន​តិចតួច​ទេ សម្រាប់​ហូបប្រចាំថ្ងៃផង​សន្សំ​ទុក​សងគេ​ផង។ ជីវភាពគ្រួសារ​ខ្ញុំ​​ក្រលំបាកណាស់​»

ស្ត្រី​ដែល​និយាយ​រដឺន​តាម​បែបអ្នក​ខេត្ត​សៀម​រាប​រូបនេះបាន​ត្អូញត្អែរថា សព្វថ្ងៃ​ការដាំ​បន្លែលក់​ឱ្យ​សហគមន៍​ក៏​ជួប​ការ​លំបាកដែរ​ដោយ​សារ​គ្រួសារ​អ្នក​ស្រី​ខ្វះ​ដើម​ទុន​ក្នុង​ការ​ធ្វើ​រាន​ដាំ​​​បន្លែម្យ៉ាងទៀតដីដាំបន្លែមាន​ទំហំតូច​មិន​អាច​​ដាំបន្លែ​​បាន​ច្រើនទេ ។

កសិករម្នាក់​ទៀត​ឈ្មោះ ​ម៉ៅ ចម្រើន វ័យ​២៨​ឆ្នាំ​ជាអតីត​ពលករខ្មែរ​ដែល​ធ្លាប់​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​រស់នៅ​ឃុំ​ដើមរុន​​​ឱ្យ​ដឹង​ថា ចាប់​តាំងពីលោក​បាន​វិល​ត្រឡប់​មក​ពីថៃវិញ​លោក​បាន​ពង្រីក​ផ្ទៃ​ដី​ដាំបន្លែបន្ថែមទៀតដើម្បីបង្កើន​ប្រាក់​ចំណូល​គ្រាន់​បាន​សន្សំ​បង់សងធនា​គារ​​។

លោក​​ថា៖ «កាលខ្ញុំធ្វើការនៅថៃ​ប្រពន្ធ​ខ្ញុំ​ក៏ជាសមាជិក​សហគមន៍​ដាំបន្លែ​សុវត្ថិភាពនេះ​ដែរ​។ ពេល​ខ្ញុំ​មក​ពីថៃ​ខ្ញុំបាន​ពង្រីក​ផ្ទៃដីដាំបន្លែបន្ថែមទៀត​។​ខ្ញុំ​ដាំសាឡាត់ ស្ពៃក្រញ៉ាញ់ និង​ស្ពៃ​ចង្កឹះលក់​ឱ្យ​សហគមន៍ សហគមន៍​គេប្រមូលទិញ។​ ទោះ​យ៉ាងណា​ខ្មុំ​មិន​អាចសន្សំ​ប្រាក់​បាន​ច្រើន​ដូចកាលខ្ញុំធ្វើការ​នៅ​ថៃនោះទេ តែធ្វើម៉េចពេលនេះ​មាន​តែទ្រាំ»

អ្នក​ស្រី ថៃ សូដា ​អនុប្រធានសហគមន៍​​កសិកម្ម​បន្លែសុវត្ថិភាព​ដែល​ជាអ្នក​ប្រមូល​ទិញ​បន្លែពី​សមាជិក​សហគមន៍​ និង​ជាជន​បង្គោល​នៅ​ខេត្ត​សៀម​រាប​បាន​ឱ្យដឹង​ថា បច្ចុប្បន្ន​សហគមន៍​​កសិកម្ម​បន្លែ​សុវត្ថិភាព​មាន​សមាជិក​៧៣គ្រួសារ​ស្ថិត​នៅ​៣ឃុំ គឺឃុំកៀន​សង្កែ ឃុំ​ដើម​រុន និង​​​ឃុំ​តា​យ៉ែក​ ក្នុងស្រុក​សូទ្រនិគម​​។ អ្នក​ស្រី​បន្តថា ​សមាជិក​សហគមន៍​មាន​៦០​គ្រួសារ​​ជាស្ត្រី​​ហើយ​សមាជិក​ទាំង​នោះ​​ស្ថិត​ក្នុង​ចំណោម ក្រ១ ក្រ២​ ជន​មាន​ពិការភាព​ ជន​មាន​វិបត្តិ​​ផ្ទុកជំងឺអេដស៍ និង​កសិករ​ធម្មតាហើយ​ក៏មាន​ពលករ​ទើប​ត្រឡប់​មក​ពីថៃ​មួយ​ចំនួន​ដែរ​។ ក្នុង​ចំណោម​សមាជិក​សហគមន៍​ជាង​៧០គ្រួសារ​មាន​មួយ​ចំនួន​នៅ​ជំពាក់​ប្រាក់​ធនាគារ​ឬក៏មីក្រូហិ​រញ្ញវត្ថុ​​និង​ចងការប្រាក់​គេ​ផ្សេងទៀតផងដែរ ។

អ្នក​ស្រី​និយាយ​ថា សមាជិក​សហគមន៍​របស់​អ្នក​ស្រីមាន​៨៥​ភាគ​រយ ​គឺជាអ្នក​ដាំបន្លែស្លឹក​មាន​ដូចជា​ស្ពៃចង្កឹះ​ស្ពៃក្រញ៉ាញ់ ស្ពៃក្តោប​និង​ខាត់ណាជាដើម។ ចំណែក១៥​ភាគ​រយ​ទៀត​គឺជាអ្នក​ដាំបន្លែយក​ផ្លែ​ និង​យក​ផ្កាដូច​ជាប៉េងបោះ ត្រប់និង​ផ្កាខាត់ណា។ បន្លែទាំង​នេះ​ត្រូវ​បាន​ដាំ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​នៅ​ក្រុងសៀម​រាប​និង​រាជធានីភ្នំពេញ​ ។

អ្នក​ស្រីនិយាយ​ថា៖ «ក្រៅពីដាំបន្លែសម្រាប់​ហូបខ្លួន​ឯង​ដើម្បី​កាត់​បន្ថយការចំណាយ​សមា​ជិក​គាត់​លក់បន្លែ​នៅក្នុង​សហគមន៍រក​ប្រាក់​ចំណូល។ បន្លែរបស់​សហគមន៍​ត្រូវបាន​នាំយក​ទៅលក់ឱ្យផ្សារសហគមន៍ខ្មែរនៅភ្នំពេញ​ដែល​ចុះកុងត្រាជាមួយ​គ្នា​រយៈ​ពេល​១២​ឆ្នាំ​មក​ហើយ​ និងផ្សារ​​អមរៈ​រួម​ទាំង​ដៃគូផ្សេងទៀត​ដែល​ចុះកុង​ត្រា​ជាមួយ​គ្នា»

បើតាម​អ្នកស្រី សូដា បន្លែដែល​ប្រជាសហគមន៍​បាន​ដាំមិន​សូវជាមាន​បញ្ហា​ទីផ្សារនោះ​ទេ ពីព្រោះ​ការ​ដាំ​មាន​ចុះ​កិច្ច​សន្យា​ជាមួយ​អ្នក​ទិញ​​ក៏ប៉ុន្តែពេល​ខ្លះ​ដាំបន្លែបាន​ច្រើន​លើស​តម្រូវការ​​ក៏​បញ្ជូនទៅលក់​នៅ​ទីផ្សារ​សេរីដែរ​​។ ដោយ​សារ​តែសមាជិក​សហគមន៍​ភាគ​ច្រើន​ក្រីក្រ​ជាជន​ងាយ​រងគ្រោះ ​ហើយ​មួយ​ចំនួន​កាល​ពីមុន​ធ្លាប់​តែដើរ​ស៊ីឈ្នួល​គេ​ ដូច្នេះ​ការ​ចូល​រួម​ដាំដុះ​បន្លែ​ក្នុង​សហគន៍​​ជួប​ការ​លំបាក​មួយ​ចំនួន​​ ជាពិសេស​ខ្វះ​ដើម​ទុន​ដើម្បី​​ធ្វើផ្ទះសំណាញ់និង​ធ្វើធ្នើ​រសម្រាប់​ពង្រីកការដាំដុះ​ខណៈ​ពល​រដ្ឋមួយ​ចំនួន​មាន​ដី​តូច​ បើ​ទោះ​បីជាមាន​ការ​ជួយ​សម្របសម្រួល​ពី​ថ្នាក់​ដឹកនាំ​សហគមន៍​និង​អាជ្ញាធរមូលដ្ឋាន​ក៏ដោយ​ ។

ស្ត្រីថ្នាក់​ដឹកនាំសហគមន៍​ដែល​ជាអ្នក​ដាំបន្លែផងដែរនោះ​​បានឱ្យដឹងថា៖ «ចាប់​តាំងពី​​មានការ​ផ្ទុះ​សង្គ្រាម​ជាមួយ​ថៃ​​​មាន​ការបិទច្រក​ព្រំដែន​ហើយ​មាន​ចរន្ត​ជាតិ​និយម​គាំទ្រផលិត​ផល​ខ្មែរ សហគមន៍​យើង​ដាំបន្លែលក់មិន​ទាន់​តម្រូវការ​ទីផ្សារ​ទេ​ហើយ​មក​ដល់​ពេល​នេះ​នៅ​បន្តលក់ដាច់​ធម្មតា»

ក្រៅពីដាំបន្លែផ្គត់ផ្គង់ទីផ្សារ​ប្រជាសហគមន៍បន្លែសុវត្ថិភាពធម្មជាតិ​ក៏មាន​ធ្វើស្រូវពូជ​ អង្ករ​សុវត្ថិភាព​ និង​ផលិតជាជីកំប៉ុស្តផងដែរ ដោយ​អង្គការក្រៅ​រដ្ឋាភិបាល​មួយ​បាន​ជួយ​ដល់​​សហគមន៍​ឱ្យ​បញ្ជូន​សមាជិក​ទៅ​រៀនជំនាញ​​ធ្វើជីកំប៉ុស្តនៅ​ប្រទេសឥណ្ឌា។ នេះ​បើតាម​អ្នក​ស្រី សូដា ។

លោក ​ប្លោក ប៉ៃ វ័យ​៦៧​​ឆ្នាំ ជា​ជំទប់ទី១ ឃុំកៀន​​សង្កែ ​ស្រុកសូទ្រនិគម បាន​ប្រាប់ សារព័ត៌មាន​ខេមបូចា​ ថា ប្រជាពលរដ្ឋ​នៅក្នុង​ឃុំនេះ ​គឺជាកសិករ​ធ្វើស្រែ​ប្រាំង ​និង​ស្រែ​វស្សា​ហើយ​និង​​ដាំដំណាំ​រួម​ផ្សំផ្សេងៗ​​ ខណៈ​មួយ​ចំនួន​ធ្វើចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ប្រទេសថៃ។ ប៉ុន្តែ​ចាប់តាំង​ពីមានការ​ផ្ទុះ​សង្គ្រាម​កាល​ពីខែកក្កដា​​​មក​ មាន​ពល​រដ្ឋ​ជាង​២០០​នាក់​បាន​​វិល​មក​ពី​ប្រទេស​ថៃ​វិញ ប៉ុន្តែ​នៅមាន​មួយ​ចំនួន​ទៀត​​នៅ​តែបន្ត​ធ្វើការ​នៅ​ប្រទេសថៃនៅឡើយ​ ។

លោក​និយាយ​ថា៖ «អ្នក​ដែល​វិល​ត្រឡប់​មក​ពីថៃនៅ​ពេល​នេះភាគច្រើន​​ក៏បាន​ធ្វើចំណាក​ស្រុក​ទៅ​កាន់​ខេត្ត​ផ្សេង​ៗ​ទៀត​ផងដែរ ដោយ​សារ​តែគ្រួសារ​ពួកគាត់​ក្រីក្រ​ហើយ​​ថែមទាំងជំពាក់​បំណុល​គេថែមទៀត​​។ ​ពួកគាត់​មិន​បាន​មក​នៅ​ផ្ទះ​យូរទេក៏ចេញទៅ​បាត់​អស់ទៀត»

លោក​លើកឡើង​ថា ​ប្រជាពលរដ្ឋ​ខ្ចីលុយធនាគា​យក​មក​បង្កើតមុខរបរ និង​ធ្វើស្រែព្រមទាំង​ដាំដំណាំផ្សេងៗ​ប៉ុន្តែលទ្ធផល​មិន​ទទួលបាន​ដូច​បំណង​ដែល​បាន​រំពឹងទុកឡើយ។ ​យ៉ាង​ណា​​ក្តី​លោក​ថា មាន​គ្រួសារ​កសិករមួយ​ចំនួនក្នុង​នោះ​ក៏មាន​អ្នក​ទើប​វិល​ត្រឡប់​មក​ពីថៃ​វិញ​ផង​ដែរ បាន​ចូល​រួម​ជាមួយ​សហគមន៍​​កសិកម្ម​បន្លែសុវត្ថិភាព ដោយ​ដាំបន្លែផ្សេង​ៗ​បញ្ជូន​​ទៅកាន់​ទីផ្សារ​តាម​រយៈ​សហគមន៍ ។

លោក​និយាយ​ថា៖ «សហគមន៍​​កសិកម្ម​បន្លែសុវត្ថិភាពបាន​ជួយ​គ្រួសារ​កសិករក្រីក្រ​ក្នុង​ឃុំ​យើង​បាន​ច្រើនដែរ​ គឺបាន​ចូល​រួម​ចំណែក​កាត់បន្ថយការធ្វើចំណាកស្រុក។ កសិករ​គាត់​ដាំបន្លែ​ទៅ​តាម​កិច្ច​សន្យា​ទីផ្សារ​​ទៅ​តាម​មេសហគមន៍»

បើ​តាម​លោក​ជំទប់​ទី១​ឃុំកៀន​សង្កែរូបនេះ​ ដោយ​សារ​តែបច្ចុប្បន្នពលរដ្ឋ​មួយ​ចំនួន​គ្មាន​លទ្ធភាព​បង់សង​ធនាគារខាងមន្ត្រីធនាគារ​គេចុះ​មក​សិក្សា​រៀប​ចំតារាងកម្ចី​ឡើងវិញ​ដោយ​បន្លា​យ​ពេល​​ទៅ​តាម​ពេល​វេលា​ដែលពលរដ្ឋ​គាត់​អាច​មានលទ្ធភាពរក​ប្រាក់​បង់សង​បាន ។

បន្លែគ្រប់មុខត្រូវបានដាក់លក់នៅផ្សារមួយ ក្នុងរាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣។ ខេមបូចា/ ព្រីង សំរាំង
បន្លែគ្រប់មុខត្រូវបានដាក់លក់នៅផ្សារមួយ ក្នុងរាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣។ ខេមបូចា/ ព្រីង សំរាំង

លោក ​ឃឹម​ ហ្វីណង់ ​អ្នកនាំពាក្យក្រសួង​កសិកម្ម​រុក្ខាប្រម៉ាញ់​ និង​នេសាទ​មិន​បាន​ឆ្លើយ​តប​ទៅ​នឹងសំណើរ​សុំធ្វើអត្ថាធិប្បាយ​ថាតើ​វិស័យ​កសិកម្ម​បាន​រួម​ចំណែកអ្វីខ្លះ​ក្នុង​ការផ្តល់​ការ​ងារ​ដល់​អតីត​ពលករមក​ពីថៃ​ប្រមាណ៩០ម៉ឺន​​នាក់​នោះទេ​ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ។

ចំណែក ​លោក ​ស៊ុន មេសា ​អ្នក​នាំពាក្យ​ក្រសួង​ការងារ​និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បាន​ប្រាប់​ខេមបូចា​ថា ក្រសួង​មិន​មានតួលេខច្បាស់​ពីចំនួន​អតីត​ពលករ​ដែល​ជ្រើស​រើស​យកការ​ងារ​ដាំដុះឬធ្វើស្រែធ្វើចម្ការ​ក្នុង​វិស័យ​កសិកម្ម​នោះទេ គឺក្រសួងមានតែ​​តួលេខ​អតីត​ពលករ​ទទួលបានការ​ងារធ្វើទូទៅមក​ដល់​ពេលនេះមាន​ជាង៥០ម៉ឺន​នាក់​​ ។

ជាមួយគ្នា​នេះ​លោកបាន​អំពាវនាវ​ថា៖ «សូមបងប្អូនអតីតពលករមកពីប្រទេសថៃទាំងអស់ដែលមានបំណុល ប្រញាប់រួសរាន់ស្វែងរកការងារធ្វើនៅក្នុងស្រុកដើម្បីដោះស្រាយជីវភាពឱ្យប្រសើរឡើង។ បច្ចុប្បន្ននេះ ការងារក្នុងស្រុកយើងមានសម្បូរបែប អត្ថប្រយោជន៍ច្រើនយ៉ាង ប្រាក់ឈ្នួលក៏សមរម្យ ជាពិសេសយើងមានលក្ខខណ្ឌការងារកាន់តែល្អប្រសើរ»

អង្គការសង់ត្រាល់​បាន​លើកឡើងថា ការ​បង្កើនការងារ និងមុខរបរក្នុង​ប្រទេសដល់អតីត​ពលករ​ចំណាកស្រុក គឺជាការ​ចូលរួមចំណែក​អភិវឌ្ឍសេដ្ឋកិច្ច​គ្រួសារ​ពលករនិង​សេដ្ឋកិច្ច​ជាតិខណៈ​អតីតពលករចំណាកស្រុកដែលធ្លាប់ធ្វើការងារនៅ​ក្រៅ​ប្រទេស​​សុទ្ធ​តែមានចំណេះ​ដឹងជំនាញ និងបទពិសោធន៍ល្អៗ។ រដ្ឋាភិបាលត្រូវធានានូវការផ្តល់ការងារ និងមុខរបរ​សមរម្យ ដើម្បីចូលរួមចំណែកនូវវឌ្ឍនភាពសេដ្ឋកិច្ចគ្រួសាររបស់ពួកគេផង និងសេដ្ឋកិច្ច​​ជាតិយើងផង ។

អង្គការ​សង់ត្រាល់បាន​លើកឡើងទៀត​ថា ការផ្តល់ការគាំពារសង្គម​ដល់ពលករ​ចំណាក​ស្រុក និងអតីតពលករចំណាកស្រុកគឺជារឿងចាំបាច់ ព្រោះពួកគេមានតម្រូវការខានមិន​បាន​សម្រាប់ជីវភាពប្រចាំថ្ងៃរួមមានការផ្តល់បណ្ណសមធម៌ បណ្ណ ប ស ស កញ្ចប់​សាច់ប្រាក់​ក្នុងគ្រួសារ ការងារសមរម្យនៅក្នុងស្រុក និងការបន្ថូរបន្ថយបំណុលជាដើម ។

បន្ថែមពីនេះ​ការយកចិត្តទុកដាក់រៀបចំគោលនយោបាយនានា​ដែលត្រូវដាក់បញ្ចូល​ពលករចំណាកស្រុកគឺជាការអភិវឌ្ឍធនធានមនុស្សផង និងអភិវឌ្ឍសេដ្ចកិច្ចជាតិផង ពី​ព្រោះពួកគេទាំងនោះជាចលករសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ សហគមន៍ និងសេដ្ឋកិច្ចជាតិទាំងមូល ។

លោក​ មឿន តុលា ​ប្រធានអង្គការ​សង់ត្រាល់បាន​​​ថ្លែងក្នុង​សិក្ខាសាលា​មួយ​កាលពី​ពេល​ថ្មីៗ​នេះ​ថា ​សង់ត្រាល់​បាន​បើក​ធ្វើការ​សិក្សា​ស្រាវជ្រាវ​មួយ​ចាប់​តាំងពី​អំឡុង​ខែ​សីហា​ដល់​ខែ​តុលាឆ្នាំ​​២០២៥​ លើ​ពលករ​ចំណាក​ស្រុក​ជាង៥០០នាក់​ក្នុង​ខេត្ត​គោលដៅ​ចំនួន​១១​។ បើតាម​លោក​តុលា​ ការ​បើក​សិក្ខា​សាលា​ដែល​មាន​អ្នកជំនាញ​និងមន្ត្រីពាក់​ព័ន្ធ​​រួម​ទាំង​ពលករ​ចូល​រួម​គឺ​ដើម្បី​ប្រមូល​ធាតុចូល​​​​​បន្ថែម​​​ទាក់​ទង​នឹងការសិក្សា​ស្រាវ​ជ្រាវ​​​ដែល​នឹង​ចេញ​​ផ្សាយ​ក្នុង​ពេល​ខាងមុខ ។

លោក ​តុលា បានថ្លែង​ថា៖ «សិក្ខាសាលា​នេះគឺ​ជាវេទិការដ៏សំខាន់​សម្រាប់​ការ​ផ្ទៀង​ផ្ទាត់​ទិន្នន័យការពិភាក្សា​ការពិគ្រោះយោបល់អំពី​ផល​ប៉ះពាល់​ជាក់​ស្តែង​និង​ផ្តល់​យោបល់​សម្រាប់​​យុទ្ធសាស្ត្រកែលម្អដូចជាការ​លើក​កម្ពស់​សិទ្ធិពលករចំណាកស្រុក​​ការ​ការពារ​សិទ្ធិ​ពលករចំណាកស្រុក និង​ការបង្កើតការងារនៅក្នុងស្រុក»។ លោកបន្ថែមថា៖ «ទី២​ គឺ​ផ្តល់​​នូវវគ្គ​បណ្តុះ​បណ្តាល​ជំនាញ​ផ្សេងៗ​សម្រាប់​ឱ្យពួកគាត់​អាច​រកការងារ​ ឬក៏បង្កើត​មុខ​របរនៅក្នុង​ស្រុក​ជួយ​ហិរញ្ញវត្ថុបឋមសម្រាប់​គ្រួសារ​ពលករដែល​រងផលប៉ះពាល់​លើក​កម្ពស់​ប្រព័ន្ធ​គាំពារ​សង្គម និងគាំពារប្រព័ន្ធជំនួយ​សង្គម​ដល់​អតីត​ពលករ​ដែល​ក្រីក្រ​ជាដើម»

អង្គការ​សង្គមស៊ីវិល​ចំនួន​១៨​បាន​ចេញសេចក្តីថ្លែងការណ៍​រួម​មួយ​កាលពីថ្ងៃទី​៧ខែ​តុលាឆ្នាំ​២០២៥ថា ការ​វិលត្រឡប់​យ៉ាង​គំហុក​នៃ​ពលករ​ចំណាកស្រុក​មក​ពី​ប្រទេស​ថៃ​ក្នុង​ចំនួន​ដ៏ច្រើន​ប្រមាណជាង​​៩០ម៉ឺន​នាក់​បង្ក​ជា​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ ​បន្ថែម​​ទៅលើ​ស្ថានភាព​ការ​ងារ​​ ​និង​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​ ​ដែល​កំពុងតែ​លំបាក​ស្រាប់​ទៅ​ហើយ។​ ចំនួន​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នៃការ​វិលត្រឡប់​របស់​ពលករខ្មែរ​ពីប្រទេសថៃ​​ដែល​ពុំធ្លាប់មាន​នេះ​ ​កំពុង​ក្លាយ​ជា​បន្ទុក​ដ៏​ធ្ងន់​មួយ​ ​ទៅលើ​សេដ្ឋកិច្ច​របស់​ប្រទេស​ ​និង​សុខុមាល​ភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​​ ស្របពេលដែល​​បច្ចុប្បន្ន​កម្ពុជា​មិន​មានការងារ​ធ្វើ​គ្រប់គ្រាន់​សម្រាប់​ប្រជាពលរដ្ឋ​គ្រប់គ្នា​នោះ​​ទេ​ ខណៈ​ក្នុង​ចំណោម​ពលករទាំង​នោះ​​ មាន​ប្រមាណ៨០​ភាគ​រយ​​មាន​ផ្ទៃ​ដី​សម្រាប់​ធ្វើកសិកម្ម​តិច​ជាង​១ហិកតា​​ ដែល​ហេតុដូច្នេះ​ពួកគេ​មិន​អាច​វិល​ត្រឡប់​ទៅ​ធ្វើ​កសិកម្ម​បានឡើយ ។

សម្រាប់​អតីតពលករដែលមក​ពីថៃលោក ​សុផាត បានបន្ថែមទៀតថា បើសិនជាកសិផល​កសិកម្ម​​មាន​ដូច​ជាស្រូវ​និងបន្លែ​មាន​ទីផ្សារ​លក់​បាន​តម្លៃសមរម្យ វិស័យ​នេះ​អាច​នឹងស្រូប​យកការ​ងារ​បាន​ច្រើន ដូច្នេះ​ក៏អាច​រួម​ចំណែក​កាត់​បន្ថយការធ្វើចំណាកស្រុក​បាន​ច្រើន​ផង​ដែរ ៕