កម្ពុជារកចំណូលបាន៦៣លានដុល្លារតាមការប្រមូលពន្ធពីកាស៊ីណូ

ព្រហស្បតិ៍ ១២កើត ខែបុស្ស ឆ្នាំរោង ព.ស. ២៥៦៨ (09 មករា 2025)

កម្ពុជារកបានចំណូលពន្ធបាន ៦៣លានដុល្លារពីកាស៊ីណូក្នុងឆ្នាំ២០២៤ ដែលមានកំណើន ៨៥ភាគរយ។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញបាននិយាយថា ទន្ទឹមនឹងការបានចំណូលពន្ធពីកន្លែងលេងល្បែងទាំងនេះ កម្ពុជាក៏កំពុងប្រឈមនឹងការបោកប្រាស់តាមអ៊ីនធឺណិត និងការជួញដូរមនុស្សដែលទាក់ទិននឹងកាស៊ីណូទាំងនោះ

កម្ពុជារកបានប្រាក់ចំណូលពន្ធពីកាស៊ីណូកើនឡើង ៨៥ ភាគរយ ចំពេលមានការកើនឡើងនៃការបោកប្រាស់តាមអ៊ីនធឺណិត ការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទកុមារដែលដឹកនាំដោយមេខ្លោងមិនស្គាល់អត្តសញ្ញាណ។ អ្នកវិភាគសេដ្ឋកិច្ច និងអង្គការសិទ្ធិការងារកំពុងជំរុញឱ្យរដ្ឋាភិបាលវាយតម្លៃផលវិបាកអវិជ្ជមាននៃកាស៊ីណូលើសេដ្ឋកិច្ច សន្តិសុខសង្គម និងកេរ្តិ៍ឈ្មោះរបស់ប្រទេស។

កម្ពុជារកបានប្រាក់ចំណូលពន្ធ ៦៣,១ លានដុល្លារពីប្រតិបត្តិករកាស៊ីណូ និងល្បែងស៊ីសងក្នុងឆ្នាំ២០២៤ ដែលកើនឡើង ៨៥ ភាគរយបើធៀបនឹងឆ្នាំ២០២៣។ នេះបើយោងតាមគណៈកម្មាធិការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ហៅកាត់ CGMC កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥។

CGMC បានឱ្យដឹងថា៖«ផ្អែកលើតួលេខ យើងអាចវាយតម្លៃថាប្រាក់ចំណូលពន្ធសរុបពីវិស័យល្បែងពាណិជ្ជកម្មគឺល្អណាស់កាលពីឆ្នាំមុន»។

កង្វះការអនុវត្តច្បាប់លើល្បែងស៊ីសង

លោក ជ័យ តិច អ្នកវិភាគសេដ្ឋកិច្ចសង្គមបានប្រាប់គិរីផូស​ថា ការមានកាស៊ីណូនៅក្នុងប្រទេសមិនបង្កជាផលអវិជ្ជមានដល់សង្គមទេ។ ទោះជាយ៉ាងណាក៏ដោយ លោកបានជំរុញឱ្យរដ្ឋាភិបាលពង្រឹងការអនុវត្តច្បាប់គ្រប់គ្រងល្បែងទាំងនោះ មានដូចជាទីតាំងកាស៊ីណូ ជាពិសេសធានាថាពលរដ្ឋខ្មែរ មិនលេងល្បែងនៅកាស៊ីណូឡើយ។

អ្នកជំនាញសេដ្ឋកិច្ចសង្គមរូបនេះបានបញ្ជាក់ថា៖«ការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង រួមមានដូចជាការប្រមូលប្រាក់ចំណូលពន្ធពីកាស៊ីណូក្នុងតម្លាភាព គឺជារឿងដ៏សំខាន់ ដើម្បីទទួលបានប្រាក់ចំណេញកាន់តែច្រើនទៅក្នុងថវិកាជាតិ ក្នុងការជំរុញសេដ្ឋកិច្ច ក៏ដូចជាទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន»។

ទោះបីជាមានការកើនឡើងនៃប្រាក់ចំណូលពន្ធពីកាស៊ីណូបន្ទាប់ពីជំងឺកូវីដ១៩​បានបញ្ចប់ក៏ដោយ លោកកត់សម្គាល់ឃើញថា កាស៊ីណូមួយចំនួនបានបំពានច្បាប់ ដូចជាការសាងសង់កាស៊ីណូនៅកណ្តាលទីក្រុងជាប់នឹងអគារសាសនា និងក្រសួងរដ្ឋាភិបាល ដោយមានប្រជាជនកម្ពុជាក៏បានចូលទៅលេងល្បែងនៅទីនោះផងដែរ។

លោកបានបន្តថា៖«វាបង្កើតរូបភាពអាក្រក់សម្រាប់កម្ពុជា ដូចជាកាស៊ីណូ Naga World ស្ថិតនៅជាប់ ពុទ្ធសាសបណ្ឌិត្យ ហើយមានការរិះគន់ពីអ្នកបង្កើតមាតិកាមកពីបរទេសផ្សេងទៀត ដែលបានចែករំលែករឿងនេះនៅលើបណ្តាញសង្គម អ៊ីនធឺណិត ដែលបំផ្លាញកេរ្តិ៍ឈ្មោះរបស់កម្ពុជា»។

លោក ជ័យ តិច បានបន្ថែមថា៖«លើសពីនេះទៅទៀត កាស៊ីណូនេះ គឺសាងសង់នៅជាប់នឹងស្ថាប័នសំខាន់ៗ ដូចជាក្រសួងការបរទេស ជាពិសេសសភាជាតិកម្ពុជា ដែលជាកន្លែងបង្កើតច្បាប់។ នេះគឺផ្ទុយពីអ្វីដែលត្រូវបានលើកឡើងនៅក្នុងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា»។

មាត្រា១៩ នៅក្នុងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មបញ្ជាក់ថា ទីតាំងភូមិសាស្រ្តដែលត្រូវហាមឃាត់ចំពោះល្បែងពាណិជ្ជកម្មគ្រប់ប្រភេទ គឺជាទីតាំងភូមិសាស្រ្តដែលនៅជិតវប្បធម៌ សាសនា ឬកន្លែងចាំបាច់ផ្សេងទៀត។

មាត្រា២១ នៃច្បាប់ដដែលនេះបញ្ជាក់ថា៖«គ្រឹះស្ថានល្បែងពាណិជ្ជកម្មដែលមានអាជ្ញាបណ្ណមុនពេលចូលជាធរមាននៃច្បាប់នេះ និងស្ថិតនៅក្នុងតំបន់ហាមឃាត់នឹងត្រូវបានចាត់ទុកថាជាករណីអនុគ្រោះ»។

លោកបានសង្កត់ធ្ងន់ថា៖«ច្បាប់កម្ពុជាហាមឃាត់យ៉ាងតឹងរ៉ឹង មិនឱ្យពលរដ្ឋកម្ពុជាលេងល្បែងនៅកាស៊ីណូ ប៉ុន្តែតាមពិតមានប្រជាជនកម្ពុជាជាច្រើនដែលបានចូលលេងល្បែងនៅកាស៊ីណូទាំងនោះ និងបានជំពាក់បំណុលច្រើនលើសលប់។ ក្នុងចំណោមអ្នកដែលទៅលេងល្បែងនៅកាស៊ីណូ ពួកគេខ្លះក៏ជាមហាសេដ្ឋី អ្នកមានសិទ្ធិអំណាច និងសិល្បករដែលបានជំពាក់បំណុល ហើយថែមទាំងឈានដល់ការធ្វើអត្តឃាតថែមទៀតផង»។

នៅក្នុងមាត្រា ៦៨ ពលរដ្ឋកម្ពុជាទូទៅ រួមមានកងកម្លាំងប្រដាប់អាវុធ អ្នករាជការសាធារណៈ និងពលរដ្ឋទទួលអាណត្តិដោយការបោះឆ្នោត ត្រូវបានហាមឃាត់ជាដាច់ខាតមិនឱ្យលេងល្បែងនៅក្នុងកាស៊ីណូ ឬកន្លែងលេងល្បែងពាណិជ្ជកម្មណាមួយឡើយ។

តើកម្ពុជាទទួលបានអត្ថប្រយោជន៍ ឬបាត់បង់អត្ថប្រយោជន៍ពីកំណើនកាស៊ីណូ?

លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានរំឭករដ្ឋាភិបាលថា ក្រៅពីការប្រមូលពន្ធពីកាស៊ីណូ គួរតែវាយតម្លៃផលវិបាកអវិជ្ជមាននៃការលេងល្បែងស៊ីសងទាំងនេះ ព្រោះលោកជឿជាក់ថា អាជីវកម្មកាស៊ីណូមិនមាននិរន្តរភាពក្នុងរយៈពេលវែងសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជាឡើយ។

លោកបាននិយាយថា៖«នៅក្នុងខេត្តមួយចំនួនដែលជាកន្លែងទេសចរណ៍ នៅពេលដែលមានកាស៊ីណូច្រើនពេក យើងអាចមើលឃើញចំនួនភ្ញៀវទេសចរនៅក្នុងខេត្តទាំងនោះនឹងធ្លាក់ចុះគួរឱ្យកត់សម្គាល់។ ខ្ញុំគិតថាមិនមានអត្ថប្រយោជន៍ច្រើនពីកាស៊ីណូទេ ព្រោះវាមិនអាចធានានិរន្តរភាពនៃសេដ្ឋកិច្ចកម្ពុជាទាំងមូលបានទេ»។

កាស៊ីណូ និងសកម្មភាពល្បែងស៊ីសងកាន់តែច្រើន ភាពអសន្តិសុខកាន់តែកើតមានឡើងនៅក្នុងសង្គម។ ទោះបីជាកម្ពុជាអាចប្រមូលប្រាក់ចំណូលពន្ធបន្ថែមពីកាស៊ីណូទាំងនោះក៏ដោយ កម្ពុជានឹងត្រូវប្រឈមមុខនឹងអស្ថិរភាពសង្គម និងផលវិបាកអាក្រក់ជាច្រើន រួមមានដូចជាការបោកប្រាស់តាមអ៊ីនធឺណិត និងការលេងល្បែងស៊ីសង និងការចាប់ជំរិតផ្សេងៗ ដូចជាការជួញដូរមនុស្ស ដែលក្លាយជាចំណុចអវិជ្ជមានរបស់កម្ពុជានៅលើឆាកអន្តរជាតិ។

ប្រតិបត្តិការបោកប្រាស់តាមអ៊ីនធឺណិត និងការជួញដូរទៅជាឧក្រិដ្ឋកម្មដោយបង្ខំនៅអាស៊ីអាគ្នេយ៍៖ អនុសាសន៍សម្រាប់ឆ្លើយតបផ្នែកសិទ្ធិមនុស្សពីអង្គការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា យ៉ាងហោចណាស់ជនរងគ្រោះប្រមាណ ១០ម៉ឺននាក់ត្រូវបានបង្ខំឱ្យធ្វើការងារបោកប្រាស់តាមអ៊ីនធឺណិតដែលដំណើរការនៅក្នុងប្រទេសកម្ពុជា។

របាយការណ៍ដដែលបានដកស្រង់ថា៖«នៅកម្ពុជាគិតត្រឹមខែកក្កដា ឆ្នាំ២០២៣ មជ្ឈមណ្ឌលបោកប្រាស់តាមអ៊ីនធឺណិតត្រូវបានគេរាយការណ៍ថា កំពុងដំណើរការនៅរាជធានីភ្នំពេញ ខេត្តកណ្តាល ពោធិ៍សាត់ ព្រះសីហនុ ឧត្តរមានជ័យ ស្វាយរៀង រួមទាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសតារាសាគរ និងថ្មដារផងដែរ»។

ចំនួនកាស៊ីណូនៅកម្ពុជាបន្តកើនឡើង គួរឱ្យកត់សម្គាល់ពី ៥៧ កន្លែងដល់ ១៥០ កន្លែងចន្លោះពីឆ្នាំ២០១៩ ដល់ ឆ្នាំ២០២៤។ ក្នុងរយៈពេលប្រាំឆ្នាំ វាបានកើនឡើង ១៦៣ភាគរយ។ គួរបញ្ជាក់ផងដែរថា មានតែកាស៊ីណូចំនួន ៨៧ កន្លែងប៉ុណ្ណោះដែលត្រូវបានអនុម័តដោយ CGMC ក្នុងឆ្នាំ២០២៤។

សកម្មភាពខុសច្បាប់នៅពីក្រោយកាស៊ីណូ មេខ្លោងមិនស្គាល់អត្តសញ្ញាណ

ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យរូបនេះ មានប្រសាសន៍ថា៖«កម្ពុជាមានកាស៊ីណូជាច្រើន ជាពិសេសកាស៊ីណូដែលបង្កប់ជាមួយនឹងល្បែងអនឡាញ។ ការចាប់ជំរិតក៏កើតឡើងនៅកាស៊ីណូ ហើយសកម្មភាពខុសច្បាប់ជាច្រើនទៀតក៏កើតមានឡើងនៅទីនោះផងដែរ ដែលបង្កជាផលប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំងដល់កម្ពុជា»។

លោកបានកត់សម្គាល់ថា៖«ភ្ញៀវទេសចរដែលល្អនឹងមិនមកលេងយើងទេ ព្រោះកាស៊ីណូទាំងនោះកំពុងដំណើរការ មានទាំងការបោកប្រាស់តាមអ៊ីនធឺណិត ការឆបោក និងការជួញដូរមនុស្សថែមទៀត។ ខ្ញុំគិតថាការដែលមានកាស៊ីណូច្រើនពេក មិនមានអត្ថប្រយោជន៍សម្រាប់កម្ពុជាទេ»។

លើសពីនេះ កម្ពុជាមិនគួរពឹងផ្អែកលើកាស៊ីណូសម្រាប់កំណើនសេដ្ឋកិច្ចច្រើនពេកទេ ដោយសារតែបន្ទុកអវិជ្ជមានដែលបណ្តាលមកពីសកម្មភាពខុសច្បាប់ដែលលាក់កំបាំងពីក្រោយកាស៊ីណូទាំងនោះ។

លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ បាននិយាយថា ការប្រមូលពន្ធលើប្រាក់ចំណូលពីកាស៊ីណូមិនមែនជារឿងអាក្រក់ទេ ព្រោះមានប្រទេសជាច្រើនដែលទទួលបានអត្ថប្រយោជន៍ពីវា ដរាបណាវាដំណើរការស្របតាមច្បាប់ប្រទេស។

លោកបានលើកឡើងថា៖«ការបោកប្រាស់តាមអ៊ីនធឺណិតប៉ះពាល់អវិជ្ជមានដល់រូបភាព និងកិត្តិយសរបស់កម្ពុជា ជាពិសេសសម្រាប់ទំនុកចិត្តរបស់វិនិយោគិនក្នុងការមកវិនិយោគនៅកម្ពុជា ហើយវាប៉ះពាល់ដល់វិស័យផ្សេងទៀតដូចជាទេសចរណ៍ និងសេដ្ឋកិច្ច»។

លោក ឃុន ថារ៉ូ បានជំរុញឱ្យអាជ្ញាធរស្វែងរកមេខ្លោងដែលដឹកនាំការបោកប្រាស់តាមអ៊ីនធឺណិត និងការជួញដូរមនុស្សនៅកម្ពុជា ហើយដាក់ទោសពួកគេតាមផ្លូវច្បាប់។

គេហទំព័រហិរញ្ញវត្ថុ Insider Monkey បានបង្ហើបថានៅឆ្នាំ២០២៤ កម្ពុជាបានក្លាយជាមជ្ឈមណ្ឌលដែលមានល្បែងស៊ីសងធំជាងគេទីពីរក្នុងចំណោមប្រទេសអាស៊ីចំនួន ២០ ដែលអនុញ្ញាតឱ្យមានល្បែងស្របច្បាប់នៅក្នុងប្រទេស ដែលមានកាស៊ីណូច្រើនជាងម៉ាកាវ វៀតណាម និងកូរ៉េខាងត្បូង។ ប្រទេសហ្វីលីពីនមានកាស៊ីណូច្រើនជាងគេ ស្ថិតនៅលំដាប់ទី១ តាមពីក្រោយដោយកម្ពុជា៕

ប្រភព៖ Kiripost