កម្ពុជា​នឹង​ជួប​ផល​លំបាក​ច្រើន​បើ​យុវជន​ខ្មែរ​បន្ត​ចាញ់​បោក​​ធ្វើការ​​​​ឱ្យ​​ក្រុម​​ឧក្រិដ្ឋ​​ជន​​អន​​ឡាញ

អង្គារ ៨រោច ខែមាឃ ឆ្នាំម្សាញ់ ព.ស. ២៥៦៩ (10 កុម្ភៈ 2026)

ប្រភព៖ VOD

មន្ត្រី​​សង្គម​​ស៊ីវិល និង​​អ្នក​​​ឃ្លាំ​មើល​ ​បាន​​សម្ដែង​​​ក្ដី​​បារម្ភ​​យ៉ាង​​ខ្លាំង​ចំពោះ​​អនាគត​​របស់​​យុវជន​ខ្មែរ ដែល​​កំពុង​​ស្លុង​​អារម្មណ៍​នឹង​​អំណាច​​ទឹក​លុយ ហើយ​លែង​ខ្វល់​នឹង​ផល​ប៉ះពាល់​អនាគត​ដ៏​យូរ​អង្វែង​របស់​ខ្លួន និង​ប្រទេស​ជាតិ​​ទៅ​ថ្ងៃ​មុខ ដែល​បន្ត​ចាញ់​​បោក​ធ្វើ​ការ​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​អនឡាញ។

ប្រធាន​អង្គការ​សម្ព័ន្ធភាព​ការងារ ហៅ​កាត់​ថា សង់ត្រាល់ លោក មឿន តុលា ថ្លែង​​ប្រាប់​​វីអូឌី​​ថា ការ​អូសទាញ​តាម​រយៈ​​ការ​​ងារ​​​នេះ​ បាន​​​កើត​​ឡើង​​យ៉ាង​​ច្រើន​​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ជា​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង​ថា នឹង​ធ្វើ​ឱ្យ​មុខមាត់​កម្ពុជា​រង​ការ​ខូចខាត​​កាន់​តែ​​ធ្ងន់ធ្ងរ បើ​យុវជន​ខ្មែរ​​មិន​ប្រុង​ប្រយ័ត្ន ហើយ​ចេះ​តែ​ព្រម​ធ្វើ​ការងារ​បម្រើ​ក្រុម​ឧក្រិដ្ឋ​ជន​​​ទាំង​​នោះ។

លោក​គូស​បញ្ជាក់​ថា បើ​ទោះបី​ជា​យុវជន​យើង​ខ្វះ​ខាត ឬ​ស្ថានភាព​គ្រួសារ​​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ជំពាក់​ធនាគារ​យ៉ាង​ណា ក៏​ពុំ​គួរ​​ជ្រើសរើស​ការងារ​​ជាមួយ​ក្រុម​ឧក្រិដ្ឋជន​​នោះ​ទេ ព្រោះ​ចង់​មិន​ចង់ ផល​លំបាក​នៅ​ថ្ងៃ​មុខ​មាន​ច្រើន ដូចជា អាច​ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន និង​ខូច​អនាគត ឬ​ពុំ​អាច​រក​ការងារ​ថ្មី​ទៀត​បាន​​ឡើយ។

លើស​ពី​នេះ មុខ​មាត់​ជាតិ​កាន់​តែ​អាប់ឱន ហើយ​បរទេស​នឹង​ស្អប់​ខ្ពើម​កម្ពុជា ដោយសារ​​អស់​ទំនុកចិត្ត​តែម្ដង។ ដោយ​មើល​ឃើញ​​​ផល​លំបាក​នេះ ស្ថាប័ន​របស់​លោក​បាន​បង្កើត​កម្មវិធី​មួយ​ដែល​លោក​អះអាង​ថា នឹង​អាច​ជួយ​ណែនាំ​យុវជន​កម្ពុជា​ដែល​​កំពុង​រក​ការងារ កុំ​ឱ្យ​ចាញ់​បោក​ក្រុម​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ។

លោក មឿន តុលា ថ្លែងថា៖«យើង​មិន​ចង់​ឱ្យ​សង្គម​ខ្មែរ​យើង ក្លាយ​ជា​សង្គម​មួយ​សម្រាប់​តែ​បោកប្រាស់​គេ​ទេ ហើយ​វា​មិន​ល្អ​សម្រាប់​ជាតិ​សាសន៍​ខ្មែរ​ទេ។ អ៊ីចឹង​ដោយ​ហេតុផល​នឹង​ហើយ ទើប​យើង​បង្កើត​ឧបករណ៍ (Job Scam Detector) ហ្នឹង​​ឡើង។ ឧបករណ៍​នឹង​មិន​បាន​ប្រាប់ ឬ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ជួស​អ្នក​ការងារ​ធ្វើ​ទេ។ ប៉ុន្តែ​ឧបករណ៍​នឹង​គ្រាន់​តែ​បង្ហាញ​​ប្រាប់​​​ថា តើ​សេចក្ដី​ប្រកាស​រក​ការងារ​ធ្វើ​ហ្នឹង វា​មាន​ហានិភ័យ​កម្រិត​ណា កម្រិត​ខ្ពស់​បំផុត កម្រិត​​មធ្យម ឬ​កម្រិត​ទាប»។

កម្មវិធី​ពិនិត្យ​​ការងារ ឈ្មោះ​​ថា Job Scam Detector ​ផ្ដល់​ជូន​ដោយ​ឥតគិតថ្លៃ​និង​​គ្រប់​ពេល។ កម្មវិធី​អាច​ផ្ដល់​យោបល់​​​យ៉ាង​​លឿន​​លើ​តេឡេ​ក្រាម ដែល​ជា​ឧបករណ៍​ដំណើរការ​ដោយ​ស្វ័យ​ប្រវត្តិ (Bot)។ អ្នក​ប្រើប្រាស់​គ្រាន់​​តែ​ថត​រូប​​ផ្ទាំង​ផ្សព្វ​​ផ្សាយ​ការ​ងារ​​នោះ ដាក់​​ចូល​​ក្នុង​កម្មវិធី ​នឹង​​ពន្យល់​លម្អិត​ពី​ស្ថានភាព​ការងារ ព្រមទាំង​ផ្ដល់​យោបល់​ជាក់លាក់ ដើម្បី​ប្រាប់​អ្នក​​ចង់​​រក​ការងារ​ធ្វើ​ឱ្យ​ប្រុងប្រយ័ត្ន ជៀសវាង​ចាញ់​បោក​ក្លាយ​ជា​ជន​រងគ្រោះ ​និង​ជា​អ្នក​ឆបោក​គេ​បន្ត​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​​។ បច្ចុប្បន្ន​ការ​ផ្សព្វផ្សាយ​​ការងារ​​ទាំង​​នោះ មាន​ច្រើន​តាម​បណ្ដាញ​សង្គម​មាន​ហ្វេសប៊ុក តិកតុក និង​តេឡេក្រាម​ជាដើម។

អ្នក​តាម​ដាន​ម្នាក់​​ដែល​ថ្លែង​លាក់​ឈ្មោះ និង​សំឡេង ​អះអាង​ថា ក្រោយ​ទទួល​បាន​ការងារ យុវជន​ខ្មែរ​ត្រូវ​បាន​ក្រុម​ឧក្រិដ្ឋជន​​ប្រើ​ឱ្យ​ធ្វើ​ការងារ​មួយ​ចំនួន ដូចជា អ្នក​បកប្រែ ឬ​ភ្នាក់ងារ​ផ្សព្វផ្សាយ​ការងារ​នោះ​បន្ត​ទៅ​ពលរដ្ឋ​ខ្មែរ​ផ្សេង​ទៀត។ ក្រៅ​ពី​នេះ ធ្វើ​ជា​អ្នក​បម្រើ​សេវាកម្ម បាយ​ទឹក អនាម័យ ដឹក​ជញ្ជូន ឬ​ជួសជុល​ក្នុង​អគារ​​ជាដើម។

ចំណែក​យុវតី​មាន​សម្រស់​ស្អាតៗ ត្រូវ​បាន​ជ្រើស​រើស​ធ្វើការ​​ជាមួយ​មេ​ក្រុម​ភាគ​ច្រើន​ជា​ជនជាតិ​ចិន និង​ក្លាយ​ជា​ស្ត្រី​កំណាន់​​របស់​​​ពួកគេ។ បន្ទាប់​មក​ជនជាតិ​ចិន​ទាំង​នោះ ​ផ្ដល់​លុយ​កាក់​ច្រើន និង​​រស់​នៅ​ដូច​ប្ដី​ប្រពន្ធ រហូត​មាន​កូន​ទៀត​ផង​​។ លើស​ពី​នេះ ពួកគេ​បាន​​ជួល​មន្ត្រី​​ប៉ូលិស កង​រាជអាវុធហត្ថ ឬ​ទាហាន​​ធ្វើ​ជា​អង្គរក្ស និង​អ្នក​​បើកបរ​​ដោយ​​ផ្ដល់​ប្រាក់​ខែ​ខ្ពស់ សម្រាប់​​គំរាម​សម្លុត​​ជនរងគ្រោះ​ដែល​ពួកគេ​បង្ខាំង​​ឱ្យ​ឆបោក។

មិន​ខុស​​ពី​ការ​មើល​ឃើញ​របស់ ​លោក មឿន តុលា ឡើយ អ្នកឃ្លាំមើល​ម្នាក់​រស់​នៅ​ប្រទេស​​ន័រវេស (Norway) លោក ម៉ែន ណាត បាន​សម្ដែង​ក្ដី​បារម្ភ​ដូចគ្នា ចំពោះ​ករណី​ឆបោក​អនឡាញ​នៅ​កម្ពុជា។ លោក​ថា បច្ចុប្បន្ន​នៅ​ក្រៅ​ប្រទេស​​គេ​បាន​ដឹង​លឺ​​យ៉ាង​​ច្រើន​​ពី​កម្ពុជា ដែល​ជា​សម្បុក​នៃ​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ និង​ការ​ជួញ​ដូរ​មនុស្ស។

កត្តា​នេះ​ លោក​អំពាវនាវ​ដល់​យុវជន​ខ្មែរ​ត្រូវ​តាម​ដាន​ព័ត៌មាន​​សង្គម​​ឱ្យ​បាន​ជាប់​លាប់ និង​ត្រូវ​ប្រយ័ត្ន​​ខ្ពស់ ​​មុន​នឹង​​ធ្វើ​​ការងារ​ដែល​មាន​ប្រាក់​ខែ​ខ្ពស់ ជាមួយ​ពួក​ឧក្រិដ្ឋជន​ដោយ​មិន​ដឹង​ខ្លួន។ លោក​ក៏​គាំទ្រ​នូវ​ការ​បង្កើត​កម្មវិធី​ផ្ទៀងផ្ទាត់​ការងារ​ដែល​អង្គ​ការ​​សង់ត្រាល់​ទើប​បង្កើត​ឡើង។ លើស​ពី​នេះ​ លោក​ស្នើ​ធ្វើ​យ៉ាង​ណា​ផ្សព្វផ្សាយ​​កម្មវិធី​​នេះ ឱ្យ​បាន​ទូលំទូលាយ។

​លោក ម៉ែន ណាត ថ្លែង​ថា៖ «ខាង​ក្រុម​គោលដៅ​ដូច​ជា​អង្គ​​ការ NGO សង្គមស៊ីវិល និង​មន្ត្រី​រដ្ឋាភិបាល​គួរ​រួមគ្នា​សស្រាក់​សស្រាំ ​ដើម្បី​ផ្សព្វផ្សាយ​បញ្ហា​នឹង​ឱ្យ​បាន​ទូលំទូលាយ ជៀសវាង​​ធ្វើ​​ឱ្យ​ពលរដ្ឋ​ចាញ់​កល​ល្បិច​មេ​​ឆបោក​អន​ឡាញ។ ទី២ អំពាវ​នាវ​​ដល់​រដ្ឋាភិបាល​យកចិត្តទុកដាក់​បង្ក្រាប​​ពួក​មេ​ខ្លោង​នៅ​ពី​ក្រោយ​ខ្នង​នៃ​បទឧក្រិដ្ឋ​ហ្នឹង ទាំង​​អ្នក​តូច​អ្នក​ធំ ពួក​ឧកញ៉ា ពិសេស​ពួក​មនុស្ស​ស្ថិត​នៅ​ក្នុង​បញ្ជី​របស់​​ខ្មៅ​របស់​សហរដ្ឋអាមេរិក​ហ្នឹង​ មេត្តា​ស៊ើបអង្កេត​​រក​យុត្តិធម៌ ​​ដើម្បី​នាំ​ខ្លួន​ទៅ​​​តុលាការ​តាម​​ផ្លូវ​​ច្បាប់»។ ​

ឆ្លើយ​តប​នឹង​កង្វល់​នេះ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ​​អ្នកស្រី ជូ ប៊ុនអេង និង​​ជា​​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មាធិ​ការ​​ជាតិ​​ប្រយុទ្ធប្រឆាំង​ការ​ជួញដូរ​មនុស្ស ថ្លែង​ប្រាប់​​វីអូឌី​ថា អ្នកស្រី​គាំទ្រ​ការ​បង្កើត​កម្មវិធី​នេះ។ ប៉ុន្តែ អ្នកស្រី​ស្នើ​ឱ្យ​ការ​ផ្សព្វ​ផ្សាយ​​ធ្វើ​​ឡើង​​តាម​​គោល​ការណ៍​​តែ​មួយ ជៀសវាង​ពលរដ្ឋ​ភាន់​ច្រឡំ ហើយ​​កុំ​គិត​ថា រដ្ឋាភិបាល​មិន​បាន​ធ្វើ​ការងារ​នេះ។ អ្នក​ស្រី​​អះ​អាង​​ថា អាជ្ញាធរ​កំពុង​ផ្សព្វផ្សាយ ព្រម​ទាំង​ចុះ​អប់រំ​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ផ្ទាល់​ទៀត។

លើស​ពី​នេះ ​អ្នកស្រី​ស្នើ​អង្គការ​សង់ត្រាល់ ព្រមទាំង​អង្គការ​ដៃគូ​ផ្សេង​ទៀត​​​​មក​ជួប​ក្រសួង​ផ្ទាល់ ដើម្បី​​ឱ្យ​ចំ​ទិសដៅ​​​ដែល​រដ្ឋាភិបាល​កំពុង​ធ្វើ។

អ្នកស្រី ជូ ប៊ុនអេង ថ្លែង​ថា៖ «ព្រោះ​កន្លង​មក ​អ្នកណា​ក៏​តាំង​ខ្លួន​បង្ការ​​​ទប់​ស្កាត់​ដែរ តែ​ជាទីបំផុត​សួរ​ថា ជោគ​ជ័យ​អត់? នៅ​​​ពេល​យើង​​និយាយ​​មិន​ត្រូវ​រឿង​គ្នា។ អ៊ីចឹង ខ្ញុំ​លើក​ទឹកចិត្ត បើ​ចង់​ធ្វើ​រឿង​នេះ សូម​មក​ជជែក​គ្នា​ពី​នីតិវិធី ហើយ​ប្រហែល​មិន​មែន​មាន​តែ​សង់ត្រាល់​១​ទេ ធ្វើ​រឿង​ហ្នឹង។ អង្គការ​ដៃគូ​ច្រើន​ណាស់​ធ្វើ​ការ​រឿង​ហ្នឹង ហើយ​គ្រប់​ផ្នែក​​គ្រប់​វិស័យ​ត្រូវ​ធ្វើ​ការ​​ទប់​ស្កាត់​រឿង​នេះ»។

បើ​ទោះបីជា​​អង្គការ​សង់ត្រាល់​​​មិន​ទាន់​បាន​ជួប​មន្ត្រី​ក្រសួង​មហាផ្ទៃ ​ជុំវិញ​កម្មវិធី​នេះ​​យ៉ាងណាក្ដី ប្រធាន​អង្គការ​សង់ត្រាល់ លោក មឿន តុលា យល់​​​ថា ការងារ​របស់​អង្គការ​​លោក​គួរ​ទទួល​បាន​ការ​សាទរ ស្រប​នឹង​ការ​អំពាវនាវ​របស់​ប្រមុខ​រដ្ឋាភិបាល ដែល​​ស្នើ​ពលរដ្ឋ និង​សង្គម​ស៊ីវិល ​ឱ្យ​ចូលរួម​សហការ ​ដើម្បី​កម្ចាត់​ឧស្សាហកម្ម​ឆបោក​អន​ឡាញ​​នៅ​​កម្ពុជា។

​លោក មឿន តុលា និយាយថា​៖ ​«ខ្ញុំ​គិត​ថា គួរ​មាន​ការ​សាទរ​ពី​រដ្ឋ​ដែរ។ ព្រោះ​តែ​ឧបករណ៍​នេះ​​ យើង​ពញ្ញាក់​អ្នក​រក​ការ​​ងារ​​ធ្វើ​​​កុំ​​ឱ្យ​​ចាញ់​​បោក​គេ និង​ក្លាយ​ទៅ​ជា​ជន​បោកប្រាស់។ វា​ក៏​​ស្រប​ទៅ​នឹង​គោល​នយោបាយ​របស់​​រដ្ឋ​កំពុង​តែ​រុញ។ ពិសេស​​​នាយក​រដ្ឋមន្ត្រី​​ទើប​ប្រកាស​ថ្មី​ថា ប្ដេជ្ញាចិត្ត​​បង្ក្រាប ឬ​លុប​បំបាត់​ឧស្សាហកម្ម​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ»។

ចំណែក ​អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ​លោក សេង វណ្ណលី សាទរ​ចំពោះ​ការ​ខំ​ប្រឹងប្រែង​របស់​​អង្គការ​សង់ត្រាល់ ហើយ​លោក​ជំរុញ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់​បង្កើន​ការ​សហការ​ឱ្យ​បាន​ជិត​ស្និទ្ធ ពិសេស​​ពង្រឹង​ការ​​​អប់រំ​ពី​ឌីជីថល ​​តាម​រយៈ​ការ​អប់រំ​នៅ​តាម​សាលារៀន​ឱ្យ​បាន​ទូលំទូលាយ ដើម្បី​ឱ្យ​យុវជន​មាន​សមត្ថភាព​​ឆ្លើយ​តប​នឹង​ព័ត៌មាន​​​ក្លែងក្លាយ​ឱ្យ​បាន​ឆាប់​រហ័ស​ដោយ​ខ្លួន​ឯង។

លើស​ពី​នេះ​ លោក​ស្នើ​ឱ្យ​បង្កើត​ការ​រាយការណ៍​ព័ត៌មាន​ដោយ​ងាយ​​​ស្រួល និង​សុវត្ថិភាព​សម្រាប់​ជនរងគ្រោះ ព្រម​ទាំង​ផ្ដល់​ការ​ងារ​ក្នុង​ស្រុក​​ដល់​យុវជន​ដែល​មាន​​ស្ថិរភាព និង​បណ្ដុះបណ្ដាល​ជំនាញ​ពិត​ប្រាកដ​​​​សម្រាប់​ពួកគេ ដែល​លោក​ហៅ​ថា ជា​ដំណោះ​ស្រាយ​យូរ​​អង្វែង។

លោក សេង វណ្ណលី​ ថ្លែងថា​៖ «តាមរយៈ​ការ​សិក្សា និង​សង្កេត​កន្លង​មក ឧក្រិដ្ឋកម្ម​អនឡាញ​បាន​ប្រើ​យុទ្ធសាស្ត្រ​ទាក់ទាញ​​ដោយ​​ផ្អែក​លើ​តម្រូវការ​​សេដ្ឋកិច្ច និង​ប្រាថ្នា​ចង់​បាន​ជីវភាព​ធូរធារ​ឆាប់​រហ័ស​របស់​យុវជន ដោយ​ពួកគេ​បង្កើត​រូបភាព​​ការ​ងារ​​ដោយ​​មើល​​ទៅ មាន​ភាព​ងាយ​ស្រួល និង​មាន​អត្ថប្រយោជន៍​ច្រើន​លើសលប់។ ប៉ុន្តែ ធាតុ​ពិត​គឺ​ជា​អន្ទាក់​នៃ​ការ​ជួញ​ដូរ​មនុស្ស និង​បង្ខំ​ឱ្យ​ធ្វើ​ការងារ​ខុស​ច្បាប់​តែ​ប៉ុណ្ណោះ។ កត្តា​នេះ ​មិន​ត្រូវ​តែ​បំផ្លាញ​ដល់​អនាគត​យុវជន​ម្នាក់ៗ​​ប៉ុណ្ណោះ​​ទេ ប៉ុន្តែ វា​​បាន​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​សន្តិសុខ​សង្គម និង​កេរ្តិ៍​ឈ្មោះ​របស់​កម្ពុជា​ផង​ដែរ»

មន្ត្រី​សង្គម​ស៊ីវិល និង​អ្នក​ឃ្លាំមើល​ លើកឡើង​ស្រដៀង​គ្នា​ថា បញ្ហា​ការងារ​​របស់​យុវជន​ខ្មែរ​ជាមួយ​ក្រុម​ឧក្រិដ្ឋជន​ទាំង​​នេះ គឺ​ជា​​វិបត្តិ​ដ៏​ធំ​សម្រាប់​កម្ពុជា ព្រោះ​បរទេស​​នឹង​ខ្លាច​រអា មិន​ហ៊ាន​សហការ​នឹង​កម្ពុជា​នោះ​ទេ ដោយ​ពួកគេ​បារម្ភ​​រឿង​​ទំនុកចិត្ត​នេះ បើសិន​ជា​រដ្ឋាភិបាល មិន​អាច​ដោះស្រាយ​បាន​ទាន់​ពេល និង​មាន​ប្រសិទ្ធភាព៕