តាមការស៊ើបអង្កេតរបស់ សារព័ត៌មានខេមបូចា ខណៈដែលរដ្ឋាភិបាលកម្ពុជាបន្តធ្វើយុទ្ធនាការបង្ក្រាបទូទាំងប្រទេសដើម្បី«កម្ចាត់»បណ្តាញឆបោកតាមអនឡាញឱ្យអស់នៅត្រឹមខែមេសា ការផ្សព្វផ្សាយជ្រើសរើសបុគ្គលិកឱ្យចូលបម្រើការងារក្នុងឧស្សាហកម្មខុសច្បាប់នេះកំពុងកើនឡើងលើវេទិកាឌីជីថល ដោយផ្តោតទាំងជនជាតិខ្មែរ និងជនបរទេស។
ការកើនឡើងនេះកើតមានក្នុងពេលដែលទីតាំងមួយចំនួនដែលត្រូវបានសង្ស័យថាជាកន្លែងបោកប្រាស់ បានបញ្ឈប់សកម្មភាព ខណៈដែលអ្នកជ្រើសរើសបុគ្គលិកកាន់តែផ្តោតលើពលករបរទេសដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជាស្រាប់។ និន្នាការនេះត្រូវបានរកឃើញតាមការវិភាគលើសេចក្តីប្រកាសជ្រើសរើសរាប់រយដែលបង្ហោះលើវេទិកាឌីជីថល ដោយបានប្រើឧបករណ៍វាយតម្លៃហានិភ័យការងារក្លែងបន្លំដែលបង្កើតឡើងដោយក្រុមការពារសិទ្ធិកម្មករមួយ។
រដ្ឋាភិបាលបានចាប់ផ្តើមយុទ្ធនាការបង្ក្រាបទ្រង់ទ្រាយធំដែលមានឈ្មោះថា «ប្រតិបត្តិការ XXL» នៅដើមឆ្នាំនេះ បន្ទាប់ពីមានការត្រួតពិនិត្យនិងការសង្ស័យលើតួនាទីរបស់កម្ពុជាក្នុងការផ្តល់ជម្រកដល់បណ្តាញបោកប្រាស់ ព្រមទាំងការដាក់ទណ្ឌកម្ម និងការបញ្ជូនខ្លួនទៅប្រទេសចិននូវមេក្លោងបណ្តាញឆបោកឈ្មោះ Chen Zhi ដែលជាអតីតទីប្រឹក្សានាយករដ្ឋមន្ត្រី។
អាជ្ញាធរបានអះអាងថា ចាប់តាំងពីខែមករាមកខ្លួនបានបិទទីតាំងដែលត្រូវបានសង្ស័យថាជាទីតាំងឆបោកតាមអនឡាញ ជាង២០០កន្លែង និងឃាត់ខ្លួនមនុស្សជាង៣៥០០នាក់ ព្រមទាំងមានជនបរទេសប្រហែល ១៣០ ០០០នាក់ ដែលគេជឿថាបានធ្វើការ ឬត្រូវបង្ខំឱ្យធ្វើការនៅក្នុងទីតាំងទាំងនេះ ក៏ត្រូវបានបញ្ជូនចេញពីកម្ពុជាផងដែរ។
ប៉ុន្តែខណៈដែលអ្នកសង្កេតការណ៍បានចោទជាសំណួរថាតើយុទ្ធនាការនេះនឹងបន្តរយៈពេលយូរឬទេនិងថាតើមន្រ្តីឬឥស្សរជនដែលមានទំនាក់ទំនងជាមួយប្រតិបត្តិការឆបោកនឹងត្រូវស៊ើបអង្កេត ឬអត់ក្តីព្រួយបារម្ភផ្សេងទៀតក៏បានលេចឡើងដោយសារតែការបង្ហោះដំណឹងជ្រើសរើសបុគ្គលិកនៅតែបន្តចែកចាយព្រោងព្រាតលើបណ្តាញសង្គម តេឡេក្រាម និង TikTok ដែលគណនីទាំងនោះមានទំនាក់ទំនងទៅនឹងឧស្សាហកម្មខុសច្បាប់នេះ។ អ្នកជំនាញព្រមានថា ការជ្រើសរើសបុគ្គលិកក្រោមរូបភាពថ្មីនេះអាចបំផ្លាញប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងធ្វើឱ្យអតីតអ្នកដែលត្រូវបានគេឆបោកប្រឈមនឹងហានិភ័យនៃការជួញដូរមនុស្សឡើងវិញ។
ការផ្សព្វផ្សាយឱកាសការងារតាមអនឡាញផ្តោតលើជនបរទេស បង្ហាញពីហានិភ័យឆបោក
នៅដើមខែកុម្ភៈ អ្នកសារព័ត៌មានម្នាក់ពីខេមបូចា បានចូលក្នុងក្រុមតេឡេក្រាមមួយដែលមានសមាជិកជាង ១៧ ០០០ នាក់ ដែលផ្សព្វផ្សាយឱកាសការងាររាប់រយកន្លែងក្នុងប្រទេសកម្ពុជា ជារៀងរាល់ថ្ងៃ ដោយភាគច្រើនមកពីកាស៊ីណូ ឬកន្លែងទទួលទូរសព្ទសម្រាប់ឆ្លើយតបសំណួររបស់អតិថិជន (call center)។ ក្នុងរយៈពេលតែមួយសប្តាហ៍ដំបូងប៉ុណ្ណោះ មានការបង្ហោះពីការស្វែងរកបុគ្គលិកជិត ៤ ១០០ ត្រូវបានចែករំលែក ដែលភាគច្រើនសរសេរជាភាសាអង់គ្លេស និងភាសាខ្មែរ។
ដំណឹងជ្រើសរើសខ្លះមើលទៅស្របច្បាប់ ប៉ុន្តែការងាររាប់រយទៀតដែលបានផ្សព្វផ្សាយមិនបានពិពណ៌នាតួនាទីមុខតំណែងឱ្យបានច្បាស់លាស់ ជាភាសាខ្មែរ ឬអង់គ្លេសឡើយ ដោយខ្លះគ្រាន់តែប្រាប់ថាមានទំនួលខុសត្រូវដូចជា «បង្កើតទំនាក់ទំនង(Add Contact)» «វាយអត្ថបទឬតបសារ(Typing or Chatting)» «ម៉ូដែលAI ឬម៉ូដែលពិត(AI or Real Model)» និង«អ្នកទទួលទូរសព្ទ (Call Center)» ជាដើម។ ការផ្សព្វផ្សាយឱកាសការងារទាំងនេះភាគច្រើនសន្យាផ្តល់ប្រាក់ខែខ្ពស់ជាងអត្រាទូទៅក្នុងស្រុក ហើយផ្តោតស្វែងរកបេក្ខជនមកពីបណ្តាប្រទេសអាស៊ីខាងត្បូង និងប្រទេសផ្សេងៗក្នុងតំបន់។
ភាគច្រើននៃប្រកាសទាំងនេះមានលំនាំស្រដៀងគ្នា ដោយបញ្ជាក់ថាទីតាំងការងារនៅតំបន់ព្រំដែន ឬនៅទីប្រជុំជនដែលត្រូវបានគេស្គាល់ជាយូរមកហើយថាជាមជ្ឈមណ្ឌលឆបោក ដោយក្នុងនោះមាននៅក្រុងបាវិត ប៉ោយប៉ែត ក្រុងព្រះសីហនុ ប៉ៃលិន និងរាជធានីភ្នំពេញ។
ទីតាំងកាស៊ីណូ ឬទីតាំងឆបោកតាមអនឡាញនៅក្បែរក្រុងបាវិត ដែលត្រូវបានក្រុមតាមដានការឆបោកតាមអនឡាញ (Cyber Scam Monitor) កំណត់ថា ជាមជ្ឈមណ្ឌលឆបោក ក៏នៅតែមានក្នុងតំណ Google Map ដែលបានភ្ជាប់ប្រាប់ពីទីតាំងការងារក្នុងដំណឹងជ្រើសរើសបុគ្គលិកទាំងនោះ រហូតដល់ថ្ងៃពុធនេះផងដែរ។
ដំណឹងជ្រើសរើសបុគ្គលិកដែលបានបង្ហោះខ្លះបញ្ជាក់ថា បុគ្គលិកនឹងមិនត្រូវបានអនុញ្ញាតឱ្យចាកចេញពីបរិវេណទីតាំងការងារឡើយ ហើយលិខិតឆ្លងដែនរបស់ពួកគេនឹងត្រូវក្រុមហ៊ុនរក្សាទុក ដោយអះអាងថា «ដើម្បីរក្សាសុវត្ថិភាព»។ ខណៈដំណឹងជ្រើសរើសបុគ្គលិកដែលបានបង្ហោះផ្សេងទៀតបញ្ជាក់ថា ពួកគេទទួលយកតែជនបរទេសដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ សូម្បីតែអ្នកដែលមិនមានលិខិតឆ្លងដែន ឬឯកសារបញ្ជាក់អត្តសញ្ញាណក៏ដោយ។
ដំណឹងជ្រើសរើសស្រដៀងគ្នានេះ ក៏ត្រូវបានឃើញលើ TikTok ផងដែរ។
បន្ទាប់ពីប្រមូលនូវការបង្ហោះជ្រើសរើសបុគ្គលិកលើបណ្តាញសង្គមតាមរយៈការថតពីអេក្រង់នៃការផ្សព្វផ្សាយការងារទាំងនេះ សារព័ត៌មានខេមបូចា បានធ្វើការវិភាគដោយប្រើប្រាស់កម្មវិធីវាយតម្លៃហានិភ័យការងារឆបោក (Scam Job Detector) ដែលត្រូវបានបង្កើតឡើងដោយ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) ដើម្បីវាយតម្លៃកម្រិតលទ្ធភាពនៃការជ្រើសរើសកម្មករបែបបោកប្រាស់។ អង្គការសង់ត្រាល់បានឱ្យដឹងថា ឧបករណ៍នេះមិនត្រឹមតែត្រូវបានបង្កើតឡើងដើម្បីជួយប្រជាជនកម្ពុជាឱ្យសម្គាល់ការផ្តល់ការងារបែបបោកប្រាស់តែប៉ុណ្ណោះទេ ថែមទាំងអាចប្រើប្រាស់សម្រាប់រកមើលការជ្រើសរើសបុគ្គលិកដោយប្រើល្បិចបោកបញ្ឆោតចូលទៅក្នុងមជ្ឈមណ្ឌលឆបោកទៀតផង។
លទ្ធផលបង្ហាញថា ពិន្ទុហានិភ័យនៃឆបោកមានរហូតដល់៩៨%។
អ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា មិនបានឆ្លើយចំៗថាតើក្រសួងមានការតាមដានលើការផ្សព្វផ្សាយជ្រើសរើសបុគ្គលិកបែបនេះឬយ៉ាងណានោះទេ។ លោកបានស្នើឱ្យអ្នកសារព័ត៌មានផ្តល់ឧទាហរណ៍នៃការផ្សាយទាំងនោះ ហើយថាក្រុមបច្ចេកទេសរបស់ក្រសួងនឹងធ្វើការពិនិត្យ។
លោកបានថ្លែងថា៖ «ក្រសួងនឹងធ្វើការលើរឿងនេះ និងមិនអនុញ្ញាតឱ្យសកម្មភាពខុសច្បាប់ទាំងនេះបន្តកើតមានទៀតឡើយ»។
នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាអ្នកដឹកនាំប្រតិបត្តិការ XXL មិនអាចទាក់ទងដើម្បីសុំការអត្ថាធិប្បាយបានទេ។
អ្នកជ្រើសរើសបុគ្គលិក កម្មករ ពិពណ៌នាពីចន្លោះប្រហោងនៃប្រតិបត្តិការ XXL
អ្នកសារព័ត៌មានខេមបូចាបានទាក់ទងបុគ្គលបីរូបនៅក្នុងក្រុម តេឡេក្រាម ដែលកំពុងជ្រើសរើសបុគ្គលិកសម្រាប់មុខតំណែងនៅមជ្ឈមណ្ឌលទទួលទូរសព្ទ និង«ឆ្លើយតបសារ(Chatting)» ដោយក្លែងខ្លួនជាអ្នកស្វែងរកការងារ។
អ្នកជ្រើសរើសម្នាក់បាននិយាយដោយបើកចំហថា ដោយសារតែមានការបង្ក្រាបទីតាំងបោកប្រាស់ ក្រុមហ៊ុនទាំងអស់បានផ្អាកការសម្ភាសន៍ជាបណ្ដោះអាសន្ន ហើយនឹងជូនដំណឹងបន្ថែមក្នុងពេលឆាប់ៗនេះ។ ចំណែកឯអ្នកជ្រើសរើសពីរនាក់ទៀត បានស្នើសុំលិខិតឆ្លងដែនថតចម្លង និងវីដេអូណែនាំខ្លួន។
សារព័ត៌មានខេមបូចា ក៏បានទូរសព្ទទៅភ្នាក់ងារជ្រើសរើសបុគ្គលិកម្នាក់ផងដែរ ដែលបានបង្ហោះការផ្សាយពាណិជ្ជកម្មស្វែងរកបុគ្គលិកនៅលើ TikTok ដែលត្រូវបានគេកំណត់ថា មានហានិភ័យនៃការបោកប្រាស់។ ការផ្សាយពាណិជ្ជកម្មទាំងនោះ គឺស្វែងរកបុគ្គលិកជាជនជាតិ ប៉ាគីស្ថាន បង់ក្លាដែស ឥណ្ឌា នេប៉ាល់ ឥណ្ឌូនេស៊ី ជប៉ុន និង ហ្វីលីពីន សម្រាប់មុខតំណែងជាអ្នកទទួលទូរស័ព្ទ (call center) និង «ម៉ូដែល AI»។ ភ្នាក់ងារដែលស្នើសុំមិនបញ្ចេញឈ្មោះ ដោយសារហេតុផលសុវត្ថិភាព បានប្រាប់ថា ក្រោយពីមានការចាប់ផ្ដើមយុទ្ធនាការបង្ក្រាប អង្គភាពរបស់គាត់បានផ្អាកការជ្រើសរើសបុគ្គលិកខ្មែរ ប៉ុន្តែនៅតែមានអ្នកទាក់ទងគាត់ជាច្រើនដើម្បីសាកសួរអំពីឱកាសការងារតាមអនឡាញ។
គាត់បានប្រាប់ថា ជនបរទេសតិចណាស់ដែលទាក់ទងគាត់ដោយផ្ទាល់ ដោយសារបេក្ខជនបរទេសភាគច្រើន តែងតែទាក់ទងភ្នាក់ងារជ្រើសរើសបុគ្គលិកដែលជាជនជាតិរបស់ពួកគេផ្ទាល់។
គាត់បានបន្ថែមថា គាត់មិនដែលបានឃើញទីតាំងធ្វើការដោយផ្ទាល់នោះទេ ហើយការងាររបស់គាត់ គឺត្រឹមតែជ្រើសរើសបេក្ខជន និងផ្ដល់ទីតាំងក្រុមហ៊ុនទៅឱ្យអ្នកដែលត្រូវបានជ្រើសរើសតែប៉ុណ្ណោះ។
អ្នកជ្រើសរើសបុគ្គលិករូបនេះបានបន្ថែមទៀតថា បេក្ខជនត្រូវចេះភាសាអង់គ្លេស មានជំនាញកុំព្យូទ័រជាមូលដ្ឋាន និងត្រូវធ្វើតេស្តវាយអក្សរជាភាសាអង់គ្លេស។ នៅពេលសួរថាតើគាត់ដឹងទេថា ការងារទាំងនោះអាចជាការងារខុសច្បាប់ ឬជាប់ពាក់ព័ន្ធនឹងការបោកប្រាស់តាមអនឡាញ គាត់បានឆ្លើយថា គាត់មិនបានដឹងទេ ដោយបន្ថែមថាគាត់គ្រាន់តែជាអ្នកជ្រើសរើសបុគ្គលិកប៉ុណ្ណោះ។
ខណៈដែលប្រតិបត្តិការឆបោកនៅកម្ពុជា ដែលមានរបាយការណ៍ថា ភាគច្រើនគ្រប់គ្រងដោយក្រុមឧក្រិដ្ឋជនចិន ត្រូវបានគេរកឃើញថាពឹងផ្អែកលើបណ្តាញជួញដូរមនុស្សឆ្លងដែន ប៉ុន្តែអ្វីដែលគេកត់សម្គាល់ឃើញនោះគឺ មានព័ត៌មានតិចតួចណាស់ដែលបានរាយការណ៍អំពីប្រជាជនខ្មែរដែលធ្វើការក្នុងឧស្សាហកម្មនេះ។ អង្គការសហប្រជាជាតិបានឱ្យដឹងនៅក្នុងឆ្នាំ២០២៣ ថា យ៉ាងហោចណាស់មានមនុស្សចំនួន១០០ ០០០នាក់ មកពីប្រទេសជាច្រើនត្រូវបានបង្ខំ ឬបញ្ចុះបញ្ចូលឱ្យធ្វើការនៅក្នុងមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញនៅកម្ពុជា ក្រោមការគំរាមកំហែងដោយការធ្វើបាប ឬសម្លាប់ ដែលពួកគេត្រូវប្រព្រឹត្តអំពើឆបោកស្នេហា និងការវិនិយោគនៅទូទាំងពិភពលោក។
ស្ត្រីខ្មែរម្នាក់ដែលសុំមិនបញ្ចេញឈ្មោះក្រោមហេតុផលឯកជនភាព បានរៀបរាប់ថា កាលពីឆ្នាំមុនគាត់បានចាប់ផ្ដើមធ្វើការនៅការិយាល័យជួលមួយក្នុងខេត្តកំពត ដោយធ្វើការបញ្ចុះបញ្ចូលមនុស្សតាមអនឡាញឱ្យលេងល្បែងស៊ីសង ដែលជាទង្វើខុសច្បាប់នៅក្នុងប្រទេស។ គាត់បានបន្ថែមថា ការងារនោះត្រូវបានគេប្រកាសជ្រើសរើសបុគ្គលិក ក្រោមស្លាកឈ្មោះថាជាអ្នក«បង្កើតទំនាក់ទំនង(adding contact)»។
គាត់បានបន្តថា បញ្ហាហិរញ្ញវត្ថុនៅក្នុងគ្រួសារបានជំរុញឱ្យគាត់ស្វែងរកការងារ ហើយមិត្តភក្តិម្នាក់បានណែនាំគាត់ឱ្យស្គាល់ការងារនេះ។ គាត់បញ្ជាក់ថាគាត់មិនបានរងការបំពានផ្លូវកាយ និងមិនត្រូវបង្ខាំងនៅក្នុងការិយាល័យនោះទេ។
គាត់បាននិយាយថា៖ «ខ្ញុំដឹងថាការងារនោះខុសច្បាប់។ ខ្ញុំធ្វើការនៅទីនោះត្រឹមបីខែប៉ុណ្ណោះ បន្ទាប់មកក៏ឈប់។ វាមើលទៅលំបាកពេក រត់គេចពីប៉ូលីស»។
ការងាររបស់គាត់បានបញ្ចប់ បន្ទាប់ពីនិយោជកទទួលបានព័ត៌មានជាមុនថា សមត្ថកិច្ចកំពុងរៀបចំចុះបង្ក្រាប។
ការចាកចេញទ្រង់ទ្រាយធំរបស់ជនបរទេសរាប់ពាន់នាក់ ដែលបានភៀសខ្លួនពីទីតាំងសង្ស័យថា ជាកន្លែងបោកប្រាស់តាមអនឡាញ មុនពេលមានការអនុវត្តច្បាប់កាលពីខែមុន បានជំរុញឱ្យអ្នកសង្កេតការណ៍មួយចំនួនលើកឡើងពីលទ្ធភាពនៃការលេចធ្លាយព័ត៌មានពីសំណាក់អាជ្ញាធរ។ ក្នុងនោះ រដ្ឋាភិបាលបរទេសមួយចំនួនបានចោទប្រកាន់ថា អាជ្ញាធរខ្លះទទួលបានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុពីប្រតិបត្តិការបោកប្រាស់ទាំងនោះ។ លោក នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា មន្ត្រីរាជការណាដែលរកឃើញថាបានជាប់ពាក់ព័ន្ធនឹងបទល្មើសឆ្លងដែន នឹងត្រូវទទួលទោសតាមច្បាប់ជាធរមាន។
អ្នកជំនាញព្រមានអំពីហានិភ័យនៃការជួញដូរមនុស្សឡើងវិញ
បន្ទាប់ពីបានពិនិត្យមើលបញ្ជីដំណឹងជ្រើសរើសបុគ្កលិកដែលប្រមូលបានដោយសារព័ត៌មានខេមបូចា អ្នកស្រី Montse Ferrer នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃអង្គការលើកលែងទោសអន្តរជាតិ បានមានប្រសាសន៍ថា ការប្រកាសជ្រើសរើសទាំងនោះមានលក្ខណៈដូចគ្នាជាមួយនឹងការងាររបស់ជនរងគ្រោះ និងអ្នកដែលបានរួចផុតពីការជួញដូរ បានរៀបរាប់ប្រាប់អង្គការនេះ។
អ្នកស្រី Ferrer បានបន្តថា មនុស្សជាច្រើនដែលត្រូវបានជួញដូរមកកម្ពុជា ដើម្បីធ្វើការនៅទីតាំងឆបោកតាមអនឡាញ ត្រូវបានជ្រើសរើសក្រោមការសន្យាថាជាការងារស្របច្បាប់ ដូចជាការងារផ្នែកច្បាប់ និងមុខតំណែងជំនាញផ្សេងៗ។ បច្ចុប្បន្ន ការជ្រើសរើសភាគច្រើនកំពុងផ្តោតលើជនបរទេសដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជាស្រាប់។
អ្នកស្រី Ferrer និងអ្នកតស៊ូមតិសិទ្ធិមនុស្សផ្សេងទៀត បានសម្តែងនូវក្តីបារម្ភចំពោះការផ្លាស់ប្តូររូបភាពនៃការផ្សាយដំណឹងជ្រើសរើសបុគ្គលិក ដោយបានលើកឡើងថា ជនរងគ្រោះដែលនៅសេសសល់ក្នុងប្រទេសកម្ពុជានៅតែស្ថិតក្នុងហានិភ័យនៃការត្រូវបានជួញដូរត្រឡប់ទៅមជ្ឈមណ្ឌលឆបោកវិញ ដោយសារតែពួកគេជាច្រើនកំពុងប្រឈមមុខនឹងឱកាសការងារមានកម្រិត ឬគ្មានលិខិតឆ្លងដែន ដែលការណ៍នេះត្រូវបានក្រុមសិទ្ធិមនុស្សចាត់ទុកថាជាវិបត្តិមនុស្សធម៌។
អ្នកស្រីក៏បានយោងទៅលើការរកឃើញរបស់អង្គការលើកលែងទោសអន្តរជាតិថាទីតាំងឆបោកតាមអនឡាញតែងផ្លាស់ប្តូរ ដើម្បីគេចពីការចុះបង្ក្រាបរបស់សមត្ថកិច្ច។
អ្នកស្រីបានថ្លែងថា៖ «បច្ចុប្បន្ននេះ ការវាយតម្លៃរបស់យើងបានបង្ហាញថា ទីតាំងជាច្រើននៅតែមិនទាន់ត្រូវបានប៉ះពាល់ដោយការបង្ក្រាប ហើយរដ្ឋាភិបាលហាក់ដូចជាខកខានមិនបានទទួលស្គាល់ជនរងគ្រោះនៃការជួញដូរមនុស្ស ដែលជាហេតុផលមួយដែលធ្វើឱ្យវិបត្តិមនុស្សធម៌នាពេលបច្ចុប្បន្នកាន់តែធ្ងន់ធ្ងរឡើង»។
លោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មិនបានឆ្លើយតបនឹងសំណើសុំអត្ថាធិប្បាយជុំវិញបញ្ហានេះទេ។
ក្នុងសន្និសីទសារព័ត៌មានមួយកាលពីដើមខែនេះ លោកបានមានប្រសាសន៍ថា អាជ្ញាធរបានបញ្ជូនជនបរទេសជាង ២ ៤០០ នាក់ ដែលធ្វើការនៅទីតាំងឆបោកតាមអនឡាញ ចេញពីប្រទេស ចាប់តាំងពីខែមករាមក។ ចំណាត់ការនេះបានបង្កើតក្តីបារម្ភក្នុងចំណោមអ្នកជំនាញប្រឆាំងការជួញដូរមនុស្ស។
លោកក៏បានបន្ថែមទៀតថា កម្មករបរទេសរាប់ម៉ឺននាក់ដែលត្រូវបានគេសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងបណ្តាញឆបោកតាមអនឡាញខេត្តចំនួនប្រាំពីរ បានចាកចេញពីទីតាំងទាំងនោះហើយ ដោយមិនបានបញ្ជាក់លម្អិតថាពួកគេបានចាកចេញទៅកាន់ទីណានោះទេ។
លោកបានមានប្រសាសន៍ថា៖ «យើងបានសង្កេតឃើញថា បច្ចុប្បន្ន ការឆបោកតាមអនឡាញនៅកម្ពុជាអាចគ្រប់គ្រងបានជាងមុន ហើយក៏មានការថយចុះគួរឱ្យកត់សម្គាល់ផងដែរ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យើងនឹងបន្តតាមដានស្ថានការណ៍នេះយ៉ាងដិតដល់ជាប្រចាំ»។
លោក សុខៈ ក្រោយមកបានបន្ថែមក្នុងសន្និសីទដដែលថា មាន «ក្រុមតូចៗ» បានបំបែកចេញពីទីតាំងឆបោកតាមអនឡាញធំៗ ហើយនៅតែបន្តមានសកម្មភាព ដោយបន្ថែមថាក្រសួងនឹង «ពិនិត្យស្រាវជ្រាវលើពួកគេ»៕