ប្រភព៖ កាសែតខ្មែរ
បុគ្គលិក និងកូដករ NagaWorld បានអំពាវនាវឱ្យអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដាក់បញ្ចូលវិវាទការងារដែលបានអូសបន្លាយជិតប្រាំឆ្នាំរបស់ពួកគេទៅក្នុងរបាយការណ៍ផ្លូវការ ដោយអះអាងថា ពួកគេនៅតែមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ។
អ្នកស្រី សុខ ស្រីមាស បុគ្គលិក NagaWorld និងជាកូដករ បានប្រាប់ កាសែតខ្មែរ ថា អ្នកស្រីបានអំពាវនាវឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយវិវាទនេះ ដើម្បីបង្ហាញថា កម្ពុជាគោរពសិទ្ធិសហជីពដូចដែលបានប្រកាសជាសាធារណៈ។ ជាមួយគ្នានេះ អ្នកស្រីបានស្នើឱ្យ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា យកករណី NagaWorld ដាក់បញ្ចូលក្នុងរបាយការណ៍របស់លោក ដោយលើកឡើងថា សិទ្ធិការងារក៏ជាផ្នែកមួយនៃសិទ្ធិមនុស្សដែរ។
អ្នកស្រីថ្លែងថា៖ «ប្រសិនបើសំឡេងរបស់ពួកយើងត្រូវបានដាក់បញ្ចូលក្នុងរបាយការណ៍ ខ្ញុំសង្ឃឹមថា វាអាចជួយជំរុញឱ្យមានដំណោះស្រាយឆាប់ៗ»។
អ្នកស្រីបានឲ្យដឹងបន្ថែមទៀតថា ការតវ៉ាដែលអូសបន្លាយអស់រយៈពេលជាង ១,៦០០ ថ្ងៃ បានធ្វើឱ្យកម្មករជួបការលំបាកផ្នែកសេដ្ឋកិច្ច និងជីវភាពរស់នៅ។ អ្នកស្រីបានអះអាងថា កម្មករជាច្រើនត្រូវបានបញ្ឈប់ពីការងារ ដោយសារការចូលរួមសកម្មភាពសហជីព មិនមែនដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩ ដូចការលើកឡើងរបស់ក្រុមហ៊ុននោះទេ។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក (ADHOC) លោក យី សុខសាន្ត បានប្រាប់អ្នកសារព័ត៌មានថា កម្មករប្រមាណជាង ៤០ នាក់ បានប្រមូលផ្តុំគ្នានៅខាងមុខអគារ NagaWorld 2 ដើម្បីរំលឹកការតវ៉ាដែលបានបន្តអស់រយៈពេលប្រមាណ ១,៦៨៥ ថ្ងៃ។
លោកបាននិយាយថា ទោះបីមានកម្មករជាច្រើនបានទទួលយកដំណោះស្រាយកន្លងមកក៏ដោយ ក៏នៅសល់កម្មករប្រមាណជិត ១០០ នាក់ទៀត ដែលមិនទាន់ទទួលយកការសម្របសម្រួល និងនៅតែទាមទារឱ្យថ្នាក់ដឹកនាំ និងសកម្មជនសហជីពឯករាជ្យ ត្រូវបានអនុញ្ញាតឱ្យចូលធ្វើការវិញ។
លោក យី សុខសាន្ត បានអំពាវនាវឱ្យរដ្ឋាភិបាលធានាសេរីភាពសហជីព និងពិនិត្យមើលការអនុវត្តសិទ្ធិការងារនៅក្នុងក្រុមហ៊ុន ដោយលោកលើកឡើងថា សហជីពគួរតែមានឯករាជ្យ មិនស្ថិតក្រោមឥទ្ធិពលរបស់និយោជក។
លោកបានបន្ថែមថា ការគោរពសិទ្ធិការងារ និងការដោះស្រាយវិវាទដោយយុត្តិធម៌ មានសារៈសំខាន់ក្នុងការរក្សាទំនុកចិត្តរបស់កម្មករ និងដៃគូអាជីវកម្មអន្តរជាតិ។
វិវាទការងារនៅ NagaWorld បានចាប់ផ្តើមនៅចុងឆ្នាំ២០២១ បន្ទាប់ពីក្រុមហ៊ុនប្រកាសបញ្ឈប់បុគ្គលិករាប់រយនាក់ អំឡុងពេលវិស័យកាស៊ីណូរងផលប៉ះពាល់ពីជំងឺកូវីដ-១៩។
សហជីព និងកម្មករបានអះអាងថា ការបញ្ឈប់ការងារនោះបានផ្តោតលើថ្នាក់ដឹកនាំ និងសកម្មជនសហជីព ខណៈក្រុមហ៊ុន NagaWorld បានបញ្ជាក់ថា ការរៀបចំបុគ្គលិកឡើងវិញ គឺធ្វើឡើងស្របតាមតម្រូវការអាជីវកម្ម និងច្បាប់ការងារ។
ចាប់តាំងពីពេលនោះមក ការធ្វើកូដកម្ម និងការតវ៉ាបានបន្តកើតមានជាបន្តបន្ទាប់ ហើយអាជ្ញាធរបានចាត់វិធានការលើអ្នកតវ៉ាមួយចំនួន រួមទាំងការចាប់ខ្លួន និងការចោទប្រកាន់សកម្មជនសហជីព៕