ប្រភព៖ ខេមបូចា
កម្មការិនីនៃរោងចក្រកាត់ដេររបស់កូរ៉េខាងត្បូង ( CIK Cambodia) ទទួលបានកិច្ចព្រមព្រៀងក្រៅប្រព័ន្ធតុលាការ ដែលអាចឱ្យពួកគាត់ត្រឡប់ចូលធ្វើការវិញបាន បន្ទាប់ពីវិវាទអូសបន្លាយអស់រយៈពេល៨ឆ្នាំមកនេះ។
កម្មការនីទាំងនោះរួមមាន សូ ចាន់ធា កើត សុខនី និង ទេព ស្រីនឿន ដែលពួកគេទាំង៣នាក់នេះ ត្រូវបានបញ្ឈប់ពីការងារកាលពីឆ្នាំ២០១៧ បន្ទាប់ពីពួកគេបង្កើតសហជីព។ ពួកគេអះអាងថា ការបង្កើតសហជីពនេះ គឺដើម្បីការពារសិទ្ធិកម្មករ ក្រោយមានការបញ្ឈប់ស្ត្រីមានផ្ទៃពោះពីការងារ។ ក៏ប៉ុន្តែភាគីក្រុមហ៊ុន CIK Cambodia បានបញ្ជាក់ថា ការបញ្ឈប់ការងារ គឺដោយសារតែការធ្លាក់ចុះនៃការបញ្ជាទិញ។ ដោយភាគីទាំងពីរមិនមានជាដំណោះស្រាយ ក៏បង្កទៅជាវិវាទរវាងកម្មការិនី និង ក្រុមហ៊ុន។ ចាប់តាំងពីពេលនោះមកក្រុមហ៊ុន CIK នេះបានប្តូរខ្លួនទៅជាក្រុមហ៊ុន Mixed & Match Garment Co.
យ៉ាងណានៅថ្ងៃទី២៨ ខែកក្កដានេះ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) ដែលជាតំណាងឱ្យកម្មករចាប់តាំងពីឆ្នាំ២០២៣ ឱ្យដឹងថា ភាគីទាំងពីរបានព្រមព្រៀងបញ្ចប់សំណុំរឿងក្រៅប្រព័ន្ធតុលាការ។
ជាដំណោះស្រាយ កម្មករនឹងវិលត្រឡប់ទៅបំពេញការងារវិញ ដោយភ្ជាប់ជាមួយនឹងសំណង។ ក៏ប៉ុន្តែនៅមិនទាន់មានការបញ្ជាក់អំពីចំនួនទឹកប្រាក់ដែលក្រុមហ៊ុននឹងសងត្រឡប់នៅឡើយទេ។
កម្មការិនី ទេព ស្រីនឿន ប្រាប់អ្នកសារព័ត៌មានខេមបូចាថា អ្នកស្រីសប្បាយចិត្តដែលអាចត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីរង់ចាំអស់៨ឆ្នាំ ហើយសង្ឃឹមថា នឹងមិនមានការរើសអើងសហជីពតទៀតទេ។
បើទោះបីជាភាគីទាំងពីរយល់ស្របក្នុងការបញ្ចប់វិវាទនេះក្តី លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីរបស់ CENTRAL នៅតែស្នើសុំឱ្យមានការពង្រឹងប្រព័ន្ធដោះស្រាយវិវាទការងារឱ្យប្រសិទ្ធភាពជាងនេះបន្ថែមទៀត ព្រោះថារហូតដល់ទទួលបានដំណោះស្រាយ កម្មករ កម្មការិនីត្រូវចំណាយពេលយូរ ដូចក្នុងករណីនេះគឺអស់រយ:ពេល៨ឆ្នាំ។
អ្នកសារព័ត៌មានខេមបូចាក៏បានទាក់ទងទៅលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ដើម្បីសុំការឆ្លើយតប។ ក៏ប៉ុន្តែមិនទទួលបានការឆ្លើយតបទេ គិតត្រឹមការចេញផ្សាយនេះ។
សំណុំរឿងនេះ ក៏ធ្លាប់ទទួលបានការចាប់អារម្មណ៍ពីអន្តរជាតិផងដែរ។ កាលពីដើមឆ្នាំ២០២៦នេះ ប្រធានាធិបតីកូរ៉េខាងត្បូង Lee Jae-myung បានជំរុញឱ្យរដ្ឋាភិបាលរបស់លោកជួយដោះស្រាយបញ្ហានេះ ដោយលើកឡើងថា ករណីនេះអាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់កូរ៉េខាងត្បូង៕