គម្លាតភាពមានបាននិងភាពក្រីក្រនៅកម្ពុជាកាន់តែរីកធំទោះមានកំណើនសេដ្ឋកិច្ចក៏ដោយ

អាទិត្យ ៥រោច ខែមាឃ ឆ្នាំរោង ព.ស. ២៥៦៨ (16 កុម្ភៈ 2025)

របាយការណ៍របស់អង្គការ Oxfam បានបង្ហាញពីគម្លាតជាសកលរវាងអ្នកមាន និងអ្នកក្រ ដែលបន្តកើនឡើង ដោយអ្នករស់នៅក្នុងភាពក្រីក្រប្រឈមមុខនឹងភាពតានតឹងកាន់តែខ្លាំង។ អ្នកជំនាញបានលើកឡើងពីរូបភាពស្រដៀងគ្នានេះនៅកម្ពុជា ដោយផ្តល់អនុសាសន៍ឱ្យកំណត់ប្រាក់ឈ្នួលអប្បបរមាដែលអាចយកមករ៉ាប់រងការរស់នៅបាន និងពង្រឹងយុត្តិធម៌សង្គម ដើម្បីកាត់បន្ថយគម្លាត

 

យោងតាមរបាយការណ៍របស់ Oxfam បានឱ្យដឹងថា គម្លាតរវាងអ្នកមាននិងអ្នកក្រកំពុងកើនឡើង ខណៈដែលទ្រព្យសម្បត្តិរបស់បុគ្គលមានបំផុតទាំង១០រូបនៅលើពិភពលោកកើនឡើងជិត ១០០លានដុល្លារក្នុងមួយថ្ងៃ ខណៈដែលអ្នកក្ររកបានតិចជាង ១ដុល្លារ ហើយនៅជាប់ជំពាក់បំណុល និងមានការចំណាយខ្ពស់ក្នុងការរស់នៅ។ រូបភាពនៅកម្ពុជាក៏មិនខុសគ្នាដែរ ដោយអង្គការក្រៅរដ្ឋាភិបាល បានលើកឡើងពីការព្រួយបារម្ភអំពីគម្លាតរវាងអ្នកមាននិងអ្នកក្រ។

ដើម្បីបង្រួមគម្លាត ស្ថាប័ននានាកំពុងអំពាវនាវឱ្យមានការពង្រឹងយុត្តិធម៌សង្គម ហើយដំឡើងប្រាក់ឈ្នួលសម្រាប់កម្មករក្រៅផ្លូវការ ដើម្បីលើកកម្ពស់កម្រិតជីវភាព និងឱកាសអាជីវកម្មសម្រាប់ក្រុមងាយរងគ្រោះ។

របាយការណ៍ឆ្នាំ២០២៥ របស់អង្គការ Oxfam ដែលមានចំណងជើងថា «Taker, Not Makers» បង្ហាញឱ្យឃើញថា មនុស្សដែលនៅតែរស់នៅក្នុងភាពក្រីក្រទូទាំងពិភពលោកប្រឈមនឹងវិបត្តិជាច្រើន។ របួសបន្សល់ពីវិបត្តិជំងឺរាតត្បាត អាចត្រូវបានមើលឃើញក្នុងទម្រង់ជាបំណុល ប្រាក់ឈ្នួលទាប និងតម្លៃអាហារកាន់តែខ្ពស់ ធ្វើឱ្យជីវិតប្រចាំថ្ងៃរបស់មនុស្សរាប់ពាន់លាននាក់កាន់តែពិបាក។

ការរកឃើញសំខាន់ៗបង្ហាញថា នៅឆ្នាំ២០២៤ ចំនួនមហាសេដ្ឋីបានកើនឡើងដល់ ២៧៦៩នាក់ រួមមានទាំងមហាសេដ្ឋីថ្មីៗចំនួន ២០៤នាក់ នៅចន្លោះឆ្នាំ២០២៣ និង ២០២៤។ នៅឆ្នាំ២០២៤ ទ្រព្យសម្បត្តិរួមរបស់ពួកគេបានកើនឡើងចំនួន ២ពាន់ពាន់លានដុល្លារ។

លើសពីនេះទៀត របាយការណ៍បានរកឃើញថា ទ្រព្យសម្បត្តិរបស់បុគ្គលមានបំផុតទាំង១០រូបរបស់ពិភពលោកកំពុងកើនឡើងជាមធ្យមជិត ១០០លានដុល្លារក្នុងមួយថ្ងៃ។ វាបានបន្ថែមថា ទោះបីជាពួកគេបាត់បង់ទ្រព្យសម្បត្តិ ៩៩ភាគរយក្នុងមួយយប់ក៏ដោយ ក៏ពួកគេនៅតែជាមហាសេដ្ឋីដដែល។ ផ្ទុយពីការយល់ខុសដែលគេតែងតែគិត ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីភាគច្រើនមិនមែនបានមកពីប្រាក់ចំណូលនោះទេ ពោលគឺឥឡូវនេះ ៦០ភាគរយបានមកពីអំណាចតពូជ ឬបក្សពួក។

ដោយសារការរកឃើញពីវិសមភាពជាសកល ប្រទេសកម្ពុជា ក៏មិនខុសពីប្រទេសដទៃទៀតដែរ គឺប្រឈមមុខនឹងវិសមភាពយ៉ាងគួរឱ្យកត់សម្គាល់ បើទោះបីជាមានកំណើនសេដ្ឋកិច្ចគួរឱ្យចាប់អារម្មណ៍ក្នុងមួយទសវត្សរ៍កន្លងមកក៏ដោយ។ ការរកឃើញថ្មីៗនៃវិសមភាពសកលបានបង្ហាញពីកង្វល់សំខាន់ៗចំនួន៦ រួមមាន វិសមភាពប្រាក់ចំណូល ការទទួលបានសេវាមូលដ្ឋាន ការថែទាំ និងវិសមភាពយេនឌ័រ វិសមភាពភាពផ្នែកសេដ្ឋកិច្ច ការអប់រំ និងការប្រែប្រួលអាកាសធាតុ។

លោកស្រី ភាណ សោភ័ណ នាយិកានៃអង្គការ Oxfam ប្រចាំនៅកម្ពុជា បាននិយាយកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ថា ទោះបីជាសេដ្ឋកិច្ចកម្ពុជាកំពុងរីកចម្រើនក៏ដោយ គម្លាតរវាងអ្នកក្រ និងអ្នកមានដោយសារវិសមភាពប្រាក់ចំណូល គឺជាឧបសគ្គចម្បងមួយ។ លោកស្រីបានកត់សម្គាល់ថា ប្រាក់ខែសមរម្យគឺជាគន្លឹះឆ្ពោះទៅរកការរស់នៅសមរម្យ។

លោកស្រីបានប្រាប់គិរីផូសថា៖«Oxfam មិនរិះគន់មហាសេដ្ឋីទាំងនេះ ឬប្រឆាំងនឹងទ្រព្យសម្បត្តិដែលពួកគេមានទេ ប៉ុន្តែកំពុងប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ និងវិសមភាព ដោយផ្តោតលើរបៀបដែលសាជីវកម្មចម្រុះជាតិសាសន៍ និងមហាសេដ្ឋីក្លាយជាអ្នកមាន ខណៈពេលដែលអ្នកផ្សេងទៀតកាន់តែក្រ។ ការរកលុយមិនមែនជាបញ្ហាទេ ប៉ុន្តែប្រាក់ចំណេញ និងទ្រព្យសម្បត្តិលើសលប់គឺជាបញ្ហា ជាពិសេសប្រសិនបើទ្រព្យសម្បត្តិទាំងនោះជាលទ្ធផលនៃភាពអយុត្តិធម៌ផ្នែកសេដ្ឋកិច្ច»។

 

Food cart vendors take a break in Phnom Penh, on June 2, 2024. Kiripost/Prak Chan Thul
អាជីវករ​​លក់​អាហារតាមរទេះ​អង្គុយឈប់​សម្រាក ​នៅរាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០២៤។​ គិរីផូស/ប្រាក់ ចន្ធុល

 

វិសមភាពនៃប្រាក់ចំណូល

ខណៈពេលដែលប្រទេសកម្ពុជាបានបោះជំហានយ៉ាងខ្លាំងក្នុងការកាត់បន្ថយភាពក្រីក្រ វិសមភាពប្រាក់ចំណូលនៅតែជាបញ្ហាចម្បង។ ប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យកាត់ដេរនៅឆ្នាំ២០២៥ គឺ ២០៨ដុល្លារ ដែលទាបជាងការទាមទាររបស់កម្មករសហជីព និងសម្ពាធអតិផរណា។ នេះបើតាមការលើកឡើងរបស់លោកស្រី ភាណ សោភ័ណ ប្រាប់មកកាន់គិរីផូស។

លោកស្រីបន្ថែមថា៖«ភាពខុសគ្នា ស្រដៀងនេះមាននៅក្នុងវិស័យទេសចរណ៍ និងសំណង់ ដែលស្ត្រីប្រឈមនឹងគម្លាតប្រាក់ឈ្នួល ៥ដុល្លារក្នុងមួយថ្ងៃ។ នេះជាបញ្ហាប្រឈមដ៏ពិតប្រាកដមួយ ដោយសារប្រជាជន ១៧,៧ភាគរយរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ ហើយរកបានតិចជាង ២,៧ដុល្លារក្នុងមួយថ្ងៃក្នុងឆ្នាំ២០១៩ ហើយ ១៤,២ភាគរយទទួលបានក្រោម១,៩ដុល្លារក្នុងមួយថ្ងៃក្នុងឆ្នាំ២០២២។ ប្រាក់ឈ្នួលសមរម្យមានសារៈសំខាន់ណាស់សម្រាប់ការរស់នៅសមរម្យ ដែលវាជាសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ»។

លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់គិរីផូសថា នៅឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជាកើនឡើងប្រហែល ៥,៣ភាគរយ បើធៀបនឹងឆ្នាំ២០២៣។ ការនាំចេញសម្លៀកបំពាក់ ស្បែកជើង កាបូប និងផលិតផលធ្វើដំណើរកើនឡើង ២៣,៥ភាគរយ។ ទន្ទឹមនឹងនេះ ចំនួនរោងចក្រកាត់ដេរបានកើនឡើងជាង ១០០ ហើយចំនួនកម្មករកើនឡើងជាង ១០ម៉ឺននាក់។ នេះបណ្តាលមកពីការកើនឡើងនៃការវិនិយោគបរទេស។

លោកបានមានប្រសាសន៍ថា៖«នៅឆ្នាំ២០២៥ ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករកាត់ដេរនឹងកើនឡើងដល់២០៨ដុល្លារទូទាំងប្រទេស ដោយគ្មានភាពខុសគ្នាតាមតំបន់ ដូចប្រទេសមួយចំនួនទៀតឡើយ»។

«ក្រសួងបានសហការជាមួយក្រុមហ៊ុន រោងចក្រ និងសហគ្រាសនានា ដើម្បីផ្តល់ឱកាសការងាររាប់ម៉ឺនកន្លែងដល់ប្រជាពលរដ្ឋ។ ក្រសួងក៏កំពុងប្រកាសផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ ដើម្បីផ្តល់ការងារឱ្យពួកគេទទួលបានប្រាក់ចំណូល។ លើសពីនេះ ក្រសួងកំពុងពង្រីកការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនឱ្យមានជំនាញ ដើម្បីបំពេញតម្រូវការការងារបច្ចុប្បន្ន»។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យរូបនេះ។

លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធហៅកាត់ថា IDEA បានកត់សម្គាល់ពីគម្លាតដ៏ធំរវាងអ្នកមាន និងអ្នកក្រនៅកម្ពុជា ដែលលោកចាត់ទុកថាជាកង្វះនៃឱកាសអាជីវកម្ម និងជាភាពអយុត្តិធម៌ក្នុងសង្គម ជាពិសេសក្នុងចំណោមជនងាយរងគ្រោះ រួមទាំងកម្មករក្រៅផ្លូវការផងដែរ។

លោកបន្តថា៖«វាហាក់ដូចជាមានគម្លាតយ៉ាងធំរវាងអ្នកមាន និងអ្នកក្រ បើធៀបនឹងប្រទេសជិតខាង។ អ្នកមានមានជីវភាពធូរធារ ខណៈអ្នកក្រគ្មានជីវភាពប្រសើរឡើងសោះ»។ លោកបានកត់សម្គាល់ថា ប្រជាជនក្រីក្រមានទំនោរបាត់បង់ឱកាសក្នុងការពង្រីកអាជីវកម្ម ឬបាត់បង់ដីធ្លី ឬទ្រព្យសម្បត្តិដោយសារកង្វះយុត្តិធម៌សង្គមសម្រាប់អ្នកក្រីក្រ។

«គម្លាតរវាងអ្នកមាននិងអ្នកក្រកើតឡើងដោយយើងមើលឃើញថាអ្នកក្រភាគច្រើនមិនមានឱកាសទទួលបានអត្ថប្រយោជន៍ពីសេដ្ឋកិច្ចនិងធនធានធម្មជាតិក្នុងប្រទេសនោះទេ។ អ្នកក្រមិនសូវមានឱកាសបង្កើតអាជីវកម្មផ្ទាល់ខ្លួនដូចអ្នកមានឡើយ»។

«អ្នកមានមានដីធំ ហើយរដ្ឋាភិបាលវិនិយោគលើពួកគេកាន់តែច្រើនតាមរយៈសម្បទានដី។ ផ្ទុយទៅវិញ អ្នកក្រមានដីតូច ហើយពេលខ្លះត្រូវបានអ្នកដទៃលួចទៀត ដែលធ្វើឱ្យគម្លាតកាន់តែធំ»។

លោកសង្កេតឃើញថា កម្មករក្រៅផ្លូវការប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន ដូចជាការធ្លាក់ចុះនៃប្រាក់ចំណូល បំណុលជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអ្នកផ្តល់ប្រាក់កម្ចីក្រៅផ្លូវការ ការបាត់បង់ទីជម្រក និងការធ្វើចំណាកស្រុកសម្រាប់ការងារ ទោះបីជាមានហានិភ័យ និងបញ្ហាសុខភាពក៏ដោយ។

«ជីវភាពរបស់ពួកគេមិនមានភាពប្រសើរឡើងច្រើនទេ។ យើងឃើញស្ថានភាពជីវិតរបស់ពួកគេកាន់តែអាក្រក់ទៅៗ ដូចជាការបាត់បង់ប្រាក់ចំណូល ផ្ទះសម្បែង និងការរារាំងដោយការជំពាក់បំណុល ភាពអយុត្តិធម៌ក្នុងសង្គម និងការបាត់បង់សិទ្ធិជាម្ចាស់អាជីវកម្មរបស់ពួកគេ»។

លោកបានបន្ថែមថា លោកមិនឃើញមានភាពប្រសើរឡើងច្រើនទេក្នុងជីវិតរបស់ប្រជាពលរដ្ឋដែលធ្វើការក្នុងវិស័យក្រៅប្រព័ន្ធ។ អ្វីដែលលោកមើលឃើញថាផ្តល់អត្ថប្រយោជន៍ដល់កម្មករក្រៅប្រព័ន្ធគឺបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស)។

លោក ឃុន ថារ៉ូ ប្រធានគ្រប់គ្រងកម្មវិធីការងារអង្គការសង់ត្រាល់ មានប្រសាសន៍ថា បញ្ហាបច្ចុប្បន្នដែលពលករចំណាកស្រុកកម្ពុជាជួបប្រទះភាគច្រើនរួមមានប្រាក់ឈ្នួលមិនគ្រប់គ្រាន់សម្រាប់ការចិញ្ចឹមជីវិត។ នេះមានន័យថា ពួកគេពឹងផ្អែកលើការថែមម៉ោង និងអត្ថប្រយោជន៍បន្ថែមមួយចំនួន ដោយសារតម្លៃនៃការរស់នៅកើនឡើង។

លោកបានមានប្រសាសន៍ថា៖«បញ្ហាសំខាន់មួយទៀតគឺការកើនឡើងនៃបំណុលក្នុងចំណោមកម្មករ ដែលនាំឱ្យមានការកាត់បន្ថយថ្លៃម្ហូបអាហារ សម្ពាធសេដ្ឋកិច្ច (បំណុល) សម្ពាធការងារបន្ថែមម៉ោង និងបរិយាកាសកន្លែងធ្វើការដែលមានពេលសម្រាកមិនគ្រប់គ្រាន់ ដែលបណ្តាលឱ្យកម្មករស្ត្រីភាគច្រើនជួបប្រទះភាពតានតឹងផ្លូវចិត្ត និងបញ្ហាសុខភាពផ្លូវចិត្ត»។

លោក ឃុន ថារ៉ូ បានស្នើឱ្យកាត់បន្ថយវិសមភាពសង្គមតាមរយៈការបែងចែកកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ ការលើកកម្ពស់អភិបាលកិច្ចសង្គមដោយផ្តោតលើសិទ្ធិមនុស្ស និងការងារ នាំឱ្យប្រាក់ឈ្នួលធានាបាននូវជីវភាពសមរម្យ និងសេចក្តីថ្លៃថ្នូរ នាំទៅរកកាត់បន្ថយភាពក្រីក្រ លើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយគម្លាតរវាងអ្នកមាននិងអ្នកក្រ។

លើសពីនេះ លោកបានជំរុញឱ្យរដ្ឋាភិបាលធ្វើការសិក្សាទៅលើប្រាក់ឈ្នួលសមរម្យ ដែលត្រូវនឹងថ្លៃរស់នៅប្រចាំថ្ងៃ និងកំណត់ប្រាក់ឈ្នួលជាតិសម្រាប់កម្មករក្រៅផ្លូវការ ដើម្បីធានាបាននូវជីវភាពរស់នៅកាន់តែប្រសើរឡើង៕

 

ប្រភព៖ Kiripost