អ្នកឃ្លាំមើលសង្គម អំពាវនាវឱ្យរដ្ឋាភិបាលលុបកិច្ចសន្យាផ្តល់ដីសម្បទានក្នុងតំបន់អភិរក្សសត្វព្រៃព្រៃឡង់ពីក្រុមហ៊ុនស៊ីម៉ងត៍ ខេ.ភី ស៊ីមេន អ៊ិនដាសស្ទ្រី (K.P Cement Industry Co.,Ltd.) ដើម្បីការពារធម្មជាតិសម្រាប់មនុស្សជាតិជំនាន់ក្រោយ។
អ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក ឃុន ថារ៉ូ សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៣ ឧសភា នេះថា ការផ្តល់ដីសម្បទានទំហំ ៩៩ហិកតាទៅឲ្យក្រុមហ៊ុន ខេ.ភី ស៊ីមេន អ៊ិនដាសស្ទ្រី ឯ.ក (K.P Cement Industry Co.,Ltd.) មិនឆ្លុះបញ្ចាំងពីសេចក្តីត្រូវការវិនិយោគលើវិស័យស៊ីម៉ងត៍នៅកម្ពុជានោះទេ លើកលែងតែរដ្ឋាភិបាលមានគម្រោងផលិតសម្រាប់ការនាំចេញតែប៉ុណ្ណោះ។
ប្រភពដដែលបញ្ជាក់ថា ក្រុមហ៊ុនចំនួន ៥ ដែលកំពុងដំណើរការសង្វាក់ផលិតកម្មស៊ីម៉ងត៍សព្វថ្ងៃនេះ មានសមត្ថភាពក្នុងការផលិតស៊ីម៉ងត៍ប្រមាណជិត ១០លានតោនក្នុង ១ឆ្នាំៗ ដែលជាបរិមាណលើសពីតម្រូវការផ្គត់ផ្គង់នៅក្នុងវិស័យឧស្សាហកម្មសំណង់ក្នុងស្រុកនាពេលបច្ចុប្បន្ននេះ។
កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យមួយ ដោយកាត់ឆ្វៀលផ្ទៃដីទំហំ ៩៩ហិកតា ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ស្ថិតក្នុងឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ធ្វើអនុប្បយោគមកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ។
អនុក្រឹត្យដដែលនេះ បញ្ជាក់ថា រដ្ឋាភិបាលសម្រេចជួលផ្ទៃដីទំហំ ៩៩ហិកតានេះជាតំបន់ប្រើប្រាស់ដោយចីរភាពក្នុងរយៈពេល ៥៥ឆ្នាំ ឱ្យក្រុមហ៊ុន ខេ.ភី ស៊ីមេន អ៊ិនដាសស្ទ្រី ឯ.ក (K.P Cement Industry Co.,Ltd.) សម្រាប់វិនិយោគលើគម្រោងបង្កើតរោងចក្រផលិតស៊ីម៉ងត៍។
ទាក់ទិននឹងបញ្ហានេះ ក្រសួងរ៉ែ និងថាមពល ធ្លាប់បានបង្ហាញរបាយការណ៍របស់ខ្លួនកាលពីអំឡុងឆ្នាំ២០២៤ ថា បច្ចុប្បន្ន កម្ពុជាមានរោងចក្រស៊ីម៉ងត៍ចំនួន ៥ ដែលអាចផលិតស៊ីម៉ងត៍បានជិត ៨លានតោនក្នុង ១ឆ្នាំៗ រួមមាន រោងចក្រស៊ីម៉ងត៍កំពត រោងចក្រស៊ីម៉ងត៍កម្ពុជាចក្រីទីង រោងចក្រស៊ីម៉ងត៍ ជីប ម៉ុង រោងចក្រស៊ីម៉ងត៍បាត់ដំបង ខនស៍ ស៊ីមេន ចុងក្រោយគឺរោងចក្រស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង។
កាលពីថ្ងៃទី១២ ខែឧសភា ចលនាមាតាធម្មជាតិសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយប្រកាសគោលជំហរមិនគាំទ្រការផ្តល់ដីសម្បទាន ៩៩ហិកតាទៅឲ្យក្រុមហ៊ុន ខេ.ភី ស៊ីមេន អ៊ិនដាសស្ទ្រី ឯ.ក (K.P Cement Industry Co.,Ltd.) នេះដាច់ខាត។
ក្រុមនេះស្នើឱ្យរដ្ឋាភិបាលលុបចោលគម្រោងផ្តល់ដីសម្បទានសេដ្ឋកិច្ចនេះជាបន្ទាន់ និងដកហូតយកដីព្រៃត្រឡប់មកវិញ ដើម្បីថែរក្សាតំបន់ការពារធម្មជាតិមួយនេះសម្រាប់មនុស្សជាតិជំនាន់ក្រោយ៕