ភស្តុតា​ងបង្ហាញពីទុក្ខលំបាករបស់​កម្មករ៖​ ការ​ថយចុះ​ប្រាក់ចំណូល ការ​កើនឡើង​នៃការចំណាយ​លើ​ការ​រស់នៅ​ និង​កំណើនបំណុល​​ នៅក្រោយវិបត្តិកូវីដ-១៩

ព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំថោះ ព.ស. ២៥៦៧ (28 កញ្ញា 2023)

ថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០២៣

ក្នុង​គ្រា​ដែលសេដ្ឋកិច្ចកម្ពុជា​បាន និងកំពុងស្តារឡើងវិញ​ពីវិបត្តិកូវីដ-១៩ វិបត្តិនេះនៅតែ​បង្កផលប៉ះពាល់​លើជីវភាពរស់នៅ​របស់​​កម្មករ​រោងចក្រកាត់ដេរកម្ពុជា។ ​ថ្មីៗនេះ ការ​សិក្សាអង្កេតជាច្រើន​ជាមួយកម្មករ បានបង្ហាញថា ​កម្មករភាគច្រើន​លើសលប់​ជំពាក់បំណុលយ៉ាង​ច្រើន​ ក្នុង​អំឡុងពេល​បិទខ្ទប់​ដោយសារ​វិបត្តិកូវីដ-១៩​ ក្នុងនោះ​ ​កម្មករជាច្រើនមិនមានលទ្ធភាព​សងបំណុលនោះទេ​​។ ​ក្រៅពីនេះ លទ្ធផលរកឃើញបង្ហាញថា​ ចំណូលជាក់ស្តែងរបស់កម្មករ​ជាច្រើន មានការ​ថយចុះ​ ខណៈដែល​ចំណាយក្នុង​ការ​រស់នៅ​ កើនឡើង​ដោយសារ​​​អតិផរណា​។ ​ឯកសារនេះ​ប្រៀបធៀបលទ្ធផលរកឃើញសំខាន់ៗពីការ​សិក្សាអង្កេត ដែល​ធ្វើឡើង​ដោយ  CNV សម្ព័ន្ធប្រាក់ឈ្នួលសមរម្យអាស៊ី (AFWA) និង​សហជីពឯករាជ្យកម្ពុជា គឺ សម្ព័ន្ធ​សហជីពប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា (CCAWDU) និងសម្ព័ន្ធសហជីពកម្ពុជា (CATU) ក្នុងឆ្នាំ ២០២២ និង​ឆ្នាំ ២០២៣។​ ការ​សិក្សានីមួយៗ​​ បានរំលេច​ទិដ្ឋភាព​ផ្សេងៗ​នៃ​​ភាពត្រដាបត្រដួស​ផ្នែកសេដ្ឋកិច្ច​​របស់​កម្មករ​រោងចក្រកាត់ដេរកម្ពុជា។ ឯកសារ​នេះមានគោលបំណង​​​សង្ខេប និង​សំយោគ​​លទ្ធផលរកឃើញទាំងនេះ ដើម្បី​​ផ្តល់​ទិដ្ឋភាពរួម​ដែលបញ្ជាក់ពីភាពចាំបាច់​នៃការដំឡើង​ប្រាក់ឈ្នួលយ៉ាងច្រើន​ នៅ​​ក្នុងឧស្សាហកម្មកាត់ដេរ​កម្ពុជា ឱ្យបានមុនការ​ចរចា​ប្រាក់ឈ្នួលអប្បបរមា​ថ្នាក់ជាតិ ឆ្នាំ ២០២៣។​

 

សេចក្តីសន្និដ្ឋាន និងអនុសាសន៍​

​​លទ្ធផលរកឃើញពីការ​សិក្សាអង្កេត​​​ដែលត្រូវ​បានលើកមកពិភាក្សា​ក្នុង​របាយការណ៍នេះ បង្ហាញពីនិន្នាការគួរឱ្យព្រួយបារម្ភ​នៃ​ស្ថានភាពត្រដាបត្រដួសកាន់តែខ្លាំង​ របស់​កម្មករ​រោងចក្រកាត់ដេរកម្ពុជា​ ដែល​ចំណូល​ និង​អំណាច​ទិញ​របស់ពួកគេ​ថយចុះ ហើយ​ពួកគេត្រូវ​រ៉ាប់រងបន្ទុកបំណុល​ដ៏ធំ​។ ​​ខណៈដែល​សំណាកក្នុងការ​សិក្សា​អង្កេតនេះ​ អាចមិនតំណាង​ឱ្យ​​ស្ថិតិ​​ឧស្សាហកម្មកាត់ដេរ​កម្ពុជា​ទាំងមូល ​និងមិនទាន់មានការ​ប្រៀបធៀប​ក្នុងរយៈពេលកំណត់ដែលមាន​រយៈពេលជាច្រើនឆ្នាំ ​ដោយប្រើសំណាក​ដដែល ​ការសិក្សា​អង្កេតទាំងនេះបានលើកឡើងពី​លទ្ធផល​ប្រហាក់ប្រហែលគ្នា​ ដែលបញ្ជាក់ពីការ​វិវត្តដូច​គ្នា​។​​ ការ​សិក្សាអង្កេតទាំងអស់​​សុទ្ធតែ​ផ្តោត​លើ​ទិដ្ឋភាព​ផ្សេងៗនៃបញ្ហា​នេះ​ ដូច្នេះ គេ​អាច​ប្រើប្រាស់លទ្ធផលដែលទទួលបាន​ ដើម្បី​បំពេញ​បន្ថែមលើ​និន្នាការ​ជារួម​។

និន្នាការទីមួយដែល​បង្ហាញឡើងដោយរបាយការណ៍ទាំងនេះ​​    គឺប្រាក់ខែ​បើកបាន​សរុប​របស់កម្មករ​កាត់ដេរ មានការថយចុះ​។ ការ​សិក្សាអង្កេត​របស់ CNV ​បង្ហាញថា មាន​ភាពខុសគ្នាតិចតួចបំផុត​​រវាង​ប្រាក់ឈ្នួលគោលក្នុងឧស្សាហកម្មកាត់ដេរ​ ដោយលើកឡើង​ថា ​កម្មករ​ស្ទើរតែទាំងអស់​​ទទួលបានប្រាក់ឈ្នួលអប្បបរមាមិនលើស ២០០ ដុល្លារ​ ជា​ប្រាក់ឈ្នួលគោល។ ​ចំណុចនេះត្រូវបានបញ្ជាក់ដោយ​​ការសិក្សាអង្កេត​របស់សហជីពឯករាជ្យ ដែលលើកឡើងថា កម្មករ​ ៧៥,៥% ទទួលបាន​ប្រាក់ឈ្នួល​​អប្បបរមា ២០០ ដុល្លារ ជា​ប្រាក់​ឈ្នួលគោល​ ធៀបនឹង​កម្មករ ៥១% ដែលបានលើកឡើងដូច្នេះ​កាលពីមុន​​វិបត្តិកូវីដ-១៩​។ មានន័យថា តាមពិត ​ប្រាក់ឈ្នួលគោល​​ថយចុះ ទោះបីជា​​​មានការ​ដំឡើងប្រាក់ឈ្នួលអប្បបរមាកំណត់ដោយច្បាប់ក៏ដោយ​។ ​ក្រៅពីនេះ​​ ការ​រកចំណូលបន្ថែមពីការងារ​ថែមម៉ោង និង​​អត្ថប្រយោជន៍ផ្សេងទៀត ដូចជា ​ប្រាក់ដេរគិត​បុង​ និង​ប្រាក់បន្ថែម​លើវត្តមាន​ ដែល​រួមចំណែកមួយភាគធំដល់​​ចំណូលជាក់ស្តែង​​ ក៏ថយចុះផងដែរ។ ​ការ​សិក្សាអង្កេត​ដោយ​សហជីពឯករាជ្យ​ លើកឡើង​ថា ​​ចំណូល​ប្រចាំខែ​ជាមធ្យមពីការងារ​ថែមម៉ោង​ ថយ ២២ ដុល្លារ​ (ថយពី ៣៤ ដុល្លារ មកត្រឹម ១១ ដុល្លារ)​ ក្នុងមួយខែ គិត​ចាប់ពីឆ្នាំ ២០២០ មក​។ ទន្ទឹមនឹងនេះ ការ​សិក្សា​អង្កេត​ឆ្នាំ ២០២៣ របស់ CNV លើកឡើងពីមធ្យមភាគចំណូល ២៥៧ ដុល្លារ​ ដែ​លធៀបនឹង​​មធ្យមភាគ​ចំណូល​ ២៧១ ដុល្លារ​ដែលបាន​រាយការណ៍នៅឆ្នាំ ​២០២២ គឺតិច​​ជាង ចំនួន​​​ ១៤ ដុលា្លរ។​ ការ​សិក្សាអង្កេត​របស់ AFWA​​ លើកឡើងពី​​កម្រិតចំណូលប្រចាំខែ​ប្រហាក់ប្រហែលគ្នា​​​​ ដែលជាមធ្យមគឺប្រមាណ ២៥៤ ដុល្លារ​ក្នុងមនុស្សម្នាក់ និង ៣៧៨ ដុល្លារក្នុងមួយគ្រួសារ​។ ដោយសារ​​ការធ្វើឱ្យមានភាពស្មុគស្មាញសម្រាប់ការ​បែងចែក​​ប្រាក់ឈ្នួលទៅជា​ប្រាក់ឈ្នួល​គោល ក៏ដូចជា​អត្ថប្រយោជន៍​ផ្សេងៗ ប្រាក់ឧបត្ថម្ភ និង​ប្រាក់បន្ថែម​​ កម្មករ​រោងចក្រកាត់ដេរកម្ពុជាបានប្រឈមនឹងការ​ថយចុះប្រាក់ឈ្នួលដោយមិនដឹង​ខ្លួន ទោះបីជា​មាន​ការ​ដំឡើង​ប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យនេះក៏ដោយ។

និន្នាការទី ២ ដែល​បង្ហាញឡើង​ដោយ​ការ​សិក្សាអង្កេតទាំងនេះ គឺចំណាយក្នុងការ​រស់នៅរបស់​កម្មករ​រោងចក្រកាត់ដេរកម្ពុជា​  មានការកើនឡើង​ ហើយ​ចំណាយទាំងនោះគឺខ្ពស់ជាង​​កម្រិតចំណូលជាក់ស្តែង។ ការ​សិក្សាអង្កេត​ដោយ​ CNV និង AFWA ​លើកឡើងពី​កម្រិត​​​ចំណាយប្រចាំខែប្រហាក់ប្រហែលគ្នា​ ដោយ​ CNV លើកឡើង​ថា ចំណាយប្រចាំខែគឺ ៤២៥ ដុល្លារ ចំណែក AFWA លើកឡើងថា ចំណាយប្រចាំខែ គឺ ៤២៤ ដុល្លារ​។ កម្រិតចំណាយនេះ​ខ្ពស់ជាង​ចំណូល​ប្រចាំខែជាមធ្យមរបស់គ្រួសារ​​ ដែល​ AFWA លើកឡើងថា មានចំនួន ៣៧៨ ដុល្លារ។ ម្យ៉ាងវិញទៀត នេះជាការ​កើនឡើង​យ៉ាងច្រើន​ពី​ចំណាយជាមធ្យមចំនួន ៣៤៥ ដុល្លារក្នុងមួយខែ ដែល​រាយការណ៍ដោយ CNV ក្នុងឆ្នាំ ២០២២។ មានន័យថា កម្រិតថ្លៃ​សម្រាប់​​សម្ភារៈប្រើប្រាស់ចាំបាច់​ ​កើនឡើង​​ក្នុង​អត្រា​ខ្ពស់ខ្លាំង​ជាង​​អត្រា​អតិផរណាផ្លូវការ ៥,៣%។ ដូច្នេះ ​វាជា​រឿងធម្មតា​ដែល CNV រាយការណ៍ថា កម្មករ ៤០%​​ មានការងារ​មួយផ្សេងទៀត (​ក្រៅពី​ការងារ​ ៤៨ ម៉ោងក្នុងមួយសប្តាហ៍ និង​ការងារ​ថែមម៉ោង) ដើម្បី​បង្រ្គប់ការ​ចាយ​វាយ​។ ក្រៅពីនេះ ការ​សិក្សាអង្កេត​បង្ហាញថា កម្មករកាត់ដេរ​កំពុង​កាត់បន្ថយ​ចំណាយ​ថ្លៃម្ហូបអាហារ និង​មិនមានលទ្ធភាព​សន្សំ​ប្រាក់​សម្រាប់គ្រាអាសន្ន។​

​និន្នាការទី ៣ ដែល​​បង្ហាញឡើង​ដោយការ​សិក្សាអង្កេតទាំងនេះ​គឺ កម្មករ​រោងចក្រកាត់ដេរកម្ពុជា​ភាគច្រើនលើសលប់ ជាប់ផុងក្នុងអន្ទាក់បំណុល​។ ​ការ​សិក្សាអង្កេត​របស់ CNV លើកឡើងថា កម្មករ ៧៧% ជំពាក់បំណុល​  ដែលបំណុលជាមធ្យមគឺ  ៥.០០០ ដុល្លារ​។   ការ​សិក្សាអង្កេត​​របស់សហជីពឯករាជ្យ​​ លើកឡើង​ថា កម្មករ ៩១% ជំពាក់បំណុល ដោយកម្មករ ៥៤% ​មិនមានលទ្ធភាពសង​បំណុល និងកម្មករ ៣៤% ខ្ចីប្រាក់ពី​ប្រភព​ជាច្រើន​។ ការ​សិក្សាអង្កេតនេះ​​លើកឡើង​ទៀតថា កម្មករ ៧០% មាន​បន្ទុកបំណុលកាន់តែ​ច្រើន​តាំងពីវិបត្តិកូវីដ-១៩​ ជាពេលដែលពួកគេ​ត្រូវ​បង្ខំ​ចិត្តខ្ចីប្រាក់​គេ​ដើម្បីចិញ្ចឹមជីវិត។​

​ដូច្នេះ ការ​សិក្សាអង្កេតទាំងនេះ​​បង្ហាញថា ជាទូទៅ ចំណូលរបស់​កម្មករ​រោងចក្រកាត់ដេរកម្ពុជា ថយចុះ ខណៈដែល​ចំណាយ​ក្នុងការ​រស់នៅ និង​បំណុល កើនឡើង។ ទោះជា​​​មានការដំឡើង​ប្រាក់ឈ្នួល​អប្បបរមា​បន្តិចបន្តួច​ក្នុងរយៈពេល​ពីរបីឆ្នាំចុងក្រោយនេះក៏ដោយ ប៉ុន្តែ​កម្មករ​រោងចក្រកាត់ដេរកម្ពុជា​នៅតែ​​មានជីវភាពខ្វះខាត​។ ដូច្នេះ កម្មករ​រោងចក្រកាត់ដេរកម្ពុជា​ពិតជាត្រូវការ​​ការ​ដំឡើង​ប្រាក់ឈ្នួល​ច្រើន​​ដើម្បីរ៉ាប់រង​ចំណាយក្នុងការ​រស់នៅ និង​សងបំណុល។ លើសពីនេះ ការដំឡើង​ប្រាក់ឈ្នួលអប្បបរមា​ ត្រូវ​ប៉ះប៉ូវ​​ការ​បាត់បង់​ចំណូលបន្ថែមពី​ការងារ​ថែមម៉ោង ប្រាក់​បន្ថែម និង​អត្ថប្រយោជន៍នានា ដើម្បីធានាថា ប្រាក់ខែបើកបានសរុប​ ពិតជា​កើនឡើងប្រាកដ​មែន។ ​របាយការណ៍របស់ CNV ស្នើឱ្យមានការដំឡើងប្រាក់ឈ្នួល​អប្បបរមា   ពី ៣០០ ដុល្លារ  ដល់ ៥០០ ដុល្លារ    ដើម្បីបំពេញតម្រូវការមូលដ្ឋាន​របស់​កម្មករ ខណៈដែល AFWA ស្នើឱ្យ​ដំឡើង​ប្រាក់ឈ្នួល​សមរម្យ​ដល់ ៧០១ ដុល្លារ​សម្រាប់ប្រទេសកម្ពុជា។ ក្នុងករណីណាក៏ដោយ ​ចាំបាច់ត្រូវមាន​ការដំឡើងប្រាក់ឈ្នួលអប្បបរមាយ៉ាងច្រើន ​ដើម្បីឈានទៅរក​ប្រាក់ឈ្នួល​សមរម្យ​​នៅក្នុង​ឧស្សាហកម្មកាត់ដេរ នៅកម្ពុជា។​