សហព័ន្ធសហជីព និងអង្គការសង្គមស៊ីវិលសម្តែងការខកចិត្តចំពោះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាដែលពុំបានបោះឆ្នោតគាំទ្រ លើការដំឡើងប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៧ ជូនកម្មករ និយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា

ចន្ទ ៩រោច ខែភទ្របទ ឆ្នាំមមីរ ព.ស. ២៥៧០ (05 តុលា 2026)

សេចក្តីថ្លែងការណ៍រួម 

សហព័ន្ធសហជីព និងអង្គការសង្គមស៊ីវិលសម្តែងការខកចិត្តចំពោះ
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាដែលពុំបានបោះឆ្នោតគាំទ្រ លើការដំឡើងប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៧ ជូនកម្មករ និយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា

រាជធានីភ្នំពេញ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ 
    

    យើងខ្ញុំជាសហព័ន្ធសហជីព និងអង្គការសង្គមស៊ីវិលដែលមានរាយនាមខាងក្រោម សម្តែងការខក ចិត្តចំពោះលទ្ធផលនៃការបោះឆ្នោតផ្ទៃក្នុងនៅក្នុងកិច្ចប្រជុំចុងក្រោយរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្ប បរមា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅ ដែលភាគច្រើនលើសលប់នៃសមាជិករបស់ក្រុម ប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបោះឆ្នោតរក្សាតួលេខប្រាក់ឈ្នួលអប្បបរមាចំនួន២១០ដុល្លារអាម៉េរិក ដដែល មិនគាំទ្រការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ ២០២៧ ជូនដល់កម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ នៅកម្ពុជា។ ចំណែកការដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន ២ ដុល្លារអាម៉េរិក  បន្ថែមលើប្រាក់ឈ្នួលបច្ចុប្បន្នចំនួន ២១០ ដុល្លារ អាមេរិក នោះ គឺដោយសារមានការអន្តរាគមន៍របស់លោកនាយករដ្ឋមន្ត្រី ដែលនាំឱ្យប្រាក់ឈ្នួលអប្បបរមាកើនឡើងបាន ២ ដុល្លារអាម៉េរិក។ ការបោះឆ្នោតរបស់សមាជិកភាគច្រើនលើសលប់លើការរក្សាតួលេខ ២១០ ដុល្លារអាម៉េរិក និងការចេញសេចក្តីសម្រេចភ្លាមៗនៅថ្ងៃដដែល ប្រកាសយកតួលេខ ២១០ ដុល្លារ អាម៉េរិក ក្នុងមួយខែជាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ ២០២៧ នាំឱ្យមានវិមតិសង្ស័យជុំវិញឯករាជ្យភាព តម្លាភាព សុចរិតភាព និងប្រសិទ្ធភាពក្នុងការបំពេញតួនាទីរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។    
    
    ការដំឡើងចំនួន ២ ដុល្លារអាមេរិក នេះ មានកម្រិតទាបខ្លាំងបើប្រៀបធៀបជាមួយសំណើរបស់ សហព័ន្ធសហជីព តាមរយៈលិខិតចុះនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ផ្ញើជូនរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ស្នើដំឡើងប្រាក់ឈ្នួលអប្ប បរមាចំនួន ២៥០.៦៦ ដុល្លារអាមេរិក មានកំណើនចំនួន ៤០.៦៦ ដុល្លារអាមេរិក បន្ថែមលើប្រាក់ឈ្នួលបច្ចុប្បន្នដែលមានចំនួន ២១០ ដុល្លារអាមេរិក។ សំណើរបស់សហព័ន្ធសហជីពក្នុងការដំឡើងប្រាក់ ឈ្នួលអប្បបរមាចំនួន ២៥០.៦៦ ដុល្លារអាមេរិក ទទួលបានការគាំទ្រយ៉ាងច្រើនពីសហព័ន្ធសហជីព និងអង្គការសង្គមស៊ីវិលប្រមាណជាង ១០០ ស្ថាប័នតាមរយៈ សេចក្តីថ្លែងការណ៍រួម ព្រមទាំងទទួលបាន ការគាំទ្រពីអង្គការអន្តរជាតិ រួមមាន សម្ព័ន្ធប្រាក់ឈ្នួលអាស៊ី (Asia Floor Wage Alliance) និងសម្ព័ន្ធ យុទ្ធនាការសម្លៀកបំពាក់ស្អាត (Clean Clothes Campaign)ផងដែរ។
    យើងខ្ញុំសោកស្តាយយ៉ាងខ្លាំង ចំពោះការមិនបានទទួលយកសំណើរបស់សហព័ន្ធសហជីពស្នើ ដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន ២៥០.៦៦ ដុល្លារអាមេរិក ទៅពិចារណាឱ្យបានល្អិតល្អន់។ សំណើនេះ ពុំមែនធ្វើឡើងតាមតែអំពើចិត្តឡើយ គឺផ្អែកលើរបកគំហើញនៃការស្រាវជ្រាវរួមគ្នារបស់សហព័ន្ធសហជីពធំៗចំនួនប្រាំបីទៅលើការចំណាយជាក់ស្តែងរបស់កម្មករនិយោជិត និងគ្រួសាររបស់ពួកគេ។ ការស្រាវជ្រាវ នេះមានការចូលរួមពីកម្មករនិយោជិតចំនួន ៤២២ នាក់ មកពីរោងចក្រចំនួន ២៨ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ។

ការដំឡើងប្រាក់ឈ្នួលក្នុងរយៈពេល ៧ ឆ្នាំជាប់ៗគ្នាមកនេះ  (ឆ្នាំ២០១៨ – ឆ្នាំ២០២៧) កំណើនប្រាក់ឈ្នួលដែលត្រូវបានដំឡើងតាមឆ្នាំនីមួយៗគឺនៅក្រោមអតិផរណា។ ជាក់ស្តែងការដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន ២ ដុល្លារអាមេរិកសម្រាប់ឆ្នាំ២០២៧ នេះ មានកំណើនត្រឹមតែ ០.៩៥ ភាគរយប៉ុណ្ណោះ ខណៈអតិផរណាផ្អែកតាមការព្យាកររបស់ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) មានប្រមាណ ៣.១% ដែលអត្រាអតិផរណានេះទាមទារការដំឡើងប្រាក់ឈ្នួលយ៉ាងតិចចំនួន ៦.៥១ ដុល្លារអាមេរិក  ទើបអាច រក្សាអំណាចទិញ (Purchasing Power) ទប់ទល់ទៅនឹងតម្លៃទំនិញលើទីផ្សារបាន។ ដូច្នេះ ការដំឡើង ប្រាក់ឈ្នួលចំនួន ២ ដុល្លារ ដែលមិនបានបំពេញសូម្បីតែស្តង់ដារអប្បបរមានេះ ពុំមែនជាការដំឡើងប្រាក់ឈ្នួលទេ តែជាការកាត់បន្ថយប្រាក់ឈ្នួលទៅវិញ។

ការដំឡើងប្រាក់ឈ្នួលអប្បបរមាដែលទាបជាងអត្រាអតិផរណាបែបនេះនាំឱ្យមានមន្ទិលទៅលើការបកស្រាយ និងអំណះអំណាងនានា ដែលបុគ្គល ឬមជ្ឈដ្ឋានមួយចំនួនតែងតែលើកឡើងជារឿយថា ការដំឡើងប្រាក់ឈ្នួលអប្បបរមាត្រូវតែធ្វើឡើងឱ្យស្របជាមួយលក្ខណៈវិនិច្ឆ័យទាំង ៧ ក្នុងនោះរួមទាំង       «អតិផរណា» ដែលកំណត់ក្រោមច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមានេះផង។ ប្រសិនបើប្រាក់ឈ្នួលអប្បបរ មាមិនអាចសូម្បីតែរក្សាឱ្យស្របជាមួយនឹងការកើនឡើងនូវការចំណាយក្នុងជីវភាពរស់នៅផងនោះ ដំណើរការកំណត់ប្រាក់ឈ្នួលនេះ ប្រាសចាកពីគោលបំណងសំខាន់ដែលច្បាប់ចង់សម្រេចបាន ពោលគឺ ធានាជីវភាពរស់នៅរបស់កម្មករនិយោជិត និងគ្រួសាររបស់ពួកគេឱ្យបានសមរម្យ និងថ្លៃថ្នូរ។

ខណៈដែលតម្លៃទំនិញនៅលើទីផ្សារ និងការចំណាយលើជីវភាពរស់នៅកំពុងបន្តកើនឡើងខ្ពស់ ការដំឡើងប្រាក់ឈ្នួលត្រឹមតែ ២ ដុល្លារអាមេរិក គឺជាការដាក់សម្ពាធសម្រាប់កម្មករនិយោជិត  និងមិនអាច ជួយសម្រាលបន្ទុកចំណាយលើកម្មករនិយោជិត និងគ្រួសាររបស់ពួកគេបានឡើយ ហើយក៏មិនអាចជួយ ជំរុញឱ្យជីវភាពរស់នៅរបស់ពួកគេបានប្រសើរក៏ទេដែរ បើផ្អែកតាមការព្យាករអតិផរណារបស់មូលនិធិ រូបិយវត្ថុអន្តរជាតិ។ ការណ៍នេះ  កម្មករនិយោជិតអាចបន្តប្រឈមនឹងការរស់នៅក្នុងស្ថានភាពលំបាក ដោយសារប្រាក់ឈ្នួលរបស់ពួកគេមានកម្រិតទាបមិនគ្រប់គ្រាន់សម្រាប់រ៉ាប់រងលើការចំណាយជាក់ស្តែង ក្នុងជីវភាពរស់នៅបានឡើយ ជាពិសេស ការកើនទ្បើងជាបន្តបន្ទាប់នូវតំលៃទំនិញលើទីផ្សារគិតចាប់តាំង ពីឆ្នាំ ២០១៨ រហូតដល់ពេលបច្ចុប្បន្ន ខណៈដែលពួកគេកំពុងតែមានអម្រែកបំណុលជាបន្តបន្ទាប់។

ដើម្បីធានាដល់ការរស់នៅក្នុងជីវភាពសមរម្យ កាត់បន្ថយភាពក្រីក្រ លុះត្រាតែកម្មករនិយោជិត មានប្រាក់ឈ្នួលរស់នៅសមរម្យប្រកបដោយសេចក្តីថ្លៃថ្នូរក្នុងនាមជាមនុស្ស។

កម្មករនិយោជិត គឺជាកម្លាំងពលកម្មស្នូលរបស់ប្រទេសកម្ពុជា និងបានចូលរួមចំណែកយ៉ាង សំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ដូច្នេះ យើងខ្ញុំអំពាវនាវដល់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា និងភាគីពាក់ព័ន្ធទាំងអស់ សូមពិចារណាឡើងវិញចំពោះសំណើរបស់សហព័ន្ធសហជីពស្នើដំឡើងប្រាក់ ឈ្នួលអប្បបរមាចំនួន ២៥០.៦៦ ដុល្លារអាមេរិក ដែលមានមូលដ្ឋានភស្តុតាងគ្រប់គ្រាន់បង្ហាញពីស្ថាន ភាពជីវភាព និងការចំណាយជាក់ស្តែងរបស់កម្មករនិយោជិត និងគ្រួសាររបស់ពួកគេ។

ប្រាក់ឈ្នួលដែលគ្រប់គ្រាន់ មិនមែនត្រឹមតែជាការបង្ហាញពីចំនួនតួលេខតែមួយប៉ុណ្ណោះទេ ប៉ុន្តែ ជាមូលដ្ឋានដែលអាចធានាសន្តិសុខផ្នែកហិរញ្ញវត្ថុ សុខុមាលភាពរបស់គ្រួសារ និងស្ថិរភាពសង្គម។ កម្មករ និយោជិតដែលទទួលបានប្រាក់ឈ្នួលគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅ គឺជាកម្លាំងដ៏សំខាន់ក្នុង ការទ្រទ្រង់ឱ្យអាជីវកម្ម សហគមន៍ និងសេដ្ឋកិច្ចជាតិមាននិរន្តរភាព។ យើងចាំបាច់ត្រូវឈានចេញពី កម្រិតប្រាក់ឈ្នួលដែលគ្រាន់តែអាចឱ្យកម្មករនិយោជិតបានត្រឹមតែការទប់ទល់នឹងការចំណាយក្នុងជីវ ភាពរស់នៅ យើងត្រូវឆ្ពោះទៅរកប្រាក់ឈ្នួលដែលអាចឱ្យកម្មករនិយោជិតកម្ពុជា និងគ្រួសាររបស់ពួក គេរស់នៅក្នុងជីវភាពដែលមានស្ថិរភាព និងប្រកបដោយសេចក្តីថ្លៃថ្នូរពិតប្រាកដ៕

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖

លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា (CATU) 
ទូរស័ព្ទ៖ +៨៥៥ (០) ១២ ៨៨០ ០៣៩

លោក ឃុន ថារ៉ូ ប្រធានកម្មវិធីមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) 
ទូរស័ព្ទ៖ +៨៥៥ (០) ៩៣ ៥៥៦ ៦៧១

សហព័ន្ធសហជីព និងអង្គការសង្គមស៊ីវិល គាំទ្រសេចក្តីថ្លែងការណ៍នេះ រួមមាន៖

1.    អង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
2.    អង្គការមជ្ឈមណ្ឌលធុរកិច្ច និងច្បាប់ (BHRE Center)
3.    សម្ព័ន្ធប្រាក់ឈ្នួលអាស៊ី (AFWA)
4.    សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
5.    សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
6.    សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្ម (CFSWF)
7.    សហព័ន្ធសហជីពកម្ពុជា (CATU)
8.    សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៏ (LRSU)
9.    មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
10.    សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៃកម្ពុជា (ADHOC)
11.    អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
12.    អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)
13.    សមាគមបណ្តាញយុវជនកម្ពុជា (CYN)
14.    អង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ (PED)
15.    សមាគមស្រី្តជនបទដើម្បីក្សេត្របរិស្ថាន (RWAA)
16.    គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
17.    អង្គការសម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម(CISA)
18.    សហព័ន្ធសហជីពឯករាជ្យ (INTUFE)
19.    សហព័ន្ធសហជីពឥទ្ធិពលការងារ(FULI)
20.    សហព័ន្ធសហជីពកម្ពុជាឯករាជ្យ (CITUFED)
21.    សហព័ន្ធសហជីពអំណាចយុវជនកម្ពុជា(CYPUF)
22.    សហព័ន្ធសហជីពបេះដូងកម្មករ(WHUF)
23.    សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា(CCAWDU)
24.    សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC)
25.    សហភាពការងារកម្ពុជា (CLC)
26.    ហូមណិតកម្ពុជា(HNC)
27.    សម្ព័ន្ធយុទ្ធនាការសម្លៀកបំពាក់ស្អាត(CCC)
28.    អង្គការជនជាតិដើមភាគតិចកម្ពុជា(CIPO)
29.    គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលដើម្បីអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ (NGO-CEDAW)
30.    អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
31.    អង្គការអភិវឌ្ឍន៍សម្លេងសហគមន៍ (BCV)
32.    អង្គការក្លាហាន (Klahaan)
33.    អង្គការអប់រំសុខភាព និង បរិស្ថាន (EHE)
34.    សហព័ន្ធសហជីពកម្មករលោហៈនៃប្រទេសឥណ្ឌូនេស៊ី (FSPMI)
35.    សមាគមគាំពារស្រ្តីងាយរងគ្រោះ (ASVW)
36.    អង្គការទ្រទ្រង់ស្រ្តីខ្មែរ (COWS)
37.    សមាគមអភិវឌ្ឈន៌ជនជាតិដើមភាគតិចមណ្ឌលគីរី (MIPAD)
38.    សមាគមអភិវឌ្ឍន៍ស្រ្តីកម្ពុជា (CWDA)
39.    អង្គការកម្ពុ្ពជាដើម្បីសុខភាពនិងការអប់រំសហគមន៍ (CHEC)
40.    មជ្ឈមណ្ឌលបណ្តុះបណ្តាល និងស្រាវជ្រាវប្រជាជន ប្រទេសឥណ្ឌា
41.    វិទ្យាស្ថានសម្រាប់ការអភិវឌ្ឍសុខភាព និងសុវត្ថិភាពការងារ ប្រទេសហ្វីលីពីន
42.    មជ្ឈមណ្ឌលសម្រាប់សុខភាពសាធារណៈ និងការអភិវឌ្ឍបរិស្ថានទីក្រុងកដ្ឋមណ្ឌូ ប្រទេសនេប៉ាល់(CEPHED)
43.    មជ្ឈមណ្ឌលត្រួតពិនិត្យធនធានអាស៊ី ប្រទេសកូរ៉េខាងត្បូង
44.    សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍សេវាកម្មកម្ពុជា(CTSWF)
45.    សហព័ន្ធសហជីពកម្មករនិយោជិតវិស័យឧស្សាហកម្មកម្ពុជា (CIWF)
46.    សហព័ន្ធសហជីពកាត់ដេរសម្លៀកបំពាក់ និងឧស្សាហកម្ម (C-AI)
47.    សមាគមខ្មែរនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (KAI)
48.    សមាគមកសិករដើម្បីសន្តិភាព និងអភិវឌ្ឍន៍ (FAPD)
49.    សមាគមអ្នកបើកបររថយន្តធន់ធ្ងន់កម្ពុជា (CTDA)
50.    អង្គការសមាគមធាងត្នោត (STT)
51.    អង្គការសមធម៌កម្ពុជា (EC)
52.    សហគមន៍ដីធ្លី ១៩៧ (កោះកុង) 
53.    សហគមន៍បុស្សស្នោរ (ត្បូងឃ្មុំ)
54.    សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
55.    សហគមន៍ដក់ពរ (កំពង់ស្ពឺ) 
56.    សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)
57.    សហគមន៍ជនជាតិដើមភាគតិចកួយ (ព្រះវិហារ)
58.    សហគមន៍ជនជាតិដើមភាគតិចកួយភូមិបុស្ស (ព្រះវិហារ) 
59.    សហគមន៍ជនជាតិដើមភាគតិចកួយ ឃុំងន (កំពង់ធំ) 
60.    សហគមន៍ដីធ្លី (ប៉ៃលិន)
61.    សហគមន៍មានជ័យ (ស្វាយរៀង) 
62.    សហគមន៍តំបន់ការពារធម្មជាតិ ឧត្តមស្រែពស់ (កំពង់ស្ពឺ) 
63.    សហគមន៍អូរបាត់មាន់ (ឧត្តរមានជ័យ)
64.    សហគមន៍ភ្នំក្រោម (សៀមរាប)
65.     សហគមន៍ពង្រកជ័យលក្ខណ៍ (កំពត) 
66.    សហគមន៍ព្រៃឈើរតនៈរុក្ខា (ឧត្តរមានជ័យ)  
67.    សហគមន៍សាមគ្គីសង្កែពីរមានរិទ្ធិ (ព្រះវិហារ)
68.    សហគមន៍សាមគ្គីចេកមាស (ស្វាយរៀង)
69.    សហគមន៍ដីធ្លីស្រែប្រាំង (ត្បូងឃ្មុំ)
70.    សហគមន៍ព្រៃឈើទេសចរណ៍ទឹកធ្លាក់ស្រែអំពិល (កំពង់ឆ្នាំង)
71.    សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង) 
72.    សហគមន៍ទន្លូង (ត្បូងឃ្មុំ) 
73.    សហគមន៍ត្រពាំងជោ (កំពង់ស្ពឺ)
74.     អង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (សម្ព័ន្ធភាព CPDD)
75.    អង្គការជំហានដំបូង (FSC)
76.    អង្គការអភិវឌ្ឍជនបទ (RAO)
77.    សមាគមខែ្មរដើម្បីអភិវឌ្ឍន៍ជនបទកម្ពុជា (KAFDOC)
78.    អង្គការគោលដៅយើង (OOO)
79.    សហភាពសហគមន៍កសិកម្មសហគ្រិនអភិវឌ្ឍន៍សង្គម (SEUAC)
80.    អង្គការពន្លកខ្មែរ (PKH)
81.    សមាគមភ្នំនាងកង្រី (PNKA)
82.    អង្គការអភិវឌ្ឍន៍ និងការពារបរិស្ថាន (EPDO)
83.    មជ្ឈមណ្ឌលម្លប់ព្រហ្មវិហារធម៌ (MPC)
84.    វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)