គោរពជូន ឯកឧត្តម Mark Carney នាយករដ្ឋមន្រ្តី នៃប្រទេសកាណាដា

ពុធ ២កើត ខែកត្តិក ឆ្នាំមមីរ ព.ស. ២៥៧០ (11 វិច្ឆិកា 2026)

គោរពជូន
ឯកឧត្តម Mark Carney នាយករដ្ឋមន្រ្តី នៃប្រទេសកាណាដា

កម្មវត្ថុ៖ សេចក្តីអំពាវនាវរួម របស់ក្រុមសង្គមស៊ីវិល ដោយស្នើសុំអន្តរាគមន៍ទៅរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យបើកទូលាយឡើងវិញនូវលំហនៃសិទិ្ធសេរីភាពរបស់ពលរដ្ឋ ការចូលរួមបែបប្រជាធិបតេយ្យ និងកិច្ចសន្ទនាសង្គម មុនកិច្ចប្រជុំកំពូលក្រុមប្រទេសនិយាយភាសាបារាំង (ហ្វ្រង់កូហ្វូនី) នៅរាជធានីភ្នំពេញ ថ្ងៃទី១៥ និង១៦ ខែវិច្ឆិកា ឆ្នាំ២០២៦

ឯកឧត្តមជាទីគោរពរាប់អាន!

យើងខ្ញុំ ជាក្រុមសង្គមស៊ីវិលនៅកម្ពុជា រួមមានអង្គការមិនមែនរដ្ឋាភិបាលផ្នែកសិទិ្ធមនុស្ស និងសិទិ្ធស្ត្រី សហជីព អ្នកការពារសិទិ្ធមនុស្ស ក្រុមយុវជន តំណាងសហគមន៍មូលដ្ឋាន និងប្រជាពលរដ្ឋកម្ពុជា  ដែលមានរាយនាមដូចខាងក្រោម មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពសិទិ្ធមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដែលកំពុងធ្លាក់ចុះយ៉ាងខ្លាំង ការរំលោភសិទិ្ធមនុស្សកាន់តែច្រើន និងការរឹតត្បិតកាន់តែខ្លាំងមកលើសេរីភាពរបស់ក្រុមសង្គមស៊ីវិល ។ នៅខណៈដែលប្រទេសកម្ពុជាកំពុងត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលក្រុមប្រទេសនិយាយភាសាបារាំង (ហ្វ្រង់កូហ្វូនី) នៅក្នុងខែនេះ នៅរាជធានីភ្នំពេញ យើងខ្ញុំសូមអំពាវនាវដល់រដ្ឋជាសមាជិកនៃក្រុមប្រទេសនិយាយភាសាបារាំង (ហ្វ្រង់កូហ្វូនី) ទាំងអស់ សូមបង្ហាញការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីគាំទ្រឱ្យមានសេរីភាពជាមូលដ្ឋាន ការគោរពសិទិ្ធពលរដ្ឋ និងសិទិ្ធនយោបាយរបស់ពលរដ្ឋកម្ពុជា ការបើកទូលាយនូវកិច្ចសន្ទនាសង្គម និងការចូលរួមតាមបែបលទ្ធិប្រជាធិបតេយ្យ ដែលជាមូលដ្ឋានគ្រឹះមួយរបស់ស្ថាប័ននៃក្រុមប្រទេសនិយាយភាសាបារាំង (OIF) ។

ស្របពេលដែលប្រទេសកម្ពុជា កំពុងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួនកាន់តែរីកចម្រើន ដោយនឹងចាកចេញពីប្រទេសដែលអភិវឌ្ឍន៍តិចតួចនាពេលឆាប់ៗនេះ ហើយក៏កំពុងពង្រឹងទំនាក់ទំនងអន្តរជាតិរបស់ខ្លួនកាន់តែខ្លាំង ដែលរួមទាំងសហគមន៍នៃក្រុមប្រទេសនិយាយភាសាបារាំង ប្រទេសកម្ពុជាកាន់តែត្រូវតែធានាថា ការអភិវឌ្ឍត្រូវតែមានភាពចូលរួមពីគ្រប់ភាគី សមភាព និងការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋកម្ពុជា ។  ផ្ទុយទៅវិញ ជាក់ស្តែង សកម្មជន អ្នកនយោបាយ អ្នកសារព័ត៌មាន កម្មករ និងប្រជាពលរដ្ឋ ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើននាក់ នៅតែប្រឈមមុខនឹងការរំលោភបំពានទៅលើសិទិ្ធសេរីភាពជាមូលដ្ឋានរបស់ពួកគេ ការចាប់និងឃុំខ្លួនដោយមិនត្រឹមត្រូវ និងការដកហូតសិទិ្ធជាមូលដ្ឋានមួយចំនួនដោយមិនត្រឹមត្រូវ ដូចជាសិទិ្ធសេរីភាពផ្នែកនយោបាយ នៅមុនពេលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ ២០២៧ និងបោះឆ្នោតថ្នាក់ជាតិ ២០២៨ ។

រដ្ឋជាសមាជិកនៃក្រុមប្រទេសនិយាយភាសាបារាំង (ហ្វ្រង់កូហ្វូនី) ទាំងអស់ និងបណ្តាស្ថានទូតរបស់ខ្លួនដែលមាននៅក្នុងប្រទេសកម្ពុជា សូមចូលរួមគាំទ្រ និងអន្តរាគមន៍ ដើម្បីឱ្យមានការបើកឡើងវិញ នូវលំហនៃសិទិ្ធសេរីភាពរបស់ប្រជាពលរដ្ឋ សមភាពយេនឌ័រ កិច្ចសន្ទនាសង្គម និងនីតិរដ្ឋនៅក្នុងប្រទេសកម្ពុជា ។

អាស្រ័យហេតុនេះ យើងខ្ញុំស្នើសុំឱ្យ ឯកឧត្តម Mark Carney នាយករដ្ឋមន្ត្រី នៃប្រទេស

កាណាដា សូម ៖

១.    លើកឡើងនូវបញ្ហានៃការរំលោភសិទិ្ធមនុស្ស ជាមួយដៃគូសន្ទនាតំណាងរាជរដ្ឋាភិបាលកម្ពុជា ដែលរួមមានស្នើសុំឱ្យមានការដោះលែង និងទម្លាក់ចោលបទចោទប្រកាន់ផ្នែកព្រហ្មទណ្ឌទាំងអស់ មកលើអ្នកការពារសិទិ្ធមនុស្ស អ្នកសារព័ត៌មាន ថ្នាក់ដឹកនាំសហជីព និងសកម្មជន ដែលរួមមានសកម្មជនយុវជនទាំងប្រាំរូប នៃចលនាមាតាធម្មជាតិ និងថ្នាក់ដឹកនាំ នៃសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ ។

២.    លើកឡើងពីបញ្ហានៃការធ្លាក់ចុះយ៉ាងខ្លាំងនៃការគោរពសិទិ្ធមនុស្ស លទ្ធិប្រជាធិបតេយ្យ និងសេរីភាពផ្នែកនយោបាយ ដើម្បីធានាថាប្រជាពលរដ្ឋកម្ពុជា មានសិទិ្ធសេរីភាពពេញលេញក្នុងការចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងថ្នាក់ជាតិ ដោយមិនមានការភ័យខ្លាចពីការធ្វើទុក្ខបុកម្នេញ និងធានាថាគ្រប់គណបក្សនយោបាយទាំងអស់មានសេរីភាពក្នុងការប្រកួតប្រជែង សម្រាប់ការបោះឆ្នោតឆ្នាំ២០២៧ និង២០២៨ ។ 

៣.    លើកកម្ពស់ការចូលរួមដ៏មានអត្ថន័យរវាងប្រតិភូនៃក្រុមប្រទេសនិយាយភាសាបារាំង ជាមួយនឹងក្រុមសង្គមស៊ីវិល ដែលមានសហជីព ក្រុមយុវជន អង្គការមិនមែនរដ្ឋាភិបាលផ្នែក
សិទិ្ធមនុស្ស និងសិទិ្ធស្ត្រី ។ 

៤.    គាំទ្រឱ្យមានការបើកឱកាសដល់យុវជនអាចចូលរួមក្នុងកិច្ចការសាធារណៈ និងការពិភាក្សាលើគោលនយោបាយនានា ដែលពាក់ព័ន្ធនឹងកិច្ចប្រជុំកំពូលក្រុមប្រទេសនិយាយភាសាបារាំង (ហ្វ្រង់កូហ្វូនី) ។

៥.    ធានាថាប្រតិបត្តិការអាជីវកម្ម និងការវិនិយោគទាំងអស់របស់ប្រទេសនិយាយភាសាបារាំង (ហ្វ្រង់កូហ្វូនី) ដែលបានធ្វើប្រតិបត្តិការ និងវិនិយោគ ឬមានទំនាក់ទំនងជាមួយប្រទេសកម្ពុជា គោរពយ៉ាងពេញលេញនូវគោលការណ៍ត្រួតពិនិត្យដោយយកចិត្តទុកដាក់ លើបញ្ហាសិទ្ធិមនុស្ស និងបរិស្ថាន នៅតាមខ្សែសង្វាក់ផ្គត់ផ្គង់ជាសកលរបស់ខ្លួន ជាមួយនូវការកំណត់សូចនាករច្បាស់លាស់អំពីការរំពឹងទុកទៅលើបញ្ហាសិទ្ធិមនុស្ស និងបរិស្ថាន ។

៦.    ទទួលស្គាល់ការរួមចំណែករបស់សហជីព និងអង្គការមិនមែនរដ្ឋាភិបាលផ្នែកសិទិ្ធការងារ ក្នុងការពង្រឹងកិច្ចសន្ទនាសង្គម លក្ខខណ្ឌការងារសមរម្យ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយការទទួលខុសត្រូវ ។ ការទទួលស្គាល់ការរួមចំណែកនេះ រួមមានដូចជា កូដកម្មរបស់សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ ដែលកំពុងបន្ត និងជាកូដកម្មមួយដែលយូរជាងគេនៅក្នុងប្រទេសកម្ពុជា ។ 

ក្រុមប្រទេសនិយាយភាសាបារាំង (ហ្វ្រង់កូហ្វូនី) និងរដ្ឋជាសមាជិក ត្រូវតែជួយជំរុញទៅដល់រាជរដ្ឋាភិបាលកម្ពុជា ឱ្យអនុវត្តនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការតម្កល់តម្លៃនៃលទ្ធិប្រជាធិបតេយ្យ              សិទិ្ធមនុស្ស និងការអភិវឌ្ឍដោយសមភាពសម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ។  

សូមឯកឧត្តម ទទួលនូវការគោរពរាប់អានដ៏ជ្រាលជ្រៅអំពីយើងខ្ញុំ ៕ 

ធ្វើនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា 
ថ្ងៃពុធ ទី ១១ ខែវិច្ឆិកា ឆ្នាំ២០២៦

 

ឯកសារភ្ជាប់៖ ភាសាខ្មែរ | French | English