កម្ពុជាគ្រោងប្រកាសប្រើប្រាស់រថយន្តយោធា ២៩០គ្រឿងដែលទើបទិញពីប្រទេសចិន
សង្គមស៊ីវិល និងសាធារណជនឆ្ងល់ថា តើរដ្ឋាភិបាលបានលុយមកពីណា ដើម្បីទិញរថយន្តយោធា មកពីប្រទេសចិន ចំពេលដែលកម្ពុជា កំពុងខ្វះខាតថវិកាដោយសារតែជំងឺកូវីដ១៩ (Covid-19)។ មេបញ្ជាការកងទ័ពជើងគោកលោក ហ៊ុន ម៉ាណែត ថា លោកទុកឱ្យពលរដ្ឋឆ្ងល់ទាក់ទិននឹងថវិកាទាំងនេះសិន ហើយចាំពន្យល់ពេលក្រោយ។
អ្នកឃ្លាំមើលសង្គមស្នើក្រសួងការពារជាតិបង្ហាញជាសាធារណៈឱ្យពលរដ្ឋទូទៅបានដឹងពីកញ្ចប់ថវិកាបានមកពីណា ដើម្បីទិញសម្ភារៈយោធាចិន។
សំណើនេះ បានកើតមានឡើងដោយសារតែកាលពីពេលថ្មីៗនេះ ក្រសួងការពារជាតិបានស្នើសុំទិញរថយន្តយោធាពីប្រទេសចិន ប៉ុន្តែមិនបានបញ្ជាក់ ពីប្រភពនៃ ថវិកាប្រើប្រាស់ សម្រាប់ទិញ រថយន្តទាំងនោះ។
អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោក ហ៊ុន ម៉ាណែត មិនបានពន្យល់អំពីប្រភពថវិកាប្រើប្រាស់ទិញរថយន្តយោធចិនឡើយ។ លោកគ្រាន់តែ និយាយ លោកទុកឱ្យអ្នកវិភាគឆ្ងល់ពីរឿងនេះសិនចុះ។
ទោះបីជាយ៉ាងណា លោកប្រាប់ថា នៅថ្ងៃទី១៨ មិថុនា នេះលោកនឹងបញ្ជាក់ប្រាប់ជាសាធារណៈនៅពេលដែលពិធីប្រគល់រថយន្តយោធាចំនួន២៩០គ្រឿងនេះ នៅពហុកីឡាដ្ឋានអូឡាំពិក។
កាសែតក្នុងស្រុកដែលស្និទ្ធនឹងរបបក្រុងភ្នំពេញបានផ្សាយថា រថយន្តយោធាចំនួន២៩០គ្រឿងដែលរដ្ឋាភិបាលកម្ពុជាទិញពីប្រទេសចិន គឺបានបែងចែកទៅកងយោធពលខេមរភូមិន្ទ និងអគ្គស្នងការនគរបាលជាតិ។
អ្នកឃ្លាំមើលសង្គមចម្ងល់ថា ស្ថិតក្នុងស្ថានភាពជំងឺកូវីដ១៩ ប្រជាពលរដ្ឋកំពុងជំពាក់បំណុលស្ថាប័នមីក្រូហិរញ្ញវត្ថុវ័ណ្ឌក ហេតុអ្វីបានជារបបក្រុងភ្នំពេញប្រើប្រាស់ថវិកាទៅចំណាយលើវិស័យកងទ័ព មិនយកថវិកាទាំងនេះទៅជួយដល់ពលរដ្ឋដែលកំពុងជួបការលំបាក។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា មានប្រសាសន៍ថា ការយកថវិកាជាតិមកប្រើប្រាស់មិនចំគោលដៅនឹងនាំឱ្យពលរដ្ឋផ្ទុះកំហឹង៖ «ចំណុចមួយកាលពីពេលថ្មីៗនេះមានការទិញពីប្រទេសចិន។ អ៊ីចឹងក្នុងពេលដែលកំពុងខ្វះខាត យកលុយរដ្ឋទៅទិញអ្វីៗអស់ទាំងហ្នឹង បើទោះបីលុយនៅយ៉ាងណាក៏ដោយ ក៏ជារឿងមួយដែលធ្វើឱ្យកំហឹងមហាជនហ្នឹងវាអាចកាន់តែខ្លាំងឡើងៗ»។
អ្នកវិភាគនយោបាយដែលកំពុងរស់នៅនិទ្ទេសខ្លួនក្នុងប្រទេសហ្វាំងឡង់ លោក គឹម សុខ បញ្ជាក់ថា ការទិញរថយន្តយោធាពីប្រទេសចិននៅពេលនេះមិនមែននៅក្នុងគោលដៅការពារជាតិទេ គឺការពារអំណាចគ្រួសារត្រកូលហ៊ុន ដោយអនុវត្តតាមគម្រោងត្រៀមទុកដឹកកម្លាំងបង្ក្រាបចលនាមហាជននៅពេលខាងមុខ៖ «ពីព្រោះលោក ហ៊ុន សែន លោកបារម្ភ ក្រែងប្រជាពលរដ្ឋទូទៅ ដែលសព្វថ្ងៃមានបាតុកម្មនៅក្នុងចិត្តស្ទើរតែគ្រប់គ្នាទៅហើយនោះ ហើយបើដល់ពេលណាមួយពួកគាត់ទ្រាំនឹងការឈឺចាប់លែងបាន។ ក៏ស្រាប់តែងើបឡើងប្រើសិទ្ធិ និងកាតព្វកិច្ចស្របច្បាប់របស់ពលរដ្ឋ។នាំគ្នាតវ៉ាពីគ្រប់ទិសទីនៅទូទាំងប្រទេស បុកចូលភ្នំពេញ។ ម្ល៉ោះហើយឡានទាហានក្នុងបរិមាណបច្ចុប្បន្ននេះ អាចដឹកកម្លាំងពង្រាយទប់ប្រតិកម្មទប់សកម្មភាពមហាជន ក្នុងសកម្មភាពបន្ទាន់មិនទាន់សភាពការណ៍ទេ។ ហើយទៅជាក្ស័យអំណាចលោកហ៊ុន សែនដោយសារចលនាមហាជន។តាមពិតរឿងហ្នឹងទេ»។
ប្រទេសចិនកាលពីចុងឆ្នាំ២០១៩ បានសម្រេចផ្ដល់ជំនួយជាទឹកប្រាក់ជាង ៦០០លានយ័ន ឬស្មើនឹងប្រមាណ ៩០លានដុល្លារអាមេរិក បន្ថែមទៀតដល់របបក្រុងភ្នំពេញ សម្រាប់វិស័យការពារជាតិ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងសរសើរ និងបង្ហាញជំហរគាំទ្រខ្លាំងចំពោះ “គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ” របស់ចិន។
ក្នុងរយៈពេលមិនដល់មួយឆ្នាំផង របបក្រុងប៉េកាំងបានសន្យាផ្ដល់ជំនួយជិត ៨រយលានដុល្លារ រួចទៅហើយដល់របបលោក ហ៊ុន សែន។ កាលពីពាក់កណ្ដាលឆ្នាំ ២០១៨ កន្លងទៅ ចិនបានផ្ដល់ជំនួយឥតសំណងជាទឹកប្រាក់ប្រមាណ ១០០លានដុល្លារអាមេរិក ដល់វិស័យយោធាកម្ពុជា។ បន្ទាប់មក នៅចុងខែមករា ឆ្នាំ២០១៩ មហាអំណាចចិនក៏បានសន្យាផ្ដល់ជំនួយឥតសំណងជិត ៦០០លានដុល្លារអាមេរិក បន្ថែមទៀត ដល់របបក្រុងភ្នំពេញ សម្រាប់គម្រោងអភិវឌ្ឍរយៈពេល ៣ឆ្នាំ៕
ប្រភព៖ RFA