06
មិថុនា

កម្មករ​រោងចក្រ​ប្រមាណ ៦០នាក់ របួស​ព្រោះ​គ្រោះថ្នាក់​​ចរាចរណ៍​នៅ​ខេត្ត​ស្វាយរៀង​

កម្មករ​រោងចក្រ យូលី នៅ​ខេត្ត​ស្វាយរៀង​ប្រមាណ ៦០នាក់ របួស​ធ្ងន់ និង​ស្រាល​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ព្រឹក​ថ្ងៃ​ទី៣ ខែ​មិថុនា។ សហជីព​ស្នើ​ទៅ​ក្រសួង​ការងារ​ថា គួរ​មាន​វិធានការ​តម្រូវ​ឲ្យ​រោង​មាន​ឡាន​សម្រាប់​ដឹក​កម្មករ ដើម្បី​ជៀស​បញ្ហា​គ្រោះថ្នាក់​ទៀត។

ប្រធាន​សហភាព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា ដែល​មាន​តំណាង​សហជីព​របស់​លោក​នៅ​ក្នុង​រោងចក្រ យូលី ប្រាប់​អាស៊ី​សេរី​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្ក​ឡើង​ដោយ​សារ​រថយន្ត​ស្ទូច​១គ្រឿង ចេញ​ពី​ផ្លូវ​តូច​ចូល​មក​ផ្លូវ​ជាតិ​លេខ១ ប៉ុន្តែ​មិន​បាន​ផ្ដល់​សញ្ញា​ទើប​បណ្ដាល​ឲ្យ​ប៉ះ​គ្នា​នឹង​ឡាន​ដឹក​កម្មករ និង​ប៉ះ​បន្ត​ទៅ​រថយន្ត​ផ្សេង​ទៀត។

លោក​ថា ករណី​នេះ​កើត​ឡើង​នៅ​ភូមិ​លាប ឃុំ​កណ្ដៀងរាយ ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង ហើយ​កម្មករ​ទាំង​នោះ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក និង​ខេត្ត៖ «ឡាន​ស្ទូច​គាត់​ឡើង​មក​អត់​មាន​ដាក់​ស្លាក​សញ្ញា​ឲ្យ​ដឹង​ថា គាត់​ឡើង​ពី​ផ្លូវ​ក្រោម​មក​ផ្លូវ​ជាតិ។ ដល់​អ៊ីចឹង ធ្វើ​ឲ្យ​ឡាន ដែល​កម្មករ​ជិះ​ហ្នឹង វាក់​អើ​ទៅ បុក​តៗ គ្នា​ទៅ»

ចំណែក តំណាង​សហជីព​សហភាព​ចលនា​កម្មករ ក្នុង​រោងចក្រ យូលី នៃ​ប្រចាំ​តំបន់​សេដ្ឋ​កិច្ច​ពិសេស សានតុង ខេត្ត​ស្វាយរៀង លោក ពុំ សុគន្ធី ដែល​ចុះ​ឃ្លាំមើល​ករណី​នេះ ឲ្យ​ដឹង​ដែរ​ថា ក្នុង​ចំណោមកម្មកររបួសប្រមាណ៦០នាក់នោះ មាន​អ្នក​ខ្លះ​របួស​កែង​ដៃ និង​ត្រូវ​ក្បាល។ លោក​បន្ត​ថា ក្នុង​ចំណោម​នោះ​ក៏​មាន​ស្ត្រី​មាន​ផ្ទៃពោះ​ពី​ប្រាំ​ខែ​ទៅ​ប្រាំ​មួយ​ខែ ចំនួន ៤នាក់ដែរ ហើយ​ក្រុម​គ្រួសារ និង​ពេទ្យ​កំពុង​តាម​ដាន៖ «មាន​ដាច់​ដៃ​ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ​ពេក​ទេ ពេល​ខ្ញុំ​ចុះ​ដល់​មន្ទីរពេទ្យ​ឃើញ​អ្នក​ខ្លះ​ដាច់​ចង្កា​កឺម ក្រឡិត​ដៃ កែងដៃ ពេល​ចុង​គ្នា​ទៅ​គាត់​ជ្រុល​ទៅ​លើ​គ្នា ប៉ះ​ត្រូវ​ជញ្ជាំង​ឡាន​អីចឹង​ទៅ»

មន្ត្រី​សហជីព​ដដែល ឲ្យ​ដឹង​ទៀត​ថា កន្លង​មក​មាន​មន្ត្រី​បេឡា​ជាតិ​របប​ស​ន្តិ​សុខ​សង្គម​នៃ​ក្រសួង​ការងារ​ចុះ​ណែនាំ​ដល់​អ្នក​បើក​ឡាន​ដឹក​កម្មករ​ដែរ ប៉ុន្តែ​អ្នក​បើកបរ​ទាំង​នោះ​ហាក់​មិន​យក​ចិត្ត​ទុក​អនុវត្ត​តាម​ឡើយ ហើយ​ក្រៅ​ពី​នេះ​អ្នក​បើក​រថយន្ត​ដឹក​ដី ដឹក​ខ្សាច់ ក៏​មិន​សូវ​គោរព​ច្បាប់​ដែរ ដែល​បង្ក​ជា​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ញឹកញាប់៖ «អ្នក​បើក​បរ​នៅ​ទី​រួម​ខេត្ត​របស់​យើង​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ពី​ច្បាប់​ចរាចរណ៍​អី​ប៉ុន្មាន​ទេ គាត់​វ៉ា​ឆ្វេង​វ៉ា​ស្តាំ ប្រជែង»

ជុំវិញ​បញ្ហា​គ្រោះថ្នាក់​កម្មករ​នេះ លោក ប៉ាវ ស៊ីណា ស្នើសុំ​ទៅ​ក្រសួង​ការងារ​អន្តរាគមន៍ ដើម្បី​ឲ្យ​រោងចក្រ​រៀបចំ​ឲ្យ​មាន​រថយន្ត​សម្រាប់​ដឹក​កម្មករ ខណៈ​លោក​សង្កេត​ឃើញ​ថា រថយន្ត​ឈ្នួល​ដឹក​កម្មករ​គ្មាន​ការ​ត្រួត​ពិនិត្យ​ត្រឹមត្រូវ ហើយ​អ្នក​បើកបរ​ភាគ​ច្រើន​មិន​សូវ​ចេះ​ច្បាប់​ចរាចរណ៍។

អាស៊ី​សេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​លោក ហេង សួរ និង​ប្រធាន​ការិយាល័យ​គោល​នយោបាយ​នៃ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម លោក ជាវ ប៊ុនរិទ្ធ នៅ​ថ្ងៃ​ទី៣ ខែ​មិថុនា ប៉ុន្តែ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​គ្មាន​អ្នកទទួល។

កាលពី​ខែ​មីនា របាយការណ៍​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​នៃ​ក្រសួង​ការងារ​ បង្ហាញ​ថា ក្នុង​ឆ្នាំ២០១៨ កន្លង​ទៅ មាន​កម្មករ​រោងចក្រ​ជិត ២ពាន់​នាក់ ​រងគ្រោះ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស ក្នុងនោះស្លាប់ចំនួន៤០នាក់។ បញ្ហា​ចម្បង​ដែល​បណ្ដាល​ឲ្យ​គ្រោះ​ថ្នាក់​បណ្ដាល​មក​ពី​ការ​បើកបរ​ហួស​ល្បឿន​កំណត់ ការ​មិន​គោរព​សិទ្ធិអាទិភាព ការ​បើកបរ​ជែង ​និង​បញ្ហា​បច្ចេកទេស​យានយន្ត​ជា​ដើម៕

 

ប្រភព៖វិទ្យុអាស៊ីសេរី

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...