ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌បានធ្វើការឆ្លើយតបទៅនឹងក្រុមសង្គមស៊ីវិលប្រមាណជាជិត ៨០ ស្ថាប័នដែលបានធ្វើការអំពាវនាវឱ្យរាជរដ្ឋាភិបាល និងតុលាការដោះលែងអ្នកដែលធ្វើការតវ៉ាថា តុលាការជាស្ថាប័នឯករាជ្យ គ្មានជនណា ឬក្រុមអង្គការអន្តរជាតិណាមួយអាចដាក់សម្ពាធ និងបង្គាប់បញ្ជាមកលើតុលាការបាននោះទេ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យនៃក្រសួងយុតិ្តធម៌បានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍នៅថ្ងៃអាទិត្យម្សិលមិញនេះតាមប្រព័ន្ធតេឡេក្រាមថា ការចេញសេចក្តីថ្លែងការណ៍ដាក់សម្ពាធ និងទាមទារឱ្យតុលាការដោះលែងជនជាប់ចោទ និងទម្លាក់ចោលបទចោទ មិនមែនជាមធ្យោបាយស្របច្បាប់ក្នុងការការពារជនជាប់ចោទនោះទេ ហើយក៏នឹងមិនមានឥទ្ធិពលអ្វីដែរទៅលើការសម្រេចរបស់តុលាការដែលជាស្ថាប័នឯករាជ្យ។
លោកបានឲ្យដឹងថា៖ «ការកំណត់ពីពិរុទ្ធភាព បទល្មើស និងទោសទណ្ឌរបស់ជនល្មើសគឺជាសមត្ថកិច្ចផ្តាច់មុខរបស់តុលាការដោយផ្អែកលើមូលដ្ឋាននៃអង្គហេតុ និងអង្គច្បាប់ដែលមានជាធរមាន គឺមិនមែនអាស្រ័យលើបក្ខពួក ឬក្រុមសម្ព័ន្ធមិត្ត និងអង្គការដែលគាំទ្រ និងការពារសកម្មភាពខុសច្បាប់របស់ជនល្មើសនោះទេ ហើយមធ្យោបាយតាមផ្លូវច្បាប់តែ ១ គត់ក្នុងការការពារជនជាប់ចោទក្នុងសង្គមប្រជាធិបតេយ្យនីតិរដ្ឋ គឺការចូលរួមក្នុងដំណើរនីតិវិធីតុលាការដើម្បីធ្វើការការពារខ្លួនតាមផ្លូវច្បាប់»។
លោក មឿន តុលា នាយកប្រតិបត្តិអង្គការសង់ត្រាល់ (Central) បានឲ្យដឹងថា ការចេញសេចក្តីថ្លែងការណ៍របស់សង្គមស៊ីវិល ឬសមាគមគឺគ្រាន់តែជាការអំពាវនាវក្នុងនាមជាពលរដ្ឋដែលរដ្ឋធម្មនុញ្ញបានចែង។
លោក មឿន តុលា បានឲ្យដឹងថា នាពេលកន្លងមកអាជ្ញាធរបានប្រើសន្តិសុខមកបង្ក្រាបបាតុករដែលនេះជាសកម្មភាពខុសច្បាប់ ដោយសារកម្លាំងសន្តិសុខមិនមែនជាមន្ត្រីនគរបាលយុត្តិធម៌នោះទេ។ ក្រុមសង្គមស៊ីវិលចំនួន ៧៩ ស្ថាប័នបានចេញសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២០ ដោយបានសម្ដែងនូវការសោកស្ដាយយ៉ាងខ្លាំងចំពោះអាជ្ញាធរដែលបានប្រើប្រាស់អំពើហិង្សាទៅលើអ្នកតវ៉ាដោយសន្តិវិធី និងការចាប់ខ្លួនសកម្មជនជាង ១០ នាក់កាលពីពេលថ្មីៗនេះ ហើយក្រុមសង្គមស៊ីវិលទាំងនេះសង្ឃឹមថា តុលាការនឹងអាចដោះលែងអ្នកដែលត្រូវបានចាប់ខ្លួន និងទម្លាក់ចោលការចោទប្រកាន់ទាំងអស់ទៅលើពួកគេ។ រាជរដ្ឋាភិបាលនឹងអាចគោរពសិទ្ធិក្នុងការបញ្ចេញមតិ និងសិទ្ធិក្នុងការជួបជុំរបស់ប្រជាពលរដ្ឋកម្ពុជាឱ្យបានពេញលេញ។
លោក ម៉ាលីន បានបញ្ជាក់ថា ការជួបជុំតវ៉ាដោយសន្តិវិធីដោយសហការជាមួយសមត្ថកិច្ច និងគោរពតាមវិធានការសន្តិសុខ សុវត្ថិភាព និងសុខភាពសាធារណៈគឺជាការអនុវត្តសិទ្ធិដែលធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់ តែផ្ទុយទៅវិញ ការជួបជុំតវ៉ាដោយមិនបានជូនដំណឹង និងសហការជាមួយសមត្ថកិច្ច បំពានវិធានការសន្តិសុខ សុវត្ថិភាព និងសុខភាពសាធារណៈ បង្កជាអំពើហិង្សា និងភាពចលាចលក្នុងសង្គមប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខជាតិ និងសិទ្ធិសេរីភាពអ្នកដទៃរួមទាំងការដាក់សម្ពាធដល់ស្ថាប័នតុលាការគឺជាអំពើល្មើសទៅនឹងច្បាប់៕
ប្រភព៖ ភ្នំពេញប៉ុស្តិ៍
This post is also available in: អង់គ្លេស