អាជ្ញាធរខេត្តជាប់ព្រំដែនបន្តបិទខ្ទប់តំបន់ឆ្លងវីរុស ដែលតា ខណៈពលករបន្តសម្រុកមកកម្ពុជាវិញ
ប្រភព៖ VOD
អាជ្ញាធរខេត្តជាប់ព្រំដែនមួយចំនួនកំពុងបិទខ្ទប់តំបន់ណាដែលរកឃើញករណីឆ្លង ដើម្បីទប់ស្កាត់ការរីករាលដាលមេរោគបំប្លែងថ្មី “ដែលតា” ខណៈពលករខ្មែរបន្តសម្រុកត្រឡប់មកពីប្រទេសថៃវិញ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីទ្វារព្រំដែនបើកឡើងវិញ។
អភិបាលរងខេត្តឧត្ដរមានជ័យ លោក ឌី រ៉ាដូ ថ្លែងនៅថ្ងៃទី១៨ ខែសីហា ថាពលករប្រមាណជាង២ ០០០នាក់បានត្រឡប់ចូលកម្ពុជាតាមច្រកអូរស្មាច់ រាប់ចាប់ពីថ្ងៃទី១៥ ដល់ព្រឹកថ្ងៃទី១៨ ខែសីហា ក្រោយរដ្ឋាភិបាលបញ្ចប់ការបិទច្រកព្រំដែន នៅថ្ងៃពុធទី១២ ខែសីហា ខណៈ២ថ្ងៃដំបូង គឺមានត្រឹមជាង១៥០នាក់។
លោកបន្តថា ក្នុងចំណោមពួកគេ មានអ្នកធ្វើតេស្តឃើញវិជ្ជមានជំងឺកូវីដ-១៩ ជាង២ ០០នាក់ ហើយអ្នកវិជ្ជមានត្រូវបញ្ជូនទៅសម្រាកព្យាបាល ខណៈអ្នកអវិជ្ជមានត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ក២១ថ្ងៃនៅតាមមណ្ឌលក្បែរព្រំដែន ដោយស្នាក់នៅក្នុងបន្ទប់រួមគ្នា ៨នាក់ក្នុងមួយបន្ទប់។
លោក ឌី រ៉ាដូ ប្រាប់ថា៖ «ថ្ងៃទី១និងថ្ងៃទី២ ការវិលត្រឡប់របស់បងប្អូនពលករមកកម្ពុជាតាមច្រកអូរស្មាច់ហ្នឹង ចំនួនមិនសូវច្រើនទេ! ៧០នាក់៨០នាក់ទេ! ប៉ុន្តែចាប់ពីថ្ងៃទី៣មក គឺថា ឃើញបងប្អូនពលករមកច្រើន ចន្លោះពី៤០០ទៅ៦០០នាក់។ ថ្ងៃទីបី ៦០០នាក់ ថ្ងៃទី៤ ជាង៤០០នាក់ ថ្ងៃទី៥ ជាង៤០០នាក់ ឥលូវថ្ងៃហ្នឹង គឺព្រឹកមិញហ្នឹង គឺជិត៤០០នាក់»។
ប្រភពដដែលបន្តថា អាជ្ញាធរអាចទប់ស្កាត់មេរោគ”ដែលតា”ឆ្លងចូលសហគមន៍ តាមរយៈរំហូរពលករពីបរទេសបាន ដោយសាររដ្ឋបាលខេត្តបានត្រៀមរៀបចំក្រុមគ្រូពេទ្យ មណ្ឌលសម្រាកព្យាបាល និងចត្តាឡីស័ក សម្រាប់ពួកគេគ្រប់គ្រាន់ហើយ អំឡុងពេលបិទខ្ទប់ព្រំដែន២សប្តាហ៍។
យ៉ាងណា លោកថា មេរោគបំប្លែងថ្មីនេះកំពុងឆ្លងរាលដាលក្នុងសហគមន៍ ហើយអាជ្ញាធរកំពុងចាត់វិធានការបិទខ្ទប់ផ្សារ ភូមិ ឬតំបន់ណាដែលរកឃើញករណីឆ្លង ហើយតម្រូវឱ្យពលរដ្ឋអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងហាមផ្តាច់ការជួបជុំគ្នាច្រើនជាដើម ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកាន់តែធំ។
លោក ឌី រ៉ាដូ បញ្ជាក់ថា ខេត្តឧត្ដរមានជ័យ រកឃើញករណីឆ្លងវីរុសបំប្លែងថ្មី “ដែលតា” ជាង១០០ករណីហើយ ខណៈផ្សារទីរួមស្រុកមួយចំនួនដូចជា ផ្សារក្រុងសំរោង ផ្សារអន្លង់វែង និងផ្សារតាមឃុំមួយចំនួនទៀត កំពុងស្ថិតក្នុងការបិទខ្ទប់។
លោក ឌី រ៉ាដូ ថ្លែងថា៖ «ពាក់ព័ន្ធនឹងការបិទខ្ទប់ហ្នឹង បើទីតាំងណាមួយឬភូមិណាមួយយើងរកឃើញវិជ្ជមានកូវីដ-១៩ គឺយើងបិទទីតាំងហ្នឹង ហើយនិងភូមិហ្នឹង ដោយកំណត់ជាតំបន់ក្រហម ហើយតំបន់រណបកំណត់ជាតំបន់លឿងទុំ»។
អភិបាលរងខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធី ឱ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃចុងក្រោយ គិតត្រឹមថ្ងៃ១៨ ខែសីហា មានពលករប្រមាណ៥០០នាក់បានវិលពីប្រទេសថៃតាមច្រកព្រំដែនទាំង៤របស់ខេត្ត។ លោកថា ក្នុងនោះ ក្រោមការធ្វើតេស្តលើកទីមួយ មានពលករចំនួន៣២នាក់រកឃើញវិជ្ជមានកូវីដ-១៩ និងត្រូវបានបញ្ជូនទៅសម្រាកព្យាបាល។ លោកបន្ថែមថា អ្នកអវិជ្ជមានត្រូវបានបញ្ជូនឱ្យធ្វើចត្តាឡីស័ក២១ថ្ងៃ ក្នុងមួយបន្ទប់ស្នាក់នៅរួមគ្នាពី១០ទៅ១៣នាក់។
តាមមន្រ្តីរដ្ឋបាលខេត្តរូបនេះ ផ្សារចំនួន៤៩ក្នុងខេត្តកំពុងត្រូវបានបិទខ្ទប់ ហើយអាជ្ញាធរកំពុងរឹតបន្តឹងការជួបជុំនិងពាក់ម៉ាស់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគ”ដែលតា” ដែលមានភាពឆ្លងលឿនរហ័សនិងប្រកបដោយគ្រោះថ្នាក់ចំពោះសុខភាពពលរដ្ឋ។
លោកនិយាយថា៖ «យើងបារម្ភខ្លាចឆ្លងអាដែលតា ព្រោះអាដែលតាហ្នឹង វាសាហាវជាងជំងឺកូវីដធម្មតា ដូចយើងដឹងទាំងអស់គ្នា ដូចនៅឥណ្ឌា នៅថៃអ៊ីចឹង។ កាលណាយើងឆ្លងអាហ្នឹង វាលំបាក ទោះយើងចាក់វ៉ាក់សាំង១ដូស ២ដូស ៣ដូស ក៏វាពិបាកទប់ស្កាត់ដែរ»។
វីអូឌី មិនអាចទាក់ទងអ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ លោកស្រី រស់ សុផានី បានទេ នៅថ្ងៃព្រហស្បតិ៍នេះ។
ប៉ុន្តែបើតាមរបាយការណ៍ទទួលបានពីរដ្ឋបាលខេត្តបន្ទាយមានជ័យ ឱ្យដឹងថា គិតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែសីហា មានពលករប្រមាណជាង៥០០នាក់បានត្រឡប់មកពីប្រទេសថៃតាមច្រកព្រំដែនអន្តរជាតិ ដោយក្នុងនោះ មានពលករចំនួន៨១នាក់វិជ្ជមានកូវីដ-១៩។
អភិបាលរងខេត្តព្រះវិហារ លោកស្រី ប៉ាង រ៉ាវី លើកឡើងថា មានពលករតិចតួច ត្រឹមម្នាក់ឬពីរនាក់ប៉ុណ្ណោះដែលត្រឡប់ចូលមកកម្ពុជាតាមច្រកព្រំដែនក្នុងខេត្តព្រះវិហារ ដោយសារខេត្តនេះមិនមានច្រកអន្តរជាតិដូចជាខេត្តបន្ទាយមានជ័យ និងឧត្ដរមានជ័យ។
មន្រ្តីរដ្ឋបាលខេត្តរូបនេះនិយាយថា ការឆ្លងជំងឺកូវីដ-១៩ក្នុងសហគមន៍នៅក្នុងខេត្តនេះបានថមថយបន្តិច ចាប់តាំងពីអាជ្ញាធរអនុវត្តវិធានការបិទខ្ទប់ការធ្វើដំណើរពីខេត្តសៀមរាប ឧត្ដរមានជ័យ និងកំពង់ធំ ប៉ុន្តែមេរោគប្រភេទ”ដែលតា”កំពុងឆ្លងរាលដាលតាមតំបន់ក្បែរព្រំដែនជាប់នឹងប្រទេសថៃ។
លោកស្រីមានប្រសាសន៍ថា៖ «ពាក់ព័ន្ធនឹងដែលតាហ្នឹង ក៏វាមិនដឹងថាឆ្លងមកពីណាដែរ ប្រហែលជាមកពីពលករដែលគាត់មកតាមរបៀងថៃមួយពីរក៏មិនដឹង! ដល់ពិនិត្យទៅ វាឆ្លងនៅលើ[ស្រុក]ជាំក្សាន្តហ្នឹង ដែលតា! រាល់ថ្ងៃហ្នឹង ដែលតា យើង[ចំនួនអ្នកឆ្លងប្រភេទ Delta] មកដល់ថ្ងៃនេះ យើងឡើងដល់៣៨នាក់ហើយ»។
ពាក់ព័ន្ធរំហូរពលករខ្មែរត្រឡប់ពីប្រទេសថៃ មន្ដ្រីកម្មវិធីការពារសិទ្ធិពលករចំណាកស្រុកនៃអង្គការសង់ត្រាល់ លោក ឌី ថេហូយ៉ា បានលើកឡើងថា ការមិនអាចរក្សាគម្លាតសុវត្ថិភាពក្នុងពេលធ្វើដំណើរតាមរថយន្ត និងអំឡុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលរបស់ពលករ កំពុងធ្វើឱ្យពួកគេប្រឈមនឹងការឆ្លងជំងឺកូវីដ-១៩ បើសិនមានអ្នកផ្ទុកជំងឺក្នុងចំណោមនោះ។
លោកថា៖ «រដ្ឋាភិបាលគួរតែពិចារណានិងយកចិត្តទុកដាក់ឱ្យមែនទែន ព្រោះជំងឺកូវីដ-១៩ “ដែលតា” អីហ្នឹង! មានការឆ្លងសាហាវជាងអាមុន។ អ៊ីចឹងកាលណាយើងអត់រក្សានិងអនុវត្តទៅតាមវិធានសុវត្ថិភាពនៃជំងឺឆ្លងទេ វាមិនត្រឹមតែជាមណ្ឌលសម្រាប់តាមដាននិងការពារនូវការរីករាលដាល វាទៅជាបង្កើតឱ្យមានការរីករាលដាល អាហ្នឹងសម្រាប់យើងមើលឃើញ»។
ក្រសួងសុខាភិបាលកម្ពុជាបានឱ្យដឹងថា មេរោគកូវីដ-១៩ប្រភេទ”ដែលតា” កំពុងឆ្លងរាលដាលនៅតាមបណ្ដារាជធានី-ខេត្តចំនួន២២ លើកលែងតែ៣ខេត្តប៉ុណ្ណោះ គឺខេត្តកែប ខេត្តតាកែវ និងខេត្តក្រចេះ។
តាមរបាយការណ៍របស់ក្រសួង គិតត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៨៧ ១៩០នាក់ ក្នុងនោះ អ្នកជំងឺព្យាបាលជាសះស្បើយសរុបមានចំនួន៨២ ៦៦៦នាក់ អ្នកស្លាប់សរុប១ ៧៣០នាក់ និងករណីនាំចូលពីក្រៅប្រទេសសរុប១៣ ៤៧៤នាក់៕