មន្ត្រីសង្គមស៊ីវិល ២នាក់ទៀត ចូលបំភ្លឺស្នងការរាជធានីភ្នំពេញករណីបង្ហោះចម្រៀង បទ “ឈាមបាតុករ”
ប្រភព៖ RFA
មន្ត្រីសង្គមស៊ីវិលពីររូបទៀតចូលបំភ្លឺស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមករានេះ។ សមត្ថកិច្ចបន្តបង្គាប់មន្ត្រីសង្គមស៊ីវិលឱ្យលុបវីដេអូចម្រៀង បទ “ឈាមបាតុករ” ចេញពីបណ្ដាញសង្គមរបស់អង្គការសង្គមស៊ីវិលទាំងនោះ ដោយចោទប្រកាន់ថា វីដេអូនោះធ្វើឱ្យប៉ះពាល់ដល់សង្គម។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តម្រូវឱ្យនាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅថា សង់ត្រាល់ (CENTRAL) លោក មឿន តុលា នៅព្រឹកថ្ងៃទី១០ ខែមករា។ ចំណែក ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក វន់ ពៅ ត្រូវចូលបំភ្លឺពេលរសៀលនៅថ្ងៃដដែលនេះ។
ក្រោយពេលចេញពីបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រធានអង្គការសង់ត្រាល់ លោក មឿន តុលា ឱ្យអ្នកសារព័ត៌មានដឹងថា ការអញ្ជើញរបស់សមត្ថកិច្ចពេលនេះ គឺជាឱកាសអាចឱ្យមន្ត្រីសង្គមស៊ីវិលបកស្រាយទៅសមត្ថកិច្ច ពីគោលបំណងរបស់ពួកគាត់ក្នុងការបង្ហោះវីដេអូបទចម្រៀងឈាមបាតុករក្នុងបណ្ដាញសង្គមរបស់ខ្លួន។ លោកបន្តថា លោកបានប្រាប់ទៅសមត្ថកិច្ចថា គោលបំណងរបស់អង្គការសង់ត្រាល់ ក្នុងការបង្ហោះនេះ គឺដើម្បីប្រារព្ធខួបនៃការបង្ក្រាបបាតុករ ការស្នើសុំឱ្យមានការស៊ើបអង្កេតករណីបង្ហូរឈាមក្នុងការបង្ក្រាបដោយហិង្សាកាលពីថ្ងៃទី២ និងថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ និងបញ្ឈប់ការដោះស្រាយបញ្ហាដោយអំពើហិង្សា។ លោកអះអាងថា ក្រុមអង្គការសង្គមស៊ីវិល គ្មានចេតនាបង្ហោះវីដេអូនេះ ធ្វើឱ្យប៉ះពាល់សង្គមដូចការចោទប្រកាន់របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនោះទេ។ លោក មឿន តុលា ប្រាប់ទៀតថា ទោះមានការពន្យល់យ៉ាងណាក្ដី ក៏សមត្ថកិច្ច នៅតែស្នើទៅលោកឱ្យលុបវីដេអូនេះ ចេញពីទំព័រហ្វេសប៊ុករបស់អង្គការសង់ត្រាល់ដដែល។
លោក មឿន តុលា៖ «ខ្ញុំបានជួនទៅខាងស្នងការដែរថា ខ្ញុំនឹងរាយការណ៍ទៅគណៈគ្រប់គ្រងស្ថាប័នស្នើក៏ដូចជា យើងធ្វើអ្វីដូចដៃគូយើងអ៊ីចឹង ដូចលីកាដូគាត់សម្រេចអ៊ីចឹង ព្រោះបើសិនជាអាជ្ញាធរលោក យល់ថា មិនសមយើងគាត់សុំឱ្យដកចេញ យើងពិចារណាដកចេញ»។
ចំណែកប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក វន់ ពៅ ឱ្យដឹងក្រោយចេញពីបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញថា សមត្ថកិច្ចក៏បានស្នើទៅលោកឱ្យលុបវីដេអូបទចម្រៀងឈាមបាតុករចេញពីទំព័រហ្វេសប៊ុកផ្ទះសាមគ្គីដែរ។ លោក វន់ ពៅ បន្តថា ភាគីខាងលោកយល់ព្រមលុបវីដេអូនោះតាមការទាមទាររបស់សមត្ថកិច្ច។
លោក វន់ ពៅ៖ «យើងរស់នៅក្នុងបរិបទបែបនេះគឺបែបហ្នឹង ខ្ញុំសូមបញ្ជាក់ប៉ុណ្ណឹង យើងអ្នកធ្វើការងារសង្គមសេចក្ដីសុខ ក្នុងការបញ្ចេញមតិ សេចក្ដីសុខក្នុងការបង្ហាញឆន្ទៈផ្ទាល់ខ្លួនដោយសារយើងមិនចង់មានបញ្ហាអីតទៅទៀតយើងក៏សម្រេចឱ្យក្រុមការងារយើងយើងជជែកជាមួយក្រុមការងារដើម្បីពិចារណាលុបចេញពីគេហទំព័ររបស់យើង»។
នៅក្រៅរបងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏មានការចូលរួមឃ្លាំមើលពីអង្គការសង្គមស៊ីវិល មានដូចជា CYN សមាគមអាដហុក មជ្ឈមណ្ឌលសិទ្ធិមនុស្ស (CCHR) សមាគមធាងត្នោត អង្គការសង់ត្រាល់ និងក្រុមអ្នកសារព័ត៌មានប្រមាណ ៣០នាក់។ ក្នុងនោះប៉ូលិសពាក់ឯកសណ្ឋានផង និងស៊ីវិលផងបានមកថតរូបមន្ត្រីសង្គមស៊ីវិល ក្រុមយុវជន និងអ្នកសារព័ត៌មានរង់ចាំឃ្លាំមើលផងដែរ។
ស្នងការនគរបាលរាជធានីភ្នំពេញ បានកោះហៅមន្ត្រីអង្គការសង្គមស៊ីវិល ៤រូប ឱ្យចូលបំភ្លឺនៅការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងនឹងការផ្សព្វផ្សាយបទចម្រៀង ឈាមបាតុករ ដែលច្រៀងយុវជន គា សុគន្ធ។ វីដេអូដែលមានរយៈពេលជាង៤នាទី រៀបរាប់ពីការបង្ក្រាបដ៏ហិង្សារបស់ក្រុមសមត្ថកិច្ចលើក្រុមបាតុករដែលធ្វើបាតុកម្មទាមទារដំឡើងប្រាក់ខែកាលពីឆ្នាំ២០១៤។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត បានចូលបំភ្លឺកាលពីថ្ងៃទី០៩ ខែមករា រួចហើយ។
ក្រោយពីលោក អំ សំអាត ចូលបំភ្លឺរួច អង្គការលីកាដូ សម្រេចលុបវីដេអូចម្រៀង ឈាមបាតុករ នេះចេញគេហទំព័រ និងបណ្ដាញសង្គមរបស់ខ្លួននៅថ្ងៃទី១០ ខែមករា។ អង្គការលីកាដូ ឱ្យដឹងទៀតថា ការសម្រេចចិត្តបែបនេះ ព្រោះដើម្បីជៀសវាងពីការទទួលរងនូវវិធានការផ្លូវច្បាប់ ។
លោក អំ សំអាត ឱ្យវិទ្យុអាស៊ីសេរីដឹងបន្ថែមថា អង្គការលីកាដូនៅតែប្រកាន់ជំហរដដែលថា វីដេអូចម្រៀងឈាមបាតុករ ដែលបានបង្ហោះនោះមិនមានអ្វីជាការញុះញង់ អុជអាល ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសង្គមទេ។ លោកបន្តទៀតថា ដើម្បីកុំឱ្យការបង្ហោះវីដេអូនេះ រងការចោទប្រកាន់ពីសមត្ថកិច្ច ដែលអាចធ្វើប៉ះពាល់ការបំពេញការងាររបស់លីកាដូ ក្នុងនាមជាស្ថាប័នលើកកម្ពស់ការគោរពសិទ្ធិមនុស្ស ទើបអង្គការលីកាដូ សម្រេចលុបវីដេអូចម្រៀងនេះ។
លោក អំ សំអាត៖ «សោកស្ដាយដែរថា ៣០ឆ្នាំ ដែលលីកាដូយើងធ្វើការ ហើយនេះជាលើកទី១ដែលអាជ្ញាធរលោកបានចាត់វិធានការផ្លូវច្បាប់ទៅតាមការស្នើសុំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈទៅលើបទចម្រៀងអមដោយរូបភាពមានចំណងជើងថា ឈាមបាតុករមកលើអង្គការលីកាដូ និងអង្គការសង្គមស៊ីវិលផ្សេងទៀត»។
ទាក់ទងបញ្ហានេះ វិទ្យុអាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយណាមួយពីអ្នកនាំពាក្យ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានទេនៅថ្ងៃទី១០ ខែមករា។
ការកោះហៅមន្ត្រីអង្គការសង្គមស៊ីវិលពេលនេះ ក្រោយពេល រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អ្នកស្រី ភឿង សកុណា បានចេញលិខិតកាលពីថ្ងៃទី៦ ខែមករា ស្នើសុំទៅអគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន ចាត់វិធានការចំពោះការផ្សព្វផ្សាយបទចម្រៀង ដែលមានចំណងជើងថា ឈាមបាតុករ។ អ្នកស្រី ចោទប្រកាន់ថា បទចម្រៀងនេះ មានខ្លឹមសារញុះញង់ អាចបង្កជាអសន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម។
ដោយឡែក ប្រធានសហភាពសហជីពកម្ពុជា និងជាទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន យល់ថា វិធានការរបស់សមត្ថកិច្ចក្រុងភ្នំពេញជាការគំរាមកំហែង បំភិតបំភ័យ លើអង្គការសង្គមស៊ីវិល។ អ្នកតស៊ូមតិរួបនេះយល់ថា ការសម្រេចចិត្តរបស់អង្គការសង្គមស៊ីវិលក្នុងការលុបបទចម្រៀងនេះ ជាការបង្ខំចិត្ត ព្រោះរងការដាក់សម្ពាធរបស់សមត្ថកិច្ច។ លោក រ៉ុង ឈុន យល់ថា រដ្ឋាភិបាលមិនគួរបារម្ភលើបញ្ហានេះពេកទេ។
លោក រ៉ុង ឈុន៖ «អ៊ីចឹងគាត់ (អង្គការសង្គមស៊ីវិល) អត់មានជម្រើសត្រូវលុបដោយបង្ខំចិត្តអ៊ីចឹងហើយដើម្បីសុវត្ថិភាពជៀសវាងប្រឈមទៅនឹងផ្លូវច្បាប់ហើយយើងកត់សម្គាល់ឃើញថា គ្រាន់តែបទចម្រៀងមួយបទមានបញ្ហាកើតឡើងអ៊ីចឹង អនាគតកម្ពុជាគឺលំហសេរីភាពបញ្ចេញមតិតាមបទចម្រៀងតាមអីណឹងត្រូវបានបិទជិតឈឹងហើយ»។
ប្រសិនបើគ្មានការប្រែប្រួលទេ ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន គឺជាមន្ត្រីសិទ្ធិមនុស្សទី៤ ដែលនឹងចូលបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី១១ ខែមករាខាងមុខ។ អង្គការលីកាដូ អំពាវនាវដល់អាជ្ញាធរ គួរគោរពសេរីភាពក្នុងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ សកម្មជន សិល្បករ សិល្បការិនី និងបុគ្គលិកអង្គការសង្គមស៊ីវិល និងបើកការស៊ើបអង្កេតដោយឯករាជ្យទៅលើករណីអំពើហិង្សា ការស្លាប់ និងការបាត់ខ្លួនបាតុករកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤៕