ញត្តិរួម៖ អង្គការសង្គមស៊ីវិលផ្នែកការងារ និងសហព័ន្ធសហជីពដាក់សំណើ ជូនរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអន្តរជាតិ ស្ដារឡើងវិញ និងកែទម្រង់

សុក្រ ១៥កើត ខែពិសាខ ឆ្នាំមមីរ ព.ស. ២៥៦៩ (01 ឧសភា 2026)

ញត្តិរួម 
អង្គការសង្គមស៊ីវិលផ្នែកការងារ និងសហព័ន្ធសហជីពដាក់សំណើ
ជូនរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអន្តរជាតិ ស្ដារឡើងវិញ និងកែទម្រង់ ឧបសគ្គនានាដែលរារាំងដល់ការអនុវត្តសេរីភាពរបស់សហជីព

រាជធានីភ្នំពេញ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦

នៅក្នុងឱកាសនៃការប្រារព្ធខួបលើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ឆ្នាំ២០២៦ នេះ យើងខ្ញុំជាក្រុមអង្គការ សង្គមស៊ីវិល រួមមាន អង្គការ សមាគម សហជីព និងសហព័ន្ធសហជីព ដូចមានរាយនាមខាងលើ សូមដាក់ សំណើតាមរយៈញត្តិរួមនេះ ជូនរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអន្តរជាតិ ដើម្បីស្ដារឡើងវិញ និងកែទម្រង់ឧបសគ្គ នានាដែលកំពុងរារាំងដល់ការអនុវត្តសិទ្ធិ និងសេរីភាពរបស់សហជីព។ ប្រធានបទសម្រាប់ខួបលើកទី១៤០ នៃទិវាពលកម្មអន្តរជាតិឆ្នាំ២០២៦ នេះ គឺ «ស្ដារឡើងវិញ និងកែទម្រង់ឧបសគ្គនានាដែលរារាំងការអនុវត្តសេរីភាព សហជីព » ដែលបង្ហាញពីតម្រូវការចាំបាច់ក្នុងការដោះស្រាយបញ្ហាទាំងនេះជាបន្ទាន់ និងមានប្រសិទ្ធភាព។ បញ្ហា ទាំងនេះត្រូវបានសហជីពមូលដ្ឋាន និងសហព័ន្ធសហជីពថ្នាក់ជាតិកំពុងប្រឈមជាក់ស្តែង ជាពិសេស ទាក់ទងនឹង ការអនុវត្តសិទ្ធិមូលដ្ឋាន រួមមាន សិទ្ធិក្នុងការចរចាអនុសញ្ញារួម សិទ្ធិក្នុងការចងក្រង ការចុះបញ្ជិកាសហជីព ការ ទទួលស្គាល់សហជីព ព្រមទាំងសិទ្ធិក្នុងការធ្វើកូដកម្មដោយសន្តិវិធីជាដើម។ ទន្ទឹមនឹងនេះ ក៏នៅមានឧបសគ្គ ផ្សេងៗទៀតដែល បន្តរារាំងដល់ការអនុវត្តសិទ្ធិ និងសេរីភាពសហជីពឱ្យបានពេញលេញ និងមានប្រសិទ្ធភាពផងដែរ។

នៅប្រទេសកម្ពុជា វិស័យកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ ជាវិស័យចម្បងជាងគេដែលមានកម្មករនិយោជិតកំពុងបម្រើការងារប្រមាណចំនួន ១.១១ លាននាក់ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ប៉ុន្តែកម្មករនិយោជិតដែលភាគច្រើនជាស្ត្រីប្រមាណ ៧៥% នៅក្នុងវិស័យនេះ ប្រឈមនឹងជីវភាពរស់នៅយ៉ាងលំបាកដោយប្រាក់ឈ្នួលដែលពួកគេទទួលបានពុំគ្រប់គ្រាន់សម្រាប់ការបំពេញ តម្រូវការមូលដ្ឋាន ការណ៍នេះបានជំរុញឱ្យពួកគេធ្លាក់ខ្លួនក្នុងអន្ទាក់បំណុលដែលមិនងាយរំដោះខ្លួនរួច ។

ក្រឡេកមកមើលស្ថានភាពការងារ កម្មករនិយោជិតក្នុងវិស័យផ្សេងៗ រួមមាន វិស័យកាត់ដេរ កសិកម្ម សេវាកម្ម ទេសចរណ៍ សំណង់ និងកាស៊ីណូ នៅតែបន្តប្រឈមនឹងឧបសគ្គក្នុងការទទួលបានសិទ្ធិមូលដ្ឋាន ពេញលេញ។ ឧបសគ្គទាំងនេះរួមមាន ការជ្រៀតជ្រែកលើសកម្មភាពសហជីព ការរារាំងសិទ្ធិក្នុងការចូលជា សមាជិកសហជីព និងសិទ្ធិក្នុងការបង្កើតសហជីព ការយាយី ការរើសអើង និងអំពើហិង្សាពាក់ព័ន្ធនឹងយេនឌ័រ ព្រមទាំងការកំណត់មុខសញ្ញា ឬការគំរាមកំហែងដោយសារតែការចូលរួមសកម្មភាពសហជីព។ លើសពីនេះ ការកំណត់គោលដៅផលិតកម្មខ្ពស់ពេក ក៏បង្កើតសម្ពាធការងារ និងនាំឱ្យមានលក្ខខណ្ឌការងារមិនសមស្រប ផងដែរ។ សហជីពឯករាជ្យ ដែលមានតួនាទីសំខាន់ក្នុងការការពារ និងលើកកម្ពស់សិទ្ធិ និងអត្ថប្រយោជន៍ របស់កម្មករនិយោជិត នៅតែប្រឈមមុខនឹងបញ្ហាជាច្រើនក្នុងការអនុវត្តសិទ្ធិជាមូលដ្ឋាន ដូចជា សិទ្ធិក្នុងការបង្កើត សហជីព សិទ្ធិក្នុងការចរចាអនុសញ្ញារួម និងសិទ្ធិក្នុងការធ្វើកូដកម្ម។ លើសពីនេះ នីតិវិធីក្នុងការចុះបញ្ជិកាសហជីព នៅតែមានភាពស្មុគស្មាញ យឺតយ៉ាវ និងខ្វះតម្លាភាព ដែលប៉ះពាល់ដល់សមត្ថភាពរបស់សហជីពក្នុងការបំពេញ តួនាទីជាតំណាងកម្មករ និងការពារសិទ្ធិរបស់កម្មករឱ្យមានប្រសិទ្ធភាព។

ជាមួយគ្នានេះផងដែរ យើងខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប្រើប្រាស់វិធានការផ្លូវច្បាប់ និងតុលាការ ដើម្បីដាក់សម្ពាធលើថ្នាក់ដឹកនាំសហជីព និងសកម្មជនផ្នែកសិទ្ធិការងារ។ ថ្នាក់ដឹកនាំសហជីពទាំងនៅថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ ជាញឹកញាប់ត្រូវបានយាយី រើសអើង និងប្រឈមមុខនឹងការចោទប្រកាន់តាមផ្លូវតុលាការ។ ស្ថានភាពនេះបានបង្កើតបរិយាកាសនៃការភ័យខ្លាច និងការគំរាមកំហែង ដែលរារាំងកម្មករ សកម្មជន និងថ្នាក់ដឹកនាំសហជីព មិនឱ្យអាចអនុវត្តសិទ្ធិស្របច្បាប់របស់ខ្លួនបានដោយសេរី និងមានប្រសិទ្ធភាព។

ដោយផ្អែកលើគោលដៅរយៈពេលវែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានបំណងឱ្យប្រទេសកម្ពុជា ចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចបំផុត (LDC) នៅឆ្នាំ២០២៩ ប្រែក្លាយជាប្រទេសមានចំណូលមធ្យម នៅឆ្នាំ២០៣០ និងឈានទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។

យើងខ្ញុំសូមស្វាគមន៍ចំពោះសមិទ្ធិផល និងទិសដៅអភិវឌ្ឍន៍ដ៏សំខាន់ទាំងនេះ។ ទន្ទឹមនឹងនេះ យើងខ្ញុំ ជឿជាក់ថា ការអភិវឌ្ឍន៍សេដ្ឋកិច្ចនឹងមានន័យពេញលេញ និងអាចសម្រេចបានប្រកបដោយចីរភាពទៅបាន លុះត្រាតែកម្មករនិយោជិតដែលធ្វើការទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ទទួលបានផលប្រយោជន៍យ៉ាងសមស្របពីកំណើន សេដ្ឋកិច្ចនោះ។ ដើម្បីគាំទ្រដល់គោលដៅរបស់រាជរដ្ឋាភិបាល ក៏ដូចជាការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្ម អន្តរជាតិដែលពាក់ព័ន្ធ យើងខ្ញុំសូមអំពាវនាវឱ្យការអភិវឌ្ឍសេដ្ឋកិច្ច ត្រូវធានាថាផលប្រយោជន៍នោះបានទៅដល់ កម្មករនិយោជិត និងអ្នកធ្វើការយ៉ាងពិតប្រាកដ និងស្មើភាព។
ស្របពេលជាមួយគ្នា យើងខ្ញុំជាសហជីព សមាគម និងអង្គការសង្គមស៊ីវិល ដែលធ្វើការលើកកម្ពស់ សិទ្ធិការងារ និងសិទ្ធិមនុស្ស មានគោលបំណងរួមក្នុងការកែលម្អលម្ហសេរីភាពនៅក្នុងប្រទេសកម្ពុជា អនុលោមទៅ តាមរដ្ឋធម្មនុញ្ញ អនុសញ្ញាអង្គការពលកម្មអន្តរជាតិ លេខ ៨៧ និងលេខ ៩៨ ដែលព្រះរាជាណាចក្រកម្ពុជាបាន ផ្តល់សច្ចាប័ននៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ១៩៩៩ រួមទាំងអនុសញ្ញាស្នូលទាំង៧ របស់អង្គការពលកម្មអន្តរជាតិ ព្រមទាំងអនុសញ្ញាលេខ២៩ ស្តីពីការងារដោយបង្ខំដែលត្រូវបានព្រះរាជាណាចក្រកម្ពុជាផ្តល់សច្ចាប័ន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៦៩ ។     

យើងខ្ញុំសូមស្នើឱ្យមានការស្តារ និងធ្វើកំណែទម្រង់នូវសិទ្ធិសេរីភាពជាមូលដ្ឋានរបស់សហជីព និងកម្មករ ដើម្បីឆ្លើយតបទៅនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិដោយមានការចូលរួមពីភាគីពាក់ព័ន្ធ ដៃគូអន្តរជាតិ វិស័យឯកជន ក្រុមហ៊ុនម៉ាកយីហោ តំណាងនិយោជក និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើកំណែទម្រង់ និងបង្កើត បរិយាកាសកិច្ចសន្ទនាសង្គមមួយដែលមានតម្លាភាព និងអាចទុកចិត្តបានដើម្បីដោះស្រាយលើចំណុចអាទិភាព ជាបន្ទាន់ ដូចខាងក្រោម ៖

•    ធ្វើវិសោធនកម្មច្បាប់ស្តីពីសហជីព ដើម្បីធានាការការពារសិទ្ធិកម្មករ–និយោជិតឱ្យបានពេញលេញ ស្របតាមគោលការណ៍សេរីភាពសហជីព និងសិទ្ធិក្នុងការចរចាសញ្ញារួម។

•    សម្រួលនីតិវិធីសាមញ្ញ មិនស្មុគស្មាញដើម្បីចុះបញ្ជីសហជីពដែលជាប់គាំងសរុប ៣៨ ករណី។

•    លុបបំបាត់ការប្រើប្រាស់កិច្ចសន្យាមានថិរវេលាកំណត់ ដើម្បីធានាថា កម្មករនិយោជិតអាចអនុវត្តសិទ្ធិ សេរីភាពសហជីព ភាពជាតំណាងក្នុងការចរចាជាសមូលហភាពបានពេញលេញ ដោយគ្មានការរើសអើង។

•     លុបបំបាត់រាល់អំពើជ្រៀតជ្រែកផ្ទៃក្នុងដែលនាំឱ្យប៉ះពាល់ណាមួយទៅលើសុពលភាព នីតិសម្បទា និង សកម្មភាពស្របច្បាប់របស់សហជីព។

•    ហាមឃាត់ការប្រើអំពើហិង្សា ការគំរាមកំហែង ការគាបសង្កត់ ឬការរើសអើងណាមួយ ប្រឆាំងនឹងអ្នករៀបចំ បង្កើត ឬថ្នាក់ដឹកនាំសហជីពឯករាជ្យនៅកម្ពុជា។

•    បង្កើតតុលាការការងារឯករាជ្យ សម្រាប់ដោះស្រាយវិវាទការងារ ព្រមទាំងរក្សាទុក និងពង្រឹងតួនាទី ក្រុម ប្រឹក្សាអាជ្ញាកណ្តាល។  ធានាប្រសិទ្ធភាពប្រព័ន្ធអធិការកិច្ចការងារ។

•     ពិគ្រោះយោបល់ដោយបើកចំហ និងផ្សព្វផ្សាយ គោលការណ៍ណែនាំស្តីពីការបែងចែក និងចាត់ថ្នាក់វិវាទ ការងាររួម ឬវិវាទបុគ្គល។

•    ទម្លាក់ចោលរាល់បទចោទប្រឆាំងថ្នាក់ដឹកនាំសហជីពឯករាជ្យនៅកម្ពុជាដែលនៅសេសសល់ដោយអនុលោមតាមអនុសាសន៍របស់អង្គការពលកម្មអន្តរជាតិផ្នែកការងារ គណៈកម្មការអឺរ៉ុប និងសហរដ្ឋអាម៉េរិក។ 

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង ៖ 
    លោក ឃុន ថារ៉ូ ប្រធានគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់ 
    Singal:  + ៨៥៥ ៩៣ ៥៥ ៦៦ ៧១ 

   អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា
   ទូរស័ព្ទ៖ + ៨៥៥ ១៥ ៧៨៧ ៨៥៧ 

   អ្នកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្ម
   ទូរស័ព្ទ៖ + ៨៥៥ ១១ ៩៨៤ ៨៨៣