រដ្ឋាភិបាលប្រឈមការចោទប្រកាន់ថារារាំងការបោះឆ្នោតរបស់កម្មករកម្មការិនីរោងចក្រ
កាលពីម្សិលមិញសកម្មជនសិទ្ធិការងារបានជំរុញឱ្យរដ្ឋាភិបាលជួយកម្មករកម្មការិនីរាប់សែននាក់ដែលធ្វើចំណាកស្រុកក្នុងប្រទេសឱ្យបានទៅបោះឆ្នោតនៅថ្ងៃអាទិត្យនេះ ដោយអ្នកវិភាគនយោបាយមួយរូបលើកឡើងថា ការបាត់បង់សិទ្ធិដែលអាចកើតមានរបស់ពួកគេអាចនឹងធ្វើឱ្យគណបក្សកាន់អំណាចឈ្នះការបោះឆ្នោត។
ខណៈអ្នកនាំពាក្យគណបក្សប្រឆាំងបានចោទប្រកាន់រដ្ឋាភិបាលថាចេតនាធ្វើឲ្យកម្មករកម្មការិនីបាត់បង់សិទ្ធិបោះឆ្នោត ហើយអាចធ្វើឲ្យប៉ះពាល់ដល់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ក្រសួងការងារបានវាយបកធ្ងន់ៗទៅបណ្តាអ្នករិះគន់តាមរយៈសេចក្ដីជូនដំណឹងរបស់ខ្លួន ហើយបានទម្លាក់ការទទួលខុសត្រូវទៅលើលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិចំពោះការខ្វែងគំនិតគ្នានេះដែលបានតានតឹងកាន់តែខ្លាំង នៅពេលថ្ងៃបោះឆ្នោតខិតជិតមកដល់។
ការខ្វែងគំនិតគ្នានេះផ្តោតលើសេចក្ដីជូនដំណឹងមួយចេញកាលពីថ្ងៃច័ន្ទដោយលោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារដែលសុំឱ្យម្ចាស់រោងចក្រ “ជួយបង្កលក្ខណៈងាយស្រួលដល់កម្មករ និយោជិតបានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់…នៅខែមិថុនា ឆ្នាំ២០១៧នេះនៅតាមឃុំសង្កាត់ដែលបានចុះឈ្មោះបោះឆ្នោត”។
គណបក្សប្រឆាំង និងអង្គការសិទ្ធិការងារនានាលើកឡើងថា សេចក្ដីជូនដំណឹងគ្មានទម្ងន់ទាល់តែសោះ ហើយវាផ្ទុយស្រឡះពីសេចក្ដីជូនដំណឹងរបស់ក្រសួងនេះកាលពីឆ្នាំ២០១២ ដែលបានចេញមុនការបោះឆ្នោតក្នុងឆ្នាំនោះថា ម្ចាស់រោងចក្រ “ត្រូវអនុវត្តដូចខាងក្រោម…[កម្មករកម្មការិនី] នៅរាជធានីភ្នំពេញ ដែលត្រូវធ្វើដំណើរទៅតាមបណ្ដាខេត្ត និងវិលត្រឡប់ពីខេត្តទាំងនោះមករាជធានីភ្នំពេញវិញ ទទួលបានការឈប់សម្រាករយៈពេល៣ថ្ងៃ”។
លោក មឿន តុលា នាយកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ បានមានប្រសាសន៍ថា ការផ្លាស់ប្ដូរនេះហាក់បង្ហាញថា គណបក្សប្រជាជនកម្ពុជា “ខ្លាចស្រមោលខ្លួនឯង” ហើយលោកបានអំពាវនាវឱ្យក្រសួងចេញសេចក្ដីជូនដំណឹងដែលមានទម្ងន់ជាងនេះ។
លោកលើកឡើងថា “ក្រសួងការងារគួរតែចេញសេចក្ដីណែនាំច្បាស់លាស់ទៅដល់ឧស្សាហកម្មនេះ…អនុញ្ញាតឲ្យកម្មករ និងនិយោជិតបានឈប់សម្រាក [មានបៀវត្សរ៍] យ៉ាងតិចរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី៣ និងថ្ងៃទី៥ ខែមិថុនា”។
អានបន្ត៖ http://www.cambodiadailykhmer.com/37657
This post is also available in: អង់គ្លេស