សាលាក្រុងភ្នំពេញមិនអនុញ្ញាតឱ្យហែក្បួនដាក់ញត្តិនៅថ្ងៃទិវានារីអន្តរជាតិ៨មីនា
សាលារាជធានីភ្នំពេញ មិនអនុញ្ញាតឱ្យក្រុមអង្គការ-សមាគមជួបជុំ ដង្ហែក្បួនតាមផ្លូវសាធារណៈឡើយ ខណៈដែលអង្គការ-សមាគម ១២ស្ថាប័ន គ្រោងដឹកនាំក្រុមស្ត្រីដែលធ្វើការតាមវិស័យនានា ដង្ហែក្បួនដាក់ញត្តិជូនស្ថាប័នរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាអាទិភាពរបស់ស្ត្រីនៅ ៨ ខែមិនា។ សកម្មជនសិទ្ធិមនុស្ស ចាត់ទុកបម្រាមរបស់សាលារាជធានីភ្នំពេញ គឺជាការរឹតត្បិតសិទ្ធិសេរីភាព និងជាការអនុវត្តផ្ទុយពីសេចក្ដីប្រកាសក្រសួងមហាផ្ទៃ។
រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតឱ្យក្រុមអង្គការ-សមាគម១២ស្ថាប័ន ជួបជុំនៅទីតាំងឯកជនឬទីស្នាក់ការរបស់ខ្លួន ប៉ុន្តែមិនអនុញ្ញាតឱ្យជួបជុំ និងដង្ហែក្បួនចាប់ពីស្តាតអូឡាំពិក ឆ្ពោះទៅទីស្ដីការគណៈរដ្ឋមន្ត្រីឡើយ ក្រោមហេតុផលថា ខូចសណ្ដាប់ធ្នាប់សាធារណៈ។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងជំនួបជាមួយតំណាងអង្គការ-សមាគមនៅព្រឹកថ្ងៃទី៥ ខែមិនា។
សាលាក្រុងភ្នំពេញ បញ្ជាក់ថា ក្នុងករណីនៅតែធ្វើការជួបជុំ និងហែក្បួនតាមផ្លូវសាធារណៈ ដែលបណ្ដាលឱ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀប រៀបរយសាធារណៈនោះ អ្នករៀបចំត្រូវទទួលខុសត្រូវទាំងស្រុង។
អភិបាលសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង ប្រាប់អាស៊ីសេរីបន្ថែម ថា បម្រាមរបស់សាលាក្រុងភ្នំពេញនេះ ព្រោះប្រទេសផ្សេងៗនៅលើពិភពលោក មិនដែលនាំគ្នាហែក្បួនដាក់ញត្តិ នៅថ្ងៃទី៨ មីនា ដើម្បីអបអរទិវានារីអន្តរជាតិនោះទេ៖ «ក្នុងពិភពលោក ខ្ញុំមិនដែលលឺថា អូ..ថ្ងៃទី៨ មីនា គេនាំគ្នាហែក្បួន។ យើងដែលលឺតែថា គេនាំគ្នាប្រារព្ធទិវា ៨ មីនា នៅនឹងកន្លែង ហើយធ្វើអញ្ចេះធ្វើអញ្ចេះ មិទ្ទិញអី អានឹងមាន ប៉ុន្តែហែក្បួនគឺវាអត់មាន ហើយខ្ញុំមិនដែលលឺសោះ ទើបតែប្លែកឃើញមួយនេះ អ៊ីចឹង បានអត់អនុញ្ញាតឱ្យ។ ទី២ទៀត ការហែក្បួនក្នុងរាជធានីភ្នំពេញបច្ចុប្បន្ន គឺយើងមិនឱ្យអ៊ីចឹងតែម្ដង ព្រោះអីអត់មានផ្លូវឱ្យគាត់ហែ ហើយបើគាត់ចេះរកផ្លូវហែខ្លួនឯងបាន ហែទៅនៅក្រៅរាជធានី។ នៅក្នុងរាជធានី មិនអាចហែកើតព្រោះស្ទះចរាចរណ៍»។
បម្រាមរបស់សាលាក្រុងនេះ ធ្វើឡើងបន្ទាប់ពីក្រុមអង្គការ-សមាគមនិងសហជីពចំនួន ១២ ស្ថាប័នគ្រោងដឹកនាំមនុស្សប្រមាណ ៥រយនាក់ ភាគច្រើន ជាស្ត្រីដែលធ្វើការក្នុងវិស័យផ្សេងៗដើម្បីជួបជុំប្រារព្ធទិវានារីអន្តរជាតិលើក ទី១០៨ នៅថ្ងៃទី៨ ខែមិនា នៅស្តាតអូឡាំពិក និងបន្ទាប់មកនាំគ្នា ដង្ហែក្បូន ទៅដាក់ញត្តិនៅទីស្ដីការគណៈរដ្ឋមន្ត្រី។ ខ្លឹមសារនៃញតិ្តនោះ គឺស្នើសុំឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាអាទិភាព ៧ចំណុចរបស់ស្ត្រី។ ទី១៖ បង្កើត មត្តេយ្យសហគមន៍ និងទារកដ្ឋាននៅតាមកន្លែងការងារ ទី២៖ ជម្រកសុវត្ថិភាពសម្រាប់ស្ត្រីដែលជួបបញ្ហាអំពើហិង្សាក្នុងគ្រួសារ និងសម្រាប់កម្មករស្ត្រី ដែលធ្វើការងារតាមផ្ទះ ទី៣៖ បញ្ឈប់ការបៀតបៀននិងហិង្សាផ្លូវភេទ លើស្ត្រីនៅកន្លែងការងារដោយគ្មានការលើកលែង ទី៤៖ បញ្ឈប់ការប្រើប្រាស់អំពើហិង្សាលើស្ត្រីអ្នកការពារសិទ្ធិមនុស្ស ទី៥៖ កំណែទម្រង់មធ្យោបាយដឹកជញ្ជូនកម្មករក្នុងវិស័យវាយនភណ្ឌកាត់ដេរ និងដេរស្បែកជើង ទី៦៖ កែលម្អលក្ខខណ្ឌការងារ និងពង្រឹងយន្តការការពារអ្នកធ្វើការងារតាមផ្ទះ និងទី៧៖ ពង្រឹងយន្តការការពារសិទ្ធិពលករចំណាកស្រុក ពីការកេងប្រវ័ញ្ចការងារ ការជួញដូរមនុស្ស និងទាសភាពសម័យទំនើប។
អនុប្រធានសហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្ម អ្នកស្រី អ៊ូ ទេពផល្លីន ថ្លែងថា ទោះបីជាសាលាក្រុងមិនអនុញ្ញាតក្ដី ក៏ក្រុមអ្នកស្រីនៅតែរក្សាជំហរជួបជុំនៅស្តាតអូឡាំពិក និងដង្ហែក្បូនទៅទីស្ដីការគណៈរដ្ឋមន្ត្រីដដែល ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីបញ្ហាប្រឈមរបស់ ស្ត្រី និងចូលរួមគាំទ្រលុបបំបាត់អំពើហិង្សាគ្រប់ទម្រង់លើស្ត្រី។ អ្នកស្រីបន្តថា អាជ្ញាធរ មិនត្រូវហាមឃាត់ទេ គួរតែជួយសម្របសម្រួលទាំងចរាចរ និងសុវត្ថិភាពជូនពួកគាត់ ព្រោះអ្វីដែលពួកគាត់ធ្វើមិនមែនប្រឆាំងរដ្ឋាភិបាលឡើយ គឺដើម្បីស្នើសុំឱ្យរដ្ឋាភិបាល ដោះស្រាយបញ្ហាប្រឈមរបស់ ជនងាយរងគ្រោះឱ្យកាន់តែប្រសើរឡើងប៉ុណ្ណោះ៖ «នៅពេលមើលមកពួកយើងថា ជាអ្នកប្រឆាំង គឺមានន័យថា រដ្ឋាភិបាល អត់ទទួលយកនូវក្តីកង្វល់របស់ប្រជាពលរដ្ឋ។ ម្យ៉ាងទៀត កន្លងមកយើងព្យាយាមធ្វើដោយស្ងាត់ស្ងៀមអីដែរ ដូចជាជជែកជាមួយរដ្ឋាភិបាល ដោយការមិនដើរក្បួនដើរអីចឹងដែរ ប៉ុន្តែពេលខ្លះគឺរដ្ឋាភិបាលមិនទទួលយកនិងព្យាយាមកែប្រែនោះទេ។ មួយទៀតគឺនៅពេលយើងមិនប្រាប់សារព័ត៌មានលើរឿងទាំងអស់នេះទេ គឺរដ្ឋាភិបាល មិនឆ្លើយតបតែម្ដង ទោះបីជាយើងដាក់លិខិតទៅក៏ដោយ»។
រីឯប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ បញ្ជាក់ថា ការលើកឡើងរបស់សាលាក្រុងភ្នំពេញថា ខូចសណ្ដាប់ធ្នាប់សាធារណៈនោះ គឺជាការលើកឡើងដដែលៗ នៅពេលសង្គមស៊ីវិល សហជីព និងសមាគមឯករាជ្យរៀបចំធ្វើអ្វីមួយនៅរាជធានីភ្នំពេញ៖ «ខ្ញុំគិតថា បម្រាមរបស់សាលារាជធានីភ្នំពេញ វាហាក់ដូចជារឹតត្បិតសិទ្ធិសេរីភាពនៃការជួបប្រជុំរបស់អង្គការ សង្គមស៊ីវិល ក៏ដូចជារឹតត្បិតចំពោះសិទ្ធិសេរីភាពដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងកតិកាសញ្ញា និងអនុសញ្ញារបស់អង្គការសហប្រជាជាតិ ដែលរដ្ឋាភិបាល បានផ្ដល់សច្ចាប័ន។ចំណុចមួយទៀត ខ្ញុំឃើញថា ថ្មីៗនេះ ក្រសួងមហាផ្ទៃ ក៏បានចេញលិខិតអនុញ្ញាតឱ្យសង្គមស៊ីវិល ធ្វើសកម្មភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយគ្មានការរំខាន ប៉ុន្តែយើងឃើញថា លិខិតក្រសួងមហាផ្ទៃផ្សេង ហើយបម្រាមសាលាក្រុងផ្សេង។ យើងមើលទៅហាក់ដូចជាមិនអនុវត្តឱ្យស៊ីគ្នាសោះ»។
លោក វន់ ពៅ បន្តថា ការដាក់បម្រាមនេះ បង្ហាញពីការអនុវត្តច្បាប់ស្តង់ដារពីរ ព្រោះកន្លងមកខាងគណបក្សកាន់អំណាច និងអ្នកដែលមាននិន្នាការគាំទ្រគណបក្សកាន់អំណាច អាចមានសេរីភាពធ្វើពិធីដង្ហែក្បួនតាមផ្លូវដោយសេរី ហើយអាជ្ញាធរតែងតែជួយសម្របសម្រួលគ្រប់ពេល។ ម្យ៉ាង ទៀត នៅពេលដែលមានពិធីដង្ហែអ្នកតាចិនម្តងៗឡើងផ្អើលក្រុងភ្នំពេញ ក៏អាជ្ញាធរមិនដែលលើកឡើងពីការខូចសណ្ដាប់ធ្នាប់ដែរ។ លោក វន់ ពៅ ស្នើសុំឱ្យអាជ្ញាធរ ត្រូវតែមានកាតព្វកិច្ចការពារសន្តិសុខនិងសណ្ដាប់ធ្នាប់ ដោយគ្មានរើសអើង នៅពេលពលរដ្ឋស្នើសុំអនុវត្តសិទ្ធិរបស់ខ្លួន ព្រោះអាជ្ញាធរទទួលបានប្រាក់ខែពីរាស្ត្របង់ពន្ធគ្រប់គ្នា៕
ប្រភព៖ វិទ្យុអាស៊ីសេរី