សង្គមស៊ីវិលបារម្ភពីស្ថានភាពសិទ្ធិមនុស្សបន្ទាប់រដ្ឋាភិបាលលុបថ្ងៃ១០ធ្នូពីប្រតិទិនសម្រាកប្រចាំឆ្នាំ
ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការងារលើកស្ទួយសិទ្ធិមនុស្ស បារម្ភថា បញ្ហាសិទ្ធិមនុស្សនឹងអាចនៅតែមិនត្រូវបានយកចិត្តទុកដាក់ បន្ទាប់ពីរដ្ឋាភិបាលចេញសម្រេចលុបចោលទិវាសិទ្ធិមនុស្ស ១០ ធ្នូ ចេញពីប្រតិទិនសម្រាកប្រចាំឆ្នាំ២០២០ខាងមុខ។
ក្នុងអនុក្រឹត្យរបស់រដ្ឋាភិបាលចេញកាលពីសប្ដាហ៍មុននេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចលុបចោលទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ដែលស្ថិតក្នុងចំណោមថ្ងៃបុណ្យជាតិ និងអន្តរជាតិ ៦ថ្ងៃផ្សេងទៀត ដែលត្រូវបានរដ្ឋាភិបាលសម្រេចលុបចោលនៅឆ្នាំក្រោយនេះ។
សេចក្ដីសម្រេចបែបនេះរបស់រដ្ឋាភិបាល បានជំរុញឲ្យមានប្រតិកម្មពីអង្គការសង្គមស៊ីវិលនានា ដែលពួកគេគ្រោងនឹងស្នើទៅរដ្ឋាភិបាលឲ្យផ្លាស់ប្ដូរការសម្រេចនេះឡើងវិញ។
នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ លោក មឿន តុលា មានប្រសាសន៍ថា ថ្ងៃ១០ ធ្នូ ជាបុណ្យសកល ដែលគ្រប់ប្រទេសកាន់លទ្ធិប្រជាធិបតេយ្យនៅលើពិភពលោក គេបា្ររព្ធឡើងក្រោមប្រធានបទផ្សេងៗ ដើម្បីជាសាររំលឹកទៅកាន់រដ្ឋាភិបាលនៃប្រជាជាតិនិមួយៗឱ្យគិតគូរពីសិទ្ធិមនុស្ស។ លោកបន្ថែមថា ទិវានេះ ជាការប្រមូលមតិដាក់សំណើរទៅកាន់រដ្ឋាភិបាលស្វែងរកដំណោះស្រាយ។ លោកបន្តថា អនុក្រឹត្យនេះ ក្លាយជាចំណោទថ្មីមួយទៀតដែលដាក់បន្ទុកមកលើកម្មករ និងអ្នកធ្វើការលើកស្ទួយសិទ្ធិមនុស្ស។
លោក មឿន តុលា មានប្រសាសន៍ថា៖ «ឥឡូវនេះ បង្កើតរឿងមួយទៀតជាន់លើជាន់ ក្រុមសហជីពកំពុងជជែកគ្នារឿងនេះ ដើម្បីសម្រេចថា យើងនឹងធ្វើអីខ្លះ? យើងមានការសោកស្តាយដែលប្រទេសយើងប្រកាន់របបប្រជាធិបតេយ្យ តែយើងបែរជាមិនសូវឱ្យតម្លៃការគោរពសិទ្ធិមនុស្សដូចប្រទេសកាន់លទ្ធិកុម្មុយនីយដែរ»។
នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព បានបញ្ចេញប្រតិកម្មរយៈហ្វេសប៊ុកនៅព្រឹកថ្ងៃនេះថា ការសម្រេចលុបចោលនូវទិវាសិទ្ធិកុមារ និងសិទ្ធិមនុស្ស ហាក់ប្រាកចាកពីការឲ្យតម្លៃទៅលើគោលការណ៍សិទ្ធិមនុស្សដែលកម្ពុជាបានប្តេជ្ញា។
អ្នកស្រីបន្តថា ការអនុញាតិឲ្យពលរដ្ឋអាចសម្រាកថ្ងៃទាំងនេះ នឹងនាំនូវបរិយាកាសមួយដែលពលរដ្ឋអាចស្វែងយល់បន្ថែមពីគុណតម្លៃនៃសិទ្ធិ ខណៈ បច្ចុប្បន្ន ១០ធ្នូ ជាថ្ងៃសម្រាកស្រាប់នោះ ក៏កម្មករតែងរងគំនាបមួយចំនួនពីសហគ្រាសមិនឲ្យគាត់អាចចូលរួមដែរ។
អ្នកសម្របសម្រួលបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សអង្គលីកាដូ លោក អំ សំអាត លើកឡើងថា ការលុបចេញនូវទិវាសិទ្ធិមនុស្សនេះ នឹងនាំឱ្យមានការបារម្ភពីស្ថានភាពសិទ្ធិមនុស្ស។ លោកបញ្ជាក់ថា លោកស្នើឱ្យរាជរដ្ឋាភិបាលសម្រេចចិត្តជាថ្មីជុំវិញរឿងនេះ។
លោក អំ សំអាត មានប្រសាសន៍ថា៖ «ទោះបីជាឆ្នាំហ្នឹងរដ្ឋាភិបាលលុបចេញឆ្នាំហ្នឹងក៏ដោយក៏យើងសង្ឃឹមថា ឆ្នាំក្រោយនឹងមានឡើងវិញ»។
ទោះជាយ៉ាងណាក្ដី ការសម្រេចលុបចោលថ្ងៃឈប់សម្រាកនេះ ត្រូវបានសារទរពីសំណាក់អ្នករកស៊ី និងមន្ត្រីរាជរដ្ឋាភិបាល។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង លើកឡើងតាមរយៈផេកផ្លូវការរបស់លោកថា សេចក្ដីសម្រេចចិត្តបែបនេះរបស់រដ្ឋាភិបាល គឺជាការឆ្លើយតបនឹងសំណូមពររបស់និយោជក ដើម្បីធានាដល់ភាពប្រកួតប្រជែង និងបំពេញតម្រូវការទីផ្សារផលិតផល។
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី មានប្រសាសន៍ថា លោកគាំទ្រឱ្យលុបថ្ងៃឈប់សម្រាក ១០ធ្នូនេះ ប៉ុន្តែ លោកអះអាងថា ការអបអរទិវា នេះនឹងនៅតែប្រព្រឹត្តិទៅជាធម្មតាគ្មានការកែប្រែឡើយ។
កែវ រ៉េមី មានប្រសាសន៍៖ «ថ្ងៃនេះ យើងនៅតែបា្ររព្ធធម្មតាតើ។ យើងនៅតែមានតំណាង UNនៅក្នុងប្រទេស គេកាត់ ព្រោះយើងមានថ្ងៃឈប់ច្រើនពេក។ វិនិយោគគេធុញទ្រាន់ ងាកឈប់ងាកឈប់»។
ទន្ទឹមនឹងនេះ អ្នកនាំពាក្យរដ្ឋាភិបាល លោក ឯក ថា ឆ្លើយតបដោយខ្លីថា ការកែប្រែថ្ងៃឈប់សម្រាករបស់រាជរដ្ឋាភិបាល គឺធ្វើឡើងផ្អែកលើគោលនយោបាយលើកទឹកចិត្តវិនិយោគទុននៅកម្ពុជា។
លោក ឯក ថា ៖ «ខ្ញុំសូមឆ្លើយដោយខ្លីថា ការសម្រេចទាំងអស់នេះ គឺផ្អែកលើការស្នើសុំរបស់អ្នកវិនិយោគទុនដែលបានត្អូញត្អែរលើថ្ងៃឈប់សម្រាករបស់យើងថា ច្រើនពេក»។
ទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ត្រូវរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យប្រារព្ធចាប់តាំងពីឆ្នាំ១៩៩៣មក។ ជារៀងរាល់ឆ្នាំ ទាំងសង្គមស៊ីវិល និងរដ្ឋាភិបាលតែងប្រារព្ធទិវានេះ។
ចាប់តាំងគណបក្សប្រឆាំងត្រូវបានរំលាយពីឆ្នាំ២០១៧មក រដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រងការរិះគន់ជាបន្តបន្ទាប់ពីសំណាក់អង្គការសង្គមស៊ីវិល និងប្រទេសកាន់លទ្ធិប្រជាធិបតេយ្យជុំវិញអ្វីដែលត្រូវបានចាត់ទុកជាការធ្លាក់ចុះនៃការគោរពសិទ្ធិមនុស្ស និងរឹតត្បិតលំហរសេរីភាពនៅកម្ពុជា។
សហភាពអ៊ឺរ៉ុបក៏ដាក់លក្ខខណ្ឌតម្រូវឱ្យរាជរដ្ឋាភិបាលគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យទៀត បើចង់រក្សាគោលការណ៍លើកលែងពន្ធទំនិញគ្រប់យ៉ាងក្រៅពីអាវុធ EBA ប៉ុន្តែ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា មិនសុខចិត្តយកអធិបតេយ្យជាតិទៅដូរ និងលុយជាង ៦០០លានដុល្លារក្នុង ១ឆ្នាំនេះឡើយ។
កាលពីឆ្នាំ២០១៨រាជរដ្ឋាភិបាលបានប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧០ ក្រោមប្រធានបទ រួមគ្នាថែរក្សសន្តិភាពដើម្បីលើកស្ទួយសិទ្ធិមនុស្ស ខណៈដែលសង្គមស៊ីវិលរៀបផ្អែកលើប្រធានបទ រួមគ្នាធ្វើឱ្យប្រសើរឡើងវិញនូវសិទ្ធិជាមូលដ្ឋាននិងលិទ្ធិប្រជាធិបតេយ្យ៕
ប្រភព៖ VOD