04
តុលា

អង្គការ​សង្គម​ស៊ីវិលខក​ចិត្ត​​ចំពោះ​ការ​បន្ត​នីតិវិធី​ស៊ើប​អង្កេត​​លើអតី​ត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ីសេរី​​លោក យាង សុធារិន្ទ និង​លោក អួន ឈិន

​ភ្នំពេញ ថ្ងៃទី​០៤ ខែ​តុលា ឆ្នាំ​២០១៩

 

យើង​ខ្ញុំ​ជា​អង្គការ​សង្គម​ស៊ីវិល​ដូច​មាន​រាយ​នាម​ខាង​ក្រោម ​មាន​ការ​ខក​ចិត្ត​ចំពោះ​ការ​ខក​ខាន​របស់​សាលា​ដំបូង​រាជធានីភ្នំពេញ​ក្នុង​ការ​ប្រកាស​សាល​​ក្រម និង​ ចំពោះ​ការ​​បន្តនីតិវិធី​​ស៊ើប​អង្កេត​លើ​ករណី​លោក យាង សុធារិន និង​លោក​ អួន​ ឈិន។ ​អ្នក​ទាំងពីរត្រូវបានចាប់ខ្លួន ឃុំឃាំង និងចោទប្រកាន់ដោយសារតែការអនុវត្តសេរីភាពបញ្ចេញមតិ និងការងាររបស់ពួកគេជាអ្នកសារព័ត៌មានស៊ើបអង្កេតទៅលើបញ្ហាអយុត្តិធ៌មសង្គម។ ការ​ប្រកាសសាលក្រមចាត់របៀប​​កាលពីថ្ងៃម្សិលមិញ​បង្ហាញ​ឱ្យ​ឃើញ​​ពី​កង្វះ​ភស្តុតាង​ដាក់បន្ទុកដល់​បទចោទ ​ដែលនេះបានប៉ះពាល់​សិទ្ធិ​ទទួល​បាន​ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌ ព្រមទាំង​​រំលេច​ឱ្យ​ឃើញ​នូវ​ការ​ធ្លាក់​ចុះ​នៃ​​សេរីភាព​បញ្ចេញ​មតិ និង​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា។ យើងខ្ញុំ​ស្នើ​ឱ្យមានការទម្លាក់ចោលបទចោទប្រឆាំងទៅលើអ្នកទាំងពីរ​ជា​បន្ទាន់។

លោក យាង សុធារិន្ទ និង​លោក អួន​ ឈិន អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ីសេរី ត្រូវ​បាន​ចាប់​ខ្លួន​​នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ និង​ឃុំខ្លួននៅ​ពន្ធនាគារ​ព្រៃស។ អ្នកទាំងពីរ​​​ជាប់​ចោទ​ពី​បទ​ប្រគល់​ឱ្យ​រដ្ឋ​បរទេស​​នូវ​ព័ត៌មាន​ជា​អាទិ៍​ដែល​អាច​ធ្វើ​ឱ្យ​អន្តរាយ​ការការពារ​ជាតិ តាម​មាត្រា ៤៤៥ នៃ​ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា។ សំណើរសុំនៅក្រៅឃុំលើកដំបូងអ្នក​ទាំង​ពីរ​ធ្លាប់​បានធ្វើការ​ឱ្យ​វិទ្យុ​អាស៊ីសេរីដែល​បច្ចុប្បន្ន​បាន​បិទ​ការិយាល័យ​របស់​ខ្លួន​នៅ​ប្រទេស​កម្ពុជា​ ត្រូវ​បាន​បដិសេធមុន​ពេល​ប្ដឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល​នៅ​ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០១៨ ហើយ​ក្រោយ​មក​មិន​យូរ​​ប៉ុន្មាន​ ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បានចោទប្រកាន់ពួកគេទាំងពីរពីបទ​ “ផលិត​ ​និង​កាន់កាប់​រូបភាព​អាសអាភាស តាម​មាត្រា ៣៩ នៃ​ច្បាប់​ស្ដីពី ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ។ បើ​បទ​ចោទ​ទាំង​នេះ​​បូក​បញ្ចូល​គ្នា​ ពួក​គេ​ម្នាក់ៗ​​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈពេល​ ១៦ ឆ្នាំ។ នៅ​ថ្ងៃទី​២១ ខែ​សីហា ឆ្នាំ​២០១៨ អ្នក​ទាំង​ពីរ​ត្រូវ​បាន​ដោះលែងអោយនៅក្រៅឃុំបន្ទាប់​ពី​ជាប់​ឃុំឃាំង​រយៈពេល​ជាង​ប្រាំបួន​ខែ​ ប៉ុន្តែ​ត្រូវដាក់​ឱ្យ​​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ។

ដំបូង​ឡើយ​សាលក្រម​គ្រោង​នឹងប្រកាស​នៅ​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០១៩ ប៉ុន្តែ​ត្រូវបាន​​​ពន្យាពេលវិញ។ បន្ទាប់មកការប្រកាសនេះ​ត្រូវ​បាន​កំណត់​ពេល​ជា​ថ្មី​ថា​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី០៣ ខែ​តុលា ឆ្នាំ​២០១៩ ប៉ុន្តែសាលា​ដំបូង​រាជធានី​ភ្នំពេញ​បានខក​ខាន​ជា​ថ្មី​ម្ដង​ទៀត​ក្នុង​ការ​ប្រកាស​សាលក្រម​សម្រាប់​លោក​ យាង សុធារិន្ទ និង​លោក អួន ឈិន ក្រោមហេតុផល​​​តម្រូវ​ឱ្យ​បន្តនីតិ​វិធី​​ស៊ើប​អង្កេត​បន្ថែម។ ការ​មិន​ចេញ​សាល​ក្រម​នេះ​បង្ហាញ​ពី​ការ​ខ្វះខាត​​ភស្តុតាង​រឹងមាំ​ប្រឆាំង​អ្នក​ទាំង​ពីរ និងជា​តឹកតាង​បញ្ជាក់​ថា​​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់ដាក់​​ទោស​ពួកគេទៅ​តាម​បទដ្ឋានបន្ទុក​នៃ​ការ​បង្ហាញ​ភស្តុតាង​ដូច​មាន​ចែង​នៅ​ក្នុង​មាត្រា ៣៨ នៃ​រដ្ឋធម្មនុញ្ញ។ តាម​រយៈ​ដំណើរ​ការ​ទាំង​ឡាយ​ រាប់​ទាំង​​ការ​ចាប់​ខ្លួន ឃុំ​ខ្លួន និង​ការ​បន្ត​នីតិ​វិធី​ជំនុំ​ជម្រះ ​​សិទ្ធិ​​​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌ សេរីភាព និង​សន្តិសុខ​ដែល​ការពារ​ដោយ​ច្បាប់​សិទ្ធិមនុស្ស​ជាតិ​និង​អន្តរជាតិរបស់​លោកយាង សុធារិន្ទ និង​លោក អួន​ ឈិនត្រូវបានបំពានយ៉ាងខ្លាំង​។

មាត្រា ៩ (១) នៃ​កតិកា​សញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋនិង​សិទ្ធិ​នយោបាយ (“ក.ស.ព.ស.ន”) ដែលបានដាក់​បញ្ចូល​ជា​ច្បាប់​ជាតិ​ដោយ​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (“រដ្ឋធម្មនុញ្ញ”) ចែង​ថា គ្មាន​ជន​ណា​ម្នាក់​ត្រូវ​ដក​ហូត​សេរីភាព​បាន​ឡើយ លើកលែង​តែ​មាន​ហេតុ​ផល និង​ស្រប​តាម​នីតិវិធី​ដែល​មាន​ចែង​ក្នុង​ច្បាប់។ មាត្រា ១៤ ការ​ពារ​សិទ្ធិ “ឱ្យ​សាលា​ក្ដី​មាន​សមត្ថកិច្ច ឯករាជ្យ និង​មិន​លំអៀង​ដែល​បង្កើត​ឡើង​ដោយ​ច្បាប់​ជំនុំ​ជម្រះ​រឿង​ក្ដី​របស់​ខ្លួន​ដោយ​សមធម៌”និង​ជា​សាធារណៈ’  និង​​ការ​សន្មត​ទុក​ជា​មុន​ថា​គ្មាន​ទោស។ បទ​ចោទ​ប្រឆាំង​នឹង​លោក យាង សុធារិន្ទ និង​លោក អួន ឈិន ធ្វើ​ឡើង​ដោយ​គ្មាន​ភស្តុតាង និង​ខ្វះ​មូលដ្ឋាន​ច្បាប់​ច្បាស់​លាស់។ ផ្ទុយ​ទៅ​វិញ​បទ​ចោទ​ទាំង​នោះ​ត្រូវ​បាន​ប្រើប្រាស់​ជា​មធ្យោបាយ​ដាក់​ពិន័យ​ទៅ​លើ​ការ​អនុវត្ត​ដោយ​ត្រឹម​ត្រូវ​នូវ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​និង​បំបិទ​សំឡេង​សារព័ត៌មាន​​ដែល​មាន​លក្ខណៈ​រិះគន់​​រដ្ឋាភិបាល។​ អ្នក​ទាំង​ពីរ​បានធ្វើការ​​រាយការណ៍​​ជា​ច្រើន​អំពី​បញ្ហា​សិទ្ធិមនុស្ស។

បន្ថែម​ទៅ​លើ​ការ​ចោទ​ប្រកាន់​ដែល​គ្មាន​មូលដ្ឋាន ការ​ឃុំ​ខ្លួន​​​បណ្ដោះ​អាសន្នរបស់​អ្នក​ទាំង​ពីរ​​​ក្នុង​ស្ថានភាព​​មិនត្រឹមត្រូវ​អស់​រយៈពេល​ជាង​ប្រាំបួន​ខែ និងបន្ត​​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​​របស់​តុលាការ​រយៈពេល ១២ ខែនិង​កំពុង​តែ​បន្ត​ ជា​ការ​រំលោភ​សិទ្ធិ​មា​ន​សេរីភាព និង​សិទ្ធិ​ទទួល​បាន​ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌​របស់​ពួក​គេ​ដែល​ធានា​ដោយ​ច្បាប់​អន្តរជាតិ និង​រដ្ឋធម្មនុញ្ញ។ ច្បាប់​អន្តរជាតិ​ចែង​ថា ជន​​ដែលជាប់​​ចោទ​ពី​បទ​​​ព្រហ្មទណ្ឌ មិន​គួរដាក់​ឱ្យ​នៅ​មន្ទីរ​ឃុំ​ឃាំង​រង់ចាំ​​សវនាការ​ឡើយ។ មិន​មាន​ការ​តម្រូវ​ណា​មួយ​ត្រូវ​បាន​យក​មក​អនុវត្ត​នៅ​ក្នុង​ករណី​របស់​លោក យាង សុធារិន្ទ និង​លោក​ អួន ឈិន​ ឡើយ។ ​

ក្នុង​ខែ​ឧសភា ឆ្នាំ​២០១៩ ក្រុមការងារ​អង្គការ​សហប្រជាជាតិ​ស្តីពី​ការ​ឃុំខ្លួន​តាម​អំពើ​ចិត្ត​បាន​ចេញ​សេចក្ដី​សម្រេច​លើ​ករណី​នេះ ដោយ​រក​ឃើញ​ថា​រដ្ឋាភិបាល​កម្ពុជា​បាន​ខក​ខាន​ក្នុង​ការ (១) បង្កើត​មូលដ្ឋាន​ច្បាប់​​ចំពោះ​ការ​ចាប់​​និង​ឃុំ​ខ្លួន និង (២) បង្ហាញ​ភស្ដុតាង​ថា​ខ្លួន​បាន​​ជ្រើស​យក​ជម្រើស​ផ្សេង​ទៀត​ក្រៅ​ពី​ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន។ គណៈកម្មការ​បាន​រក​ឃើញ​ថា​ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​លើ​អ្នក​សារព័ត៌មាន​ដោយសារ​​ការ​អនុវត្ត​ដោយ​អហិង្សា​នូវ​សិទ្ធិ​សេរីភាព​​ខាង​សមាគម និង​សេរីភាព​ខាង​ការ​បញ្ចេញ​មតិជា​ការ​ដក​ហូត​សេរីភាព​​តាម​អំពើ​ចិត្ត។

ការ​ដាក់​ទោស​លោក យាង សុធារិន្ទ និង​លោក អួន ឈិន ជាករណីមួយក្នុងរបត់នៃ​ការយាយី​ផ្នែក​ច្បាប់​ទៅ​លើ​សារព័ត៌មាន​​ អ្នកការពារសិទ្ធិមនុស្ស សមាជិកគណបក្សជំទាស់ មេដឹកនាំសហជីព សកម្មជន តំណាងសង្គមស៊ីវិល និងបុគ្គលដែលបញ្ចេញមតិយោបល់ទៅលើបញ្ហាប៉ះពាល់​ប្រយោជន៍សាធារណៈរួមទាំងការបញ្ចេញមតិដែលមានលក្ខណៈរិះគន់។ ខណៈដែល​ស្ថានភាព​សេរីភាព​សារព័ត៌មាន​មានសភាពរឹតត្បឹត តាំងពី​មុន​ឆ្នាំ​២០១៧មកហើយនោះដែល​គេ​មើល​ឃើញ​ថាសារព័ត៌មាន​ឯករាជ្យ​ក្នុង​ស្រុក​របស់​ខ្លួន​ស្ទើ​តែ​ទាំង​អស់​ត្រូវ​បាន​បិទជាបន្តបន្ទាប់។ បណ្ដាញ​ព័ត៌មាន​​ភាសាខ្មែរ​ដែល​មាន​លក្ខណៈ​រិះគន់ត្រូវបានប្រឈម​យ៉ាង​ខ្លាំង​នូវ​សកម្មភាព​របស់​ពួកគេ រួម​ទាំង​ការ​បិទ​ស្ថានី​យ​វិទ្យុ​ចំនួន ៣២ ដែល​ផ្សាយ​បន្តនូវ​កម្មវិធី​វិទ្យុ​អាស៊ីសេរី សំឡេង​សហរដ្ឋ​អាមេរិក (វី.អូ.អេ) និង​សំឡេង​ប្រជាធិបតេយ្យ (វី.អូ.ឌី)។ វិទ្យុ​អាស៊ីសេរី​បាន​បិទ​ការិយាល័យ​ប្រចាំ​ប្រទេស​កម្ពុជា​របស់​ខ្លួន​នៅ​ខែ​កញ្ញា ឆ្នាំ​២០១៧ ដោយ​លើកឡើង​ពី​បរិយាកាស​បែប​គៀប​សង្កត់និង​ការ​បន្ត​យាយី​លើ​អ្នក​សារព័ត៌មាន។ ការ​ផ្លាស់​ប្ដូរ​​ម្ចាស់​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ក្នុង​ខែ​ឧសភា ឆ្នាំ​២០១៨ ដែលជាសារព័ត៌មាន​ឯករាជ្យ​ចុង​ក្រោយតែ​មួយ​គត់​​នៅ​ប្រទេស​កម្ពុជា​​ដែល​ចេញផ្សាយជា​ភាសាអង់គ្លេសនិង​ភាសា​​ខ្មែរ​ប្រចាំ​ថ្ងៃ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ការ​បំបិទ​សេរីភាព​សារព័ត៌មាន​ចុង​ក្រោយ​នៅ​កម្ពុជា។ លំហ​សេរីភាព​បញ្ចេញ​មតិតាមប្រព័ន្ធអិនធឺណេត​ក៏​ត្រូវ​បាន​កត់​សំគាល់​ថា​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ ការណ៍​នេះ​​ស្ដែង​ឱ្យ​ឃើញ​តាម​រយៈ​ការ​កើនឡើងនូវការ​យាយី​លើ​បុគ្គល​ដែល​គ្រាន់​តែ​បញ្ចេញ​ទស្សនៈ​ឬ​​គំនិត​ផ្ទុយ​ដោយ​ហិង្សា​តាម​រយៈ​​ការ​ចែក​រំលែក បង្ហោះ ចូលចិត្ត (likes) នៅតាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​។

សិទ្ធិ​មាន​សេរីភាព​បញ្ចេញ​មតិ​ ដែលត្រូវបាន​​ការពារ​ដោយ​មាត្រា ១៩ នៃ ក.ស.អ.ស.ព.ន និង​មាត្រា ៤១ នៃ​រដ្ឋ​ធម្មនុញ្ញ គឺសិទ្ធិមូលដ្ឋានមួយ​ដើម្បី​ធានា​នូវ​ការ​អនុវត្តសិទ្ធិមនុស្សដទៃទៀត រួម​បញ្ចូល​ទាំង​សិទ្ធិ​ប្រកាន់​យក​គំនិត​ សតិស​ម្បជញ្ញៈ និង​សាសនា សេរីភាព​ខាង​ព័ត៌មាន និង​សិទ្ធិ​ក្នុង​ការ​អភិវឌ្ឍ​បុគ្គលិក​លក្ខណៈ​និង​ជីវិត​ឯកជន​បុគ្គល​​។ ដូច្នេះ សារៈសំខាន់​នៃ​ការ​បង្កើត​បរិយាកាស​អំណោយ​ផល​ដល់​អ្នក​សារព័ត៌មានឱ្យ​​​មាន​សេរីភាព​ក្នុង​ការ​បំពេញ​ការងារ​របស់​ពួកគេ រួម​ទាំង​ការលាត​ត្រដាង​​អំពើ​ពុក​រលួយ ការ​បង្ហាញ​នូវ​ទស្សនៈផ្សេងៗគ្នា និង​លាត​ត្រដាង​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​​មិន​អាច​ត្រូវ​រារាំង​នោះ​ទេ​។

​       ការខកខានក្នុងការទម្លាក់បទចោទប្រកាន់ប្រឆាំងនឹងលោក យៀងសុធារិន និងលោក អ៊ួនឈិនគឺជាការប៉ះទង្គិចមួយទៀតទៅលើនឹងសេរីភាពបញ្ចេញមតិនិងសេរីភាពសារព័ត៌មានដែលកំពុងនៅមានតិចតួចនៅកម្ពុជា។ករណីនេះបានបង្ហាញការព្រមានយ៉ាងច្បាស់ដល់បុគ្គលដែលហ៊ានអនុវត្តសិទ្ធិជាមូលដ្ឋានរបស់ពួកគេចំពោះសេរីភាពនៃការបញ្ចេញមតិនិងបង្កើតបរិយាកាសនៃការបំភិតបំភ័យនិងការតាមដានត្រួតពិនិត្យ។ ការ​ងារ​ស្របច្បាប់​និង​មិន​អាច​កាត់​ថ្លៃ​បាន​របស់​បុគ្គល​ទាំង​នោះ​គួរ​តែ​ទទួល​ស្គាល់​ស្រប​ទៅ​នឹង​កាតព្វកិច្ច​សិទ្ធិមនុស្សរបស់​​កម្ពុជា ហើយ​ពួក​គេ​គួរ​តែ​អាច​អនុវ​ត្តសកម្មភាព​របស់​ខ្លួន​នៅ​ពេល​អនាគតដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ពី​ការ​តបតមកវិញ ការ​រារាំង ឬ​ក៏​គំរាម​កំហែង​​ពី​ការ​ដាក់​ទោស។ យើងខ្ញុំ​ស្នើសូម​រាជរដ្ឋាភិបាល​កម្ពុជាបញ្ឈប់នូវការគំរាមកំហែងនិងយាយីដល់បុគ្គលទាំងឡាយដែលគ្រាន់តែ​អនុវត្ត​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ពួក​គេ​ ។ ជាង​នេះ​ទៅ​ទៀត យើងខ្ញុំ​សូម​ជំរុញ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​បង្កើត​បរិយាកាស​ល្អ​ប្រសើរ​មួយ​សម្រាប់សារព័ត៌មាន​សេរី​និង​ពហុ​និយម និង​សង្គ​ម​ស៊ីវិលមួយដែលអាចចូលរួមបំពេញការងារយ៉ាងពេញស្របតាម​កាតព្វកិច្ច​របស់​ប្រទេសកម្ពុជាដូចមានចែងក្នុង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ ៕

—ចប់—

អង្គការ​សង្គម​ស៊ីវិល​ដែល​គាំទ្រ​សេចក្តីថ្លែង​ការ​ណ៍រួមនេះ មាន​ ៖

១. អង្គការ​ក្រុម​ការងារ​ដើម្បី​ដោះស្រាយ​ទំនាស់​ (ACT)

២. អង្គការ​លើក​លែង​ទោស​អន្តរជាតិ​ (AI)

៣. អង្គការ​មាត្រា ១៩

៤. សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (APHR)

៥. វេទិកា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស​និង​ការ​អភិវឌ្ឍ (Forum  Asia)

៦. អង្គការ​បណ្ដាញ​អាស៊ី​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ (ANFREL)

៧. អនាគតយុវជនកម្ពុជាអាស៊ាន (CamASEAN)

៨. មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR)

៩. មជ្ឈមណ្ឌលកម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករជ្យ​ (CCIM)

១០. សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)

១១. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា អាដហុក (ADHOC)

១២. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA)

១៣. អង្គការស្ម័គ្រចិត្តដើម្បីសង្គម (CVS)

១៤. បណ្តាញយុវជនកម្ពុជា (CYN)

១៥. សម្ព័ន្ធ​ដើម្បី​សុចរិត​ភាព ​និង​គណ​នេយ្យ​ភាព​​​​​​សង្គម (CISA)

១៦. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី​ និងយុត្តិធម៍នៅកម្ពុជា (COMFREL)

១៧. មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ (CLEC)

១៨. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)

១៩. សម្ព័ន្ធ​ពិភព​លោក​ដើម្បី​ការ​ចូលរួម​ពលរដ្ឋ​​ (CIVICUS)

២០. អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស (HRW)

២១. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)

២២. សម្ព័ន្ថ​សហជីព​ឯករាជ្យ​ (INTUFE)

២៣. សមាគមឥន្ទ្រទេវី (IDA)

២៤. គណៈកម្មការក្រុម​​អ្នក​ច្បាប់​អន្តរជាតិ (ICJ)

២៥. អង្គការ​អាយហ្វិក​ (IFEX)

២៦. សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ (KKKHRDA)

២៧. អង្គការ​ក្លាហាន (Klahaan)

២៨. សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើល​ដ៏​ (L.R.S.U)

២៩. អង្គការការពារសិទ្ធិជនជាតិភាគតិច (MIRO)

៣០. មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព (PDP-Center)

៣១. អង្គការពន្លកខ្មែរ (PKH)

៣២. អង្គការអ្នក​កាសែត​គ្មាន​ព្រំដែន​ (RSF)

៣៣. សមាគម​ធាង​ត្នោត (STT)

៣៤. អង្គការ​អភិវឌ្ឍន៍​ស្រ្តីក្រី​ក្រ​ក្នុង​ទីក្រុង (UPWD)

៣៥. អង្គការពិភពលោកប្រឆាំងនឹងទារុណកម្ម (OMCT)

៣៦. អង្គការ​អប់រំ​យុវជន​ដើម្បី​ការ​អភិវឌ្ឍនិង​សន្តិភាព (YEDP)

៣៧. អង្គការ​កម្មវិធីអភិវឌ្ឍន៍ធនធាន​យុវជន (YRDP)

 

 

 

This post is also available in: អង់គ្លេស

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...