16
តុលា

ខ្មែរ​ម្នាក់​នៅ​កូរ៉េ​ត្រូវបាន​ថៅកែ​ធ្វើបាប​​ និង​មិន​បើកប្រាក់​ឈ្នួល​ឲ្យ​គ្រប់​ចំនួន

កូរ៉េៈ ស្ត្រី​ពលករ​ខ្មែរ​ម្នាក់​ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​ កូរ៉េ​ខាងត្បូង​ បាន​អះអាងថា នាង​ត្រូវ​ថៅកែ​ស្រី​ធ្វើបាប​ និង​មិន​បើកប្រាក់​ឈ្នួល​ឲ្យ​គ្រប់​ចំនួន ទៅតាម​កម្លាំង​ពលកម្ម ហើយ​នាង​បាន​អំពាវនាវ​ឲ្យ​មាន​ការជួយ​អន្តរាគមន៍​ឲ្យ​នាង​បាន​ទៅ​ធ្វើការ​នៅ​កន្លែង​ផ្សេង​។

កញ្ញា រីម ស្រីរ៉ុម ដែល​ធ្វើការ​គិត​ជា​ប្រាក់​ម៉ោង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ថៅកែ​របស់​នាង​បាន​រុញច្រាន​នាង​ជេរ​ស្តី និង​មិន​ឱ្យ​នាង​ពាក់មួក និង​ពាក់​ស្រោមដៃ​សម្រាប់​ទប់ទល់​នឹង​អាកាសធាតុ​ដែល​ត្រជាក់​ខ្លាំង​នោះទេ​។ ថៅកែ​ក៏​បាន​យក​កន្ត្រក​សម្រាប់​ដាក់​បន្លែ​រុញ​លើ​ជើង​នាង​បណ្តាល​ឱ្យមាន​ស្នាម​ជាំ​ផងដែរ​។

កញ្ញា រីម ស្រីរ៉ុម ថ្លែងថា​៖ «​ខ្ញុំ​ពិបាក​ខ្លាំងណាស់​រាល់​ថ្ងៃនេះ​។ ខ្ញុំ​ខំប្រឹង​ធ្វើការ​ដែរ​តែ​ថៅកែ​អត់​ពេញចិត្ត ព្រោះ​អី​ខ្ញុំ​ទើប​នឹង​មក​ថ្មី​។ ខ្ញុំ​បេះ​ (​បន្លែ​) ​អត់​បាន​ ១ ៧០០ (​ទៅ​) ១ ៨០០ (​ក្នុង​ ១ ​ថ្ងៃ​) ដូច​អ្នក​ចាស់​អ៊ីចឹង​ណា​។ ខ្ញុំ​អាច​បេះ​បាន​ ១ ០០០។ អ៊ីចឹង​ហើយ​ទើប​យាយ (​ថៅកែ​) ​ហ្នឹង​គាត់​រុញច្រាន​ខ្ញុំ ចេះតែ​ក្តៅ​ចិត្ត​ជាមួយ​ខ្ញុំ​»​។

កញ្ញា​បាន​បន្ថែម​ថា​៖ «​គាត់​ដេញ​ឱ្យ​ខ្ញុំ​ទៅ​ដេក អត់​ឱ្យ​ខ្ញុំ​ធ្វើការ​។ ថ្ងៃ​ណា គាត់​ពេញចិត្ត​ឱ្យ​ធ្វើការ គាត់​ដេញ​ឱ្យ​ទៅ​ធ្វើការ​តាំងពី​ម៉ោង​​ ១២ ​កន្លះ​ថ្ងៃ​​ ខណៈ​ម៉ោង​ត្រូវ​ចូល​ធ្វើការ​ម៉ោង​ ១​។ ថៅកែ​ហ្នឹង​គាត់​អត់​យល់​ទេ​។ គាត់​ថា យើង​ធ្វើ​ម៉េច​ឱ្យ​តែ​បាន​ទៅ​ធ្វើការ​ឱ្យ​គាត់​។ តាមពិត​វា​អត់​ទាន់​ដល់​ម៉ោង​»​។

កញ្ញា ស្រីរ៉ុម ដែល​បម្រើការងារ​ខាង​ផ្នែក​កសិកម្ម​បញ្ជាក់​ថា​កញ្ញា​ចង់​បាន​អ្នក​ប្រឹក្សា​យោបល់​ម្នាក់​ដែល​អាច​ជួយ​ឱ្យ​កញ្ញា​បាន​ចាកចេញ​ពី​កន្លែង​ការងារ​បច្ចុប្ប​នេះ​ដោយ​ស្របច្បាប់​ដោយ​មិន​អស់ប្រាក់ ឬ​អស់ប្រាក់​តិចតួច ហើយ​ទៅ​រក​ការងារ​ធ្វើ​នៅ​កន្លែង​ផ្សេង​។

កញ្ញា​ថា ការងារ​នៅ​ប្រទេស​ កូរ៉េ​ មិន​សូវ​ជា​ហត់នឿយ​ប៉ុន្មាន​នោះទេ​។ ទោះបី​ជា​ហត់នឿយ ក៏​ត្រូវ​ទ្រាំ​ដែរ ព្រោះ​ប្រាក់ខែ​នៅ​ទី​នោះ​ក៏​ទទួល​បាន​ខ្ពស់​ដែរ​។ «​សំខាន់​ឱ្យតែ​ថៅកែ​យល់ចិត្ត​យើង​។ យើង​ទើប​មក​ថ្មី​។ យើង​ប្រាប់ថា យើង​អត់​ចេះ​អី​ទេ​។ យើង​អត់​ដែល​ធ្វើ​អាហ្នឹង​នៅ​ខ្មែរ​ហើយ​យើង​នឹង​ខំប្រឹងប្រែង​»​។

កញ្ញា ស្រីរ៉ុម បន្ត​ថា ​ក្រោយ​កញ្ញា​ចូល​ធ្វើការ​បាន​រយៈពេល​ ៤២ ​ថ្ងៃ​ ហើយ​ដល់​ថ្ងៃ​បើកប្រាក់​ឈ្នួល​ថៅកែ​មិន​បាន​បើកប្រាក់​ឈ្នួល​នោះ​ឱ្យ​នាង​គ្រប់​ចំនួន​នោះទេ​។ ថៅកែ​បាន​បើកប្រាក់​ឈ្នួល​ឱ្យ​នាង​បានតែ​ ៦៣០ ០០០ វ៉ុន​ប៉ុណ្ណោះ​ (​ជាង​ ៥០០ ​ដុល្លារ​) ដែល​កញ្ញា​អះអាង​ថា​ កញ្ញា​ត្រូវ​ទទួល​ប្រាក់​ឈ្នួល​ក្នុង​រយៈពេល​នេះ​រហូត​ដល់​ទៅ​ជាង​ ១ ០០០ ​ដុល្លារ​អាមេរិក​។

កញ្ញា​បាន​បន្ថែមថា​៖ «​គាត់ (​ថៅកែ​) ​និយាយ​ថា​បើសិន​ជា​ខ្ញុំ​នៅ​តែ​ធ្វើការ​អត់​បាន​ល្អ​ឱ្យ​គាត់​ទៀត គាត់​នឹង​ស៊ីញ៉េ​ដេញ​ខ្ញុំ​ចេញ​។ បន្ទាប់​មក​ទៀត​ខ្ញុំ​ប្រាប់ថា ខ្ញុំ​ចង់​ចេញ ខ្ញុំ​ចង់​ចេញ គាត់​ទារ​ ៨០០ ០០០ វ៉ុន​កូរ៉េ​ (ជាង ៦០០ ​ដុល្លារ​អាមេរិក​)»​។

លោក​ ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ទីប្រឹក្សា​ទទួល​បន្ទុក​ពលករ​របស់​កម្ពុជា​អម​នៅ​ស្ថានទូត​នៅ​ប្រទេស​ កូរ៉េ​ខាង​ត្បួង​ ក៏​ដូចជា​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ទាំងមូល​នៅឯ​ទីក្រុង​សេអ៊ូល បាន​ទទួល​នូវ​ព័ត៌មាន​នេះ ហើយ​ក៏​កំពុង​ស៊ើបអង្កេត​ករណីនេះ​ជាមួយ​នឹង​អាជ្ញាធរ​ប្រទេស​កូរ៉េ​។

លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិមនុស្ស​ហៅ​កាត់​ថា សង់ត្រាល់ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ពលករ​គួរ​ស្វែងរក​ជំនួយ​នៅ​នាយកដ្ឋាន​អធិការកិច្ច​របស់​កូរ៉េ និង​ស្ថានទូត​កម្ពុជា​នៅ​ប្រទេស​កូរ៉េ​ដែល​កន្លង​មក​មាន​ការផ្តល់​សេវា​ប្រសើរ​ដែល​មាន​ផ្តល់​លេខ​ទូរស័ព្ទ​ហតឡាញ (Hotline) សម្រាប់​ទំនាក់ទំនង​។

លោក ឃុន ថារ៉ូ បន្ថែមថា​៖ «​នៅក្នុង​ក្របខ័ណ្ឌ​បញ្ជូន (​ពលករ​) ក្រសួង (​ការងារ​) អាច​ត្រួតពិនិត្យ​ និង​អធិការកិច្ច​ទៅ​នឹង​ទីភ្នាក់ងារ​បញ្ជូន​ហ្នឹង​ទៅ​។ បញ្ជូន​គាត់​ទៅ​ក្រុមហ៊ុន​ណា​? មួយ​ណា​ច្បាស់លាស់​។ ទីតាំង និង​ទីកន្លែង (​ណា​?) ព្រោះ​គាត់ (​ក្រសួង​)​ ​មាន​ព័ត៌មាន​ទាំងអស់​នេះ​…​។ ប្រសិន​ជា​គាត់ (​ក្រសួង​) ​មាន​ស្ថានទូត​នៅ​ទីនោះ​។ គាត់​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​គ្នា​អ៊ីចឹង ខ្ញុំ​គិត​ថា​គាត់​អាច​អន្តរាគមន៍​បាន​»៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

This post is also available in: អង់គ្លេស

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...