20
វិច្ឆិកា

ពលករ​ខ្មែរ​ប្រតិកម្ម​ចំពោះ​លោក ហ៊ុន សែន ដែល​ព្រមាន​លុប​កិច្ចព្រមព្រៀង​បញ្ជូន​ពលករ​ទៅ​ក្រៅ​ប្រទេស

ពលករ​ខ្មែរ​មួយ​ចំនួន​ប្រតិកម្ម​តប​ចំពោះ​មេដឹកនាំ​របប​ក្រុងភ្នំពេញ ដែល​ព្រមាន​លុប​កិច្ច​ព្រមព្រៀង​បញ្ជូន​ពលករ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស។ ពួកគេ​ថា លោក ហ៊ុន សែន ជា​មេដឹកនាំ​ខ្វះ​ការ ទទួលខុសត្រូវ និង​គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន​។ ការ​លើកឡើង​នេះ បន្ទាប់ពី​លោក ហ៊ុន សែន ព្រមាន​លុប​ចោល​កិច្ចព្រមព្រៀង​បញ្ជូន​ពលករ​ទៅ​ក្រៅ​ប្រទេស ទំនងជា​ដោយសារ​លោក​ខឹង​នឹង​ពលករ​ដែល​មិន​គាំទ្រ​ការ​ដឹកនាំ​របស់​លោក។

ពលករ​នៅ​ក្រៅ​ប្រទេស​លើកឡើង​ថា ពាក្យ​សម្ដី​របស់​លោក ហ៊ុន សែន ហាក់​ដូចជា​មិនបាន​គិត ដល់​ពលករ​ដែល​រង​គ្រោះ​នោះ​ទេ ប៉ុន្តែ​ចង់បាន​តែ​ផលប្រយោជន៍​នយោបាយ​ពី​ប្រជា​ពលរដ្ឋ។

ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​មួយ​រូប​អ្នកស្រី សុខុម រៀបរាប់​ថា អ្នកស្រី បាន​ចាក​ចេញពី​ស្រុកកំណើត ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ជិត​២០​ឆ្នាំ​ហើយ ដោយសារតែ​តម្លៃ​កសិផល​នៅ​ប្រទេស​កម្ពុជា​ចុះថោក ហើយ ពិបាក​រក​ការងារ​ធ្វើ​សម្រាប់​ចិញ្ចឹមជីវិត​។ ពលករ​រូប​នេះ បន្ត​ថា អ្វី​ដែល លោក ហ៊ុន សែន លើក ឡើង គឺ​មិន​បាន​គិត​អំពី​សុខទុក្ខ​របស់​ពលករ​នោះ​ទេ គឺ​គិតតែ​អំណាច​និង​ផលប្រយោជន៍​ផ្ទាល់ខ្លួន ចង់​និយាយ​អ្វី​ចង់​ធ្វើ​អ្វី​តាមតែ​អំពើ​ចិត្ត។ អ្នកស្រី សុខុម យល់ថា មូលហេតុ​ដែល​លោក ហ៊ុន សែន បញ្ជូន​ពលករ​ទៅ​ប្រទេស ព្រោះតែ​លោក ហ៊ុន សែន ជា​មេដឹកនាំ​គ្មាន​សមត្ថភាព​មិន​អាច​អភិវឌ្ឍន៍ ប្រទេស​ឱ្យ​រីកចម្រើន​មានការ​ងារ​ធ្វើ​សម្រាប់​ពលរដ្ឋ​គ្រប់គ្រាន់។ ស្ត្រី​ពលករ​រូប​នេះ បន្ថែម​ទៀត​ថា ពលករ​ខ្មែរ​សព្វថ្ងៃ គ្មាន​សំណាង ដូច​ពលករ​ប្រទេស​គេ​នោះ​ទេ ព្រោះ​ពលករ​ខ្មែរ​វេទនា តាំង​ពីមុន ពេល​បាន​មក​ធ្វើការ​ម្ល៉េះ ដូចជា​ត្រូវ​ចំណាយ​លុយ​ច្រើន ក្នុង​ការ​ធ្វើ​ឯកសារ​ផ្សេងៗ និង​ពេល​បាន ធ្វើការ គឺ​ប្រឈម​នឹង​ការ​ធ្វើបាប និង​ការ​ចាញ់បោក​ក្រុមហ៊ុន ហើយ​មន្ត្រី​រដ្ឋាភិបាល មិនសូវ​យក ចិត្ត​ទុកដាក់​ជួយ​ដោះស្រាយ​បញ្ហា​ទាំង​នេះ​ឡើយ។ «»

កាលពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន បាន​ព្រមាន​លុបចោល​កិច្ច ព្រមព្រៀង​បញ្ជូន​ពលករ​ទៅ​ក្រៅ​ប្រទេស ក្រោម​ហេតុផល​ថា រដ្ឋាភិបាល​លោក មិន​ទទួល​បាន​ការ​ដឹង​គុណ​នោះ​ទេ បែរជា​ទទួល​បាន​បណ្ដាសា​ទៅវិញ ដោយ​ពលករ​ចាត់​ទុក​ថា រាជរដ្ឋាភិបាល​បញ្ជូន​ពលរដ្ឋ​ខ្លួនឯង​ឱ្យ​ទៅ​ធ្វើ​ខ្ញុំគេ និង​ថែមទាំង​មានបំណង​វិល​ចូល​កម្ពុជា​ជាមួយ​មេ​បក្ស​ប្រឆាំង​បណ្ដេញ​លោក​ចេញពី​អំណាច​ថែមទៀត​។ លោក ហ៊ុន សែន ឱ្យ​ដឹង​ដែរ​ថា លោក នឹង ធ្វើដំណើរ​ទៅ​ប្រទេស​កូរ៉េខាងត្បូង​នៅ​ថ្ងៃ​២៤ ខែ​វិច្ឆិកា ខាងមុខ ដើម្បី​ទៅ​ជួប​ជាមួយ​ពលករ​ខ្មែរ​នៅ​ទីនោះ ហើយ​លោក​នឹង​ពន្យល់​ពលករ​ឱ្យ​យល់​ច្បាស់​អំពី​អ្វី​ដែល​ជា​ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល។ «»

មេដឹកនាំ​ដែល​កាន់អំណាច​ជិត ៤០​ឆ្នាំ​រូប​នេះ តែងតែ​សរសើរ​ខ្លួនឯង​ម្ដង​ហើយ​ម្ដង​ទៀត​ថា លោក​បាន​ប្រឹងប្រែង​ជួយ​រក​ការងារ​ជូន​ពលរដ្ឋ​តាមរយៈ​ការងារ​ចំណាកស្រុក​នេះ ហើយ​បញ្ហា​ចំណាកស្រុក​នេះ មិនមែន​តែ​ពលរដ្ឋ​ខ្មែរ​នោះ​ទេ ពោល​គឺ​ប្រជាពលរដ្ឋ​ប្រទេស​ដទៃ​ក៏​ធ្វើ​ចំណាកស្រុក​ដែរ។

ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​មួយ​រូប គឺ​លោក ព្រហ្ម រ័ត្ន ឆ្លើយតប​ថា គ្មាន​អ្នកណា​ចង់​បែកបាក់​គ្រួសារ​នោះ​ទេ ប៉ុន្តែ​ដោយសារ​កត្តា​ជីវភាព ជាប់​បំណុល​ធនាគារ នៅ​ស្រុកកំណើត​គ្មាន​មុខរបរ ឬ​ប្រាក់​ឈ្នួល​ទាប ហើយ​ធ្វើស្រែ​ចម្ការ គ្មាន​ទីផ្សារ​សម្រាប់​លក់​កសិផល ទើប​ពលរដ្ឋ​បង្ខំចិត្ត​ធ្វើ​ចំណាក ស្រុក។ លោក​យល់​ថា លោក ហ៊ុន សែន មិន​គួរ​មាន​មោទនភាព​រឿង​បញ្ជូន​ពលករ​ទៅ​ក្រៅ​ប្រទេស នោះ​ទេ គួរតែ​មាន​ភាព​ខ្មាសអៀន​ប្រទេសជិតខាង​ដែល​មាន​លទ្ធភាព​បង្កើត​ការងារ​សម្រាប់​ប្រជា ពលរដ្ឋ​ខ្មែរ។ ពលករ​រូប​នេះ បន្ត​ថា លោក ហ៊ុន សែន គួរតែ​យក​គំរូ​តាម​ប្រទេស​ទាំងនោះ មិនមែន ដឹកនាំ​ប្រទេស​បំផ្លាញ​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិ​មនុស្ស ដើម្បី​រក្សា​អំណាច​ខ្លួនឯង បណ្ដាល​ឱ្យ សហគមន៍​អន្តរ​ជាត​ជាពិសេស​សហភាព​អឺរ៉ុប ត្រៀម​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដែល​អាច​ធ្វើ​ឱ្យ ប៉ះពាល់​និង​បាត់បង់​ការងារ​កម្មករ​កាត់ដេរ និង​កសិករ​ខ្មែរ​ពេញ​ប្រទេស​នោះ​ទេ។ «»

លោក ព្រហ្ម រ័ត្ន មិន​ជឿ​ថា លោក ហ៊ុន សែន ហ៊ាន​លុប​កិច្ចព្រមព្រៀង​បញ្ជូន​ពលករ​នោះ​ទេ ព្រោះ លោក ហ៊ុន សែន គ្មាន​សមត្ថភាព​បង្កើត​ការងារ​ក្នុងស្រុក​សម្រាប់​ពលរដ្ឋ ហើយ​លោក ហ៊ុន សែន ដឹង​ថា នៅ​ពេល​ពលរដ្ឋ​វិល​ចូល​ស្រុក​ទាំងអស់​គ្នា​វិញ គឺ អំណាច​របស់​លោក ក៏​មិន​អាច​គង់វង្ស​ដែរ។

ចំណែក ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​កូរ៉េខាងត្បូង លោក យឹម ស៊ីណន វិញ ទទួល​ស្គាល់​ថា ការ​បញ្ជូន​ពលករ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ដូចជា​នៅ​កូរ៉េ និង​ជប៉ុន​ជាដើម គឺ​បាន​ផ្ដល់​ផល​ប្រយោជន៍​មួយ​ចំនួន​ដល់​ជាតិ និង​គ្រួសារ​របស់​ពលករ​ម្នាក់ៗ ប៉ុន្តែ​លោក ហ៊ុន សែន ក៏​ត្រូវ​ទទួល​ស្គាល់​ដែរ​ថា លោក​ជា​មេដឹកនាំ​ដែល​គ្មាន​សមត្ថភាព​បង្កើត​ការងារ​សម្រាប់​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស និង​បញ្ជូន​ពលរដ្ឋ​ឱ្យ​ទៅ​ធ្វើ​ខ្ញុំគេ​នៅ​បរទេស ព្រមទាំង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខមាត់​ប្រទេស​ជាតិ​ផង​ដែរ។ «»

លោក យឹម ស៊ីណន ថ្លែង​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន នៅ​ប្រទេស​កូរ៉េខាងត្បូង នៅ​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា លោក​បាន​ត្រៀម​ដឹកនាំ​ពលករ​ធ្វើ​បាតុកម្ម ទាមទារ​ឱ្យ​លោក​ហ៊ុន សែន ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស ដើម្បី​បញ្ចៀស​ការ​ផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA​របស់​សហភាព​អឺរ៉ុប។ «»

តួលេខ​របស់​ក្រសួង​ការងារ​ឱ្យ​ដឹង​ថា ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើការ​នៅ​បរទេស មាន​ជាង​១ លាន ២ សែន​នាក់ ហើយ​បាន​នាំ​ចំណូល​មក​ស្រុក​ខ្មែរ​ជាង ២​ពាន់ ៣​រយ​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៨​។ ក្រសួង​អះអាង​ទៀត​ថា ក្រៅ​ពី​ថវិកា ពលករ​ខ្មែរ​ក៏​ទទួល​បាន​មុខជំនាញ​វិជ្ជាជីវៈ ដើម្បី​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​ប្រទេសជាតិ​ផង​ដែរ។

ដោយឡែក តាម​ការ​ប៉ាន់ស្មាន​ក្រៅផ្លូវការ​របស់​មជ្ឈមណ្ឌល​សម្ព័ន្ធ​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា អង្គការ​សង់ត្រាល់ (CENTRAL) ចំនួន​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើ​ការ​នៅ​បរទេស មាន​ជាង ២​លាន​នាក់ ដែល​ក្នុង​នោះ​ជិត ២​លាន​នាក់ កំពុង​ធ្វើការ​ងារ​នៅ​ប្រទេស​ថៃ ទាំង​ស្របច្បាប់ និង​មិន​ស្របច្បាប់។

អ្នក​សម្របសម្រួល​អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូ មាន​ប្រសាសន៍​ថា ការ​ស្វែងរក​ការងារ​ជូន​ពលរដ្ឋ គឺជា​កាតព្វកិច្ច​របស់​រដ្ឋាភិបាល ហើយ​ការដែល​ពលរដ្ឋ​រិះគន់​រដ្ឋាភិបាល និង​មាន​និន្នាការ​គាំទ្រ​គណបក្ស​នយោបាយ​ផ្សេងៗ​គឺជា​សិទ្ធិ​របស់​ពលរដ្ឋ​គ្រប់រូប​ដែល​ធានា​ដោយ​ច្បាប់​ជាតិ និង​អន្តរជាតិ។ លោក ឃុន ថារ៉ូ យល់​ថា រដ្ឋាភិបាល មិន​គួរ​បញ្ចេញ​ប្រតិកម្ម​តបត​បែបនេះ​នោះ​ទេ ប៉ុន្តែ​គួរតែ​ពិនិត្យ និង​បំពេញ​ចំណុច​ខ្វះខាត​របស់​ខ្លួន ដែល​នាំ​ឱ្យ​ពលករ​មិន​ពេញចិត្ត​ដូចជា​ភាព​អសកម្ម​របស់​មន្ត្រី​ស្ថានទូត​ប្រចាំ​នៅ​ប្រទេស​របស់​ពួកគេ​ធ្វើការ និង​រក​វិធី​ជួយ​ជ្រោមជ្រែង​ពលករ​ពេល​ចប់ អាណត្តិ​ការងារ នៅ​ក្រៅ​ប្រទេស។ «»

លោក ឃុន ថារ៉ូ កត់សម្គាល់​ថា មូលហេតុ​ដែល​គណបក្ស​កាន់អំណាច​បាត់បង់​ការ​គាំទ្រ​ពី​ពលករ នៅ​ក្រៅ​ប្រទេស អាច​ដោយសារតែ​ពលករ​ទាំងនោះ បាន​ឃើញ​ប្រទេស​ដែល​ពួកគេ​កំពុង​រស់នៅ និង​ធ្វើការ​មាន​ប្រជាធិបតេយ្យ និង​មាន​ការ​គោរព​សិទ្ធិមនុស្ស​ពេញលេញ ហើយ​រដ្ឋាភិបាល​ប្រទេស ទាំងនោះ យកចិត្តទុកដាក់​គ្រប់​បែបយ៉ាង​ទាំង​វិស័យ​សេដ្ឋកិច្ច និង​សង្គមកិច្ច​សម្រាប់​ពលរដ្ឋ​របស់​ខ្លួន ខុស​ឆ្ងាយ​ពី​រដ្ឋាភិបាល​ខ្មែរ។ «»

សកម្មជន​សិទ្ធិ​ការងារ​រូប​នេះ ទទួល​ស្គាល់​ថា ប្រទេស​ណា​ក៏​មាន​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​គេ​ផ្សេងៗ​ដែរ ប៉ុន្តែ​ពលករ​ប្រទេស​គេ​មិនមែន​ធ្វើ​ចំណាកស្រុក​ដោយ​បង្ខំចិត្ត​ឡើយ គឺជា​ជម្រើស ហើយ​ប្រជាពលរដ្ឋ​គេ​ទៅ​ធ្វើការ​ក្នុង​ឋានៈ​ជា​ពលករ​ជំនាញ ឬ​អ្នកគ្រប់គ្រង​ខុស​ឆ្ងាយ​ពី​ពលរដ្ឋ​ខ្មែរ​ដែល​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ក្នុង​ឋានៈ​ជា​ពលករ​ប្រើ​កម្លាំង និង​ទទួល​បាន​ប្រាក់ខែ​ទាប ហើយ​ងាយ​រងគ្រោះ៕

ប្រភព៖ វិទ្យុអាស៊ីសេរី

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...