20
វិច្ឆិកា

កម្មករ​រោងចក្រ​ម៉ូណូភា​ជិត​ ១​ពាន់​នាក់ ​ធ្វើ​កូដកម្ម​ជា​ថ្មី ក្រោយ​ពី​មន្ទីរ​ការងារ​បញ្ឈប់​តំណាង​កម្មករ​តាម​សំណើ​របស់​រោងចក្រ

កម្មករ​រោងចក្រ​ផលិត​កាបូប​មួយ​កន្លែង​នៅ​ខេត្ត​កំពង់​ស្ពឺ ប្រមាណ​ជិត​១​ពាន់​នាក់ ​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​កូដកម្ម​ជាថ្មី​ទៀត នៅ​ថ្ងៃ​ទី​២០ វិច្ឆិកា ដោយ​ទាមទារ​ឲ្យ​ថៅកែ​ទទួល​យក​តំណាង​ពួកគេ​ចូល​ធ្វើ​ការ​វិញ ក្រោយ​ពេលមន្ទីរ​ការងារ ​សម្រេច​តាម​សំណើ​ភាគី​រោងចក្រ បញ្ឈប់​តំណាងកម្មករពី​ការងារ​។ ក្រុម​កម្មករអះអាងថា នឹងនៅ​តែ​បន្ត​ធ្វើ​កូដកម្ម​រហូត​ដល់​ដំណោះស្រាយ​ក្នុង​រឿង​នេះ ខណៈ​ភាគី​រោងចក្រ​លើក​ទឹក​ឲ្យ​កម្មករ ​បន្ត​ការ​តវ៉ា​រក​ដំណោះស្រាយ តាម​នីតិវិធី​បន្ថែម​ទៀត។

តំណាង​កម្មករ​ម្នាក់​ ដែល​ត្រូវ​ភាគី​រោងចក្រ​បញ្ឈប់​ពី​ការងារ លោក អឿន ចាន់នី​ ប្រាប់​ថា​ ការ​ធ្វើ​កូដកម្ម​ជាថ្មី​ទៀត​នេះ គឺ​ខាង​កម្មករ​ធ្វើ​ឡើង​ដោយស្ម័គ្រចិត្ត​ មិន​មាន​ការ​ដឹកនាំ​ពី​ក្រុម​ណា​មួយ​ទេ។

តំណាង​កម្មករ​រូប​នេះ បញ្ជាក់​ថា ការ​សម្រេច​របស់​មន្ទីរ​ការងារ​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​ពួកគាត់​ពី​ការងារ គឺ​ជា​រឿង​អយុត្តិធម៌ និង​មិន​អាច​ទទួល​យក​បាន ព្រោះ​មន្ទីរ​ការងារ​ មិន​បាន​ចុះ​ស៊ើប​អង្កេត ​ច្បាស់​លាស់​នោះ​ទេ ដោយ​ជឿ​តែ​របាយការណ៍​ក្រុមហ៊ុន​​ប៉ុណ្ណោះ៖ «ប៉ុន្មាន​ថ្ងៃ​នេះ មន្ទីរ​មក​កាង​ឲ្យ​រោងចក្រ​រហូត។ ទោះ​ជា​កម្មករ​ចូល​ធ្វើការ​៤៨​ម៉ោង​តាម​បង្គាប់​ គេ​មក។ ទោះបីជា​កម្មករ​កូដកម្ម​ ក៏​ខាង​មន្ទីរ​មក​ មក​រហូត​តែ​ម្ដង។ មន្ទីរ​ដូច​ជា​កាង​ឲ្យ​ក្រុមហ៊ុន​ហ្មង និយាយ​ឲ្យ​ត្រង់​តែ​ម្ដង។ នេះ​អ្វី​ជា​ការ​ជាក់​ស្ដែង។ ខ្ញុំ​ចង់​ឲ្យ​ក្រុមហ៊ុន​យក​តំណាង​កម្មករ​៩​រូប​ចូល​ធ្វើការ​វិញ និង​សម្រួល​បន្តិច​បន្តួច​ ដែល​កម្មករ​ស្នើ​ ឲ្យ​ចូល​ធ្វើ​ការ​មក។ សំខាន់​បំផុត​ គឺ​ឲ្យ​តំណាង​កម្មករ​៩​រូប​ចូល​ធ្វើ​ការ​វិញ។ ខាង​ពួក​ខ្ញុំ​កម្មករ កម្មការិនី​ឯក​ភាព​ យល់​ព្រម»។

ការ​​តវ៉ាជាថ្មី​ទៀត​​របស់​កម្មករជិត១ ពាន់​នាក់ នៅ​រោងចក្រ​ម៉ូណូភា នេះ ធ្វើ​ឡើង​១​ថ្ងៃ​ក្រោយ​ពី មន្ទីរ​ការងារ​ខេត្ត​កំពង់​ស្ពឺ សម្រេច​តាម​សំណើ​ក្រុមហ៊ុន ​ក្នុង​ការ​បញ្ឈប់​តំណាង​កម្មករ​២​នាក់ ពី​ការងារ។

ប្រធាន​មន្ទីរ​ការងារ​ខេត្ត​កំពង់​ស្ពឺ លោក ចឹក បូរិន ចេញ​លិខិត​មួយ​ កាល​ពី​ថ្ងៃ​១៩ វិច្ឆិកា​ សម្រេច​ឲ្យ​នាយក​ក្រុមហ៊ុន​ម៉ូណូភា (ខេមបូឌា) បញ្ឈប់​លោក អឿន ចាន់នី និង​លោក នៅ ចន្ថា ដែល​ជា​ប្រតិភូ​ពេញ​សិទ្ធិ និង​ជា​សហជីព​មូលដ្ឋាន ប្រចាំ​ក្រុមហ៊ុន​ ពី​ការងារ ក្រោម​ហេតុផល​ថា​បាន​ប្រព្រឹត្ត​កំហុស​ដូច​របាយការណ៍​ក្រុមហ៊ុន​ដាក់​ជូន​មន្ទីរ​ការងារ។ កំហុស​ទាំង​នោះ​មាន ការ​ដើរ​ចោល​កន្លែង​ការងារ​ក្នុង​ម៉ោង​ធ្វើការ ប្រើ​កាយវិការ និង​សំដី​មិន​សមរម្យ​ចំពោះ​ថៅកែ ញុះញង់​ឲ្យ​កម្មករ​មិន​ធ្វើ​ការងារ គំរាមកំហែង​កម្មករ និង​មិន​គោរព​បទ​បញ្ជា​ផ្ទៃ​ក្នុង​ក្រុមហ៊ុន​ជាដើម។ មន្ទីរ​ការងារ​ ក៏​តម្រូវ​ឲ្យ​ថៅកែ​ក្រុមហ៊ុន គណនា​ប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍​ផ្សេងៗ ជូន​តំណាង​កម្មករ​ទាំង​ពីរ​នាក់ ឲ្យ​ត្រឹម​ត្រូវ​តាម​ច្បាប់​ស្ដី​ពី​ការងារ។

អាស៊ី​សេរី​មិន​អាច​សុំ​ការ​បកស្រាយ​បន្ថែម​លើ​រឿង​នេះ ពី​ប្រធាន​មន្ទីរ​ការងារ​ខេត្ត​កំពង់ស្ពឺ លោក ចឹក បូរិន នៅ​ល្ងាច​ថ្ងៃ​ទី២០ វិច្ឆិកា បាន​នៅ​ឡើយ​ទេ​ ដោយ​សារ​គ្មាន​អ្នក​លើក​ទូរស័ព្ទ។

កម្មការិនី​ម្នាក់​ក្នុង​ចំណោម​កម្មករ​-កម្មការិនី​រាប់​រយ​នាក់ លោកស្រី យុំ សុខា ឲ្យ​ដឹង​ថា តំណាង​កម្មករ​មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​ពី​ខាង​ក្រុមហ៊ុន​នោះ​ទេ។ លោកស្រី យល់​ថា ជម្លោះ​ការងារ​នេះ អាច​កើត​ចេញ​ពី​ការ​រើស​អើង​ច្រើន​ជាង ពីព្រោះ​ថា​ខាង​ក្រុមហ៊ុន​មិន​ចង់​ឲ្យ​មាន​សហជីព ឬ​តំណាង​កម្មករ ​ដែល​ហ៊ាន​ចេញ​មុខ​តវ៉ា​ការពារ​ប្រយោជន៍​ដល់​កម្មករ នៅ​ក្នុង​រោងចក្រ​នោះ​ទេ។

កម្មការិនី​រូប​នេះ ស្នើ​ដល់​ក្រុមហ៊ុន​ព្រម​ទទួល​យក​តំណាងកម្មករ​ឲ្យ​ចូល​ធ្វើ​ការងារ​វិញ ដើម្បី​បញ្ចប់​វិវាទ​ការងារ​មួយនេះ៖ «ខាង​តំណាង​របស់​ពួក​នាង​ខ្ញុំ​ បើ​សិន​គាត់​មិន​មាន​អត្តចរិត​ល្អ គឺ​ពួក​ខ្ញុំ​អត់​មាន​ព្រម​ចូល​រួម​តវ៉ា​កូដកម្ម​ដើម្បី​យក​គាត់​ចូល​ធ្វើការ​វិញ មែន​ទេ​លោកពូដោយ​សារ​គាត់​មាន​ចរិត​ស្លូត គាត់​ដោះស្រាយ​ឲ្យ​កម្មករ គាត់​ប្រឈម​មុខ​ចិន​ គឺ​គាត់​តវ៉ា។ និយាយ​គឺ​កូន​ចៅ​ខាង​កម្មករ​ទាំង​អស់​ គេ​ចូល​ចិត្ត​ស្រលាញ់​គាត់​ហ្នឹង បាន​គេ​សុខ​ចិត្ត​តស៊ូ​លះបង់​ទាំង​អស់​ដើម្បី​គាត់។ ខ្ញុំ​ចង់​ឲ្យ​ក្រុមហ៊ុន​ចេញ​ចរចា​ដោះស្រាយ មិន​មែន​ឲ្យ​បង​មន្ទីរ​ គាត់​អញ្ជើញ​មក​ដល់​ហើយ គាត់​ចូល​ទៅ​ក្នុង​ជាមួយ​និយោជក​ហើយ គាត់​អត់​មាន​ដំណោះស្រាយ ហៅ​តំណាង​ពួក​ខ្ញុំ ឬ​មួយ​ក៏​ហៅ​កម្មករ​ឲ្យ​ចូល​ទៅ​ស្ដាប់​ចរចា​គ្នា​ផង។ គាត់​និយាយ​ហើយ គាត់​ចេញ​ទៅ​វិញ គឺ​អត់​មាន​ដំណោះស្រាយ​អ្វី​ទាំង​អស់»។

ប្រធាន​រដ្ឋបាល​ក្រុមហ៊ុន​ម៉ូណូភា (Monopia Cambodia) លោក សម សុជា ឲ្យ​ដឹង​ថា ភាគី​រោងចក្រ​គោរព​តាម​ការ​សម្រេច​របស់​មន្ទីរ​ការងារ​ខេត្ត​កំពង់​ស្ពឺ​ ដែល​អនុញ្ញាត​ឲ្យ​ក្រុម​ហ៊ុន​បញ្ឈប់​តំណាង​២នាក់ តាម​នីតិវិធី រួច​ហើយ​។ លោក ​លើក​ចិត្ត​ឲ្យ​​តំណាង​កម្មករ តវ៉ា​រក​ដំណោះស្រាយ​ក្នុង​រឿង​នេះ​តាម​ច្បាប់​ពី​ថ្នាក់​លើ​បន្ត​ទៀត៖ «បើ​យើង​និយាយ​ពី​ផ្លូវ​ច្បាប់​វិញ យើង​នៅ​តែ​ប្រកាន់​ជំហរ​មួយ​មិន​ទទួល​យក​គាត់​ទេ។ ហើយ​បើ​គាត់​មាន​ផែនការ​អ៊ីចឹង យើង​ដើរ​តាម​នីតិវិធី​ច្បាប់​ទៅ។ ឥឡូវ​ យើង​ព្យាយាម​ពន្យល់​កម្មករ​ឲ្យ​គាត់​យល់​ពី​នីតិវិធី​ច្បាប់​ដែរ។ ហើយ​បើ​គាត់​ដឹកនាំ​កម្មករ​បាតុកម្ម​មួយ​សារ​ទៀត គាត់​កាន់​តែ​ខុស​ច្បាប់​មួយ​តង់​ទៀត​ហើយ»។

អ្នក​សម្រប​សម្រួល​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាពការងារ​ និង​សិទ្ធិ​មនុស្ស លោក ឃុន ថារ៉ូ ថ្លែងថា ខាង​តំណាង​កម្មករ ​អាច​ដាក់បណ្ដឹង​ទាស់​សេចក្ដី​សម្រេច​របស់​មន្ទីរ​ការងារ​ខេត្ត​កំពង់​ស្ពឺ ទៅ​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល និង​រដ្ឋមន្ត្រី​ក្រសួង​ការងារ​លោក អ៊ិត សំហេង ដើម្បី​ស្នើ​សុំ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​រឿង​នេះ​ឡើង​វិញ៖ «យើង​មើល​ឃើញ​ថា​ ការ​ធ្វើ​កូដកម្ម​ឡើង​ហ្នឹង ដោយ​សារ​តែ​មាន​ហេតុផល​ថា ពួក​គាត់​បាន​ទាមទារ​រក​នូវ​អត្ថប្រយោជន៍​ចំពោះ​កម្មករ​នៅ​រោងចក្រ ហើយ​និយោជក​បាន​យក​លេស​ហ្នឹង ទៅ​បញ្ឈប់​តំណាង​សហជីព​ហ្នឹង។ នេះ​ស​បញ្ជាក់​ ទម្រង់​នៃ​ការ​រើសអើង​សហជីព​ ដោយ​សារ​ពួកគាត់​ជា​ថ្នាក់​ដឹកនាំ ហើយ​ប្រើប្រាស់​សិទ្ធិ​ជា​មូលដ្ឋាន​ ក្នុង​នាម​ឲ្យ​កម្មករ​ ទាមទារ​ស្វែង​រក​អត្ថប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច និង​សិទ្ធិ​ការងារ​នៅ​កន្លែង​ការងារ។ អ៊ីចឹងភាព​មិន​ប្រក្រតី​ណាមួយ​នៅ​ក្នុង​ការ​ធ្វើ​អធិការកិច្ច​ ហើយ​ចេញ​សេចក្ដី​ហ្នឹង យើង​នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​បន្ថែម​ទៀត។ កម្មករ​និយោជិក​ គាត់​អាច​ពឹង​ពាក់​មេធាវី​ គាត់​អាច​បណ្ដឹង​ឧបស្ស័យ​ទៅ​រដ្ឋមន្ត្រី។ ហើយ​ករណី​ដែល​និយោជក​គាត់​នៅ​តែ​ប្រកាន់​ជំហរ​អ៊ីចឹង ខ្ញុំ​យល់​ថា​ បញ្ហា​វា​មិន​អាច​បញ្ចប់​ទេ ហើយ​កម្មករ​ចេះ​តែ​ផ្ទុះ​ការ​តវ៉ា​បន្ថែម​ទៀត»។

ក្រុមហ៊ុន ម៉ូណូភា ខេមបូឌា ខូ អិលធីឌី (Monopia Cambodia Co., Ltd) ស្ថិត​នៅ​ក្នុង​ឃុំ​រលាំង​គ្រើល ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ គឺ​ជា​ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង​ ផលិត​កាបូប​គ្រប់​ប្រភេទ​នាំ​ចេញ​ទៅ​បរទេស​ ដែល​មាន​កម្មករ​ធ្វើ​ការ​សរុប​ប្រមាណ ១ពាន់​នាក់។

វិវាទ​ការងារ​នៅ​រោងចក្រ​ម៉ូណូភា (Monopia Cambodia) ផ្ទុះ​ឡើង​កាល​ពី​ថ្ងៃ​ទី​១៤ វិច្ឆិកា​ ដោយ​មាន​កម្មករ​ប្រមាណ​៩​រយ​នាក់​នាំគ្នា​ ធ្វើ​កូដកម្ម មិន​ចូល​ធ្វើការ ​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ ​ទទួល​យក​តំណាង​ពួកគេ​ចូល​ធ្វើ​ការ​វិញ ក្រោយ​ពី​ក្រុមហ៊ុន​ព្យួរ​ការងារ​តំណាង​កម្មករ​២នាក់ ដោយ​មិន​បាន​ជូន​ដំណឹង​ឲ្យ​កម្មករ​ដឹង​មុន។

​ក្រុម​កម្មករ​ប្រកាន់​ជំហរ​ថា ពួកគេ​នឹង​ធ្វើ​កូដកម្ម​នៅមុខ​រោងចក្រ រហូត​ដល់​មាន​ដំណោះស្រាយ គឺ​ភាគី​រោងចក្រត្រូវ​តែទទួល​យក​តំណាង​របស់​ពួកគាត់​ឱ្យ​ចូល​ធ្វើការ​វិញ៕

 

ប្រភព៖ វិទ្យុអាស៊ីសេរី

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...